Pages

Thursday 1 September 2011

សុភាសិតខែ្មរអធិប្បាយ

សុភាសិត​ខ្មែរ​អធិប្បាយ​ដោយ​ លី ថៃលី

ព្យញ្ជនៈ «ក»


ក្ដៅ​ស៊ី​រាក់ ត្រជាក់​ស៊ី​ជ្រៅ

និយមន័យៈ ទង្វើ​ដោយ​ភ្លើង​កំហឹង​បាន​ផល​តិច​ជាង​ទង្វើ​ដោយ​អារម្មណ៍​ស្ងប់ ។

អត្ថាធិប្បាយ

អត្ថានុរូប

ក្ដៅ​ស៊ី​រាក់ៈ ម្ហូប​អាហារ​ដែល​នៅ​ក្ដៅ គេ​ហូប​បាន​តិចៗ សើៗ លើ​មាត់​ចាន គេ​មិន​អាច​លូក​ជ្រៅ​បាន​ទេ ព្រោះ​វា​នាំ​ឲ្យ​រលាក​មាត់ ។
ត្រជាក់​ស៊ី​ជ្រៅៈ ម្ហូប​អាហារ​ដែល​ត្រជាក់​ គេ​ហូប​បាន​ច្រើនៗ គេ​អាច​ចូក​លូក​ជ្រៅ​បន្តិច​ក៏​បាន ព្រោះ​វា​ត្រជាក់ មិន​នាំ​ឲ្យ​រលាក​មាត់​ទេ ។

អត្ថប្បដិរូប

មនុស្ស ​ដែល​មាន​អារម្មណ៍​ឆាប់​មួរម៉ៅ​ក្ដៅ​ក្រហាយ គេ​ហៅ​មនុស្ស​ចិត្ត​ស្រាល ។ មនុស្ស​នេះ​ បើ​ធ្វើ​ការ​អ្វី​ឲ្យ​តែ​ទាស់​ចិត្ត​បន្តិច គេ​ច្រលោត​តោតតូង បោក​ប្រាស់​ខូច​ខ្ទេច​ខ្ទីរ​អស់ ។
បើ​គេ​និយាយ​ ស្ដី​ទៅ​នឹង​អ្នកណា​ម្នាក់ ហើយ​គេ​ធ្វើ​ឲ្យ​ថ្នាំង​ថ្នាក់​ចិត្ត​តែ​បន្តិច​ គេ​មាន​ប្រតិកម្ម​តប​ត បង្ក​ហេតុ​បណ្ដាល​ឲ្យ​មាន​រឿង​ឈ្លោះ​ប្រែក​គ្នា​ភ្លាម ព្រោះ​គេ​មិន​សូវ​ចេះ​អត់ធ្មត់ សង្កត់​ចិត្ត​ទេ បើ​មាន​ការ​ត្រូវ​ទៅ​និយាយ​ពឹង​ពាក់​គេៗ​មិន​សូវ​ជួយ​យក​អាសារ​ទេ ។
រីឯ ​មនុស្ស​ដែល​មាន​អធ្យាស្រ័យ​ត្រជាក់ គេ​ហៅ​មនុស្ស​ចិត្ត​ធ្ងន់ ។ មនុស្ស​នេះ បើ​ធ្វើ​ការ​អ្វី ទោះ​បី​មាន​ខូចខាត​បន្តិច​បន្តួច គេ​ចេះ​អត់ធ្មត់ រួច​ធ្វើ​ត​ទៅ​ទោត​ទាល់​តែ​បាន​សម្រេច​ផល ។
មនុស្ស ​ចិត្ត​ត្រជាក់ បើ​ទៅ​និយាយ​កិច្ចការ​អ្វី​នឹង​អ្នក​តូច អ្នក​ធំ ច្រើន​បាន​សម្រេច​ផល ព្រោះ​គេ​ចេះ​ប្រើ​សម្ដី​ទន់​ភ្លន់ សុភាព​រាបសារ​គួរ​ឲ្យ​អាណិត ។
ម្យ៉ាងទៀត បើ​អ្នក​ធំ ឬ​ចៅហ្វាយ​នាយ​ស្ដី​បន្ទោស​ឲ្យ​គេៗ​ចេះ​បន្ទន់​ឥរិយាបថ អង្វរ​ក​ទាល់​តែ​គេ​ទន់​ចិត្ត​អាណិត​អាសូរ យក​ទោស​លែង​កើត ៕

ក្រមុំ​សាប​ដូច​ទឹក​ទន្លេ​ប្រពន្ធ​គេ​ឈ្ងុយ​ដូច​ដូង​ដុត

និយមន័យៈ គ្រោះ​ថ្នាក់​នៃ​ប្រព្រឹត្តិកម្ម​ក្នុង​ផ្លូវ​ស្នេហា​លើ​ប្រពន្ធ​គេ ។

អត្ថាធិប្បាយ

នារី ​ដែល​នៅ​ក្នុង​វ័យ​ក្រមុំ​ជា​វ័យ​ដែល​ល្អ​ប្រសើរ​បំផុត ។ ប៉ុន្តែ​នៅ​ពេល​នេះ លោក​ពុំ​មាន​ចេតនា​ចង់​និយាយ​ពី​តម្លៃ​របស់​ស្ត្រី​ក្រមុំ​ទេ គឺ​លោក​ចង់​និយាយ​អំពី​គ្រោះថ្នាក់​នៃ​អ្នក​ដែល​សហាយ​ស្មន់​នឹង​ប្រពន្ធ​ គេ ។

ក្រមុំ​សាប​ដូច​ទឹក​ទន្លេ

ស្ត្រី ​ក្រមុំ​គឺ​ជា​ស្ត្រី​ស្ថិត​នៅ​ក្នុង​វ័យ «រង់ចាំ» ។ ពេល​ដែល​នាង​ស្ថិត​នៅ​ក្នុង​វ័យ​រង់ចាំ​នេះ បើ​មាន​កំលោះ​ណា​ទៅ​ញ៉េះញ៉ោះ លែបខាយ​ពាក្យ​សម្ដី​ក្នុង​ផ្លូវ​លោកីយ៍​ក៏​ដោយ ក៏​ចាស់​ទុំ​ពុំ​សូវ​ចាប់​ទោស​អូស​ដំណើរ​ខ្លាំងក្លា រហូត​ដល់​ប្ដឹង​ឡើង​តុលាការ​ដែរ គឺ​គ្រាន់​តែ​ស្ដីបន្ទោស និង​ធ្វើការ​ព្រមាន​ប៉ុណ្ណោះ ។ ប្រសិនបើ​រឿង​នេះ​ឈាន​ទៅ​ដល់​ការ​ប្រាសចាក​ប្រពៃណី​ដោយ​សាមីជន​ទាំង​ពីរ​ ព្រមព្រៀង​គ្នា​ទៀត​ផង​នោះ គេ​ក៏​ពុំ​សូវ​ដែល​ឃើញ ដែល​ឮ​ថា​ឪពុក​ម្ដាយ អាណាព្យាបាល ឬ​បងប្អូន​ញាតិ​ខាង​ស្រី​ដេញ​បាញ់ ដេញ​កាប់ សម្លាប់​កូន​ប្រុស​នោះ​ដែរ ដោយ​គ្រាន់​តែ​ប្ដឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ទាមទារ​ឲ្យ​ភាគី​ខាង​កូនប្រុស​ បង់​ជំងឺ​ចិត្ត​ប៉ុណ្ណោះ ។ ជួនកាល បើ​វាសនា​មាន គេ​ចាប់​ឲ្យ​រៀបការ​ទៀត​ក៏​សឹង​មាន​ដែរ ។

ប្រពន្ធ​គេ​ឈ្ងុយ​ដូច​ដូង​ដុត

ប្រពន្ធ ​គេ​គឺ​ស្ត្រី​ដែល​ច្បាប់​រដ្ឋ​ទទួល​ស្គាល់​ថា​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​ របស់​ជនណា​ម្នាក់ ។ បាន​សេចក្ដី​ថា ស្ត្រី​ប្រភេទ​នេះ​មាន​ម្ចាស់​ហួងហែង ថែរក្សា​ហើយ ។
ដូង​ដុតៈ គឺ​សាច់​ដូង​ទុំ​ដែល​គេ​ដុត វា​មាន​ក្លិន​ឈ្ងុយ​ឆួល ។ គេ​តែង​យក​វា​ទៅ​ធ្វើ​ជា​នុយ​សម្រាប់​ស្ទូច​ត្រី ។ ត្រី​ធុំ​ក្លិន​ភ្លាម ត្របាក់​ភ្លាម តែ​វា​ក៏​ងាប់​ភ្លាម​ដែរ ។
ហេតុ​ បាន​ជា​លោក​ពោល​ថា ប្រពន្ធ​គេ​ឈ្ងុយ​ដូច​ដូង​ដុត ព្រោះ​ប្រសិនណា​បើ​មាន​បុរស​ល្មោភកាម​ណា​ម្នាក់​ប្រថុយ​ផ្សង​ស្នេហ៍​ជាមួយ​ ប្រពន្ធ​គេ វាសនា​របស់​គេ​ប្រហែល​មិន​ខុស​ពី​ត្រី​ដែល​ត្របាក់​ដូង​ដុត​ប៉ុន្មាន​ដែរ ។
ជាញឹកញាប់ ​ណាស់ គេ​តែង​ឮ​ថា បុរស​ដែល​ផ្សង​ស្នេហ៍​ជាមួយ​ប្រពន្ធ​គេ​នោះ ក្បាល​របស់​គេ​ត្រូវ​គ្រូពេទ្យ​ដេរ​ម្ភៃ​សាមសិប​ថ្នេរ ។ ជួនកាល​ឮ​ថា មិន​ពិបាក​គ្រូពេទ្យ​ដេរ​ទេ ព្រោះ​គេ​ត្រូវ​រលត់​ធាតុ​បាត់​ទៅ​ហើយ ។
ការណ៍ ​ដែល​លោក​លើក​ឡើង​ថា ក្រមុំ​សាប​ដូច​ទឹក​ទន្លេ​នោះ គឺ​ក្នុង​ន័យ​ចំអក​ផង ក្នុង​ន័យ​ប្រៀបធៀប​ជា​ឧបមាណ​វិធី​ផង ។ ម្យ៉ាង​ទៀត​លោក​ចង់​ពោល​ត្រង់ៗ​ថា ក្រមុំ​សាប​ណាស់​ទៅ​ឬ ? បាន​ជា​ទៅ​ស្រឡាញ់​ប្រពន្ធ​គេ ទោះបី​ដឹង​ថា​មាន​គ្រោះថ្នាក់​ច្រើន​ក៏​ដោយ ៕

កុំ​ខ្វើក​តាម​ខ្យល់​កុំ​ខ្វល់​តាម​ស្រី

និយមន័យៈ ធ្វើ​អ្វីៗ​ត្រូវ​ចេះ​គិត​ពិចារណា​កុំ​ស្ទុះ​តាម​គេ​ញាក់ ។

អត្ថាធិប្បាយ

កុំ​ខ្វើក​តាម​ខ្យល់

ពាក្យ​ថា «ខ្វើក» មាន​ន័យ​ថា​កម្រើក​តិចៗ ។ តែ​ខ្វើក​ក្នុង​ទីនេះ​មាន​ន័យ​ថា «ងាក​ភ្លេត​ទៅ​លិច ងាក​ភ្លេត​ទៅ​កើត» ។ លោក​ចង់​បញ្ជាក់​ប្រាប់​ថា កិច្ចការ​សព្វ​សារពើ​មុន​នឹង​ធ្វើ​ត្រូវ​ចេះ​គិត​ពិចារណា​ឲ្យ​គ្រប់​ ជ្រុងជ្រោយ​ជា​មុន​សិន កុំ​ចេះ​តែ​ខ្វើក​ទៅ​តាម​គេ​ញាក់ គេ​បបួល​ម្ដង​ទៅ​ឆ្វេង ម្ដង​ទៅ​ស្ដាំ​ឲ្យ​សោះ ។

កុំ​ខ្វល់​តាម​ស្រី

ពាក្យ​ថា «ស្រី» ក្នុង ​ទី​នេះ​លោក​ពោល​យក​ស្ត្រី​ដែល​វប្បធម៌​នៅ​មាន​កម្រិត ព្រោះ​ស្ត្រី​ប្រភេទ​នេះ​ច្រើន​ចិត្ត​ស្រាល​គិត​ខ្លី ។ បើ​គេ​ឈ្លោះ​នឹង​អ្នកណា ឬ​ខឹង​នឹង​អ្នក​ណា សឹង​តែ​ស្ទុះ​ទៅ​ប្រហារ​គេ​តាម​កម្លាំង​បាយ ឬ​តាម​កម្លាំង​អំណាច​បុណ្យ​សក្តិ​ប្ដី ។ សម​ដូច​ពាក្យ​លោក​ថា ប្ដី​សក្ដិ​បួន​ប្រពន្ធ​សក្ដិ​ប្រាំ ឬ​ច្រើន​ជាង​នេះ​ទៀត ។
ដូចនេះ អ្នក​ប្រុស​ជា​ប្ដី​ត្រូវ​ចេះ​គិត​ពិចារណា​ឲ្យ​ម៉ដ្ឋចត់​ល្អិតល្អន់​មែនទែន កុំ​ចេះ​តែ​ខ្វល់ខ្វាយ​ខឹង​ច្រឡោត​តោតតូង​ទាំង​កំរោល​ទៅ​តាម​ប្រពន្ធ​ញាក់​ ឲ្យ​សោះ ។
ពាក្យ​ចាស់​លោក​ថា បើ​ស្រីៗ​ឈ្លោះ​គ្នា​ខ្លាំង​ណាស់​ត្រឹម​រហែក​អាវ និង​ដាច់​សាច់​មុខ​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើ​ប្រុសៗ​ឈ្លោះ​គ្នា​វិញ គឺ​មាន​ស្លាប់​មាន​រស់ យ៉ាងហោច​ណាស់​ក៏​ត្រូវ​មាន​ចូល​មន្ទីរពេទ្យ​មិន​ខាន ។
ពាក្យ​ខាងលើ​នេះ ព្រះរាជ​សម្ភារ​លោក​សង្កត់​ធ្ងន់​ទៅ​លើ​អ្នក​ជា​ប្ដី​ថា កុំ​ឲ្យ​ខ្វល់​តាម​ប្រពន្ធ​ពេក ៕

កុំ​បោះ​សន្ទូច​រំលង​ភ្នំ

និយមន័យៈ ទង្វើ​អ្វីៗ​ត្រូវ​ធ្វើ​តាម​ឋានានុក្រម ។

អត្ថាធិប្បាយ

សន្ទូច​ក្នុង​ពេល​នេះ លោក​សំដៅ​យក​កិច្ចការ​ដែល​ត្រូវ​ធ្វើ ។ ភ្នំ​ក៏​ជា​តំណាង​តួអង្គ​មន្ត្រី​អ្នក​មាន​បុណ្យសក្តិ​ធំ​ណា​ម្នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​កិច្ចការ​នេះ ។
កិច្ចការ ​អ្វី​ក៏​ដោយ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​ គេ​ធ្វើ​ពី​ថ្នាក់​ក្រោម​បញ្ជូន​ឡើង​ទៅ​លើ​ជានិច្ច ។ ដូច្នេះ បើ​ចង់​ធ្វើ​កិច្ចការ​អ្វី​នីមួយៗ​លោក​ប្រាប់​ថា ត្រូវ​ធ្វើ​តាម​លំដាប់​លំដោយ គឺ​ធ្វើ​តាម​ឋានានុក្រម​ពី​ទាប​ទៅ​ខ្ពស់ ដោយ​មិន​អាច​រំលង​មន្ត្រី​ធំ​ណា​ម្នាក់​ឡើយ ។
ឧទាហរណ៍ៈ គេ​ធ្វើ​កិច្ចការ​អ្វី​មួយ​ដែល​ត្រូវ​ឡើង​ទៅ​ដល់​ថ្នាក់​ខេត្ត ។ គេ​ត្រូវ​ធ្វើ​កិច្ចការ​នោះ​ពី​ថ្នាក់​មូលដ្ឋាន​ រួច​ឡើង​ទៅ​ស្រុក​ ទើប​បន្ត​ទៅ​ខេត្ត​ទៀត ។ គេ​មិន​ត្រូវ​រំលង​ផ្លោះ​ចោល​មន្ត្រី​ស្រុក​បាន​ទេ ។ មន្ត្រី​ស្រុក​នេះ​លោក​ចាត់​ទុក​ថា​ជា​ភ្នំ​មួយ​ដែរ​ហើយ ។
ការ ​ដែល​គេ​លោត​ផ្លោះ​បោះ​សន្ទូច​រំលង​មន្ត្រី​ស្រុក​ដែល​លោក​ចាត់​ទុក​ជា​ភ្នំ ​មួយ​ដែរ​នោះ គឺ​ជា​ការ​មួយ​ដែល​ធ្វើ​ឲ្យ​ខុស​នឹង​នីតិវិធី ។ កាល​បើ​ទង្វើ​ខុស​នឹង​នីតិវិធី​បែប​នេះ​ហើយ​ អាច​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​ទៀត ។
រួម ​សេចក្ដី​មក មន្ត្រី​ថ្នាក់​ណា​ក៏​ដោយ​ឲ្យ​តែ​ពាក់ព័ន្ធ​ក្នុង​ការងារ​នេះ មិន​គួរ​គប្បី​រំលង​ជា​ដាច់​ខាត​ ដើម្បី​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​ច្បាប់ ៕

0 comments:

Post a Comment