ជីវិត និងស្នាដៃរបស់ ហ្គាប៉ាត ម៉ុង
ហ្គាប៉ាត ម៉ុង (Gaspard Monge, 1746-1818)
ហ្គាប៉ាត ម៉ុង ជាអ្នកគណិតសាស្ត្រ ជាបិតាបង្កើតចេញនូវមុខវិជ្ជារេខាគណិតពិពណ៌នា ។ លោកជាកូនក្នុងត្រកូលអ្នកក្រ ។ ដោយគ្មានមធ្យោបាយសម្រាប់ឲ្យកូនបន្តការសិក្សានៅសាលាឲ្យបានខ្ពស់ ថែមទៀត ឪពុករបស់លោកបានរិះរកមធ្យោបាយផ្ញើកូន លោកឲ្យរៀននៅវិទ្យាស្ថានបច្ចេកទេសយោធា ។ ដោយមានស្នាដៃល្អក្នុងពេលសិក្សា ទើបពេលប្រឡងចេញពីសាលា លោកត្រូវបានវិទ្យាស្ថានឃាត់ទុកឲ្យលោកធ្វើជាសាស្ត្រាចារ្យបង្រៀន នៅវិទ្យាស្ថាននេះ ។
បណ្ដាវណ្ណកម្មរបស់ ហ្គាប៉ាត ម៉ុង ដែលត្រូវបានប្រកាសក្នុងចន្លោះឆ្នាំ១៧៧០‑១៧៨០ បានបើកចេញនូវដំណាក់កាលថ្មីនៃការរីកចម្រើនរបស់រេខាគណិតពិពណ៌នា និងរេខាគណិតវិភាគ ។ លោកជាអ្នកបណ្ដុះបណ្ដាលនូវអ្នកបច្ចេកទេសដ៏ល្បីល្បាញជាច្រើនរូប ក្នុងចំណោមនោះមាន សាឌីកាកណូ ។
ម៉ាស៊ីនបូមទឹកពន្លត់អគ្គីភ័យ
កាលអាយុ១៤ឆ្នាំ ហ្គាប៉ាត ម៉ុង បានបង្ហាញឲ្យឃើញនូវទេពកោសល្យពិសេសខាងបច្ចេកទេស ។ កុមាររូបនេះបានធ្វើដោយខ្លួនឯងនូវម៉ាស៊ីនបូមទឹកមួយគ្រឿងសម្រាប់ ពន្លត់អគ្គីភ័យដែលអាចបាញ់ទឹកឡើងដល់កម្ពស់ ១០ម៉ែត្រ ។ ថ្ងៃមួយ ហ្គាប៉ាត ម៉ុង រួមនឹងមិត្តភក្តិមួយចំនួនកំពុងប្រឡែងលេងជាមួយម៉ាស៊ីនបូមទឹក គាប់ជួនពេលនោះ មានវិស្វករម្នាក់ដើរកាត់ ។ គាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងនឹងរចនាសម្ព័ន្ធដ៏ល្អរបស់ម៉ាស៊ីន បូមទឹកនេះ ហើយគាត់កាន់តែស្រឡាំងកាំងថែមទៀតពេលឃើញអ្នកច្នៃប្រឌិតវាគឺជា កុមារម្នាក់ ។
«ប្អូនឯងរៀនមកពីណា គោលការណ៍របស់ម៉ាស៊ីនបូមទឹកនេះ ?» ។ កុមារអេះអុញ «រៀន មកពីណាឬ ? ទេ ? ខ្ញុំគ្រាន់តែពិចារណាដោយខ្លួនឯង… ខ្ញុំខំប្រឹងធ្វើយ៉ាងណាឲ្យវាគ្រាន់តែងាយស្រួល ហើយសមស្របបំផុតប៉ុណ្ណោះ» ។
បន្ទាប់ មក វិស្វករនេះ ក៏យល់ភ្លាមនូវទេពកោសល្យដ៏ប្រពៃនេះ គាត់ខំដើរទៅដល់ផ្ទះ ហ្គាប៉ាត ម៉ុង ដោយស្នើឲ្យឪពុកម្ដាយរបស់ ហ្គាប៉ាត ម៉ុង ត្រូវតែបញ្ជូនកុមារបូមទឹកនេះឲ្យចូលរៀននៅវិទ្យាស្ថានបច្ចេកទេស ។
បណ្ដាកល្យាណមិត្ត
ក្នុង ឆ្នាំដែលនៅសិក្សានេះដែរ ហ្គាប៉ាត ម៉ុង បានគូរផែនទីទីក្រុងយ៉ាងត្រឹមត្រូវឥតខ្ចោះ ។ សូម្បីតែអ្នកឯកទេសក៏ត្រូវតែកោតសរសើរពេលដែលបានមើលផ្ទាំងគំនូរ ផែនទីដ៏ស្មុគ្រស្មាញនេះ ។
«ពូកែមែន ! ទាល់តែមានអ្នកជួយឯង ទើបឯងធ្វើបាននូវកិច្ចការដ៏ល្អិតល្អន់នេះមែនទេ ?» ។ កុមារញញឹម «បាទមែនហើយ ! មានមិត្តពីរនាក់ទៀតដែលនៅតែជួយខ្ញុំជាដរាបនោះគឺ “ហត្ថាទាំងគូ និងទឹកចិត្តអំណត់ព្យាយាម”» ។
ភាពល្អប្រណីតនៃការបង្កើតថ្មី
មាន ម្ដងនោះ ពេលនៅរៀនក្នុងសាលាបច្ចេកទេសយោធា គេបានដាក់លំហាត់មួយយ៉ាងពិបាកឲ្យ ហ្គាប៉ាត ម៉ុង ដោះស្រាយ ។ ប៉ុន្តែជាការស្មានមិនដល់ យុវសិស្សរូបនេះ រកឃើញចម្លើយក្នុងរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ ។
បណ្ដាលោកគ្រូមិនពេញចិត្តនឹងលទ្ធផលនោះឡើយ «ម៉ុង បើសិនជាប្អូនចង់ឲ្យជំហានបោះទៅមុខកាន់តែរឹងមាំថែមទៀត ប្អូនត្រូវតែហាត់ចិត្តអំណត់ធ្វើលំហាត់ កុំប្រថុយប្រថានផ្សងព្រេងសំណាងដូចនេះទៀតណា៎ !» ។ ហ្គាប៉ាត ម៉ុង សំដែងការងឿងឆ្ងល់ «ជម្រាប់ប្រសាសន៍លោកគ្រូ គឺប្អូនបានខិតខំធ្វើលំហាត់ដោយខ្លួនឯង ប្អូនឥតមានផ្សងសំណាងអ្វីផងទេបាទ !» ។
«អូ៎ … យើងខ្ញុំមិនអាចជឿថាប្អូនឯងធ្វើលំហាត់នេះបានរួចរាល់ក្នុងរយៈ ពេលតែកន្លះម៉ោងនេះទេ ព្រោះថាគ្រាន់តែរឿងរៀបឯកតាលេចក៏ត្រូវចំណាយពេលយ៉ាងហោចណាស់ក៏ ២ដងនៃរយៈកាលធ្វើនោះដែរហើយ !» ។ យុវសិស្សយើងបង្ខំចិត្តត្រូវតែធ្វើការអធិប្បាយឡើងវិញនូវរបៀបធ្វើ របស់ខ្លួន ។ ការពិត នេះជាវិធីថ្មីតែម្ដង ៖ វិធីរេខាគណិតពិពណ៌នាសម្រាប់ស្រាយបំភ្លឺបណ្ដាវិធីលំដាប់គណិតដ៏ ស្មុគស្មាញ ។
បណ្ដាគ្រូបង្រៀនត្រូវជជែកដេញ ដោលគ្នាយ៉ាងយូរពីវិធីថ្មីដែល ហ្គាប៉ាត ម៉ុង ទើបនឹងនឹកចេញ ហើយនៅទីបំផុតត្រូវទទួលស្គាល់ថា វិធីថ្មីនោះពិតជាត្រឹមត្រូវ ។ នោះជាមូលដ្ឋានដំបូងបង្អស់នៃមុខវិជ្ជារេខាគណិតពិពណ៌នា ។
ការសម្ងាត់របស់ប្រទេសជាតិ
នៅពេលដែលមុខវិជ្ជារេខាគណិតសាស្ត្រពិពណ៌នាដែល ហ្គាប៉ាត ម៉ុង បានបង្កើតឡើងទើបនឹងបានការទទួលស្គាល់ រដ្ឋាភិបាលបារាំងក៏បានចាត់ទុកនោះជា «ការសម្ងាត់មួយរបស់ប្រទេសជាតិ» ។ ពីព្រោះថា ផ្អែកតាមរេខាគណិតពិពណ៌នាគេអាចគិតគូររកឃើញបន្ទាត់បាញ់បានយ៉ាងចំគោលដៅ ។
ជា ការពិត ប្រការនេះផ្ទុយពីគោលបំណងរបស់អ្នកប្រាជ្ញ ។ ក្នុងរយៈពេលរាប់សិបឆ្នាំ តាំងពីពេលបានក្លាយជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យមក ហ្គាប៉ាត ម៉ុង តែងតែតស៊ូជានិច្ចចំពោះការផ្សព្វផ្សាយវិទ្យសាស្ត្រថ្មីនេះ ។ ពីព្រោះថា រេខាគណិតពិពណ៌នាពុំត្រឹមតែមានប្រយោជន៍ចំពោះយោធាប៉ុណ្ណោះទេ គឺនៅថែមទាំងមានឥទ្ធិពលយ៉ាងធំធេងក្នុងវិស័យវិទ្យាសាស្ត្រដទៃ ទៀត ។
នៅ ទីបំផុត រដ្ឋាភិបាលបារាំងបានយល់ព្រមស្របតាម ហើយ ៣០ឆ្នាំ ក្រោយមក វណ្ណកម្មដំបូងបង្អស់ស្ដីពីរេខាគណិតពិពណ៌នាថ្មីត្រូវបានបោះពុម្ព ផ្សាយ ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ ចងក្រងដោយ ចាន់ សុខហេង
ជីវិត និងស្នាដៃរបស់ អង់ត្វាន់ ឡាវ័រស៊ីយ៉េ
អង់ត្វាន់ ឡាវ័រស៊ីយ៉េ (Antoine Lavoisier, 1743-1794)
អង់ត្វាន់ ឡាវ័រស៊ីយ៉េ ជាកូនក្នុងត្រកូលអ្នកពាណិជ្ជកម្មស្ដុកស្ដម្ភម្នាក់ បានទទួលការរៀនសូត្រពេញលេញតាំងពីនៅកុមារភាព ហើយបង្ហាញឲ្យឃើញនូវទេពកោសល្យខាងវិទ្យាសាស្ត្រពីកំណើត ។ នៅអាយុ ២៣ឆ្នាំ ជាមួយបណ្ដាស្នាដៃស្រាវជ្រាវអំពីរបៀបអុជបំភ្លឺ ឡាវ័រស៊ីយ៉េ បានទទួលរង្វាន់ពីបណ្ឌិតសភាវិទ្យាសាស្ត្របារាំង ។
បុព្វហេតុវិទ្យាសាស្ត្រសំខាន់របស់ ឡាវ័រស៊ីយ៉េ គឺខាងគីមី ។ លោកបានរកឃើញច្បាប់មូលដ្ឋានគីមីជាច្រើន ហើយត្រូវបានគេចាត់ទុកលោកដូចជាអ្នកដែលបានបង្កើតចេញមុខវិជ្ជាគីមីអសរីរាង្គ ។ លោកក៏បានចាប់ផ្ដើមធ្វើការស្រាវជ្រាវអំពីគីមីអសរីរាង្គ ។ ឡាវ័រស៊ីយ៉េ ជាអ្នកនិពន្ធសៀវភៅសាសនប្បញ្ញតិ Livre Canonique ដែលក្នុងនោះមានសៀវភៅមូលដ្ឋានគីមី និងសៀវភៅឧណ្ហវិទ្យា ។
ជ្រើសរើសយកផ្នែកណា ?
ដោយ ជាកូនអ្នកមានស្ដុកស្ដម្ភ ឡាវ័រស៊ីយ៉េ បានរៀនសូត្រយ៉ាងគ្រប់គ្រាន់តាំងពីវ័យក្មេងម្ល៉េះ ដែលតាមរយៈការរៀនសូត្រនេះតែងតែបង្ហាញឲ្យឃើញថា គេជាអ្នកស្រេកឃ្លាននូវចំណេះដឹងជានិច្ច ។ យុវជនរូបនេះជក់ចិត្ត ជក់អារម្មណ៍នឹងការរៀនសូត្រណាស់ គឺរៀនទាំងគណិតសាស្ត្រ រូបវិទ្យា គីមីវិទ្យា ទាំងអក្សរសាស្ត្រ និងមានលទ្ធភាព «ឃុំឃាំងខ្លួនឯង» នៅក្នុងផ្ទះរហូតដល់ទៅជាងកន្លះខែទៀតផង ដើម្បីអានសៀវភៅ ។
កាលអាយុ ១៨ឆ្នាំ មានមិត្តម្នាក់សួរ ឡាវ័រស៊ីយ៉េ ថា «មិត្តឯងគិតជ្រើសរើសផ្នែកណា ?» ។ ឡាវ័រស៊ីយ៉េ សើចញឹមៗ «យើងឃើញវិទ្យាសាស្ត្រមួយណាក៏គួរឲ្យជក់ចិត្តទាំងអស់ ។ បើសិនជាយើងមានខួរក្បាល១០ យើងនឹងចូលជ្រៅលើគ្រប់វិស័យ…» ។ ក៏ប៉ុន្តែដល់អាយុ២៣ឆ្នាំ ឡាវ័រស៊ីយ៉េ បានសម្រេចចិត្តជ្រើសរើសគីមីសាស្ត្រ ។
ការប្រុងប្រយ័ត្នរបស់អ្នកប្រាជ្ញ
ឡាវ័រស៊ីយ៉េ ជាអ្នកប្រុងប្រយ័ត្នបំផុតក្នុងការស្រាវជ្រាវ ។ លោកបានកសាងខឿនទ្រឹស្ដីបទអំពីភាពឆេះដាច់ចេញដំបូងបង្អស់ពី មូលដ្ឋានគីមីចម្រុះ បង្កើតចេញនូវ «ច្បាប់ការរក្សាទុករូបធាតុ» ជាដើម… ខ្លួនលោកតែងតែជាអ្នករិះគន់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះបណ្ដាការសន្និដ្ឋានរបស់ខ្លួន ។
មានម្ដងនោះ សហសេវិករបស់លោកបានជំរុញលោកឲ្យប្រកាសស្នាដៃមួយ តែអ្នកប្រាជ្ញយើងបានឆ្លើយតបវិញថា «មិនអាចប្រកាសប្រការនេះបានទេ នៅពេលដែលខ្ញុំអនុវត្តពិសោធន៍មិនទាន់បានស្រួលបួលនៅឡើយនោះ» ។ «បើអញ្ចឹងតើលោកត្រូវការពេលវេលាប៉ុន្មានឆ្នាំដើម្បីធ្វើការពិសោធន៍អង្កេតឡើងវិញ ?» ។ «បួនឆ្នាំ» ។
ភ្លើងឆេះ «អង្គធាតុដុត»
កាលមិនទាន់មាន ឡាវ័រស៊ីយ៉េ អ្នកប្រាជ្ញទាំងឡាយនៅជឿថា «ការឆេះ» គឺជាជាតិមួយផ្ទុកនៅក្នុងគ្រប់រូបធាតុទាំងអស់ ។ ឡាវ័រស៊ីយ៉េ ជាអ្នកដំបូងបង្អស់ដែលតាមរយៈការពិសោធន៍បានបញ្ជាក់ និងសន្និដ្ឋានឲ្យឃើញថា ពុំមាន «អង្គធាតុ» និងការ «ឆេះ» ទេ គឺមានត្រឹមតែជាប្រតិកម្មផ្សំគ្នាជាមួយអុកស៊ីសែនតែប៉ុណ្ណោះ ។ ការរកឃើញរបស់ ឡាវ័រស៊ីយ៉េ បានបណ្ដាលឲ្យក្រឡាប់ចក្រនៃទស្សនៈរបស់គីមីវិទូនាសម័យនោះ និងបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំង ។ តែស្ថិតចំពោះភស្តុតាងជាក់ស្ដែង អ្នកទាំងអស់នោះត្រូវតែទទួលស្គាល់ទ្រឹស្ដីបទថ្មីនេះ ។
ក្នុងការជួបជុំគ្នាមួយ ឡាវ័រស៊ីយ៉េ បានសម្ដែងរឿងល្ខោនមួយមានចំណងជើងថា «ភ្លើងឆេះ អង្គធាតុដុត» ដែលភរិយារបស់លោកបានដើរតួឯក ។ ឆាកល្ខោនបានធ្វើការទិតៀនយ៉ាងទន់ភ្លន់ចំពោះបណ្ដាជនអភិរក្សនិយម ក្នុងវិទ្យាសាស្ត្រ ពីព្រោះអ្នកទាំងនោះប្រៀបបាននឹងជនឈ្លក់វង្វេងក្នុងវិមានអាទិទេព អ៊ីតាលី ដែលបានដុតសម្លាប់ ប្រូយណូ ដោយប្រឹងចចេសរឹងរូសបិទបាំងការពិតជាក់ស្ដែង ។
តម្លៃរបស់ក្បាលមួយ…
ឆ្នាំ១៧៩៤ ក្នុងទិដ្ឋភាពដ៏ស្មុគស្មាញនៃមហាចលនាបដិវត្តមូលធនបារាំង ឡាវ័រស៊ីយ៉េ ត្រូវពួកប្រតិកិរិយាមួលបង្កាច់ថា មានជាប់ទាក់ទិនក្នុងសំណូកថវិកាសមូហភាព ។ មិត្តភក្ដិបានរំលឹកលោកឲ្យរត់គេចខ្លួន តែលោកបដិសេធ ។ ពួកភេរវជនក្នុងរដ្ឋអំណាចថ្មីដែលគ្មានការគិតពិចារណាវែងឆ្ងាយបាន ចេញបញ្ជាឲ្យកាត់ទោសប្រហារជីវិតលោក ។ បានឮដំណឹងនេះភ្លាម បណ្ដាអ្នកប្រាជ្ញបារាំងដឹកនាំដោយលោក ឡាក្រង់ បានធ្វើលិខិតមួយច្បាប់សំណូមពរសូមឲ្យពិនិត្យឡើងវិញនូវបទកាត់ទោសនេះ ។ ក្នុងលិខិតមានខ្លឹមសារថា «… ក្បាលមួយ ដូចក្បាលរបស់ ឡាវ័រស៊ីយ៉េ ត្រូវធ្លាក់ចុះ គឺរាប់រយឆ្នាំទៀត មិនទាន់ជឿជាក់ថា នឹងដុះឡើងវិញនូវក្បាលមួយទៀតដូចនេះបានឡើយ...» ។
ក៏ប៉ុន្តែពយកភេរវជននេះនៅតែធ្វើព្រងើយចំពោះពាក្យទទូចសុំដ៏ស្មោះស្ម័គ្រនោះ ។ បទពិន័យត្រូវបានអនុវត្ត ។ ពីរឆ្នាំក្រោយមក ទើបបានដឹងច្បាស់ថា អ្នកប្រាជ្ញ ឡាវ័រស៊ីយ៉េ គឺជាមនុស្សម្នាក់ល្អស្អាតបរិសុទ្ធបំផុត ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ ចងក្រងដោយ ចាន់ សុខហេង
ជីវិត និងស្នាដៃរបស់ កាល វីហេម ស៊ីឡឺ
កាល វីហេម ស៊ីឡឺ (Karl Wilhelm Scheele, 1742-1786)
ស៊ីឡឺ ជាគីមីវិទូជាតិស៊ុយអែត មានកំណើតចេញពីគ្រួសារត្រកូលអ្នកក្រ ។ លោកត្រូវបង្ខំចិត្តលះបង់ការរៀនសូត្រក៏ព្រោះត្រូវទៅនៅធ្វើការ ឲ្យអ្នកផ្សំឱសថម្នាក់ ។ ចាប់ពីអាយុ១៤ឆ្នាំ កុមារស៊ីឡឺបានចាប់ផ្ដើមឈានចូលវិស័យគីមីដោយខ្លួនឯង ។
ចាប់ពីឆ្នាំ១៧៧៥ បណ្ដាស្នាដៃគីមីអនុវត្តពិសោធន៍របស់ស៊ីឡឺបានល្បីខ្ទរខ្ទារពេញសកលលោក ។ លោកបានបដិសេធចំពោះសំណើរបស់ស្ដេចអាល្លឺម៉ង់ដែលឲ្យលោកចាកចោលមាតុភូមិដោយឲ្យមករស់នៅធ្វើការនៅទីក្រុងប៊ែរឡាំង ហើយលោកតស៊ូបន្តការងារដ៏ស្ងប់ស្ងៀមរបស់ខ្លួននៅទីក្រុងគឺបាំងដ៏ឆ្ងាយដាច់ស្រយាល ។
លោកបានបង្កើតច្បាប់មូលដ្ឋានគីមីច្រើន ហើយលោកក៏ជាអ្នកនិពន្ធសៀវភៅគីមីដែលត្រូវបានបោះពុម្ពផ្សាយនៅប្រទេសបារាំងនាឆ្នាំ១៧៨៨ ។
ភាពក្លាហានអង់អាចរបស់អ្នកប្រាជ្ញ
ស៊ីឡឺមាន ទម្លាប់ធ្វើការយ៉ាងជក់ចិត្ត ជក់អារម្មណ៍ ។ ក្នុងកិច្ចការពិសោធន៍ លោកច្រើនតែត្រូវប៉ះពាល់នឹងជាតិពុលដ៏គ្រោះថ្នាក់ដែលមិនថាពេលណា ឡើយ វាអាចបង្កឲ្យមានមហន្តរាយដល់ជីវិត ។
ថ្ងៃមួយ មុនពេលចូលបន្ទប់ពិសោធន៍ ស៊ីឡឺបានផ្ដាំជំនួយការរបស់ខ្លួនថា «ឥឡូវ នេះខ្ញុំរៀបចំធ្វើពិសោធន៍ជាមួយធាតុក្លរ (Chlorine) ប្រសិនបើឃើញខ្ញុំដួល ចូរកុំចូលក្នុងបន្ទប់ឲ្យសោះ តែត្រូវបើកទ្វារឲ្យអស់ រួចរត់ឲ្យលើនចេញទៅក្រៅ» ។
ជំនួការលោះព្រលឹង ព្រមទាំងឃាត់កុំឲ្យលោកប្រលែងលេងនឹងមច្ចុរាជយ៉ាងនេះអី តែស៊ីឡឺនិយាយដោយនឹងធឹងថា «មិនបានទេ ។ ជីវិតរបស់ខ្ញុំមិនមែនជាការសំខាន់ទេ ។ ប្រការសំខាន់គឺត្រូវរកឲ្យឃើញលក្ខណៈពិសេសរបស់ឧស្ម័នក្លរ» ។
ព្រះមហាក្សត្រ និងគីមីវិទូ
ក្នុងមួយជីវិតវិទ្យសាស្ត្ររបស់ខ្លួន ស៊ីឡឺនៅ តែរស់នៅយ៉ាងស្ងៀមស្ងាត់ក្នុងខេត្តដ៏តូចមួយ ពុំមាននរណាដឹងឮឡើយ ។ ក៏ប៉ុន្តែស្នាដៃច្នៃប្រឌិតរបស់លោកបានល្បីខ្ទរខ្ទារ លេខឮទៅក្រៅប្រទេស ។ ក្នុងដំណើរទស្សនកិច្ចមួយនៅអឺរ៉ុប ទើបព្រះមហាក្សត្រស៊ុយអែតបានដឹងថា ប្រទេសរបស់ខ្លួនមានគីមីវិទូមួយរូបដ៏មហិមា ។ ព្រះអង្គក៏សម្រេចចិត្តបំពាក់គ្រឿងឥស្សរិយយសសមាសឲ្យដល់ជនដែលនាំ មកនូវកិត្តិយសរុងរឿងឲ្យជាតិមាតុភូមិនេះ ។ ក៏ ប៉ុន្តែ ពេលសួររកមុខ ក្នុងរាជវាំងទាំងមូលពុំមាននរណាស្គាល់ស៊ីឡឺសោះ ។ គេបង្ខំចិត្តត្រូវពិនិត្យមើលក្នុងបញ្ជីពន្ធដារ ហើយត្រូវរកឲ្យឃើញជនណាដែលមានឈ្មោះស៊ីឡឺ ដើម្បីបំពាក់គ្រឿងឥស្សរិយយស ។
ក្នុង ពេលដែលអ្នកប្រាជ្ញពិតប្រាកដម្នាក់នេះនៅតែបន្តការងារក្នុង បន្ទប់ពិសោធន៍ដ៏ក្រីក្ររបស់ខ្លួននោះ នៅប្រទេសអឺរ៉ុបនានា គេកំពុងជ្រួលច្របល់និយាយមិនឈប់ឈរពីភាពភ្លឺស្វាងរបស់ ព្រះមហាក្សត្រមួយអង្គដែលចេះយកចិត្តទុកដាក់លើវិទ្យាសាស្ត្រ ហើយវាយតម្លៃខ្ពស់ដល់អ្នកប្រាជ្ញ ។
វិទ្យសាស្ត្រប្រើសម្រាប់ធ្វើអ្វី ?
រហូតដល់ឆ្នាំចុងក្រោយបំផុតនៃជិវិតរបស់ខ្លួន ស៊ីឡឺនៅ តែរស់នៅយ៉ាងសាមញ្ញក្នុងគេហដ្ឋានដ៏តូចច្រមក់របស់ខ្លួន ។ បណ្ដាស្នាដៃច្នៃប្រឌិតដ៏ល្បីល្បាញរបស់គីមីវិទូរូបនេះ ពុំនាំមកនូវអ្វីក្រៅពីការគោរពរបស់មជ្ឈដ្ឋានអ្នកវិទ្យសាស្ត្រ ចំពោះរូបលោកឡើយ ។
នៅថ្ងៃមួយ មានភ្ញៀវចម្លែកម្នាក់ជាអ្នកមានស្ដុកស្ដម្ភបនាមកលេងផ្ទះលោក ។ គាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះទិដ្ឋភាពរស់នៅដ៏ក្រីក្ររបស់ មនុស្សដ៏ល្បីល្បាញរូបនេះ «ជម្រាបសួរ ! មិនគួរណាបណ្ដាស្នាដៃវិទ្យាសាស្ត្ររបស់លោកមិនអាចនាំមកឲ្យលោកនូវឆាកជីវិតមួយដ៏ល្អប្រពៃជាងនេះសោះ ?»។
ស៊ីឡឺសម្លឹងមុខភ្ញៀវក្នុងក្ដីងឿងឆ្ងល់ រួចតបថា «បើអីចឹង លោកចាត់ទុកថាវិទ្យាសាស្ត្រត្រឹមតែជាមធ្យោបាយសម្រាប់រស់នៅឲ្យស្រួលតែប៉ុណ្ណោះទេឬ ?» ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ ចងក្រងដោយ ចាន់ សុខហេង
ជីវិត និងស្នាដៃរបស់ អាឡិចស៊ីស ក្លូត ក្លែរ៉ូ
អាឡិចស៊ីស ក្លូត ក្លែរ៉ូ (Alexis Claude Clairaut, 1713-1765)
អាឡិចស៊ីស ក្លូត ក្លែរ៉ូ ជាគណិតវិទូជាតិបារាំងដ៏ល្បីល្បាញម្នាក់ ។ ដោយទទួលឥទ្ធិពលពីឪពុកដែលជាគ្រូបង្រៀនគណិតសាស្ត្រ ក្លែរ៉ូ បានស្គាល់គណិតសាស្ត្រតាំងពីវ័យកុមារភាពម្ល៉េះ ហើយឆាប់ចាប់បាននូវមុខវិជ្ជាវិទ្យាសាស្ត្រនេះណាស់ ។
អាយុបាន១៦ឆ្នាំ លោកបានក្លាយទៅជាអ្នកនិពន្ធស្នាដៃគណិតសាស្ត្រដែលតម្រូវឲ្យ បណ្ឌិតសភាវិទ្យាសាស្ត្រប៉ារីសត្រូវលុបចោលទម្លាប់ធម្មតារបស់ខ្លួន ហើយត្រូវបោះឆ្នោតជ្រើសតាំងលោកជាសមាជិកបណ្ឌិតសភាវិទ្យាសាស្ត្រនៅ ឆ្នាំដែលមានវ័យ១៨ឆ្នាំ ។
ក្លែរ៉ូ ជាអ្នកឈានមុខគេក្នុងការប្រើវិធីវិភាគគណិតសាស្ត្រសម្រាប់ ស្រាវជ្រាវរូបវិទ្យា និងធ្វើឲ្យមុខវិជ្ជារូបវិទ្យាបានក្លាយទៅជាវិទ្យាសាស្ត្រមួយយ៉ាង រឹងមាំ ។
រៀនអក្សរ ឬរៀនលេខ ?
កុមារក្លូតចេះតែទារឲ្យឪពុកបីខ្លួន និងទារអង្គុយលើភ្លៅឪពុក ។ ដោយស្រលាញ់កូន លោកគ្រូ ហ្សង់បាទី ក្លែរ៉ូ បីកូនឡើង ហើយបើកសៀវភៅ «បណ្ដាទ្រឹស្ដីបទ» របស់អឺក្លីតឲ្យកូនមើលរូបគំនូរក្នុងបំណងឲ្យកូនមានល្បែងមើលលេងប៉ុណ្ណោះដើម្បីគាត់បានទំនេរដៃដាក់ពិន្ទុឲ្យកូនសិស្ស ។
ក៏ប៉ុន្តែ គាត់មិនអាចធ្វើការបានសោះពីព្រោះកុមារតូចនេះចេះតែសួរមិនឈប់មាត់ «រូបនេះគឺរូបអី ? គេគូរដើម្បីធ្វើអ្វី ? តើគូរផ្សេងពីហ្នឹងបានទេ ? ។ល។ និង។ល។» ។
លោកហ្សង់ឆ្លើយឲ្យផុតពីមាត់ថា «ឲ្យតែអានដាច់តួអក្សរនៅពីក្រោមរូបទាំងនោះ កូនឯងប្រាកដជារកបានចម្លើយក្នុងសំណួរនេះមិនខាន» ។
ដូចនេះ ក្លូតដាច់ខាតទារឲ្យឪពុកត្រូវតែបង្រៀនអក្សរដែលកត់ត្រានៅពី ក្រោមរូបគំនូរទាំងនោះ ។ លោកហ្សង់មានការភ័ន្តភាំងក្រៃលែងចំពោះគំនិតចង់ចេះចង់ដឹងរបស់កូន ហើយលោកកាន់តែស្រឡាំងកាំងថែមទៀត ដោយឃើញកូនប្រុសរបស់លោកឆ្លាតខុសធម្មតា ។ អាយុបាន៥ឆ្នាំ ក្នុងរយៈពេលតែមួយសប្ដាហ៍សោះ កុមារក្លូតបានរៀនអក្សរហើយចេះអានថែមទៀត ។ សៀវភៅរៀនអានដំបូងបង្អស់របស់កុមារក្លូតគឺជាសៀវភៅវណ្ណកម្មដ៏ល្បី របស់គណិតវិទូមហិមា អឺក្លីត ។
នៅពេលដែលកុមារមិនប្រលែងលេងសើច
ក្លូត ក្លែរ៉ូល ជាក្មេងរពឹស ។ កុមារក្លូតតែងរិះរកល្បែងជាច្រើនមុខយកមកកំសាន្ត ហើយលេងសើចសប្បាយកងរំពងជាមួយប្អូនៗពេញតែបន្ទប់ ។
តែ មួយរយៈពេលដែលជក់ចិត្ត និងការអាននោះ លោកហ្សង់បានសម្គាល់ឃើញថា យប់ណាក៏ក្នុងបន្ទប់របស់កូនលោកស្ងប់ស្ងាត់ ។ លោកនឹកថាកូនៗលោកប្រញាប់ចូលគេងណាស់ ។ ចៃដន្យនៅថ្ងៃមួយលោកភ្ញាក់ធ្វើការកណ្ដាលអធ្រាត្រ លោកបានឃើញភ្លើងភ្លឺនៅក្នុងបន្ទប់របស់កូន ។ លោកក៏ច្រានទ្វារចូលទៅដើម្បីពន្លត់ភ្លើង ។ បាតុភាពដ៏ចម្លែកមួយបានស្ថិតនៅក្រោមភ្នែករបស់លោក គឺក្លូត និងប្អូនប្រុសកំពុងអង្គុយទល់ក្បាលគ្នាមើលសៀវភៅដោយមិនយកចិត្ត ទុកដាក់ដល់រឿងអ្វីៗដែលស្ថិតនៅជុំវិញខ្លួនឡើយ ។ ការពិតកុមារទាំង២កំពុងរៀនគណិតសាស្ត្រ ។
លោកហ្សង់មានការភ័ន្តភាំងយ៉ាងខ្លាំងពេលដែលឃើញកូនប្រុសតូចរបស់លោកអានសៀវភៅដ៏ល្បីឈ្មោះរបស់គណិតវិទូ ឡូពីតាំង «ការវិភាគបណ្ដាអនុគមន៍» បានន័យថា ជាសៀវភៅមួយក្នុងចំណោមបណ្ដាសៀវភៅដំបូងបង្អស់ដែលស្ដីពីការវិភាគគណិតសាស្ត្រ ។
ពេលដែលសួរទៅកូនទើបលោកហ្សង់ដឹងថា ក្លូត និងប្អូនប្រុសធ្លាប់បានរៀនរួចទៅហើយសៀវភៅដ៏ល្បីឈ្មោះផ្សេងៗទៀត ដូចជា សៀវភៅ «គណិតវិទ្យាប្រើក្នុងរេខាគណិតសាស្ត្រ» របស់គណិតវិទូ ហ្គឺលោ សៀវភៅ «បណ្ដាបន្ទាត់ស្របមុខកូនិក» របស់ ឡូពីតាំង ជាដើម ។ កុមារទាំងពីរបានរកឃើញសៀវភៅនោះក្នុងទូសៀវភៅរបស់ឪពុកខ្លួន ។ កាលណោះក្លូតទើបតែអាយុ៩ឆ្នាំប៉ុណ្ណោះ !
ទឹកភ្នែកដោយក្ដីសប្បាយរំភើបចិត្ត
ឆ្នាំ១៧២៥ នៅសម័យប្រជុំមួយរបស់បណ្ឌិតសភាវិទ្យាសាស្ត្រប៉ារីសបានកើតឡើងនូវ ព្រឹត្តិការណ៍ដ៏ចម្លែកមួយ ។ បណ្ដាអ្នកប្រាជ្ញដែលមានពុកមាត់វែងៗអង្គុយស្ដាប់យ៉ាងយកចិត្តទុក ដាក់នូវរបាយការណ៍មួយស្ដីពីបញ្ហាគណិតសាស្ត្រថ្មី ។ អ្នកធ្វើរបាយការណ៍គឺកុមារម្នាក់អាយុ១២ឆ្នាំ ។ កាន់តែតាមដានស្ដាប់គេកាន់តែនឹកសង្ស័យក្នុងចិត្ត មិនដឹងតើកុមារនេះពិតជាអ្នកនិពន្ធ ធ្វើរបាយការណ៍នោះមែនឬទេ ? ពីព្រោះកុមារនោះបានឧទ្ទេសនាមអំពីខ្សែបន្ទាត់កោងដ៏ស្មុគស្មាញដែល ខ្លួនគេបានរកឃើញ ហើយគេបានប្រើវិធីគណនាអនុគមន៍សម្រាប់សង្កេតមើលខ្សែបន្ទាត់កោង នោះ ។
ពេលអានរបាយការណ៍រួចហើយ គ្មាននរណាម្នាក់ទះដៃសោះ ។ អ្នកប្រាជ្ញម្នាក់បានងើបឈរឡើងសួរថា «អ៊ីសាក់ញូតុន និង លៃបឺនីស ដ៏មហិមា ទើបតែរកឃើញវិធីគណនាអនុគមន៍មុននេះរាប់សិបឆ្នាំប៉ុណ្ណោះ ។ ក្នុងចំណោមបណ្ដាគណិតវិទូដែលមានវត្តមាននៅទីនោះក៏ពុំទាន់មាន នរណាយល់ឲ្យច្បាស់អស់នូវវិធីគណនានោះដែរ ។ សូមឲ្យយើងខ្ញុំបានដឹង តើនរណាជាអ្នកបង្រៀនអ្នកនិពន្ធឲ្យធ្វើរបាយការណ៍នេះស្ដីពីវិធី គណនាដ៏ល្អប្រណីតដូច្នេះ ?» ។
គេនាំ គ្នាចោទសួរអ្នកនិពន្ធតូចច្រមក់នេះអំពីព្រឹត្តិការណ៍គណិតសាស្ត្រ យ៉ាងច្រើនលើសលុប ។ ហើយគេកាន់តែស្រឡាំងកាំងស្ញប់ស្ញែងពេលដែលបានដឹងថា កុមារក្លូត ក្លែរ៉ូ រៀបចំដោយខ្លួនឯងតាមបណ្ដាវណ្ណកម្មបញ្ហាគណិតសាស្ត្រជាមូលដ្ឋាន ហើយទន្ទឹមនោះ មានការយល់ដឹងស្ដីពីបណ្ដាបញ្ហាគណិតសាស្ត្រនាពេលបច្ចុប្បន្នយ៉ាង ច្បាស់ប្រាកដ ។ ទេវវិទូ រ៉ៃណូ សមាជិកបណ្ឌិតសភាដែលមានមុខក្នុងអង្គប្រជុំនេះបានក្រោកឈរឡើងនិយាយក្នុងសំឡេងញ័រៗដោយក្ដីរំភើបថា «នៅ ចំពោះមុខយើងនេះពុំមែនជាកុមារតូចច្រមក់ឡើយ តែជាមនុស្សម្នាក់ដ៏មហិមាស័ក្តិសមមានតួនាទីក្នុងចំណោមបណ្ដា អ្នកប្រាជ្ញធំៗរបស់ប្រទេសបារាំង» ។
លោកគ្រូ ហ្សង់ ក្លែរ៉ូ ជាឪពុកដែលឈរក្បែរនោះ មានក្ដីរំភើបរីករាយចិត្តយ៉ាងក្រៃលែង លោកកាន់ដៃទាំងពីររបស់រ៉ៃណូ ស្នាមញញឹមលេចចេញលើបបូរមាត់ កែវភ្នែកស្រវាំងដោយទឹកនេត្រា ។
ការបំពានលើលក្ខន្តិកៈដែលអ្នកណាក៏ពេញចិត្ត
នៅឆ្នាំដែលក្លូត ក្លែរ៉ូ អាយុ១៨ឆ្នាំ ទេព្យកោសល្យគណិតសាស្ត្ររបស់លោកបានលេចបង្ហាញឲ្យឃើញកាន់តែច្បាស់ ដែលមជ្ឈដ្ឋានគណិតវិទូអឺរ៉ុបត្រូវឯកភាពគ្នាទទួលស្គាល់ ។ បណ្ឌិតសភាវិទ្យាសាស្ត្រប៉ារីសបានប្រជុំពិភាក្សាពីបញ្ហាត្រូវតែ អញ្ជើញក្លែរ៉ូឲ្យចូលជាសមាជិករបស់បណ្ឌិតសភា ។
ប៉ុន្តែលក្ខន្តិកៈចាត់តាំងរបស់បណ្ឌិតសភាវិទ្យាសាស្ត្រប៉ារីសបានចែងច្បាស់ថា «បេក្ខជនឈរឈ្មោះបោះឆ្នោតជាសមាជិកបណ្ឌិតសភាត្រូវតែមានអាយុតិចបំផុតត្រឹម២០ឆ្នាំឡើងទៅ» ។ គេមិនដឹងថាត្រូវប្រើវិធីណាដើម្បីដោះស្រាយករណីក្លែរ៉ូ ។ គេសម្រេចចិត្តធ្វើរបាយការណ៍មួយថ្វាយជូនព្រះរាជាបារាំង ល្វីទី១៥ ដើម្បីសុំមតិសម្រេចពីព្រះអង្គ ។
បណ្ដា សមាជិកបណ្ឌិតសភាមិននឹកស្មានសោះថា ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភរបស់ខ្លួនអំពីការបំពានលើ លក្ខន្តិកៈដែលអាចនឹងកើតមានឡើងនោះ ព្រះរាជាល្វីទី១៥ បានឆ្លើយតបវិញដោយភាពក្រមាច់ក្រមើមថា «នេះជាការបំពានលើលក្ខន្តិកៈដែលអ្នកណាក៏ពេញចិត្តដែរ» ។
កូនដែលវង្វែងផ្លូវ
សតវត្សទី១៨ ជាសតវត្សដែលរូបវិទ្យានៅអឺរ៉ុបកំពុងត្រូវការឲ្យដោះស្រាយបញ្ហា ៖ ប្រព័ន្ធដេកាត ឬប្រព័ន្ធញូតុន ដែលបកស្រាយបំភ្លឺបានយ៉ាងសមស្របចំពោះសកលលោក ។ កាលណោះរូបវិទ្យារបស់ញូតុន កាន់តែបង្ហាញឲ្យឃើញនូវថាមពលរបស់វា ក៏ប៉ុន្តែដោយគំនិតជាតិនិយមហួសហេតុ បណ្ដាអ្នកវិទ្យាសាស្ត្របារាំងចេះតែចចេសការពារប្រព័ន្ធរបស់ដេកាត ។
ថ្ងៃមួយនោះ ក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេងរបស់បារាំង ដឹកនាំដោយលោក ម៉ូប៊ែរទ្វី បានប្រជុំគ្នាដើម្បីធ្វើការឃោសនាផ្សព្វផ្សាយនូវសតិអារម្មណ៍របស់ ញូតុន ។ យុវជនក្លែរ៉ូជាសមាជិកដ៏សកម្មក្នុងក្រុមនេះដែរ ។
ក្លែរ៉ូតែងចូលជាមួយសមាជិកបណ្ឌិតសភាវ័យក្មេងដទៃទៀត ដូចជា ម៉ូប៊ែរទ្វី កុងដាមីន ជួបពិភាក្សាគ្នានៅរាល់ពេលល្ងាចអំពីបញ្ហារូបវិទ្យា ។ គេកំពុងត្រៀមរៀបចំការពិភាក្សាមួយយ៉ាងអស់ដៃជាមួយបណ្ដា អ្នកវិទ្យាសាស្ត្រដែលតាមនិកាយដេកាត ។ ជាមួយនឹងសម្ដីដ៏មុតស្រួច វោហារដ៏ប៉ិនប្រសប់ ឡកឡឺយ ដើម្បីបញ្ជាក់សន្និដ្ឋានអំពីលក្ខណៈគ្មានមូលដ្ឋានរបស់ប្រព័ន្ធដេកាត គេបានធ្វើឲ្យបណ្ដាអ្នកវិទ្យាសាស្ត្រអភិរក្សនិយមរបស់បារាំងទទួល បរាជ័យ ។
ដោយត្រូវបរាជ័យលើវិស័យ វិទ្យាសាស្ត្រនេះ បណ្ដាសមាជិកបណ្ឌិតសភានិកាយដេកាត បានសងសឹកក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេងរបស់ក្លែរ៉ូ ដោយហៅថា «ក្រុមកូនដែលវង្វែងផ្លូវ» ។ បំណងរបស់គេគឺចង់និយាយថា នេះជាក្រុមដែលមិនចេះការពារពលរដ្ឋបារាំងគ្នាឯងដែលបាននាំមកនូវ កិត្តិយសដ៏ថ្លៃថ្លាឲ្យប្រទេសជាតិខ្លួននោះ ។
មួយព្រនង់សម្រេចកំណត់
កាលនោះគេយល់ថា ផែនដីមានរូបរាងដូចជាពងមាន់ ឬក៏សំប៉ែតនៅប៉ូលទាំងសងខាង ។ នោះគឹជាបញ្ហាមានអត្ថន័យវិទ្យាសាស្ត្រផង មានអត្ថន័យទស្សនវិជ្ជាផង ។ នេះពុំមែនត្រឹមតែជាបញ្ហារូបវិទ្យាផែនដីតែនៅជាការដោះស្រាយបាន យ៉ាងត្រឹមត្រូវ ដែលអះអាងនូវការប្រកែកដេញដោលគ្នារវាងប្រព័ន្ធដេកាត និងប្រព័ន្ធញូតុន ។
ដើម្បីស្រាវជ្រាវបញ្ហា នេះ បណ្ឌិតសភាវិទ្យាសាស្ត្របារាំងបានរៀបចំឲ្យមានក្រុមស្រាជ្រាវសង្កេត មួយ ធ្វើដំណើរទៅកាន់ប៉ូលខាងជើង ដើម្បីវាស់បណ្ដោយខ្សែវ័ណ្ឌផែនដីនៅកន្លែងនេះ ។ ក្លែរ៉ូបានចូលរួមយ៉ាងសកម្មនៅក្នុងក្រុមនេះពេលដែលលោកទើបមាន អាយុ២៣ឆ្នាំ ។
ឯកសារដែលរើសប្រមូលបានជាមូលដ្ឋាននៃការរកឃើញខាងគណិតសាស្ត្រដ៏មានតម្លៃរបស់ក្លែរ៉ូ «ទ្រឹស្ដីអំពីរូបរាងរបស់ផែនដី» ។ សៀវភៅនេះបានរួមចំណែកកំណត់ការបរាជ័យរបស់រូបវិទូដែលឈរខាងដេកាត ហើយបានធ្វើឲ្យរូបវិទូញូតុនក្លាយទៅជាមុខវិជ្ជាវិទ្យាសាស្ត្រ ផ្លូវការនៅប្រទេសបារាំង និងអឺរ៉ុប ។ មិនតែប៉ុណ្ណោះ សៀវភៅនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកមុខវិជ្ជាវិភាគ គណិតសាស្ត្រទៀតផត ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ ចងក្រងដោយ ចាន់ សុខហេង
ជីវិត និងស្នាដៃរបស់ ហ្សាក់ ប៊ែរនូយលី និងហ្សង់ ប៊ែរនូយលី
ហ្សាក់ ប៊ែរនូយលី (Jacques Bernoulli, 1654-1705)
ក្នុងប្រវត្តិសាស្ត្រវប្បធម៌ មានគ្រួសារមួយចំនួនបានទទួលឈ្មោះដ៏ល្បីល្បាញរាប់តំណ ។ ក្នុងចំណោមនោះ មានគ្រួសារ ប៊ែរនូយលី នៅបាល់ ប្រទេសស៊្វីស ជាដើម ។ គ្រួសារនេះបានផ្គត់ផ្គង់ឲ្យមនុស្សជាតិនូវអ្នកគណិតសាស្ត្រចំនួន៩រូប ក្នុងនោះមានអ្នកគណិតសាស្ត្រធំៗ៣រូបគឺ ហ្សាក់ទី១ (១៦៥៤‑១៧០៥) ហ្សង់ទី១ដានីញែល (១៦៦៧‑១៧៤៨) និង (១៧០០‑១៧៨២) ។ អ្នកគណិតសាស្ត្រ៣រូបនេះ ជាអ្នកដំបូងបង្អស់ដែលយល់ច្បាស់នូវមុខវិជ្ជាគណនាអនុគមន៍ គណិតសាស្ត្រដែល ញូវតុន និង លៃបឺនីស រកឃើញ និងប្រឹងប្រែងពង្រីកផ្សព្វផ្សាយនូវមុខវិជ្ជាដ៏សំខាន់នេះ ។ ព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់មួយគឺក្នុងអំឡុងពេលជាង២៥០ឆ្នាំ នៅសាកលវិទ្យាល័យបាល់ ជានិច្ចកាលមានសាស្ត្រាចារ្យត្រកូលប៊ែរនូយលីបង្រៀន ។ ចំណែកឯមុខតំណែងជាប្រធានផ្នែកគណិតសាស្ត្រប្រចាំមហាវិទ្យាល័យនេះ គឺគ្រួសារត្រកូលប៊ែរនូយលីបានផ្លាស់វេនគ្នា ទទួលបន្ទុកអំឡុងពេលជាង១០០ឆ្នាំ ចាប់ពីឆ្នាំ១៦៨៧ (ហ្សាក់ទី១) រហូតដល់ឆ្នាំ១៧៩០ (ហ្សង់ទី២) ។
ហ្សង់ ប៊ែរនូយលី (Jean Bernoulli, 1667-1748)
ខុសបំណងប្រាថ្នារបស់ឪពុក
ហ្សាក់ទី១ ជាកូនច្បងក្នុងគ្រួសារ ។ ឪពុករបស់លោកចង់ឲ្យកូនប្រុសរបស់ខ្លួនក្លាយទៅជាបព្វជិត តែហ្សាក់បែរជាចូលចិត្តគណិតសាស្ត្រ ។ ឪពុកលោកក៏បានស្ដីបន្ទោសថា «កូនឯងជាកូនច្បងនៅក្នុងផ្ទះយើង ត្រូវតែស្ដាប់បង្គាប់ឪពុក ដើម្បីជាគំរូឲ្យប្អូនៗយកតម្រាប់តាម» ។
ដើម្បី តម្រូវចិត្តឪពុក ហ្សាក់ក៏បង្ខំចិត្តត្រូវយកអស់កម្លាំងកាយ កម្លាំងចិត្ត រៀនមុខវិជ្ជាទេវវិទ្យា និងភាសាបរទេស ។ ក៏ប៉ុន្តែលោកមិនអាចបោះបង់ចោលការរៀនសូត្រគណិតសាស្ត្របានឡើយ ហើយលោកតែងតែលួចលាក់រៀនដោយមិនឲ្យឪពុកលោកដឹងឡើយ ។
នៅពេលបានអាយុ១៧ឆ្នាំ ហ្សាក់ធ្វើបាននូវលំហាត់គណិតសាស្ត្រដ៏ពិបាកស្មុគស្មាញ ដូចជាការគិតប្រតិទិន គិតតារាវិថីរបស់ផ្កាយដុះកន្ទុយជាដើម ។
ទេពកោសល្យគណិតសាស្ត្ររបស់ហ្សាក់ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបង្ហាញច្បាស់ឡើងៗ ។ ដល់វ័យ២៨ឆ្នាំ លោកបានសម្រេចចិត្តត្រូវបូជាជីវិតឲ្យវិទ្យាសាស្ត្រនេះ ។ នៅវ័យ៣២ឆ្នាំ ហ្សាក់បានកាន់មុខតំណែងអធិការផ្នែកគណិតសាស្ត្រនៃសាកលវិទ្យាល័យបាល់ ។
ប្អូន ទី២ របស់ហ្សាក់ទី១ គឺហ្សង់ទី១ ក៏ជាអ្នកជក់ចិត្តនឹងគណិតសាស្ត្រតាំងពីវ័យកុមារដែរ ។ ក៏ប៉ុន្តែឪពុករបស់លោកចង់ឲ្យកូនក្លាយទៅជាពាណិជ្ជករម្នាក់ ហេតុនេះគាត់តែងតែបង្ខំឲ្យកូនទៅរៀនលក់ដូរ ។
កាលនោះ ហ្សាក់បានក្លាយទៅជាអ្នកគណិតសាស្ត្ររួចទៅហើយ ។ លោកបានទូន្មានប្អូនប្រុសថា «គួររៀនគណិតសាស្ត្រ» ហើយមិនយូរប៉ុន្មាន ហ្សង់ក៏បានក្លាយទៅជាអ្នកគណិតសាស្ត្រល្បីល្បាញមួយរូបដែរ ។ នៅរាល់លើករំឭករឿងដើមឡើងវិញ បងប្អូនទាំងពីរនាក់តែងតែនិយាយលេងជាមួយគ្នាថា នៅទីបំផុត យើងបាននាំគ្នាធ្វើអ្វីៗដែលខុសស្រឡះពីបំណងប្រាថ្នារបស់លោក ឪពុក ។
បុព្វជិត… គ្មានទេវរូប
បុព្វជិតហ្សាក់ ប៊ែរនូយលី បាន ចាប់ធ្វើសកម្មភាពគណិតសាស្ត្រពីដំបូងបង្អស់ដោយការស្រាវជ្រាវ តារាសាស្ត្រ ។ កាលសម័យនោះ តាមផ្លូវសាសនាបានពន្យល់ថា ផ្កាយដុះកន្ទុយគឺជាបេសកជនរបស់ព្រះអាទិទេព ជាអ្នកឲ្យសញ្ញាមហន្តរាយដែលព្រះឥន្ទ្របានបញ្ជាឲ្យធ្លាក់មកលើ ផែនដី ។
ក៏ប៉ុន្តែ ហ្សាក់ បានប្រើគណិតសាស្ត្រស្រាយបំភ្លឺឲ្យឃើញដំណើររបស់ផ្កាយដុះកន្ទុយ ហើយធ្វើការដោះស្រាយថា ផ្កាយដុះកន្ទុយក៏ជាពិភពមួយធម្មតាដែលមានទំហំមិនអាចបង្ក គ្រោះថ្នាក់លើផែនដីបានឡើយ ។ បន្ទាប់ពីស្នាដៃស្រាវជ្រាវគណិតសាស្ត្រនេះបានប្រកាសចេញ គេបានផ្ដល់នាមដល់ហ្សាក់ ជាបុព្វជិត… គ្មានទេវរូប ។
ដើម្បី ឆ្លើយតបនឹងសម្ដីវាយប្រហារនេះ ហ្សាក់កាន់តែប្រឹងប្រែងពេញទំហឹងថែមទៀតក្នុងការស្រាវជ្រាវ គណិតសាស្ត្រជាបន្តទៀត ។ ដើម្បីជានិម្មិត្តរូបឲ្យគោដៅរបស់ខ្លួន លោកបានគូសរូបហ្វាអេតុង (តាមរឿងព្រេងនិទានរបស់ក្រិក ហ្វាអេតុងជារាជបុត្ររបស់អាទិទេពព្រះអាទិត្យ) ជិះលើរទេះភ្លើងព្រះអាទិត្យ ហើយចារអក្សរធំៗនៅពីក្រោមថា «ខ្ញុំកំពុងស្វែងរកខ្លួនឯងនៅក្នុងចំណោមដួងតារាទាំងឡាយ» ។
របៀបយល់មួយដ៏ល្អបំផុត
នៅ ឆ្នាំ១៦៨៤ ទស្សនាវដ្ដីស្រាវជ្រាវវិទ្យាសាស្ត្រ របស់ទីក្រុងឡិបស៊ិច ប្រទេសអាល្លឺម៉ង់ បានចុះផ្សាយលើទំព័រខ្លួននូវអត្ថបទរបស់អ្នកគណិតសាស្ត្រលៃបឺនីស «របៀបថ្មីនៃការរកអតិបរមា និងអប្បបរមា» ព្រមទាំងឧទ្ទេសនាមវិធីគណនាអនុគមន៍ដែលលោកបានរកឃើញ ។
ពីរនាក់បងប្អូន ប៊ែរនូយលី បានគ្នាអានអត្ថបទកាសែតនោះ ក៏ប៉ុន្តែមិនយល់អត្ថន័យសោះ ។ ហ្សាក់ក៏បានសរសេរលិខិតមួយច្បាប់ផ្ញើទៅឲ្យលៃបឺនីស ដើម្បីសុំឲ្យលោកធ្វើការពន្យល់បកស្រាយ ។ ជាភ័ព្វអាក្រក់ ពេលនោះលៃបឺនីស បានដើរទេសចរណ៍នៅប្រទេសអ៊ីតាលីទៅហើយ ។ រង់ចាំយូរពេក មិនឃើញការឆ្លើយតប ហ្សាក់ក៏បាននិយាយនឹងប្អូនថា «ចង់យល់អត្ថបទកាសែតនោះ ជាការល្អបំផុត យើងត្រូវធ្វើការស្វែងយល់ដោយខ្លួនឯង» ។
ហ្សង់ជា ប្អូនយល់ស្របនឹងគំនិតនេះ ។ ភ្លាមនោះបងប្អូនទាំងពីរនាក់ក៏ចាប់ផ្ដើមធ្វើការស្រាវជ្រាវ ។ ក្នុងរយៈពេល៣ឆ្នាំ អ្នកទាំងពីរមិនត្រឹមតែយល់អស់នូវអត្ថបទនោះ ថែមទាំងពង្រីកបាននូវវិធីគណនាថ្មីទៀតផង ។
វេជ្ជសាស្ត្រ ឬគណិតសាស្ត្រ ?
សាកលវិទ្យាល័យ បាល់ ជាសាកលវិទ្យាល័យមួយតូច ។ ដើម្បីធានាឲ្យមានការងារធ្វើនៅទីនេះ ហ្សាក់ (កាលណោះជាសាស្ត្រាចារ្យគណិតសាស្ត្រនៅសាកលវិទ្យាល័យ) បានរំឭកហ្សង់ គួរតែការពារនិក្ខេបបទបណ្ឌិតវេជ្ជសាស្ត្រ ដើម្បីថ្ងៃក្រោយងាយស្រួលក្នុងការកាន់តំណែងជាសាស្ត្រាចារ្យ វេជ្ជសាស្ត្រ ។
ដោយស្ដាប់តាមដំបូន្មានរបស់បង នៅអាយុ២៧ឆ្នាំ ហ្សង់បានដាក់ពាក្យប្រលងនិក្ខេបបទស្ដីពី «ចលនារបស់សាច់ដុំ» ។ គណៈមេប្រយោគរបស់សាកលវិទ្យាល័យបាល់ មានការងឿងឆ្ងល់យ៉ាងខ្លាំង មិនយល់ថា តើនិក្ខេបបទនេះជាសមិទ្ធិស្រាវជ្រាវខាងគណិតសាស្ត្រ ឬក៏ខាងវេជ្ជសាស្ត្រ ។
និក្ខេបបទនេះ ក្រៅពីការសរសេរផ្ដើមសេចក្ដីយ៉ាងខ្លីដែលឧទ្ទេសនាមអំពីគំនិតធ្វើ ការវិភាគលើរចនាសម្ព័ន្ធចលនារបស់សាច់ដុំចេញ គឺសុទ្ធសឹងជាវិធីគណនាដោយគណិតសាស្ត្រ ។ ចំណុចពិសេសគួរឲ្យយកចិត្តទុកដាក់គឺអ្នកនិពន្ធនិក្ខេបបទនេះបាន ប្រើវិធីគណនារបស់លៃបឺនីសដែលទើបរកឃើញ យកមកដោះស្រាយបញ្ហា ហ្សង់បង្កើតសមីការអនុគមន៍ដើម្បីរកបន្ទាត់កោងដែលស្ដែងពីរូបភាព របស់សាច់ដុំនៅពេលទទួលកម្លាំងទម្ងន់ណាមួយ ។
ងាយស្រួល ឬពិបាក ?
ឆ្នាំ… ហ្សង់ ប៊ែរនូយលី បានធ្វើទស្សនកិច្ចនៅប៉ារីស ។ នៅទីនោះ ក្នុងសម័យប្រជុំមួយនៅបន្ទប់ទទួលភ្ញៀវរបស់ទស្សនវិទូ ម៉ង់ប្រាំង ហ្សង់បានជួប ឡូពីតាំង ដោយចៃដន្យ ។ ឡូពីតាំង ជាអ្នកកំពុងតែចង់ស្វែងយល់ពីអត្ថបទកាសែតរបស់លៃបឺនីស ។ ដោយឃើញឡូពីតាំងត្អូញត្អែរថា វិធីគណនាថ្មីរបស់លៃបឺនីសពិបាកយល់ពេក ហ្សង់សើចញឹមៗ ទាញយកក្រដាស និងស្លាបប៉ាកាមកដោះស្រាយលំហាត់ដែលឡូពីតាំងពោលថាពិបាកពេកនោះ ហើយនិយាយថា «នេះត្រឹមតែជាល្បែងរបស់កូនក្មេង ទេ មានអ្វីសំខាន់ដែលលោកត្រូវយកចិត្តទុកដាក់នោះ ! បើសិនជាថាពិបាកនោះត្រូវតែរាប់បញ្ចូលលំហាត់អំពីបន្ទាត់ខ្លី‑ឆាប់ (នោះជាបន្ទាត់កោងមួយតភ្ជាប់ចំណុច២ដែលមិនស្ថិតនៅលើបន្ទាត់ឈរ ត្រង់ ហើយវត្ថុមួយធ្វើចលនាសរីនៅលើនោះក្នុងថេរវេលាយ៉ាងខ្លីបំផុត)» ។
ឡូពីតាំង ក៏សំណូមពរឲ្យហ្សង់បង្រៀនខ្លួននូវមុខវិជ្ជាថ្មីនេះដើម្បីគាត់ អាចធ្វើការស្រាវជ្រាវដោះស្រាយលំហាត់បន្ទាត់ខ្លី‑ឆាប់នោះ ។ បន្ទាប់ពីការសិក្សាជាមួយហ្សង់អស់ចំនួន៤ខែមក ឡូពីតាំងបានយល់យ៉ាងច្បាស់នូវចរិតនៃវិធីគណនាគណិតសាស្ត្រ ។ ៥ឆ្នាំក្រោយមក កូនសិស្សដ៏ឆ្លាតវៃនេះបានសរសេរសម្រេចជាស្ថាបពរសៀវភៅសិក្សាដំបូង បង្អស់អំពី «ការវិភាគបណ្ដាអនុគមន៍» ជាពិសេសគឺស្រាយបំភ្លឺបាននូវលំហាត់បន្ទាត់ខ្លី‑ឆាប់ដែលលោកគ្រូហ្សង់ចាត់ទុកថាពិបាកនោះ ។
តើចាំបាច់ត្រូវពិភាក្សាឬទេ ?
ឆ្នាំ១៧០៥ ហ្សាក់ ប៊ែរនូយលី បានលាចាកលោកនេះទៅដោយរោគរបេង ។ គណៈនាយកសាកលវិទ្យាល័យបាល់បានប្រជុំគ្នាពិគ្រោះពិភាក្សាពីការ ជ្រើសតាំងអ្នកជំនួសហ្សាក់ និងអ្នកទទួលបន្ទុកមុខតំណែងជាអធិការមុខវិជ្ជាគណិតសាស្ត្រ ។ អ្នក ទាំងឡាយឯកភាពគ្នាអញ្ជើញហ្សង់ដែលពេលនោះគាត់ជាសាស្ត្រាចារ្យ គណិតសាស្ត្រ និងរូបវិទ្យា បង្រៀននៅមហាវិទ្យាល័យមួយក្នុងប្រទេសហូឡង់ ។ នៅពេលដែលគណៈដឹកនាំទីក្រុង សំណូមពរឲ្យសាកលវិទ្យាល័យផ្ដល់ដំណឹងពីលទ្ធផលនៃការពិភាក្សា និងការបោះឆ្នោត តាមទម្លាប់ធម្មតារបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រ លោកប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យបាល់បានឆ្លើយ ថា «នេះជាករណីជ្រើសតាំងដោយមិនបាច់ពិភាក្សាឡើយ» ។
ដើម្បី ឆ្លើយតបនឹងទំនុកទុកចិត្តរបស់សាកលវិទ្យាល័យ នៅថ្ងៃទទួលតំណែងថ្មី ហ្សង់បានអានរបាយការណ៍វិទ្យាសាស្ត្រធំមួយគឺ ការពិគ្រោះអំពីហេតុការណ៍ថ្មីរបស់មុខវិជ្ជាវិភាគ និងលេខាគណិតសាស្ត្រថ្នាក់ខ្ពស់ ។
ភាពមហិមាក្នុងវិទ្យាសាស្ត្រ
នៅ សតវត្សទី១៨ មុខវិជ្ជាវិភាគគណិតសាស្ត្រត្រូវបានបណ្ដាអ្នកវិទ្យាសាស្ត្រទទួល ស្គាល់ជាឧបករណ៍ដ៏ល្អប្រណិត ។ ពេលនោះបានលេចឡើងនូវបញ្ហា នរណាជាអ្នកបានទទួលស្គាល់នូវសិទ្ធិអាទិភាពក្នុងការរកឃើញវិធី គណនាថ្មីនេះ ? បណ្ដាអ្នកគណិតសាស្ត្រអង់គ្លេសបានសន្និដ្ឋានថា សិទ្ធិអាទិភាពនោះត្រូវបានមកញូវតុន ។ អ្នកគណិតសាស្ត្រនៃដែនដីអឺរ៉ុបអះអាងថា អ្នករកឃើញវិធីគណនាថ្មីនេះគឺ លៃបឺនីស ។ ចំណែកសាមីខ្លួនលៃបឺនីសបែរជាទទួលស្គាល់ថា គឺបងប្អូនប៊ែរនូយលី ទើបសមជាអ្នកនិពន្ធវិធីគណនាថ្មីនេះ ហើយមានសិទ្ធិទទួលរំលែកនូវកិត្តិយសនេះជាមួយអ្នកដែលបានបង្កើត មុខវិជ្ជាវិទ្យាសាស្ត្រនោះ ។ នៅពេលនោះ ហ្សង់ ប៊ែរនូយលី បាននិយាយថា «ភាព មហិមាក្នុងវិទ្យាសាស្ត្រមិនមែនជាសិទ្ធិអាទិភាពទេតែគឺជាការ ពង្រីកសតិអារម្មណ៍វិទ្យាសាស្ត្រដើម្បីបង្កើនបន្ថែមកម្លាំងរបស់វា» ។
បន្ទាប់ ពីមរណភាពរបស់លៃបឺនីស (ឆ្នាំ១៧១៦) ហ្សង់បានក្លាយទៅជាអ្នកឈរជួរមុខក្នុងមជ្ឈដ្ឋានគណិតសាស្ត្រទ្វីប អឺរ៉ុប ហើយបន្តពង្រីកមុខវិជ្ជាវិភាគគណិតសាស្ត្រឈានទៅកាន់ចំណុចកំពូល ថ្មីទៀត ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ ចងក្រងដោយ ចាន់ សុខហេង
ជីវិត និងស្នាដៃរបស់ លៃបឺនីស ហ្គូតហ្វ្រីតវិលហែម
លៃបឺនីស ហ្គូតហ្វ្រីតវិលហែម (Leibniz Gottfried Wilhelm, 1646-1716)
លៃបឺនីស ហ្គូតហ្វ្រីតវិលហែម ជាអ្នកគណិតសាស្ត្រ និងទស្សនវិទូដ៏មហិមា ។ លោកជាជនជាតិអាល្លឺម៉ង់ កើតចេញពីត្រកូលបញ្ញវន្តអ្នកក្រ ។ តាំងពីនៅតូចម្ល៉េះ លៃបឺនីស បានទទួលការបំប៉នយ៉ាងយកចិត្តទុកដាក់ពីឪពុក ចំពោះទេពកោសល្យធម្មជាតិរបស់ខ្លួន ។ ម្ដាយរបស់លៃបឺនីស ជាស្ត្រីមួយរូបដ៏ឈ្លាសវៃ ចេះច្រើនភាសា ។ នោះជាចំណែកមួយដែលជះឥន្ធិពលយ៉ាងជ្រាលជ្រៅដល់ទេពកោសល្យ និងចរិយាសម្បត្តិរបស់អ្នកប្រាជ្ញយើងដែរ ។
តាំងពីវ័យ១២ឆ្នាំមក ម្ល៉េះ លៃបឺនីសបានរៀនដោយខ្លួនឯង ហើយយល់យ៉ាងជ្រៅជ្រះបណ្ដាវណ្ណកម្មបុរាណ ។ ពេលនោះលៃបឺនីសក៏ចាប់ផ្ដើមនឹងប៉ុនប៉ងប្រាថ្នារុករកនូវអាថ៌ កំបាំងទាំងឡាយក្នុងធម្មជាតិ ។ អាយុបាន១៤ឆ្នាំ កុមារលៃបឺនីសត្រូវបានទទួលឲ្យចូលរៀននៅមហាវិទ្យាល័យឡិបសិច ។ ក្នុងពេលសិក្សានេះ លៃបឺនីសបានបង្ហាញឲ្យឃើញនូវបញ្ញាដ៏ឆ្នើម ហើយចាប់ផ្ដើមធ្វើការស្រាវជ្រាវបង្កើតនូវស្នាដៃគណិតសាស្ត្រនានា ។
ពលិកម្មដ៏សំខាន់បំផុតរបស់លៃបឺនីសគឺស្ថិតក្នុងវិស័យផលគុណ និងផលចែក ។ លៃបឺនីស និង ញូវតុន ត្រូវបានគេចាត់ទុកជាអ្នកបង្កើតនូវក្បួននិពន្ធផលគុណ ។ ទន្ទឹមនោះ លោកជាទស្សនវិទូមួយដ៏ល្បីល្បាញ ។
ដំណើរផ្សេងព្រេងក្នុងបណ្ដា… ទូសៀវភៅ
ថ្ងៃមួយ លោកហ្វ្រីឌ្រីត លៃបឺនីស ដែលជាឪពុកបានប្រទះឃើញកូនប្រុសរបស់លោកដែលទើបមានអាយុ១០ឆ្នាំ លួចចូលក្នុងបណ្ណាល័យនៅពេលដែលលោកមិននៅ ។ លោករឹតតែស្រឡាំងកាំងខ្លាំងថែមទៀត ពេលដែលឃើញសៀវភៅដែលកូនលោកអាន «មិនមែនរឿងព្រេងអ៊ីតាលី» ឬ «មួយពាន់មួយយប់» ឡើយ តែបែរជាសៀវភៅវណ្ណកម្មរបស់ប្លាតុង អារីស្តូត និងស៊ីសេរ៉ូន ទៅវិញ ។
«ព្រះអើយ ! ធ្វើម្ដេចកូនឯងយល់បាននូវបញ្ហាដ៏ខ្លាំងកំពូលដែលនិយាយនៅក្នុងសៀវភៅទាំងនោះ ?» ។
កុមារហាក់ភ្ញាក់ខ្លួនពីដំណេក ក៏ងើបមុខឡើង «ខ្លាំង ពូកែឬ ? ទេមិនមែនទេពុក ផ្ទុយមកវិញ… កូននឹកថា កូនកំពុងធ្វើដំណើរផ្សងព្រេងក្នុងព្រៃដែលពេញទៅដោយបុប្ផាក្រអូប និងវាលស្មៅស្អាតចម្លែក…» ។
ឪពុកកុមារកាន់តែភាន់ភាំង ។ លោកបានរៀបរាប់រឿងនោះប្រាប់ភរិយា «ម៉ែវាអ្ហ៎ា ! កូនយើងនឹងធ្វើបាននូវរឿងដ៏អស្ចារ្យមិនខានឡើយ» ។
ល្បែងកំសាន្តរបស់អ្នកប្រាជ្ញ
ពេល ដែលបានក្លាយទៅជាបណ្ឌិតនីតិសាស្ត្រ និងជាអ្នកគណិតសាស្ត្រដ៏ល្បីល្បាញទៅហើយនោះ លៃបឺនីសនៅតែតូលចិត្តការប្រលែងលេង… ។ កាលនៅជំនាន់នោះ កំពុងមានការរីកចម្រើនលើវិទ្យាសាស្ត្រ អាថ៌កំបាំងមួយគឺធ្វើមាសក្លែងក្លាយ ។ បណ្ដាវិទ្យាសាស្ត្រពាក់ស្លាកបន្លំនេះ បានបង្កើតឲ្យមាន «សមាគមអ្នកធ្វើមាសក្លែងក្លាយ» ដែលប៉ិនខាងការធ្វើប្រឌិតនូវរឿងចម្លែកៗ ដូចជា គេថាគេអាចរកបាននូវទឹកមន្តម្យ៉ាងដែលសម្រក់ទៅលើផ្ទាំងសិលាឲ្យ ប្រែក្លាយទៅជាមាសបាន ។
មានម្ដងនោះ ពេលធ្វើដំណើរឆ្លងកាត់នូយរ៉ូមបែ លៃបឺនីសបានសរសេរលិខិតមួយច្បាប់ផ្ញើឲ្យសមាគមនេះដែលពេញទៅដោយ ឃ្លាឃ្លោងគ្មានខ្លឹមសារ ហើយជាពាក្យសម្ងាត់ដែលពុំមាននរណាយល់បានក្នុងគោលបំណងប្រលែងលេង តែប៉ុណ្ណោះ ។ តែជាការស្មានមិនដល់ ប៉ុន្មានថ្ងៃក្រោយមក លោកក៏បានទទួលលិខិតឆ្លើយតបថា «សមាគមយើងខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះសតិអារម្មណ៍ដ៏កំពូល និងវិជ្ជាដ៏ជ្រៅជ្រះក្នុងនិក្ខេបបទរបស់លោកផ្ញើមកយើងខ្ញុំ ។ សមាគមយើងខ្ញុំសូមសម្រេចបំពាក់ជូនលោកនូវរង្វាន់កិត្តិយសដែលទុក សម្រាប់សមាជិកសមាគមដែលមានស្នាដៃឆ្នើមបំផុត» ។
ការឱនលំទោនរបស់អ្នកប្រាជ្ញ
នៅ ពេលដែលបោះពុម្ពផ្សាយស្នាដៃស្ដីពីគណនាអនុគមន៍ លៃបឺនីសបានបង្កឲ្យមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងក្នុង មជ្ឈដ្ឋានអ្នកប្រាជ្ញ ។ នរណាជាអ្នករកឃើញ ? ញូវតុន ឬលៃបឺនីស ? ក្នុងសម័យប្រជុំចំហមួយ អ្នកប្រាជ្ញរបស់យើងបានថ្លែងមតិរបស់ខ្លួនដោយត្រង់ៗថា «ហេតុ ដូចម្ដេចចាំបាច់ចោទជាបញ្ហាយ៉ាងនេះទៅវិញ ? ចំពោះខ្លួនខ្ញុំ គឺមានតែការកំប៉ិកកំប៉ុកប៉ុណ្ណោះ ។ ចំណែកញូវតុនគឺជាមហាសាគរដ៏ល្វឹងល្វើយនៃទេពកោសល្យ» ។
ទុកជាយ៉ាងនេះក្ដី គេនៅតែចាត់ទុកលៃបឺនីស ជាអ្នកបានបង្កើតចេញនូវជំនឿន និងវិធីគណិតសាស្ត្រ ។
កុំវាយតម្លៃមនុស្សតែរូបភាពខាងក្រៅ
លៃបឺនីសមានរបៀបរស់នៅយ៉ាងសាមញ្ញ ។ លោកច្រើនតែចេញចូលទៅមកបណ្ណគារ តៀមកាហ្វេ រាប់អានលេងសើចនឹងជនទាំងឡាយ ។
ថ្ងៃមួយនៅប៉ារីស លៃបឺនីសបានចូលទៅបណ្ណាគារធំមួយក្នុងបំណងរកទិញសៀវភៅទស្សនវិជ្ជា ដ៏មានតម្លៃមួយ ។ លោកបានរកឃើញសៀវភៅនោះ ប៉ុន្តែពេលដែលលោកសួរតម្លៃដើម្បីទិញ ម្ចាស់បណ្ណាគារសម្ដែងអាកប្បកិរិយាងឿងឆ្ងល់ «សូមលោកពិនិត្យសៀវភៅនេះវិញមើល តើលោកពិតជាត្រូវការវាមែនឬយ៉ាងណា ? ខ្ញុំយល់ថា…» ។ ម្ចាស់បណ្ណាគារនិយាយមិនទាន់ចប់ឃ្លាស្រួលបួលផង ជាការចៃដន្យល្អមួយ អ្នកនិពន្ធសៀវភៅនេះដែលជាអ្នកប្រាជ្ញម្នាក់នៅប៉ារីសក៏ដើរចូលមក បណ្ណាគារនេះដែរ ។
ក្រឡេកឃើញលៃបឺនីសភ្លាម គាត់ប្រញាប់ប្រញាល់គោរពសួរ «សូម គោរពលៃបឺនីសដ៏មហិមា ។ តើខ្ញុំអាចសូមការអនុញ្ញាតជូនលោកនូវកូនសៀវភៅមួយដែលខ្ញុំទើប នឹងបោះពុម្ពផ្សាយបានដែរទេ ?» ។
ពេល នោះទើបម្ចាស់បណ្ណាគារភ្ញាក់ខ្លួនដោយមិនស្មានថា មនុស្សដ៏សាមញ្ញឈរនៅពីមុខខ្លួនគឺជាអ្នកប្រាជ្ញដ៏ល្បីល្បាញដែល បណ្ដាវណ្ណកម្មគណិតសាស្ត្រ និងទស្សនវិជ្ជារបស់លោកបាននាំមកនូវកិត្តិយសដល់បណ្ណាគារខ្លួន សោះ ។
ត្រូវរៀនសូត្រដោយវិធីណាខ្លះ ?
អាយុបាន១៥ឆ្នាំ លៃបឺនីសចាប់ផ្ដើមទទួលយកប្រព័ន្ធទស្សនវិជ្ជារបស់ដេកាត ។ យុវនិស្សិតចូលចិត្តការសិក្សានេះ បានប្ដេជ្ញាចិត្តត្រូវតែរៀនគណិតសាស្ត្រដើម្បីយល់ឲ្យជ្រៅជ្រះនូវ បណ្ដាទស្សនៈរបស់ទស្សនវិទូ និងអ្នកគណិតសាស្ត្ររបស់បារាំងរូបនេះ ។
លៃបឺនីសក៏បានទៅកាន់មហាវិទ្យាល័យអ៊ីអេណា តាមស្ដាប់ការពន្យល់មេរៀនរបស់អ្នកគណិតសាស្ត្រវ៉េហ្គេន ។ ភ្លាមនោះ លៃបឺនីសក៏ផុសឡើងនូវគំនិតត្រូវតែកសាងនូវមុខវិជ្ជាគណិតសាស្ត្រ មួយដែលអាចនឹងជាជំនួយគណិតសាស្ត្រភាវូបនីយកម្ម និងមុខវិជ្ជាទស្សនវិជ្ជា ។ ស្នាដៃមួយក្នុងចំណោមស្នាដៃពលិកម្មដ៏សំខាន់ដែលលោកត្រូវចំណាយពេល វេលាយ៉ាងច្រើនសម្រាប់ដោះស្រាយ គឺការកសាងនូវប្រព័ន្ធសញ្ញាផ្លូវការមួយដែលប្រើប្រាស់ភាសាគណិត សាស្ត្រ ដែលថ្ងៃក្រោយមកបានក្លាយទៅជាវិទ្យាសាស្ត្រឯករាជ្យមួយគឺមុខ វិជ្ជាឡូការីតគណិតសាស្ត្រ ។
ក្នុងរយៈពេលសិក្សានៅមហាវិទ្យាល័យអ៊ីអេណានោះ លៃបឺនីសក៏បានយល់ដឹងអំពីស្នាដៃគណិតសាស្ត្ររបស់ប៉ាស្កាល់ ។ មួយរំពេចនោះ លៃបឺនីសបានរកឃើញក្នុងវណ្ណកម្មរបស់ប៉ាស្កាល់នូវពន្លឺដ៏ចិញ្ចែង ចិញ្ចាចដែលជាជំនួយឲ្យលោកឈានទៅរកសតិអារម្មណ៍ដ៏សំខាន់នៃក្បួន គណនាអនុគមន៍ ដែលតមកថ្ងៃក្រោយគឺលោកជាអ្នកបានបង្កើតវាឡើង ។ ក្រោយមក ពេលដែលនិយាយអំពីហេតុផលនាំលោកទៅដល់ការរកឃើញនូវគណិតសាស្ត្រដ៏ មហិមានេះ លៃបឺនីសសង្កត់ធ្ងន់ថា «ខ្ញុំសម្រេច បានលទ្ធផលគឺដោយសារចេះរៀនសូត្របន្តពីបណ្ដាបុព្វព្រឹទ្ធាចារ្យ ។ ការរៀនសូត្រមិនចំពោះបញ្ហាណាមួយឡើយ ខ្ញុំប្រឹងស្វែងយល់ឫសគល់ ទាញយកផលឲ្យអស់គ្រប់ជ្រុងជ្រោយដែលនៅបង្កប់ទុក ពិចារណានូវរបៀបប្រើប្រាស់ឲ្យល្អបំផុតនូវប្រការដែលសម្រេចបាន និងអាចសម្រេចបាន…» ។
ថាមពលដ៏មហស្ចារ្យ
តាំង ពីពេលលៃបឺនីសនៅរស់ម្ល៉េះ គេបានចាត់ទុកលោកជាគតិបណ្ឌិតប្រកបដោយទេពកោសល្យរាប់រយមុខ ហើយដែលច្រើនជាងគេក្នុងប្រវត្តិសាស្ត្រវប្បធម៌មនុស្សជាតិ ។ ស្ទើរតែគ្រប់ផ្នែកវិទ្យាសាស្ត្រ ស្ទើរតែគ្រប់ផ្នែកឧស្សាហកម្ម និងទូទាំងជីវភាពនយោបាយរបស់អឺរ៉ុបកាលជំនាន់នោះ សុទ្ធសឹងបានទទួលនូវការរួមវិភាគទានដ៏មានតម្លៃពីមនុស្សដ៏មហិមា នេះ ។
គិតដោយឡែកតែលិខិតទាក់ទងគ្នា លៃបឺនីសបានសរសេរដល់ទៅចំនួន១៥.០០០ច្បាប់ ហើយប្រការគួរងឿងឆ្ងល់នោះ គឺលិខិតណាមួយក៏មានផ្ទុកនូវសតិអារម្មណ៍ថ្មីធំធេងដែរ ។ ថាមពលដ៏អស្ចារ្យរបស់លៃបឺនីស គឺជាលទ្ធផលនៃដំណាក់កាលធ្វើពលិកម្មដ៏តានតឹង តែមានរបៀបរបប ។ លោកនិយាយសង្កត់ធ្ងន់ពីគោលការណ៍ «មានបញ្ហាកាន់តែគ្រប់គ្រាន់ ច្បាស់ណាស់ថា ការដោះស្រាយសមីការកាន់តែងាយ» ។ គ្រាន់តែសរសេរសៀវភៅមួយពីប្រវត្តិគ្រួសារ លៃបឺនីសត្រូវចំណាយកម្លាំង៣ឆ្នាំដែរ ។ លោកលៃបឺនីសប្រមូលឯកសារគរដូចភ្នំ ។ ពេលខ្លះលោកបានសម្រេចចិត្តត្រូវទៅទស្សនាបណ្ដាកេរ្តិ៍ដំណែល ប្រាសាទបុរាណដើម្បីជាការបញ្ជាក់អះអាងលើឯកសារ ។ ទីបំផុតទើបលោកចាប់ផ្ដើមដំណើរការសរសេរ ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ ចងក្រងដោយ ចាន់ សុខហេង
September 26, 2010
ជីវិត និងស្នាដៃរបស់ ប្លេស ប៉ាស្កាល់
ប្លេស ប៉ាស្កាល់ (Blaise Pascal, 1623-1662)
ប្លេស ប៉ាស្កាល់ ជាអ្នកប្រាជ្ញលើច្រើនវិស័យ និងរួមចំណែកយ៉ាងធំធេងក្នុងវិទ្យាសាស្ត្រ ។ លោកចាប់បដិសន្ធិក្នុងត្រកូលបញ្ញវន្ត ។ បរិយាកាសវិទ្យាសាស្ត្របានជំរុញដល់ការពង្រីកនូវទេពកោសល្យរបស់លោក តាំងពីនៅវ័យកុមារម៉្លេះ ។ អាយុបាន១០ឆ្នាំ កុមារប៉ាស្កាល់ចេះធ្វើការកត់សម្គាល់ពីការរាលឆ្លងសូរសព្ទ ហើយបានសរសេរនិក្ខេបបទខ្លីអំពីក្រឹត្យក្រមរាលឆ្លងសូរសព្ទទៀតផង ។ វ័យបាន២០ឆ្នាំ ប៉ាស្កាល់ចាប់ផ្ដើមបង្កើតស្នាដៃថ្មីយ៉ាងឆ្នើមលើគណិតសាស្ត្រ និងរូបវិទ្យា ។
លោក ជាអ្នកបង្កើតចេញនូវវិធីផ្ទៃមុខរាបកូនីក ច្បាប់ទឹកនឹងថ្កល់ និងការសន្និដ្ឋានពីការស្ថិតស្ថេរនៃសម្ពាធបរិយាកាស ។ លោកក៏ជាបិតាបង្កើតបណ្ដាម៉ាស៊ីនគិតលេខ ហើយបានច្នៃប្រឌិតបង្កើតម៉ាស៊ីនគិតលេខចំនួន៥០ ដែលមានម៉ូតខុសប្លែកៗពីគ្នា ។ មិនតែប៉ុណ្ណោះ ប៉ាស្កាល់ក៏ជាទស្សនវិទូមួយរូបដែលមានទស្សនៈនយោបាយ និងសង្គមជឿនលឿន ។ វណ្ណកម្ម «លិខិតផ្ញើចំពោះមិត្ត» របស់លោកត្រូវបានវាយតម្លៃថា ជាវណ្ណកម្មសិល្បៈអក្សរសិល្ប៍ដ៏ឆ្នើមរបស់បារាំង ។
រូបកង់រថយន្ត និងរូបជ្រុងទ្រវែង
នៅរាល់ពេលល្ងាចក្នុងបន្ទប់ទទួលភ្ញៀវរបស់អ្នកគណិតសាស្ត្រ អេជៀង ប៉ាស្កាល់ (ឪពុក របស់ ប្លេស ប៉ាស្កាល់) ច្រើនតែមានឥស្សរជនដ៏ល្បីៗឈ្មោះនៅទីក្រុងប៉ារីសមកលេងកុះករ ។ គេបានពិភាក្សាគ្នាលើច្រើនបញ្ហា ។ ក្នុងនោះមានទាំងបញ្ហាគណិតសាស្ត្រទៀតផង ។ កាលណោះ កុមារប្លេស ប៉ាស្កាល់ទើបតែមានអាយុ៨ឆ្នាំប៉ុណ្ណោះ ម្ដងនោះគេបានលួចបើកទ្វារចូលដោយបើកភ្នែកធំៗថ្លាយង់សម្លឹងទៅ មុខដ៏ក្រហមរបស់លោកឪពុកដែលកំពុងជជែក និងប្រកែកគ្នា… ។
ថ្ងៃមួយ ប៉ាស្កាល់បានសួរឪពុកថា «ពុកអ្ហ៎ា ! តើធរណីមាត្រសាស្ត្រដែលអ៊ំៗគាត់បានប្រកែកជជែកគ្នានោះគឺជាអ្វីទៅពុក ?» ។ ថ្វីបើខ្លួនជាអ្នកគណិតសាស្ត្រពិតមែន ប៉ុន្តែឪពុកប៉ាស្កាល់មិនដែលនឹកឃើញដល់រឿងត្រូវបង្រៀនកូនរបស់ ខ្លួននូវចំណេះដឹងពីគណិតសាស្ត្រឡើយ ពីព្រោះលោកយល់ឃើញថា កូនរបស់លោកនៅតូចពេក ។ ហេតុនោះ លោកគ្រាន់តែឆ្លើយឲ្យរួចពីមាត់តែប៉ុណ្ណោះ «អូ៎ ! នោះគឺជាវិធីគូរបណ្ដារូបជ្រុង រូបមូល ហើយរកទំនាក់ទំនងរវាងរូបទាំងនោះទៅវិញទៅមក…» ។
មិនយូរប៉ុន្មានស្រាប់តែឪពុកប៉ាស្កាល់ប្រទះឃើញកូនរបស់ខ្លួនកំពុងប្រឹងគូរបណ្ដារូបចម្លែកៗលើឥដ្ឋ ។
«កូនឯងធ្វើអីហ្នឹង ?» កុមារប៉ាស្កាល់អេះអុញ មុខឡើងក្រហម «កូន… កូនកំពុងរកទំនាក់ទំនងរវាងកង់ឡាន ជាមួយរូបជ្រុងទ្រវែង» ។ រូបកង់ឡានដែលកុមារប៉ាស្កាល់ហៅនោះគឺជារង្វង់មូល ចំណែករូបជ្រុងទ្រវែងគឺរូបចតុកោណកែង ។ ឪពុកប៉ាស្កាល់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកូនរបស់លោកដែល មិនទាន់បានរៀនគណិតសាស្ត្រមួយថ្ងៃណាសោះ បែរជាអាចសន្និដ្ឋានបាននូវទ្រឹស្ដីបទមួយចំនួនទៀត ។
អំណោយជូនចំពោះលោកឪពុក
កាល លោកស្ថិតនៅក្នុងវ័យជានិស្សិត នាពេលអធ្រាត្រមួយនោះ ពេលឃើញឪពុករបស់ខ្លួនកំពុងអង្គុយប្រឹងធ្វើការនៅលើតុមួយ ប៉ាស្កាល់ក៏លួចដើរស្រាលជើងថ្នមៗមកជិតឪពុក តែឪពុកនៅតែជក់អារម្មណ៍ ភ្លេចខ្លួននឹងតួលេខដ៏ច្រើន ។ លោកកំពុងពិនិត្យបញ្ជីរបស់មន្ទីរហិរញ្ញវត្ថុដែលលោកទើបនឹងបានទទួល តំណែង និងទទួលបន្ទុក ។
«ខ្សែតួលេខបូកដ៏វែងរាប់ពាន់លេខ… !» ប៉ាស្កាល់លួចនឹងក្នុងចិត្ត កិច្ចការដ៏គួរឲ្យធុញទ្រាន់ តែមិនអាចគេចផុត ។ ក៏ប៉ុន្តែ… ក្នុងខួរក្បាលរបស់អ្នកគណិតសាស្ត្រវ័យក្មេងនេះ បានលេចឡើងនូវពន្លឺមួយ ! ប៉ាស្កាល់នឹកក្នុងចិត្តរួចវិលទៅកាន់បន្ទប់របស់ខ្លួន គូសវាសនូវប្លង់មួយនៅលើក្រដាស… ១០ថ្ងៃក្រោយមក លោកតាប៉ាស្កាល់ជាឪពុកស្រឡាំងកាំងក្រៃលែង ដោយឃើញកូនរបស់ខ្លួនឱបវត្ថុចម្លែកមួយមកដាក់លើតុរបស់គាត់ ។
«កូនសង្ឃឹមថា អំណោយដ៏តូចស្ដួចស្ដើងនេះ អាចនឹងជួយសម្រាលដល់ការឈឺក្បាលរបស់ពុក ដោយសារតួលេខទាំងឡាយ» ។ ការពិតនោះគឺជាម៉ាស៊ីនបូកសង ដែលប៉ាស្កាល់បានយកអស់កម្លាំងកាយចិត្តបញ្ញារបស់ខ្លួនបូជាចំពោះ ឪពុកក្នុងការរុករកបង្កើតវា ។ នោះក៏ជាម៉ាស៊ីនគិតលេខដំបូងបង្អស់លើសកលលោក ជាមាតាបិតាបុព្វសម័យនៃបណ្ដាម៉ាស៊ីនកុំព្យូទ័រដ៏ទំនើបនាពេលបច្ចុប្បន្ន ។
ដើមប្របុសចេះពិចារណា
ប៉ាស្កាល់ពុំ ត្រឹមតែជាអ្នកប្រាជ្ញដ៏មហិមាប៉ុណ្ណោះទេ តែនៅជាទស្សនវិទូមួយរូបដែលតែងធ្វើការតស៊ូប្រឆាំងរាល់ជំនឿឈ្លក់ វង្វេងនឹងសាសនាទៀតផង ។
ថ្ងៃមួយមិត្តម្នាក់បានរម្លឹកដល់លោកថា «មនុស្ស យើងប្រៀបបាននឹងដើមប្របុសដ៏ទន់ខ្សោយចំពោះធម្មជាតិដ៏ខ្លាំងក្លា និងធំធេង ។ ដូច្នេះធ្វើម្ដេច បងឯងអាចនឹងទ្រាំទ្ររួចនឹងកម្លាំងព្យុះព្យោមានោះ ?» ។ ប៉ាស្កាល់តបវិញថា «ពិត ណាស់ ! មនុស្សគ្រាន់តែជាដើមប្របុសដ៏ទន់ខ្សោយ តែជាដើមប្របុសដែលចេះពិចារណា ។ ហេតុនេះ វាមិនសុខចិត្តទុកឲ្យព្យុះព្យោមាបោកបក់រំលំរំលើងឡើយ…» ។
ពន្លឺនៃវិទ្យាសាស្ត្រ
មាន ម្ដងនោះ ក្នុងពិធីជប់លៀងមួយដោយចៃដន្យ ប៉ាស្កាល់អង្គុយនៅក្បែរសង្ឃរាជស្រុក ។ ពេលដែលសង្ឃរាជស្រុកជក់បារី តាមច្បាប់សុជីវធម៌ អ្នកវិទ្យាសាស្ត្របង្ខំចិត្តត្រូវគូសឈើគូសដើម្បីឲ្យសង្ឃរាជអុជ បារី ។ ជាភ័ព្វអាក្រក់ ឈើគូសគ្រាន់តែខ្ទាតភ្លើង ហើយរលត់ភ្លាម ។
សង្ឃរាជស្រុកញញឹម ហើយនិយាយលេងថា «លោកឃើញទេ ពន្លឺវិទ្យាសាស្ត្រដែលទើបនឹងបង្កាត់ភ្លើង ត្រូវរលត់បាត់ទៅវិញហើយ» ។
គំនិត របស់សង្ឃរាជស្រុកចង់និយាយដល់ការប្រកែកជជែកគ្នាដែលទើបនឹងផ្ទុះ ឡើងរវាងអ្នកវិទ្យាសាស្ត្រជាមួយបណ្ដាអ្នកនៅក្នុងសមាគមសាសនា ។ ប៉ាស្កាល់ក៏សើច ហើយឆ្លើយតបវិញថា «ជម្រាបលោកម្ចាស់ នៅក្នុងដៃលោកម្ចាស់ ទុកជាពន្លឺភ្លើងអ្វីក៏គង់តែត្រូវរលត់ដែរ» ។ អាកប្បកិរិយា និងសតិអារម្មណ៍ជឿនលឿនរបស់ប៉ាស្កាល់មិនបានធ្វើឲ្យមជ្ឈដ្ឋានអ្នកកាន់សាសនាមានការពេញចិត្តឡើយ ។
នៅអាយុ៣២ឆ្នាំ គ្រោះថ្នាក់មួយនៅលើដងទន្លេសែន បម្រុងនឹងផ្ដាច់ជីវិតអ្នកវិទ្យាសាស្ត្រដ៏ក្មេងវ័យរូបនេះ ។ ឆ្លៀតឱកាសល្អនេះ បណ្ដាសង្ឃកាតូលិកនាំគ្នាបំប្លោងថា ព្រះយេស៊ូបាន ដាក់ទណ្ឌកម្មដល់ជនដែលមើលងាយដល់ព្រះជាម្ចាស់ហើយ ។ ប៉ុន្តែទុកជាមានការប្រឆាំងពីវិហារកាតូលិកយ៉ាងណាក្ដី ក៏បណ្ដាវណ្ណកម្មវិទ្យាសាស្ត្ររបស់ប៉ាស្កាល់ត្រូវបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយ ហើយនៅទីបញ្ចប់ វិទ្យាសាស្ត្រនៅតែទទួលជ័យជម្នះលើជំនឿស៊ប់វង្វេងនឹងសាសនា ជានិច្ច ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ ចងក្រងដោយ ចាន់ សុខហេង
September 16, 2010
ជីវិត និងស្នាដៃរបស់ ហ្សូហាន កេប្ល៉ែរ
ហ្សូហាន កេប្ល៉ែរ (Johannes Kepler, 1571-1630)
ហ្សូហាន កេប្ល៉ែរ ជាអ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់ដ៏ល្បីល្បាញមួយរូប ។ មួយជីវិតរបស់លោកបានផ្សារភ្ជាប់ទៅនឹងការរុករកនូវអាថ៌កំបាំងទាំងឡាយក្នុងអវកាស ។ ឈ្មោះរបស់លោកត្រូវបានប្រើសម្រាប់ហៅច្បាប់៣ស្ដីពីការធ្វើចលនារបស់បណ្ដាពិភពដែលជាការត្រៀមសម្រាប់ឲ្យកំណើតច្បាប់ទំនាញផែនដីរបស់ញូវតុន ។ ប្រការមួយគួរឲ្យស្ងើចសរសើរគឺ កេប្ល៉ែរបានសម្រេចនូវស្នាដៃវិទ្យាសាស្ត្រដ៏ធំធេងក្នុងលក្ខណៈដ៏ លំបាក ដូចជា ការខ្វះខាតសម្ភារៈ ហើយខាងស្មារតីក៏លោកត្រូវរងនូវការឈឺចាប់យ៉ាងច្រើនណាស់ដែរ ។ កាល់ម៉ាក់ ធ្លាប់បានវាយតម្លៃកេប្ល៉ែរថា «វីរបុរសមួយរូបដែលលោកស្រលាញ់ពេញចិត្ត» ។
កេប្ល៉ែរនៅ ត្រូវបានគេវាយតម្លៃថា ជាអ្នកគណិតសាស្ត្រដ៏មានទេពកោសល្យ ជាឥដ្ឋមួយដុំដំបូងបង្អស់ដែលគេបានដាក់សម្រាប់ការត្រៀមឲ្យកំណើត នៃក្បួនលំហាត់គណនាអនុគមន៍ដ៏ទំនើប ។
បុព្វជិតមិនគ្រប់លក្ខណៈ
កេប្ល៉ែរ បានបង្ហាញឲ្យឃើញនូវទេពកោសល្យគណិតសាស្ត្រតាំងពីលោកនៅវ័យក្មេង ម្ល៉េះ ។ តែដោយមកពីឪពុកម្ដាយរបស់លោកក្រពេក មិនអាចឲ្យកូនទៅរៀនបាន ម្ល៉ោះហើយបង្ខំចិត្តឲ្យលោកត្រូវពឹងផ្អែកលើវិជ្ជាស្ថានពូជសាសន៍ ដើម្បីជួយមើលខុសត្រូវដល់ការរៀនសូត្ររបស់កូន ។
កេប្ល៉ែរត្រូវបានវិជ្ជាស្ថានពូជសាសន៍ឲ្យសិក្សាខាងផ្នែករបស់មហាវិទ្យាល័យទូយប៊ីនហ្គេន ក្នុងបំណងបណ្ដុំបណ្ដាលឲ្យក្លាយទៅជាបព្វជិត ។ កេប្ល៉ែររៀនយ៉ាងពូកែ ក៏ប៉ុន្តែក្រៅពីការប្រឡងបញ្ចប់ឆ្នាំសិក្សា គណៈមេប្រយោគបានឯកភាពគ្នាថា លោកមិនគ្រប់លក្ខណៈសម្បត្តិជាបុព្វជិតឡើយ ។ ដោយហេតុផលយ៉ាងសាមញ្ញគឺ កេប្ល៉ែរជក់ចិត្តនឹងការអានសៀវភៅរបស់ នីកូឡា ប៉ែតនិក (តារាវិទូជនជាតិប៉ូឡូញ ឆ្នាំ១៤៧៣‑១៥៤៣) ដែលនិយាយអំពីការវិលរបស់ភព (តាមទស្សនៈពីបុរាណ បណ្ដាពិភពដូចជា ព្រះអាទិត្យ ផ្កាយ សុទ្ធសឹងវិលជុំវិញផែនដី) ឬពីទ្រឹស្ដីបិសាច ដែលបានគូសបញ្ជាក់ថា ផែនដីធ្វើចលនាវិលជុំវិញព្រះអាទិត្យ ។ ឯតាមធម៌សាសនាគ្រឹះស្ថានបាននិយាយថា ផែនដីជាមណ្ឌលនៃពិភពលោក ។
សាស្ត្រាចារ្យម្នាក់ដ៏ពូកែ ក៏ប៉ុន្តែគ្មានការធ្វើ
បន្ទាប់ពីការប្រឡងជាប់កម្មសិក្សានៅមហាវិទ្យាល័យ កេប្ល៉ែរត្រូវបានចាត់ឲ្យធ្វើជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យក្រាស (ប៉ែកខាងត្បូងអូទ្រីស) ។ ទាំងសិស្សទាំងមជ្ឈដ្ឋានគ្រូបង្រៀននៅមហាវិទ្យាល័យនេះទុកចិត្ត និងស្រលាញ់រាប់អានលោកសាស្ត្រាចារ្យវ័យក្មេងកេប្ល៉ែរណាស់ ។ លោកកេប្ល៉ែរ ថ្វីបើមានរាងស្គមទន់ខ្សោយ ក៏ប៉ុន្តែគាត់មានស្មារតីព្យាយាម និងខ្លាំងពូកែណាស់ ។ គ្រប់តែមេរៀនបង្រៀនរបស់លោក គឺច្បាស់លាស់ ព្រោះថាលោកចូលចិត្តរៀនសូត្រ និងចូលចិត្តស្រាវជ្រាវវិទ្យាសាស្ត្រណាស់ ។ ក្នុងរយៈពេលតែ៤ឆ្នាំដែលបំពេញការងារនៅក្រាស កេប្ល៉ែរបានប្រកាសនូវស្នាដៃធំៗ ដូចជា សៀវភៅប្រវត្តិសាស្ត្រឆ្នាំ១៥៩៤ ក្នុងនោះមានទាំងផ្នែកស្ទង់មើលកម្រិតសីតុណ្ហភាព និងសៀវភៅប្រជុំវិញ្ញាសាស្រាវជ្រាវពីលំហអវកាស (១៥៩៧) ។ ក៏ប៉ុន្តែ រហូតមកដល់ឆ្នាំ១៥៩៩ ពុំមានសាលាណាមួយនៅក្រាសហ៊ានអញ្ជើញលោកគ្រូកេប្ល៉ែរមកបង្រៀនទៀត ឡើយ ។ ក្នុងការប្រជែងដណ្ដើមគ្នារវាងបក្សសាសនាចាស់ និងបក្សសាសនាថ្មី កេប្ល៉ែរត្រូវគេមន្ទិលសង្ស័យថាចូលរួមក្នុងសកម្មភាពប្រឆាំងនឹង សមាគមសាសនាក្រាស ។ លោកសាស្ត្រាចារ្យដ៏ពូកែនោះត្រូវបាត់បង់ការងារធ្វើ ហើយទទួលរងនូវការគំរាមកំហែងទៀតផង ។ លោកបង្ខំចិត្តត្រូវនាំគ្រួសាររត់គេចខ្លួន ។
គ្រូទស្សន៍ទាយដោយបង្ខំចិត្ត
ចាប់ពីឆ្នាំ១៦០១ កេប្ល៉ែរត្រូវបានព្រះមហាក្សត្រអូទ្រីស តែងតាំងឲ្យធ្វើជាអ្នកគណិតសាស្ត្ររបស់ព្រះរាជា ទទួលបន្ទុកស្ថានីយតារាសាស្ត្រប្រាក (ប្រទេសអូទ្រីសនៅសតវត្សទី១៧ រួមមានទាំងប្រទេសឆេកូស្លូវ៉ាគី) ។ អ្នកគណិតសាស្ត្ររូបនេះ អាចធ្វើការតាមចំណង់ចិត្ត ក៏ប៉ុន្តែបែរជាត្រូវខ្វះខាតលក្ខណៈដ៏សំខាន់មួយគឺព្រះរាជាពុំមាន ប្រាក់សម្រាប់បៀវត្សឲ្យកេប្ល៉ែរឡើយ ព្រោះសង្គ្រាមដែលអូសបន្លាយជាមួយបណ្ដាប្រទេសនានាបានបង្ហិនបង្រីង សម្ងួតថវិការបស់ប្រទេសព្រះអង្គទៅហើយ ។ ពីរបីឆ្នាំជាប់គ្នា កេប្ល៉ែរមិនទទួលបានបៀវត្សមួយកាក់មួយសេនណាទាំងអស់ ។ ដើម្បីអាចនឹងរស់បន្តដង្ហើម បន្តការស្រាវជ្រាវវិទ្យាសាស្ត្រ កេប្ល៉ែរបង្ខំចិត្តត្រូវធ្វើជាគ្រូទស្សន៍ទាយជោគតារាឲ្យអស់លោក នាម៉ឺនមន្ត្រីក្នុងព្រះរាជវង្ស (សម័យនោះគេជឿថា វាសនារបស់មនុស្សម្នាក់ៗសុទ្ធសឹងមានទាក់ទងដល់ចលនារបស់ផ្កាយទាំង ឡាយនៅលើមេឃ ។ ក្បួនជោគតារាគឺជាក្បួនសម្រាប់ទស្សន៍ទាយវាសនារបស់មនុស្សតាមផ្កាយ លើមេឃ) ។ កេប្ល៉ែរបានកត់សម្គាល់ដោយភាពល្វីងជូរចត់ថា «ក្បួនជោគតារាដ៏ផ្ដេសផ្ដាសនោះ បានចិញ្ចឹមបំប៉ននូវបណ្ដាស្នាដៃវិទ្យាសាស្ត្រដ៏បរិសុទ្ធរបស់ខ្ញុំ» ។
បរិមាណកិច្ចការដ៏ធំសម្បើម
ច្បាប់កេប្ល៉ែរថ្លែងយ៉ាងសាមញ្ញថា ៖
- ពិភពលោកទាំងអស់សុទ្ធសឹងធ្វើចលនាវិលជុំវិញព្រះអាទិត្យ តាមគោលចររាងអេលីបដែលមានព្រះអាទិត្យជាចំណុចមួយក្នុងចំណុចរួមពីរ ។
- បណ្ដាផ្ទៃក្រឡាដែលបង្កឡើងដោយកាំវិកទ័ររបស់ពិភពនីមួយៗសមាមាត្រជាមួយនឹងថេរៈវេលាចលនារបស់វា ។
- ការរេរបស់ថេរៈវេលាវិលនៃពិភពជុំវិញព្រះអាទិត្យសមាមាត្រជាមួយគីបនៃចម្ងាយមធ្យមរបស់វាទៅកាន់ព្រះអាទិត្យ ។
មនុស្ស តិចណាស់ដែលបានដឹងថា ឃ្លាអក្សរដ៏ខ្លីនេះគឺជាលទ្ធផលនៃបរិមាណការងារដ៏ធំធេង ។ ច្បាប់២ដំបូង ដែលកេប្ល៉ែរបានរកឃើញក្រោយពីការធ្វើពលីកម្ម៥ឆ្នាំយ៉ាងតានតឹង ដោយត្រូវធ្វើលេខរាប់លានតួដែលកត់ត្រាបានពីតារាសាស្ត្ររបស់តារា វិទូ ទីខូប្រាហេ (តារាវិទូជាតិដាណឺម៉ាក ១៥៤៦‑១៦០១) បន្សល់ទុកមក ។ ចំណែកច្បាប់ទី៣ លោកត្រូវចំណាយពលីកម្មចំនួន៩ឆ្នាំយ៉ាងនឿយហត់ គឺថាលោកកេប្ល៉ែរត្រូវធ្វើការសង្កេតមើលបណ្ដើរ កត់ត្រាតួលេខតារាសាស្ត្របណ្ដើរ ដោយត្រូវកែសម្រួល និងគិតលេខបណ្ដើរ ។
ឆ្លងកាត់លើវាសនាអភ័ព្វ
កេប្ល៉ែរកើត មក ហាក់ទុកខ្លួនលោកសម្រាប់រងទទួលនូវការសាកល្បងនឹងពេលវេលា ។ វាសនាអភ័ព្វតែងតែសង្កត់ធ្ងន់មកលើស្មាទាំងគូរបស់លោក ។ ប្រពន្ធស្លាប់ កូនស្លាប់ ម្ដាយត្រូវជាប់គុកដោយការចោទប្រកាន់ថាធ្វើធ្មប់ ។ កេប្ល៉ែរត្រូវរស់យ៉ាងវេទនាដើម្បីរំដោះជីវិតម្ដាយពីទុក្ខទោស ហើយខ្លួនលោកក៏តែងតែត្រូវរងទទួលនូវការចោទប្រកាន់ថា ធ្វើការផ្សព្វផ្សាយនូវទ្រស្ដីបិសាចរបស់កូប៉ែកនិក ។ ក៏ប៉ុន្តែកេប្ល៉ែរបានពុះពារឆ្លងកាត់គ្រប់ការលំបាក គ្រប់ឧបសគ្គដោយក្លាហានអង់អាច ។ ច្បាប់ទី៣របស់កេប្ល៉ែរដែលបានរកឃើញក្នុងអំឡុងពេល១១ឆ្នាំ គឺជាពេលដែលគ្រួសាររបស់លោកត្រូវជួបវាសនាអាក្រក់ខ្លាំងក្លា បំផុត ។
កេប្ល៉ែរបានដកដង្ហើមចុងក្រោយបំផុតក្នុងដំណើរដោយរទេះសេះមួយពីទីក្រុងលីន្ស ទៅកាន់ រេហ្គេន្សប៊ួ ។ ក្នុងហោប៉ៅរបស់លោកនៅពេលនោះ មានប្រាក់តែ២២អេវី ជិតស្មើនឹងមួយកាក់ ក៏ប៉ុន្តែបណ្ដាលឲ្យលោកពោរពេញដោយមោទនភាពៈ «ខ្លួន ខ្ញុំជិតបានវាស់ដីហើយ ក៏ប៉ុន្តែខ្ញុំធ្លាប់បានវាស់ផ្ទៃមេឃរួចហើយដែរ ! រូបកាយខ្ញុំជិតនឹងបានកប់បាត់ក្នុងជម្រៅដីដ៏ត្រជាក់ ក៏ប៉ុន្តែព្រលឹងរបស់ខ្ញុំធ្លាប់បានហោះហើរសព្វផ្ទៃមេឃ» ។
រស់នៅដោយក្ដីសង្ឃឹម
ដោយម្ដាយត្រូវរងនូវការចោទប្រកាន់ថាជាយាយធ្មប់ ហើយសាមីខ្លួនលោកកេប្ល៉ែរក៏ជាអ្នកធ្លាប់ពង្រីកនូវទ្រឹស្ដីកេប្ល៉ែរនិក នៅឆ្នាំ១៦២៦ ពួកអ្នកវង្វេងសាសនានៅលីន្ស បានសម្រុកចូលវាយកម្ទេចផ្ទះលោក ហើយគំរាមកំហែងធ្វើបាបដល់អ្នកប្រាជ្ញរូបនេះទៀតផង ។
មិត្តភក្ដិជាច្រើនរូបបានតឿនឲ្យកេប្ល៉ែរភៀសខ្លួនទៅនៅអ៊ីតាលី ។ គេបានអះអាងថា ទេពកោសល្យរបស់លោកនឹងបានគេប្រើប្រាស់ បើលោកយល់ព្រមប្រកាសចោលទ្រឹស្ដីកូប៉ែកនិក ។ កេប្ល៉ែរប្រកែកដាច់អហង្ការចំពោះយោបល់ទាំងនេះ ទុកជាជីវភាពគ្រួសាររបស់លោកនៅពេលនោះទីទ័លក្រយ៉ាងខ្លាំងក្ដី ។ គេបានព្រួយបារម្ភជួសលោក មិនដឹងតើលោកនឹងរស់នៅដោយរបៀបណា តែកេប្ល៉ែរបាននិយាយដោយមោទនៈថា «ខ្ញុំនឹងរស់នៅដោយក្ដីសង្ឃឹមជានិច្ច !» ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ ចងក្រងដោយ ចាន់ សុខហេង
September 5, 2010
ជីវិត និងស្នាដៃរបស់ តូស្ហីមីឈី អូកូបូ
តូស្ហីមីឈី អូកូបូ (Toshimichi Okubo, 1830-1878)
អូកូបូ កើតពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៨៣០ ។ បើពោលពីការសិក្សា គ្មានអ្វីជាលក្ខឋានទេ ព្រោះប្រទេសជប៉ុន ក្នុងសម័យកាលជាង១០០ឆ្នាំមកនេះ ឥតបានចាត់ការសិក្សាតាមរបៀបអឺរ៉ុបទាល់តែសោះ ទាំងប្រទេសជប៉ុន ក៏ត្រូវជនជាតិស្បែកសជិះជាន់រហូតដល់ទៅមានច្បាប់ហាមមិនឲ្យ ជនជាតិជប៉ុនធ្វើការទាក់ទងនឹងជនជាតិស្បែកសទៀតផង ។ ការសិក្សារបស់អូកូបូ ទើបប្រកាន់តែការសិក្សានៅផ្ទះ ស្ដាប់តែមនុស្សធំនិយាយឲ្យស្ដាប់ពីកិច្ចការផែនដី ហើយដល់កាលធំឡើង ខ្លួនឯងក៏មានមិត្តសម្លាញ់ពីរបីនាក់ ដែលតែងតែមកជួបគ្នាសឹងតែរាល់ថ្ងៃ សន្ទនាជជែកឲ្យយោបល់គ្នាផ្សេងៗ ខួរក្បាលរបស់អូកូបូ បានទទួលការអប់រំដោយវិធីនេះឯង ទើបខុសពីវីរបុរស រដ្ឋបុរស ឬមហាបុរសដទៃ ទៀតជាច្រើនដែលសុទ្ធតែបានចូលមហាវិទ្យាល័យ បានទទួលការសិក្សាយ៉ាងប្រសើរមកហើយ ។ បើទុកជាដូច្នោះ សេចក្ដីឈ្លាសវៃរបស់អូកូបូ ក៏មិនចាញ់ពួកអ្នកទាំងនោះឡើយ ។
ដោយអំណាចការបានស្ដាប់បានឮច្រើន អូកូបូ ទើបបានលក្ខឋានច្រើនប្រការ ជាគ្រឿងពិសោធន៍ឲ្យរដ្ឋាភិបាលឃើញការអាក្រក់ទន់ខ្សោយរបស់ជនខ្លះៗ ក្នុងគណៈរដ្ឋាភិបាល ។ តមកអាយុ២៣ឆ្នាំ បានឱកាសចូលគាល់ព្រះអង្គម្ចាស់ ណារិអាគី ដែលកាន់អំណាចនៅប្រទេសជប៉ុនក្នុងវេលានោះ ហើយក៏ស្នើខពិសោធន៍របស់ខ្លួន ដែលបានធ្វើមកជាយូរហើយ ។ ដោយហេតុនេះឯង អូកូបូ ទើបបានទទួលតំណែងរាជការខាងក្រសួងហិរញ្ញវត្ថុ និងជាទីប្រោសប្រាណរបស់ព្រះអង្គម្ចាស់ ណារិអាគី យ៉ាងក្រៃលែង ។ តែមានរឿងថា អូកូបូ ជាអ្នកមាននិស្ស័យរឹងប៉ឹងពេកនៅក្នុងពេលខ្លះ ទាល់តែព្រះអង្គម្ចាស់ ណារិអាគី មានព្រះរាជឱង្ការពោលពីអូកូបូ ថា ជន ប្រភេទនេះរកបានដោយលំបាក និងមានប្រយោជន៍បំផុត តែមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលចេះយកមនុស្សនេះទុកក្នុងកណ្ដាប់ ដៃបាន ។
អាយុ៣០ឆ្នាំ អូកូបូ បានជាអធិការកិច្ចការឃ្លាំងប្រាក់ ។ អាយុ៤២ឆ្នាំ បានជាភូឈួយឯកអគ្គរាជទូតពិសេស ដែលបញ្ជូនជាផ្លូវការទៅកាន់ប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ និងរុស្ស៊ី ហើយ ក៏ឆ្លៀតយកឱកាសនោះឯង សិក្សាយកវិជ្ជាថ្មីៗទៀតបានជាច្រើន ។ លុះត្រលប់មកប្រទេសជប៉ុនវិញ បានជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងអាយុ៤៤ឆ្នាំ ។
អូកូបូ ជាវីរជនជប៉ុនដំបូងបំផុតដែលជាអ្នកយល់ថា ការដែលនឹងប្រជែងប្រណាំងនឹងជនជាតិស្បែកសបាននោះ ចាំបាច់ត្រូវរៀនតាមវិធីសិក្សារបស់ជនជាតិស្បែកស យកមកផ្លាស់ប្ដូរកិច្ចការផែនដីរបស់ខ្លួន និងមិនគួររឹងរូសយកតែការច្បាំងជាត្រីមុខតែម្យ៉ាងតាមគំនិតរបស់ ពួក សាមូរ៉ៃ (Samurai) ឡើយ ។ ហេតុនោះឯង រដ្ឋបាលនយោបាយរបស់អូកូបូ ទើបងាកទៅរកផ្លូវដែលនឹងបើកការទាក់ទងជាមួយជនជាតិស្បែកសឲ្យបាន ច្រើនឡើងផ្ដើមធ្វើការកែប្រែសន្ធិសញ្ញានឹងប្រទេស ។ ស្ថាបនាផ្លូវរថភ្លើងរៀបចំក្រុមនគរបាលតាមបែបទំនើបផ្គត់ផ្គងខាង វប្បកម្ម តាំងសលារៀនខាងកសិកម្ម និងពាណិជ្ជកម្ម កិច្ចការផ្សេងៗរបស់អូកូបូ នេះញ៉ាំងប្រយោជន៍ដ៏ធំមហិមាដល់ប្រទេសជប៉ុន តែក៏រមែងមិនជាទីពេញចិត្តរបស់ជនជាតិជប៉ុន ដែលមិនត្រូវការយកតម្រាប់ជនជាតិស្បែកស ។ ដូច្នេះទើបមានគណៈបក្សពួកដែលធ្វើការតតាំងប្រឆាំងជំទាស់នយោបាយ របស់អូកូបូ ។ តែអូកូបូ បានទទួលការគាំទ្រពីព្រះមហាក្សត្រ ទើបអាចយកឈ្នះពួកបក្សដែលជំទាស់ ចាត់ការស្ថាបនាប្រទេសជប៉ុន ឲ្យចូលបែបទំនើបរហូតមក ។ តែ៥ឆ្នាំក្រោយពីបានជានាយករដ្ឋមន្ត្រី អាយុ៤៨ឆ្នាំ គ.ស១៨៧៨ ក៏ត្រូវជនពុំស្គាល់មុខលួចសម្លាប់កណ្ដាលផ្លូវថ្នល់ យ៉ាងគួរឲ្យអាណោចអាធ័មក្រៃលែង ។ មរណភាពរបស់អូកូបូ នាំមកនូវសេចក្ដីតក់ស្លុតដល់ព្រះរាជានៃប្រទេសជប៉ុនយ៉ាងលើសលប់ ។ ព្រះអង្គទ្រង់ជាអ្នកចាត់ចែងពិធីបញ្ចុះសពអូកូបូ ផ្ទាល់ព្រះអង្គឯង ។ រហូតមកទល់នឹងថ្ងៃមរណៈ អូកូបូ មានទ្រព្យសម្បត្តិសល់នៅត្រឹមតែ២០០យេនប៉ុណ្ណោះ ។ អូកូបូ ធ្លាប់បានទទួលព្រះរាជអំណោចដ៏ច្រើនពីព្រះមហាក្សត្រម្ដងដែរ តែគាត់ពុំបានយកទៅជាប្រយោជន៍ផ្ទាល់ខ្លួន បែរជាយកទៅទំនុកបម្រុងសាលាវប្បកម្មទាំងអស់ទៅវិញ ។
បានសេចក្ដីថា អូកូបូ ទទួលមរណៈភាពទៅចោលគ្រួសារនៅក្រោមអំណាចនៃសេចក្ដីក្រខ្សត់ ខុសពីជនដទៃៗទៀត ៕
ដោយ ស៊ា ប៊ុនភេង សៀវភៅសាងខ្លួនឯង
August 31, 2010
ជីវិត និងស្នាដៃរបស់ បេនីតូ មុស្សូលីនី
បេនីតូ មុស្សូលីនី (Benito Mussolini, 1883-1945)
មូស្សូលីនី ជាអ្នកបង្កើតលទ្ធិ កលាបនិយម (Fascism) ដែលយើងមិនគួរលើកឡើងមកជាតួយ៉ាងសម្រាប់អ្នកសាងខ្លួនឡើយ ។ ប៉ុន្តែគេអាចរើសយកចំណុចល្អរបស់គាត់មកប្រើ ។
មូស្សូលីនី កើតនៅខែកក្កដា ឆ្នាំ១៨៨៣ ក្នុងត្រកូលក្រីក្របំផុត ធំឡើងឪពុកឲ្យរៀនឯសាលា បានទទួលរបាយការណ៍ពីគ្រូថា រៀនពូកែណាស់ ។ តែឪពុកម្ដាយពុំមានប្រាក់គ្រប់គ្រាន់នឹងបង់ថ្លៃសិក្សាតទៅទៀត ទើបបានធ្វើពាក្យសុំអង្វរកចំពោះសាលាធិការ សុំឲ្យមូស្សូលីនី បានសិក្សាដោយមិនបាច់បង់ថ្លៃសាលា ។ តែសាលាធិការពុំយល់ព្រម មូស្សូលីនីក៏ត្រូវឈប់រៀន មករកស៊ីចិញ្ចឹមជីវិតជាមួយឪពុកម្ដាយ ។ កាលអាយុបាន២០ឆ្នាំ អស់ផ្លូវរកស៊ីចិញ្ចឹមជីវិតក្នុងប្រទេស អ៊ីតាលី ក៏នីរទេសខ្លួនឯងទៅកាន់ប្រទេសស៊្វីស និងរកសុំការធ្វើដោយឥតរើសថាជាមុខការដូចម្ដេចឡើយ ។ ទីបំផុត រកការធ្វើពុំបានទាល់តែសោះ ហើយក៏ត្រូវធ្លាក់ខ្លួនទៅជាមនុស្សសុំទាន គ្រាន់តែបានកំណាត់នំប៉័ងបន្តិចបន្តួចដើម្បីបន្តជីវិតទៅទៀត ប៉ុណ្ណោះ ។ ដេកនៅតាមថ្នល់ តាមសំយាបផ្ទះ ឬក៏ក្រោមស្ពាន តាមតែដូចម្ដេចឲ្យតែបានរស់នៅសិន ។ ទីបំផុតក៏បានចូលទៅធ្វើការនៅក្នុងសារព័ត៌មានខាងពួកសង្គមនិយម ។ ពុំដឹងជាសរសេររឿងទំនាស់អ្វី ក៏ស្រាប់តែត្រូវរដ្ឋាភិបាលស៊្វីសចាប់ខ្លួនបញ្ជូនទៅប្រទេសអ៊ីតាលី វិញ ។
អ្នកសរសេររឿង មូស្សូលីនី បានវែកញែកថា គុណសម្បត្តិដែលនាំមូស្សូលីនីទៅកាន់ភាពជាធំបាននោះ គឺភាពជាអ្នកមាំទាំមិនព្រមចុះចាញ់ចំពោះការលំបាកតោកយ៉ាកក្នុង ជីវិត និងប្រើពេលវេលាគ្រប់នាទីដែលមាន សម្រាប់សិក្សាអប់រំខ្លួនឯង ។ ព្រោះគ្មានឱកាសបានចូលទៅសិក្សាក្នុងមហាវិទ្យាល័យដូចជនទាំងឡាយ ដទៃ ។ សេចក្ដីព្យាយាមទាំងនេះឯងជាហេតុឲ្យមូស្សូលីនី មានការចេះដឹង និងតែងអត្ថបទផ្សេងៗបានល្អប្រសើរ ។
កាល ត្រលប់មកប្រទេសអ៊ីតាលីវិញ ក៏រកស៊ីចិញ្ចឹមជីវិតខាងធ្វើកាសែតក្នុងតំណែងតាំងពីតូចបំផុត រហូតដល់ធំបំផុត និងបានជាម្ចាស់សារព័ត៌មានមួយដោយខ្លួនឯង ហើយក៏បានបក្សពួកច្រើនឡើងៗ រហូតដល់ទីបំផុតក៏បានជាសមាជិកក្នុងរដ្ឋសភា ។
សង្គ្រាមលោកលើកទី១កន្លងទៅ ការគ្រប់គ្រងប្រទេសអ៊ីតាលី ច្របូកច្របល់វឹកវរក្រៃលែង ព្រោះរដ្ឋាភិបាលមិនអាចបង្ក្រាបពួក បូលស្ហេវិគ (Bolchévic) និងកុម្មុយនិស្ត ដែលផ្សាយលទ្ធិ និងធ្វើការលំបាកឲ្យដល់ប្រទេសអ៊ីតាលី ក្នុងវេលានោះយ៉ាងក្រៃលែង ។ គ.ស១៩២២ អាយុបាន៣៩ឆ្នាំ មូស្សូលីនី ឃើញថាគណៈរដ្ឋមន្ត្រីចាស់អស់សមត្ថភាពហើយ ទើបត្រៀមបក្សពួករបស់ខ្លួនដើម្បីរំលំគណៈរដ្ឋាភិបាលចាស់ចេញ និងចូលកាន់កាប់កិច្ចការរដ្ឋដោយខ្លួនឯង ។ គណៈរដ្ឋមន្ត្រីចាស់បាននាំរឿងនេះចូលក្រាបបង្គំទូលព្រះបាទ វិគទ័រ អេម៉ានុយអែល (Victor Emmanuel) សុំឲ្យទ្រង់ឡាយព្រះហស្តលេខាជាព្រះបរមរាជឱង្ការថា មូស្សូលីនីក្បត់ ព្រោះបើបានព្រះបរមឱង្ការនេះហើយ ក៏នឹងប្រើកម្លាំងទ័ពចាប់ខ្លួនមូស្សូលីនី និងបក្សពួក ។ តែព្រះបាទវិគទ័រ អេម៉ានុយអែល ទ្រង់ព្រះតម្រិះវៃ ពុំព្រះសណ្ដាប់ពាក្យថ្វាយនោះ និងពុំទ្រង់ឡាយព្រះហត្ថលេខាលើសេចក្ដីប្រកាសនោះ ។ គណៈរដ្ឋមន្ត្រីចាស់ក៏ត្រូវលាចេញ ។ មូស្សូលីនី និងពួករបស់ខ្លួន ក៏ចូលជំនួសឡើង ។ កិច្ចការរដ្ឋរបស់ប្រទេសអ៊ីតាលី ក៏ប្រសើរឡើងមួយរំពេច លទ្ធិបុលស្ហេវិគ និងកុំម្មុយនស្ត ក៏ត្រូវបានបង្ក្រាបរាបទៅអស់ ។ ការគ្រប់គ្រងក៏ចាត់របៀបរៀបរយយ៉ាងប្រសើរ គ្រប់ក្រសួងរាជការនានា ក៏ធ្វើការយ៉ាងរៀបរយ និងប្រឹងប្រែងផ្ទុយស្រឡះពីកាលមុនមូស្សូលីនីឡើងកាន់ការ ។ មានដំណាលថា មុនពេល មូស្សូលីនី ឡើងកាន់អំណាចនោះ បើសិនជាអ្នកណាម្នាក់ត្រូវការនិយាយទូរស័ព្ទទៅកាន់អ្នកដែលគេអាច ដើរទៅដល់បានក្នុងវេលា២០នាទី ដើរទៅតែម្ដងល្អជាង ព្រោះក្រៅពីយឺត និងភ្ជាប់លេខឲ្យខុសៗ ហើយជួនកាលវេលាសុំតទូរស័ព្ទនោះ បានឮសំឡេងនាងប្រចាំការនោះច្រៀងឲ្យស្ដាប់ជំនួសការភ្ជាប់ឲ្យតាម ការស្នើសុំ ។ តែនៅថ្ងៃដែលមូស្សូលីនី ឡើងកាន់អំណាចនោះ អំពើឧបទ្រពទាំងនោះក៏រលាយបាត់ទៅភ្លាម ។ មានអ្នកគំនូរបារាំងម្នាក់នៅសម័យនោះ បានគូរជារូបប្រៀបធៀបជាបន្ទប់ពីរ បន្ទប់មួយនិយាយពីភាពភ្នាក់ងាររាជការផ្សេងៗធ្វើការ ខ្លះដេកលក់ ខ្លះចង់ស្រី ពីកាលមុនមូស្សូលីនីឡើងកាន់អំណាច ។ បន្ទប់មួយទៀត និយាយពីភាពក្នុងពេលដែលមូស្សូលីនីឡើងកាន់អំណាច ភ្នាក់ងាររាជការគ្រប់រូបប្រឹងប្រែងខ្មីឃ្មាតក្នុងកិច្ចការយ៉ាង ស្វាហាប់ ។
មូស្សូលីនី ចូលដល់អវសាននៃជីវិត ដោយត្រូវដោតឆ្កាងដោយកងទ័ពសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ ដោយបន្សល់ទុកនូវអារម្មណ៍ដ៏សំខាន់ៗជាច្រើនដល់អ្នកសិក្សា ប្រវត្តិសាស្ត្រ ៕
0 comments:
Post a Comment