Pages

Thursday 28 July 2011

Phra: Sot Kher



 ១០ បាយាសិរាជញ្ញសូត្រ                           

  (សម្តែងអំពីមិច្ឆាទិដ្ឋិ របស់ស្តេចបាយាសិ                            ដោយព្រះថេរៈ កុមារកស្សបៈ)
សេចក្តីសង្ខេប
          សម័យមួយ ខណៈដែលព្រះកុមារកស្សបត្ថេរ  មួយអន្លើដោយ ភិក្ខុចំនួន ៥០០ អង្គ និមន្តទៅកាន់ដែនកោសល បា​នមកដល់ សេត- ព្យនគរ ក៏ឆៀងចូលទៅស្នាក់អាស្រ័យនៅក្នុងព្រៃធ្នង់ ប៉ែកខាងជើង នៃសេតព្យនគរ ។ ពួកព្រាហ្មណ៍ និងគហបតី ដែលជាអ្នកស្រុកនោះ កាលបានជ្រាបដំណឹងថា ព្រះថេរៈ ព្រមទាំងភិក្ខុសង្ឃ មកគង់ក្នុងព្រៃ ធ្នង់នោះហើយ ក៏បបួលគ្នាទៅថ្វាយបង្គំ ។ ស្តេចបាយាសិ ដែលជាអ្នក គ្រប់គ្រងក្រុងសេតព្យនគរ ទ្រង់ជ្រាបថា ពួកព្រាហ្មណ៍ និង គហបតី អ្នកស្រុកសេតព្យនគរ មានចំនួនច្រើន កំពុងទៅជួបព្រះថេរៈ ដែលជា អ្នកមានបញ្ញាមុតស្រួច ជាពហុស្សូត មានវាចាពិរោះ ប្រកបដោយ ភាពឈ្លាសវៃ និងជា ព្រះអរហន្ត ទើបស្តេចទៅជួបជាមួយអ្នកទាំង នោះដែរ ដើម្បីសួរដេញដោលនូវគំនិតដែលផ្ទុយគ្នានឹងព្រះអង្គ ។
          ពេលដែលស្តេច យាងទៅដល់ទីស្នាក់របស់ព្រះកុមារកស្សបត្ថេរ ហើយ ទ្រង់ប្រកាសការយល់ឃើញ ដែលជា នត្ថិកវាទៈ ឡើងថា  ព្រះអង្គមានការយល់ឃើញយ៉ាងនេះថា លោកដទៃ មិនមាន ឳបបាតិកសត្វ មិនមាន ផលវិបាកនៃកម្ម ដែលសត្វធ្វើល្អ និង អាក្រក់ មិនមាន ។
          ព្រះថេរៈ ទើបប្រើប្រាជ្ញាសាកសួរ និង ឆ្លើយតបដោយឧបមា ឧបមេយ្យ យ៉ាងច្រើនប្រការ រហូតដល់អាចធ្វើឲ្យទំលាយនូវទិដ្ឋិ អាក្រក់របស់ស្តេចបាយាសិបានសម្រេច ស្តេចបាយាសិ ទើបទ្រង់ គោរព ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ។
ការសាកសួរ ជជែកដេញដោលគ្នានោះ មានខ្លឹមសារដូចតទៅៈ
   ឧបមាដោយដួងចន្ទ និង ដួងអាទិត្យ
          ស្តេចបាយាសិ  ព្រះកុមារកស្សបៈ ញោមមានការយល់ឃើញ យ៉ាងនេះថា លោកដទៃ មិនមាន ឳបបាតិកសត្វ មិនមាន ផលវិបាក នៃអំពើល្អ និង អំពើអាក្រក់ មិនមាន ។
          ព្រះថេរៈ អាត្មាភាព មិនធ្លាប់ឃើញ  ឬបានឮអ្នកណាមានការ យល់ឃើញយ៉ាងនេះទេ អាត្មាភាពសូមថ្វាយព្រះពរ សួរព្រះអង្គ សូមព្រះអង្គមេត្តាឆ្លើយតាមព្រះទ័យចុះថា តើដួងចន្ទ និង ដួងអាទិត្យ មានក្នុងលោកនេះ ឬក្នុងលោកដទៃ ហើយជាអាទិទេព ឬជាមនុស្ស?
          ស្តេចបាយាសិ          មានក្នុងលោកដទៃ មិនមែន  ក្នុងលោកនេះទេ
ជាអាទិទេព មិនមែន ជាមនុស្សទេ ។
          ព្រះថេរៈ   ​នេះបញ្ជាក់ថា លោកដទៃមាន ឳបបាតិកសត្វមាន ផលវិបាកនៃអំពើល្អ និង អាក្រក់ មាន ។
          ស្តេចបាយាសិ          មិនមាន ព្រោះញោមធ្លាប់បញ្ជា ឲ្យញាតិមិត្ត ដែលធ្វើអំពើអាក្រក់នៅវេលាដែលទៀបនឹងស្លាប់ថា បើបានទៅកើត ក្នុងអបាយ ទុគ្គតិ វិនិបាត ឬនរក ពិតមែន តាមដែលសមណព្រហ្មណ៍ ពួកខ្លះពោលទុក សូមឲ្យត្រឡប់មកប្រាប់ញោមផង តែញាតិមិត្តទាំង នោះ មិនបានត្រឡប់មកប្រាប់ឡើយ នេះបញ្ជាក់ថា លោកដទៃ មិនមាន ឳបបាតិកសត្វមិនមាន ផលវិបាកនៃអំពើល្អ និង អំពើអាក្រក់ មិនមាន ។
   ឧបមាដោយចោរ
          ព្រះថេរៈ ចោរដែលលួចប្លន់ទ្រព្យសម្បត្តិគេហើយ ត្រូវគេចាប់ បាន នឹងត្រូវកាត់ទោសប្រហារជីវិត ចោរនោះសូមអង្វរឲ្យពេជ្ឈឃាត ដោះលែងខ្លួនគេសិន ដើម្បីទៅលាញាតិមិត្ត ហើយសឹមត្រឡប់មកឲ្យ ប្រហារជីវិតវិញ តើពេជ្ឈឃាតនឹងដោះលែងចោរនោះ តាមការអង្វរករ
នោះឬទេ?
          ស្តេចបាយាសិ            មិនគួរដោះលែងទេ ត្រូវកាត់ក្បាលចោរនោះ ក្នុងខណៈសូមដោះលែងនោះតែម្តង ។
          ព្រះថេរៈ ចោរដែលជាមនុស្ស នៅមិនបានទទួលការដោះ លែងពីពេជ្ឈឃាតដែលជាមនុស្សដូចគ្នាផង ចំណង់បើ នាយនិរយបាល នឹងដោះលែងឲ្យញាតិមិត្តរបស់ព្រះអង្គ ឲ្យត្រឡប់មកលាញាតិសន្តាន ដូចម្តេចកើត! នេះក៏បញ្ជាក់ថា លោកដទៃមាន ឳបបាតិកសត្វមាន ផលវិបាកនៃអំពើល្អ និង អំពើអាក្រក់ មាន ។
          ស្តេចបាយាសិ          ទោះបីយ៉ាងណា ញោមក៏នៅតែយល់ឃើញ ថា លោកដទៃមិនមាន... ព្រោះញោម ធ្លាប់បញ្ជាឲ្យញាតិមិត្តដែល ធ្វើអំពើល្អ នៅពេលជិតស្លាប់ថា បើបានទៅកើតក្នុងសុគតិសួគ៌ ទេវ លោកពិតមែន តាមដែលសមណព្រាហ្មណ៍ពួកខ្លះ ពោលទុកក៏ សូមឲ្យត្រឡប់មកប្រាប់ញោមផង តែមិនមានបុគ្គលណា ត្រឡប់ មកប្រាប់ឡើយ នេះបញ្ជាក់ថា លោកដទៃមិនមាន ឳបបាតិកសត្វ មិនមាន ផលនៃអំពើល្អ និង អំពើអាក្រក់មិនមាន ។

   ឧបមាដោយបុរសក្នុងរណ្តៅលាមក
          ព្រះថេរៈ  មហាបពិត្រ អាត្មាភាព សូមឧបមាថ្វាយ បុរសដែល ធ្លាក់ចុះទៅក្នុងរណ្តៅលាមក រហូតត្រឹមក ពេលបានទទួលការជួយ សង្រ្គោះហើយ ក៏បានទទួលការលាងជំរះឲ្យស្អាត លាបស្រឡាប ដោយប្រេងម្សៅ រហូត ៣ ដង កាត់សក់ និងកោរពុកមាត់ ហើយពាក់ កម្រងផ្កាយ៉ាងល្អ ឲ្យស្លៀកដណ្តប់ដោយសំពត់មានតម្លៃ ហើយ អាស្រ័យនៅក្នុងប្រាសាទ ទំនុកបម្រុងដោយកាមគុណ តើបុរសនោះ ត្រូវការត្រឡប់ទៅ មុជចុះក្នុងរណ្តៅលាមកនោះទៀតឬទេ?
            ស្តេចបាយាសិ មិនត្រូវការត្រឡប់ទៅវិញយ៉ាងពិតប្រាកដ ព្រោះ រណ្តៅលាមក មិនស្អាត មានក្លិនស្អុយ គួរឲ្យខ្ពើម ។
          ព្រះថេរៈ បុគ្គលដែលទៅកើតជាទេវតា រមែងដឹងថា លោក មនុស្សមិនស្អាត មានក្លិនគួររង្កៀស គួរឲ្យខ្ពើមដូចគ្នា នេះបញ្ជាក់ថា លោកដទៃមានឳបបាតិកសត្វមាន ផលវិបាកនៃអំពើល្អ និងអំពើ អាក្រក់មាន ។
          ស្តេចបាយាសិ          ទោះបីយ៉ាងណា ញោមក៏នៅតែយល់ថា លោក ដទៃមិនមាន ព្រោះញោមធ្លាប់បញ្ជាឲ្យញាតិរួមលោហិត ដែលរក្សា សីល ៥ នៅពេលជិតស្លាប់ថា បើបានទៅកើតក្នុងឋានសួគ៌ជាន់ តាវត្តិង្សពិត តាមដែលសមណព្រាហ្មណ៍ពួកខ្លះ ពោលទុក សូមឲ្យ ត្រឡប់មកប្រាប់ ឬផ្តល់ព័ត៌មានឲ្យញោមជ្រាបផង តែគេមិនត្រឡប់ មកប្រាប់ ឬ ផ្តល់ដំណឹងឲ្យញោមជ្រាបឡើយ នេះសបញ្ជាក់ថា លោកដទៃ មិនមាន ។
   ឧបមាដោយទេវតាឋានតាវត្តិង្ស
          ព្រះថេរៈ       សូមឲ្យនឹកប្រៀបធៀបឆ្នាំរបស់មនុស្ស​ និង ឆ្នាំ របស់ទេវតាឋានតាវត្តិង្សថា ផ្សេងគ្នាដូចម្តេច? គឺ ១០០ ឆ្នាំ របស់ មនុស្សស្មើ មួយយប់ មួយថ្ងៃ  របស់ទេវតាឋានតាវត្តិង្ស ។ ៣០រាត្រី ត្រូវជា១ខែ ១២ខែ ត្រូវជា ១ឆ្នាំទិព្វ  ហើយ១.០០០ឆ្នាំទិព្វ ជាប្រមាណ នៃអាយុរបស់ទេវតាឋានតាវត្តិង្ស ។ ដោយន័យនេះ បើញាតិរួម លោហិតរបស់ព្រះអង្គគិតថា សូមឲ្យយើងបានឆ្អែតបរិបូរ ដោយការ បំរើដោយកាមគុណ ៥ ដ៏ជាទិព្វបាន ពីរ បី ថ្ងៃសិន សឹមទៅទូល ស្តេចបាយាសិ ថា លោកដទៃមានពិត... តើគេនឹងត្រឡប់មកប្រាប់ ព្រះអង្គទាន់ឬ?
          ស្តេចបាយាសិ          គេគង់មកប្រាប់មិនទាន់ទេ ព្រោះប្រហែលជា ញោមត្រូវស្លាប់បាត់ទៅហើយ តែញោមនៅមិនទាន់ជឿដូច្នេះឡើយ ។

         ឧបមាដោយបុគ្គលខ្វាក់ភ្នែកពីកំណើត
          ព្រះថេរៈ បុគ្គលខ្វាក់ភ្នែកពីកំណើត មិនអាចមើលឃើញរូប នៅទីរាបស្មើ និង ទីរដិបរដុប មិនអាចមើលឃើញដួងផ្កាយ ដួងចន្ទ ដួងអាទិត្យ បើគេនិយាយថា រូប ដួងតារា ដួងចន្ទ ដួងអាទិត្យ មិនមាន បុគ្គលដែលមើលឃើញរូប ឃើញដួងតារា ដួងចន្ទ ដួង អាទិត្យ មិនមាន តើបុគ្គលខ្វាក់នោះនិយាយដូច្នេះ ឈ្មោះថា ត្រឹម ត្រូវឬទេ?
          ស្តេចបាយាសិ         មិនត្រឹមត្រូវទេ ព្រោះមានរូបមានដួងតារា ដួងចន្ទ ដួងអាទិត្យ ហើយបុគ្គលដែលមើលឃើញវត្ថុទាំងនោះ ក៏មានដែរ ។
          ព្រះថេរៈ ព្រះអង្គក៏ដូចជាបុគ្គលខ្វាក់ភ្នែកពីកំណើតអញ្ចឹងដែរ ព្រោះលោកដទៃ មិនមែនមើលឃើញបានដោយភ្នែកធម្មតាទេ លុះ ត្រាតែ បុគ្គលមានភ្នែកទិព្វ ទើបមើលឃើញបាន ។
          ស្តេចបាយាសិ          ទោះបីយ៉ាងណា ញោមក៏នៅតែយល់ឃើញថា លោកដទៃមិនមាន... ព្រោះញោមមើលឃើញ សមណព្រាហ្មណ៍ ដែលមានសីល មានកល្យាណធម៌ ចង់រស់មិនចង់ស្លាប់ ស្រឡាញ់ សុខ ស្អប់ទុក្ខ ញោមគិតថា បើសមណព្រាហ្មណ៍ពួកនេះដឹងថា ពេល ស្លាប់ទៅហើយ គុណនៃសេចក្តីល្អ នឹងកើតប្រាកដ ពួកគេប្រហែល ជាសម្លាប់ខ្លួន ដើម្បីឲ្យបាននូវគុណនៃសេចក្តីល្អនោះ ដោយពិត ប្រាកដ នេះបញ្ជាក់ថា លោកដទៃមិនមាន...។
៦​ ឧបមាដោយស្រ្តីមានគភ៌
          ព្រះថេរៈ       អាត្មាភាព សូមឧបមាថ្វាយ រឿងធ្លាប់មានមក ថា មានព្រាហ្មណ៍ម្នាក់ មានភរិយាពីរនាក់ ភរិយាទី១ មានកូនប្រុស មានអាយុ ១០ ទៅ ១២ឆ្នាំ ភរិយាទីពីរ កំពុងតែមានគភ៌ជិតគ្រប់ខែ ។ ពេលព្រាហ្មណ៍នោះ ធ្វើមរណកាលទៅ កូនប្រុសរបស់ព្រាហ្មណ៍ ត្រូវទទួលកម្មសិទ្ធិ ជាម្ចាស់គ្រប់គ្រងដល់ទ្រព្យសម្បត្តិ ជាកេមរតក ទាំងអស់របស់បិតា ។ ភរិយាទី២ សូមឲ្យកូនចិញ្ចឹម (កូនប្រពន្ធទី១) រង់ចាំសិន ទម្រាំនាងប្រសូតបុត្រ ព្រោះបើក្មេងនៅក្នុងគភ៌ជាប្រុស នឹងបានទទួលនូវកេរពាក់កណ្តាល តែកូនចិញ្ចឹមមិនព្រមរង់ចាំ ទើប នាងវះពោះ ដើម្បីមើលថា ក្មេងក្នុងគភ៌នោះ ជាប្រុស ឬ ជាស្រី ។ ក្នុងទីបំផុត នាងត្រូវសូន្យសង្ខារខ្លួនឯង និង ជីវិតកូន ព្រមទាំងទ្រព្យ សម្បត្តិ ព្រោះភាពល្ងង់ខ្លៅ ខ្វះប្រាជ្ញាក្នុងការស្វែងរកទ្រព្យសម្បត្តិ ។ សមណព្រាហ្មណ៍ដែលឆ្លាត ជាបណ្ឌិត មានប្រាជ្ញា ទើបមិនព្រម សម្លាប់ខ្លួនឯង ដើម្បីប្រាជ្ញាគុណ នៃសេចក្តីល្អក្នុងលោកដទៃ តែត្រូវ ការមានជីវិតរស់នៅ ដើម្បីធ្វើប្រយោជន៍ឲ្យដល់មនុស្សច្រើនគ្នា និង បានបុណ្យកាន់តែច្រើនតទៅទៀត នេះបញ្ជាក់ថា លោកដទៃមាន...។
          ស្តេចបាយាសិ          ទោះបីយ៉ាងណា ញោមក៏នៅតែយល់ឃើញថា លោកដទៃមិនមាន... ព្រោះញោមធ្លាប់បញ្ជារាជបុរស ឲ្យចាប់ចោរ ដែលប្រព្រឹត្តខុសមកដាក់ចុះក្នុងខ្ទះ ហើយឲ្យបិទគម្របមាត់ខ្ទះ រឹតដោយស្បែកស្រស់ រួចយកដីស្អិតមកបូកឲ្យក្រាស់ខ្មឹក មិនឲ្យមាន ប្រហោង រួចហើយឲ្យលើកឡើងដាក់លើចង្រ្កាន ហើយបង្កាត់ភ្លើង ដុត ដើម្បីនឹងមើលជីវៈ(ព្រលឹង) របស់ចោរ ពេលកំពុងរំពឹងគិតថា ចោរនោះស្លាប់ហើយ ទើបបញ្ជាឲ្យលើកខ្ទះនោះចុះមកបើកមើល ក៏ឃើញប្រាកដថា មិនឃើញជីវៈ របស់ចោរនោះឡើយ នេះបញ្ជាក់ថា លោកដទៃមិនមាន...។
   ឧបមាដោយបុគ្គលយល់សុបិន
          ព្រះថេរៈ ពេលព្រះអង្គផ្ទុំលក់នៅវេលាថ្ងៃ ហើយទ្រង់សុបិន ឃើញវត្ថុផ្សេងៗដូចជាឃើញសួនច្បារដែលគួរឲ្យមនោរម្យ តើបុគ្គល ដែលចាំគាល់ប្រតិបត្តិព្រះអង្គបានឃើញជីវៈចូលចេញ ចាកព្រះវរកាយ របស់ព្រះអង្គឬទេ?
          ស្តេចបាយាសិ          មិនឃើញ ។
        ព្រះថេរៈ  ព្រះអង្គនៅមានព្រះជន្មពិតៗ ប៉ុន្តែបុគ្គលដែលនៅ គាល់ព្រះអង្គ នៅតែមើលមិនឃើញជីវៈរបស់ព្រះអង្គដែលកំពុងចូល ចេញបានឡើយ ដូច្នេះតើព្រះអង្គនឹងអាចមើលឃើញជីវៈនៃបុគ្គល ដែលស្លាប់ទៅហើយដូចម្តេចកើត?​ នេះបញ្ជាក់ថា លោកដទៃមាន ...។
          ស្តេចបាយាសិ          ទោះបីយ៉ាងណា​ ញោមក៏នៅតែយល់ឃើញថា លោកដទៃ មិនមាន ព្រោះញោមធ្លាប់បញ្ជាឲ្យនាំចោរដែលប្រព្រឹត្តខុស មកថ្លឹងទម្ងន់មុនពេលយកខ្សែមកចងរឹតឲ្យស្លាប់ ។ លុះស្លាប់ហើយ ឲ្យថ្លឹងម្តងទៀត ប្រាកដថាទម្ងន់មុនពេលស្លាប់ ស្រាលជាងទម្ងន់ ក្រោយពេលស្លាប់ រាងកាយមុនពេលស្លាប់ទន់ ធ្វើចលនាបានងាយ តែ រាងកាយ ក្រោយពេលស្លាប់រឹងក្រញ៉ាង ធ្វើចលនាបានដោយលំបាក នេះបញ្ជាក់ថា លោកដទៃមិនមាន ឳបបាតិកសត្វ មិនមាន ផល វិបាកនៃអំពើល្អ និង អាក្រក់មិនមាន ។
៨ ឧបមាដោយដុំដែកក្តៅ
          ព្រះថេរៈ  អាត្មាភាព សូមឧបមាថ្វាយថា ដុំដែកដូចគ្នា ពេល ថ្លឹង ខណៈពេលដែលភ្លើងកំពុងឆេះ និង ថ្លឹងខណៈពេលកំពុងត្រជាក់ តើមួយណាដែលមានទម្ងន់ស្រាលជាង ទន់ជាង គួរដល់ការងារជាង?
          ស្តេចបាយាសិ             ដុំដែក ខណៈពេលដែលមានភ្លើងកំពុងឆេះ មានទម្ងន់ស្រាលជាង ទន់ជាង និងគួរដល់ការងារជាង ។
          ព្រះថេរៈ       រាងកាយក៏ដូចគ្នា ខណៈពេលនៅមានជីវិត មានកំដៅ និង មានវិញ្ញាណ ប្រាកដជាមានទម្ងន់ស្រាលជាង ទន់ជាង និងធ្វើចលនាបានងាយជាង ។ បើតាមបរិយាយនេះ សូមមហាបពិត្រ យល់យ៉ាងនេះវិញថា លោកដទៃមាន ឳបបាតិកសត្វមាន ផលវិបាក នៃអំពើល្អ និង អំពើអាក្រក់មាន ។
          ស្តេចបាយាសិ   ទោះបីយ៉ាងណា ញោមក៏នៅតែយល់ថា លោក ដទៃមិនមាន ព្រោះញោមធ្លាប់បញ្ជារាជបុរសឲ្យចាប់ចោរ ដែល ប្រព្រឹត្តខុសហើយ ឲ្យកាត់ទោសប្រហារជីវិត ដោយមិនឲ្យខូចស្បែក សាច់ សរសៃ ឆ្អឹង និងខួរក្នុងឆ្នឹងឡើយ ហើយពេលចោរនោះ ជិត ស្លាប់ ឲ្យចាប់ចោរដាក់ឲ្យដេកផ្ងារពោះខ្លះ ឲ្យដេកផ្កាប់មុខខ្លះ ឲ្យដេក ផ្អៀងខ្លះ ចាប់ក្រៀកឲ្យអង្គុយខ្លះ សង្កត់ក្បាលចុះខ្លះ យកដៃគោះខ្លះ យកដុំដីគោះខ្លះ ទាញចុះឡើង ដើម្បីពិនិត្យមើលជីវៈរបស់ចោរនោះ ក៏មិនឃើញសោះឡើយ ទាំងដែលភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ក៏នៅដូចដើម តែមិនដឹងអ្វីសោះ នេះបញ្ជាក់ថា លោកដទៃ មិនមាន...។
   ឧបមាដោយការផ្លុំស័ង្ខ
          ព្រះថេរៈ   អាត្មាភាព  ឧបមាថ្វាយឲ្យពិចារណាតទៅថា  អ្នកផ្លុំ
ស័ង្ខម្នាក់ នាំស័ង្ខទៅស្រុកបច្ចន្តជនបទ(ស្រុកស្រែចំការ) ឈរផ្លុំស័ង្ខ ៣ ដង ហើយដាក់ស័ង្ខចុះ លើផែនដី អ្នកស្រុកបានឮសម្លេងស័ង្ខ ក៏ភ្ញាក់ផ្អើលមកចោមរោម ហើយសួរអ្នកផ្លុំស័ង្ខថា តើសម្លេងអ្វី ក៏ពិរោះម៉្លេះ? អ្នកផ្លុំស័ង្ខប្រាប់ថា សម្លេងស័ង្ខ ហើយចង្អុលទៅកាន់ ស័ង្ខ ។ ពួកគេចាប់ស័ង្ខឲ្យផ្ងារឡើងហើយនិយាយថា ម្នាលស័ង្ខ អ្នកចូរបញ្ចេញសម្លេង ក៏ចាប់ឲ្យផ្កាប់ចុះ លើកឡើង យកដៃគោះ យកដុំដីគោះ ទាញចុះ ទាញឡើង ព្រមទាំងបញ្ជាឲ្យស័ង្ខបញ្ចេញ សម្លេងស័ង្ខនោះ ក៏មិនបញ្ចេញសម្លេង ។​ អ្នកផ្លុំស័ង្ខគិតថា អ្នក ស្រុកជនបទនេះល្ងង់ណាស់ ទើបចាប់ស័ង្ខឡើងផ្លុំ ៣ ដង ហើយកាន់ ស័ង្ខដើរចេញទៅ ។ អ្នកស្រុកជនបទនោះ ទើបជជែកគ្នាថា ស័ង្ខនេះ ពេលមានមនុស្សមានសេចក្តីព្យាយាម និង មានខ្យល់ ទើបបញ្ចេញ សម្លេងបាន បើមិនមានមនុស្ស មិនមានសេចក្តីព្យាយាម មិនមាន ខ្យល់ ក៏មិនមាន សម្លេងដែរ ។ ខនេះយ៉ាងណា រាងកាយរបស់ មនុស្សក៏យ៉ាងនោះដែរ ។ ពេលមានជីវិត មានភ្លើងធាតុ និង មាន វិញ្ញាណ ទើបធ្វើចលនាបាន ឬដឹងរឿងផ្សេងៗបាន បើមិនមានជីវិត (អាយុ) មិនមានភ្លើងធាតុ មិនមានវិញ្ញាណទេ ក៏មិនអាចធ្វើចលនា ឬដឹងអ្វីៗ បានដែរ ទោះបីជានៅមាន ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ដូចគ្នាក៏ដោយ នេះបញ្ជាក់ថា លោកដទៃមាន... ។
          ស្តេចបាយាសិ          ទោះបីយ៉ាងណា ញោមក៏នៅតែយល់ឃើញថា លោកដទៃមិនមាន...ព្រោះញោមធ្លាប់បញ្ជារាជបុរសឲ្យចាប់ចោរ ដែល ប្រព្រឹត្តខុសមកកាត់ទោសប្រហារជីវិត ដោយជ្រៀកសាច់ ដើម្បីរកជីវៈ របស់គេក៏មិនឃើញ ទើបឲ្យពន្លះសាច់ កាត់ស្បែក កាច់ឆ្អឹង កាត់ខួរ ក្នុងឆ្អឹង ក៏មិនឃើញជីវៈរបស់គេ នេះបញ្ជាក់ថាលោកដទៃ មិនមាន...។
១០      ឧបមាដោយជដិលបូជាភ្លើង
          ព្រះថេរៈ  អាត្មាភាព សូមឧបមាឲ្យទ្រង់ពិចារណាតទៅទៀត មានជដិលបូជាភ្លើងម្នាក់ មុននឹងចេញពីអាស្រមទៅធ្វើធុរៈខាងក្រៅ បានបញ្ជាក្មេងដែលខ្លួននាំមកចិញ្ចឹមទុកដែលមានអាយុ ១០-១២ ឆ្នាំ ថា ចូរបូជាភ្លើង កុំឲ្យរលត់ភ្លើង បើភ្លើងរលត់ ចូរឯងយកឧស យក ឈើនេះទៅបង្កាត់ភ្លើងវិញ ។ ពេលជដិលទៅមិនយូរប៉ុន្មាន ភ្លើងបាន រលត់ព្រោះក្មេងរវល់តែលេង កាលនឹកឃើញដល់ភ្លើងនោះ ទើបចូល មកមើលឃើញភ្លើងរលត់ ក៏ចាត់ការតាមជដិលប្រាប់ គឺនាំឈើមក ចាំង ក៏មិនមានភ្លើង ពុះឈើជាពីរ ក៏មិនមានភ្លើង យកឈើមកច្រៀក ៤ ចម្រៀក រហូតដល់ ២០ ចម្រៀក ក៏មិនមានភ្លើង បន្ទាប់ពីនោះ  ទើបចិញ្រ្ចាំឲ្យជាចំណិតតូចៗ ហើយយកទៅបុកក្នុងត្បាល់ រហូតដល់ ក្លាយជាផង់ធូលី រោយនៅក្នុងទីដែលមានខ្យល់ខ្លាំង ដោយគិតថា នឹងបានភ្លើង ក៏មិនបានភ្លើងទៀត ។ នៅពេលដែលជដិល ត្រឡប់ មកវិញ កាលឃើញរឿងនេះហើយ ក៏គិតថាក្មេងនេះល្ងង់ណាស់ រក ភ្លើងខុសវិធីទើបមិនបានភ្លើង ហើយប្រាប់វិធីស្វែងរកភ្លើងដ៏ត្រឹមត្រូវ ឲ្យមើល ។ ខនេះយ៉ាងណា ព្រះអង្គក៏ទ្រង់ស្វែងរកលោកដទៃមិនត្រូវ តាមវិធីនោះដែរ សូមលះបង់ទិដ្ឋិអាក្រក់នេះចោលចុះ ។
          ស្តេចបាយាសិ            ញោមលះមិនបានទេ ព្រោះអ្នកណាក៏ស្គាល់ ញោមថា មានទស្សនៈយ៉ាងនេះដែរ ។
១១      ឧបមាដោយនាយរទេះពីរនាក់
          ព្រះថេរៈ អាត្មាភាព សូមឧបមាថ្វាយឲ្យទ្រង់ពិចារណា តទៅទៀត  មានឈ្មួញរទេះ ១ ក្រុមធំ ប្រមាណ ១.០០០​ រទេះ  ធ្វើ ដំណើរផ្លូវឆ្ងាយ ។ ខណៈពេលធ្វើដំណើរ ស្មៅ វល្លិ៍  ទឹក ឧស ក៏អស់ រលីងទៅយ៉ាងឆាប់រហ័ស នាយរទេះទាំង ២ នាក់ ក៏ប្រឹក្សាគ្នាថា ព្រោះតែធ្វើដំណើរជាមួយគ្នាដូច្នេះ ទើបស្បៀងសម្រាប់ធ្វើដំណើរអស់ ទៅយ៉ាងរហ័ស អញ្ជឹងគួរតែបែងចែកដំណើរជា២ក្រុម គឺមួយក្រុមៗ ៥០០ រទេះ ។ ពេលនិយាយត្រូវរ៉ូវគ្នាហើយ ក្រុមរទេះទី ១ ក៏ធ្វើ ដំណើរទៅមុន កាលបរទៅបាន ២ ទៅ ៣ ថ្ងៃ នាយរទេះ បានជួបបុរសដែលជាយក្សបន្លំខ្លួនបររទេះ មានកង់ប្រឡាក់ដោយ ភក់ដែលមកក្នុងទិសបញ្ច្រាស់គ្នា ទើបសួរថា តើផ្លូវខាងមុខមានភ្លៀង ធ្លាក់ឬទេ? យក្សឆ្លើយថា មានភ្លៀងធ្លាក់ច្រើនណាស់​ ផ្លូវនោះពោរ ពេញទៅដោយទឹក មានស្មៅច្រើន សូមឲ្យពួកលោកទាំងឡាយ បោះ ទឹក បោះស្មៅនេះចោលទៅ ឲ្យស្រាលរទេះ ដើម្បីធ្វើដំណើរទៅបាន លឿន គោក៏មិនលំបាក ។ គ្រាន់តែបានឮដូច្នេះ នាយរទេះ ទើប បញ្ជាឲ្យបោះស្បៀងចោលទាំងអស់ ហើយធ្វើដំណើរតទៅ ។ ពេលបរ រទេះទៅស្នាក់(ឈប់) ដល់ទៅ ៧ កន្លែង ក៏មិនឃើញស្មៅ ឬ ឧស ឬក៏ទឹកដែលបុរសជាយក្សប្រាប់ឡើយ ទាំងមនុស្ស ទាំងសត្វ ក៏ដល់ នូវសេចក្តីវិនាស ហើយបានជាអាហាររបស់យក្សទាំងអស់ ។
          ចំណែកនាយរទេះមួយក្រុមទៀត កាលឃើញថា ក្រុមរទេះ ដែលធ្វើដំណើរទៅមុនខ្លួននោះ ទៅបាត់យូរហើយ ទើបបានចេញ ដំណើរទៅជាមួយបរិវារ ។​ ខណៈពេលធ្វើដំណើរទៅ ក៏បានជួបសន្ទនា ជាមួយយក្សដូចក្រុមរទេះមុន តែនាយរទេះក្រុមនេះ ពេលបានស្តាប់ ដូច្នេះហើយក៏មិនជឿ ព្រោះគិតថា អ្នកនេះមិនមែនជាញាតិមិត្តរបស់ ខ្លួនទេ ហើយក៏ធ្វើដំណើរតទៅ ។ ក្បួនបរទេះបានឈប់សម្រាក ដល់ទៅ ៧ កន្លែង ក៏មិនបានជួបស្មៅ មិនបានជួបឧស ឬទឹក តាមពាក្យយក្សនោះប្រាប់ឡើយ ឃើញតែក្រុមរទេះមុន ដែលដល់នូវ សេចក្តីវិនាស ដែលពួកមនុស្ស និង សត្វ ត្រូវយក្សចាប់ស៊ីនៅសល់តែ ឆ្អឹងប៉ុណ្ណោះ ។ ទើបនិយាយជាមួយនឹងបរិវារថា អ្នកទាំងអស់នេះ ស្លាប់ ព្រោះតែនាយរទេះជាអ្នកល្ងង់ខ្លៅ ។ ហើយបញ្ជាឲ្យបរិវារបោះ ចោលស្បៀងដែលមានតម្លៃតិចតួច នៅក្នុងរទេះរបស់ខ្លួនឲ្យកាន់យក ស្បៀងដែលមានតម្លៃច្រើនពីក្រុមរទេះមុននោះ ហើយធ្វើដំណើរតទៅ ។
          ព្រះអង្គប្រៀបដូចជានាយរទេះ ក្រុមទី១នោះ ដែលល្ងង់ខ្លៅ មិនឆ្លាត ស្វែងរកលោកដទៃដោយខុសទំនង សូមទ្រង់លះទិដ្ឋិ នេះចោលចុះ ។
          ស្តេចបាយាសិ           ញោមលះមិនបានទេ ព្រោះអ្នកណាក៏ដឹង​ថា ញោមមានទស្សនៈដូច្នេះដែរ ។
១២      ឧបមាដោយបុគ្គលទូលបង្វេចលាមក
          ព្រះថេរៈ អាត្មាភាព សូមឧបមាថ្វាយឲ្យទ្រង់ពិចារណាតទៅ ទៀត រឿងធ្លាប់មានមកថា មានបុរសចិញ្ចឹមជ្រួកម្នាក់ចេញចាកផ្ទះ ដើរទៅកាន់ស្រុកដទៃ បានឃើញលាមកក្រៀម នៅកន្លែងដែលគេ បោះចោល ក៏គិតថាឧច្ចារៈនេះជាអាហាររបស់ជ្រូក ទើបយក ក្រមាមកក្រាល ហើយកើបយកឧច្ចារៈវេចជាបង្វេចទូលយកទៅតាម ផ្លូវ ។ ពេលទៅតាមផ្លូវ ក៏មានភ្លៀងធំបង្អុរចុះមកខុសកាល គាត់ ក៏ប្រឡាក់អាចម៍តាំងពីក្បាល រហូតដល់ចុងជើង តែគាត់មិនព្រម បោះចោលអាចម៍នោះសោះ នៅតែទូលវាយកទៅ ។
          ពេលអ្នកស្រុកឃើញគាត់ដូច្នេះ ទើបនិយាយថាលោកជា មនុស្សឆ្កួត តែគាត់ត្រឡប់ជានិយាយថា ពួកអ្នកឯងទេដែលជា មនុស្សឆ្កួត ព្រោះលាមក ជាអាហាររបស់ជ្រូក ។
          ព្រះអង្គក៏ដូចជាបុរសដែលទូលឧច្ចារៈនោះដែរ សូមព្រះអង្គ លះបង់ទិដ្ឋិអាក្រក់នេះចោលទៅ ។
          ស្តេចបាយាសិ          ញោមលះមិនបានទេ ព្រោះអ្នកណាៗក៏ស្គាល់ ញោមថា មានទស្សន
ៈយ៉ាងនេះដែរ ។
១៣      ឧបមាដោយ អ្នកលែងល្បែងបាស្កា
          ព្រះថេរៈ អាត្មាភាព សូមឧបមាថ្វាយឲ្យទ្រង់ពិចារណាតទៅ ទៀត រឿងធ្លាប់មានមកហើយថា មានអ្នកលេងបាស្កា ២ នាក់ កំពុងលេងជាមួយគ្នា ។ បុរសម្នាក់ពេលដឹងថា ខ្លួនចាញ់ក៏លេប គ្រាប់បាស្កា ដែលចាញ់ ។ ចំណែកបុរសម្នាក់ទៀត ឃើញដូច្នោះ ទើបគិតរកវិធីសុំគ្រាប់បាស្កានោះមកវិញ ដោយយកថ្នាំពិស មកលាប គ្រាប់បាស្កានោះ ហើយបបួលគ្នាលេងតទៅទៀត ។ បុរសនោះ ពេលចាញ់ ក៏បន្តការលេបគ្រាប់បាស្កា តទៅទៀត បុរសម្នាក់ទៀត ក៏ប្រាប់ថា អ្នកឯងកំពុងលេបគ្រាប់បាស្កាដែលលាប ដោយថ្នាំពិស ហើយ ពេលថ្នាំពិសជ្រាបចូលក្នុងខ្លួន អ្នកនឹងដល់នូវសេចក្តីស្លាប់ ។
          ព្រះអង្គក៏ដូចជាបុរសដែលលេបគ្រាប់បាស្កានោះដែរ សូមទ្រង់ លះទិដ្ឋិអាក្រក់នេះចេញទៅ ។
          ស្តេចបាយាសិ       ញោមលះមិនបានទេ ព្រោះអ្នកណាៗក៏ដឹង ថា ញោមមានទស្សនៈដូច្នេះដែរ ។
១៤      ឧបមាដោយបុគ្គលទូលសម្បកធ្មៃ
          ព្រះថេរៈ អាត្មាភាព សូមឧបមាថ្វាយឲ្យទ្រង់ពិចារណា តទៅទៀត រឿងធ្លាប់មានមកហើយថា មានបុរស ២ នាក់ បានបបួល គ្នាធ្វើដំណើរទៅកាន់ជនបទមួយ ដើម្បីស្វែងរកទ្រព្យ ពេលធ្វើដំណើរ ទៅដល់ពាក់កណ្តាលផ្លូវនៃស្រុកមួយ ក៏បានឃើញសម្បកធ្មៃ សរសៃធ្មៃ សំពត់ត្បាញពីធ្មៃ សំពត់សម្បកឈើ កប្បាស សំពត់ត្បាញ ពីកប្បាស ដែក ទង់ដែង សំណប៉ាហាំង សំណភក់ ប្រាក់ និង មាស តាមលំដាប់ ។
បណ្តាបុរសទាំង ២ នាក់ នោះ បុរសម្នាក់ ពេលឃើញវត្ថុដែល  មានតម្លៃជាង ក៏បោះចោលវត្ថុដែលមានតម្លៃតិច ដែលកាន់យកមុនៗ មកនោះ ដូចជាពេលឃើញសរសៃធ្មៃ ក៏បោះចោលសម្បកធ្មៃ រហូតដល់ពេលឃើញមាស ក៏បោះចោលប្រាក់ ហើយក៏នាំយក មាសទៅផ្ទះ ។  ចំណែកបុរសម្នាក់ទៀត ពេលឃើញសម្បកធ្មៃ ក៏ចង ជាបាច់ ហើយទូលយកទៅ សូម្បីឃើញវត្ថុផ្សេងៗ ដែលមានតម្លៃ ច្រើនជាង ក៏មិនព្រមបោះចោលសម្បកធ្មៃនោះ សូម្បីមិត្តភក្តិប្រាប់ឲ្យ បោះចោលសម្បកធ្មៃ ហើយកាន់យកមាសវិញក៏មិនព្រម នៅតែកាន់ សម្បកធ្មៃនោះ ត្រឡប់ទៅផ្ទះវិញដដែល ។
          បណ្តាបុរសទាំងពីរនាក់នោះ បុរសដែលកាន់យកមាសត្រឡប់ ទៅផ្ទះ រមែងទទួលពាក្យសរសើរត្រេកអរអំពីប្រពន្ធ និង មាតាបិតា ជាដើម ។ ចំណែកបុរស ដែលកាន់យកសម្បកធ្មៃត្រឡប់ទៅផ្ទះនោះ មិនទទួលបានពាក្យសរសើរ ឬ ត្រេកអរពីអ្នកណាឡើយ ។
          ព្រះអង្គក៏ដូចជាបុរសដែលទួលសម្បកធ្មៃនោះដែរ សូមទ្រង់ លះនូវទិដ្ឋិអាក្រក់នេះចោលទៅ ។
          ក្នុងទីបំផុត ស្តេចបាយាសិ ទទួលសារភាពថា ព្រះអង្គទ្រង់ ពេញចិត្តតាំងពីខដំបូងមកម្ល៉េះ តែទ្រង់មានគោលបំណងចង់ស្តាប់ នូវការបកស្រាយប្រកបដោយភាពវៃឆ្លាត របស់ព្រះកុមារកស្សបៈ ទើបធ្វើបែបមិនពេញព្រះទ័យ ហើយទ្រង់ប្រកាសខ្លួន ជាឧបាសក ដល់ព្រះរតនត្រៃ ស្មើដោយជីវិត ។ បន្ទាប់មក ទ្រង់ឲ្យកុមារកស្សបៈ អធិប្បាយអំពីវិធីធ្វើមហាយញ្ញ ដើម្បីសេចក្តីសុខដល់ព្រះអង្គ អស់ កាលដ៏យូរអង្វែង ។
          ព្រះថេរៈ  បានថ្វាយពាក្យណែនាំពីវិធីធ្វើយញ្ញ តាមបែបព្រះ ពុទ្ធសាសនាថា យញ្ញដែលមានផលច្រើន បានដល់ការមិនសម្លាប់ សត្វ មិនបៀតបៀនដល់សត្វទាំងពួង ប្រព្រឹត្តខ្លួនឲ្យស្របតាម អរិយមគ្គ ប្រកបដោយអង្គ ៨ ។ ចំណែកយញ្ញដែលមានការ សម្លាប់សត្វ បៀតបៀនសត្វ បដិគ្គាហកៈ អ្នកទទួល ក៏ជាអ្នកប្រកប ដោយមិច្ឆាទិដ្ឋិ ជាដើម យញ្ញនេះមិនមានផលច្រើនឡើយ ឧបមាដូច អ្នកស្រែដែលព្រោះ ឬ សាបគ្រាប់ពូជលើដីស្រែ ដែលមិនមានជីជាតិ រមែងមិនបានផលច្រើនដូច្នោះដែរ ។
          ស្តេចបាយាសិ          ទ្រង់ជ្រះថ្លា ហើយបង្អោនចិត្តទៅរកការបដិបត្តិ ព្រះធម៌ គឺទ្រង់តែងតាំងឲ្យឧត្តរមាណព ជាអ្នកចាត់ចែងធ្វើបុណ្យជា ប្រចាំ ចំណែកព្រះអង្គមិនធ្វើដោយផ្ទាល់ទេ ។ លុះពេលដែលព្រះអង្គ សោយទិវង្គតទៅ ក៏បានទៅកើតក្នុងសេរីសកវិមាន ជាវិមានស្ងាត់ សូន្យតែឯង ក្នុងឋានចាតុម្មហារាជ ព្រោះព្រះអង្គធ្វើទានដោយ មិនគោរព គឺមិនឲ្យដោយផ្ទាល់ដៃខ្លួនឯង ឬដោយបោះឲ្យ ។ ចំណែក ឧត្តរមាណព ដែលធ្វើនាទីជាអ្នកចាត់ចែងថ្វាយ ដោយសេចក្តីគោរព ដោយផ្ទាល់ដៃនោះ ពេលស្លាប់ទៅបានទៅកើត ក្នុងឋានតាវត្តិង្សខ្ពស់ ជាង ស្តេចបាយាសិ
          ពេលព្រះគវម្បតិ និមន្តទៅលេងនៅ សេរីសកវិមាន បាយាសិ ទេវបុត្រ បានផ្តាំឲ្យព្រះថេរៈប្រាប់ដល់ពុទ្ធបរិស័ទថា ត្រូវឲ្យទានដោយ សេចក្តីគោរព កុំធ្វើដូចព្រះអង្គ
ចំណុចគួរសង្កេត
          នៅក្នុងព្រះសូត្រនេះ មានចំណុចដែលគួរសង្កេតច្រើនប្រការ សូមនាំយកចំណុចខ្លះៗ មកពិពណ៌នា ទុកជាគ្រឿងប្រដាប់សតិបញ្ញា ដូចខាងក្រោមនេះ៖
                 ពាក្យថា ស្តេចបាយាសិ ប្រែពីពាក្យបាលីថា បាយាសិ រាជញ្ញោ ។ ដែលមិនប្រែថា ព្រះបាទបាយាសិ ព្រោះព្រះអង្គគ្រាន់តែ ជាអ្នកគ្រប់គ្រងសេតព្យនគរ ដោយមិនបានទទួល មុទ្ធាភិសេក ជា ព្រះរាជាឡើយ ។
                 ហេតុការណ៍ដែលប្រាកដក្នុង បាយាសិរាជញ្ញសូត្រនេះ
ព្រះ ធម្មបាលត្ថេរ អ្នករចនាគម្ពីរអដ្ឋកថា វិមានវត្ថុ ចារិកទុកថា កើត ឡើងក្រោយព្រះពុទ្ធបរិនិព្វានហើយ ។ អ្នកប្រាជ្ញខ្លះ សន្និដ្ឋានថា ក្រោយព្រះពុទ្ធបរិនិព្វានទៅប្រមាណ ៥ ឆ្នាំ ឬ យ៉ាងហោចណាស់ ក៏ក្រោយពីសាងព្រះស្តូបបញ្ចុះព្រះសារីរិកធាតុហើយដែរ (Pali Text Society, Dialogues of the Buddha II, 1989.P.347)
                 សេចក្តីក្នុងព្រះសូត្រនេះ មានទំនាក់ទំនងគ្នាជាមួយ សេរីសកវិមានវត្ថុ ដែលព្រះធម្មបាលត្ថេរ ចារិកទុកក្នុងគម្ពីរអដ្ឋកថា របស់លោកថា ព្រះធម្មសង្គាហកាចារ្យ បានលើកយកសេរីសកវិមាន ឡើងចូលកាន់ការពិចារណា ក្នុងការសង្គាយនាលើកទី ២ ក្នុងក្រុង វេសាលី ដោយមានព្រះយសកាកណ្ឌកបុត្រ ជាប្រធាន មានព្រះ អរហន្តចូលរួមប្រជុំចំនួន ៧០០ អង្គ មានព្រះបាទកាលាសោករាជ ជាសាសនូបត្ថម្ភ ។ សូម្បីមិនបានចារិកទុកថា ព្រះធម្មសង្គាហកាចារ្យ បាននាំព្រះសូត្រនេះ ឡើងកាន់ការសង្គាយនាលើកនោះក៏ដោយ ក៏ អាចអនុមានបានថា បាននាំព្រះសូត្រនេះឡើងកាន់ការសង្គាយនា លើកនោះ យ៉ាងពិតប្រាកដ ព្រោះលោកសម្តែងព្រះសូត្រនេះទុក ក្នុងគម្ពីរ វគ្គខាងដើម ។
                 ខ្លឹមសារសំខាន់របស់ព្រះសូត្រនេះ ជារឿងទាក់ទងនឹង មិច្ឆាទិដ្ឋិ របស់ស្តេចបាយាសិ ដែលគោរព លទ្ធិនត្ថិកវាទ ថា មិនមាន លោកដទៃ ឬ លោកខាងមុខ មិនមានការអន្ទោល កើតស្លាប់ គឺមនុស្សយើងកើត មកហើយស្លាប់ទៅសូន្យ មិនមានផលបុណ្យ ផលបាប ឬកម្មដែលជាហេតុបច្ច័យ ឲ្យទៅកើតក្នុងជាតិ ខាងមុខ នោះទេ ។ ដូច្នេះទើបចាត់ថា ការឲ្យទាន ឬយញ្ញទាំងឡាយ មិនមាន ផលទាំងអស់ ។ ចំណុចនេះ ត្រូវគ្នានឹងទស្សនៈខាងវត្ថុនិយម (Materialism) របស់ទស្សនវិជ្ជា លោកខាងលិច និងទស្សនវិជ្ជា របស់ឥណ្ឌាមួយចំនួន ។ ព្រះកុមារកស្សបៈ អាចដកមិច្ឆាទិដ្ឋិនេះ ចេញបាន ធ្វើឲ្យស្តេចបាយាសិ ស្ថិតនៅក្នុងសម្មាទិដ្ឋិ ។ ទ្រង់បរិច្ចាគ ទានទាំងវត្ថុល្អ និង វត្ថុមិនសូវល្អ ។ តែដោយសារ ទ្រង់មិនបាន បរិច្ចាគដោយខ្លួនឯងផ្ទាល់ ទើបបុណ្យហុចផលឲ្យ បានទៅកើតក្នុង ស្ថានសួគ៌ថ្នាក់ទាប គឺចាតុម្មហារាជ បានជា បរិវាររបស់ព្រះបាទ វេស្សវ័ណ ។
                ភាពលេចធ្លោរបស់ព្រះសូត្រនេះ គឺវាទសិល្បៈ បដិភាណ របស់ព្រះកុមារកស្សបៈ ដែលលោកប្រើបដិភាណប្រកប ដោយភាពឆ្លាតវៃ លើកយកឧបមាវោហារ មកដោះស្រាយវាទៈ របស់ ស្តេចបាយាសិ រហូតឲ្យទ្រង់ព្រមចុះចាញ់តាមបញ្ញារបស់លោក ។
          មានអាចារ្យខ្លះ សន្និដ្ឋានថា ព្រះសូត្រនេះ ជាច្បាប់ដើមរបស់
គម្ពីរមិលិន្ទបញ្ហា ដែលជារឿងបុច្ឆា-វិសជ្ជនា រវាងព្រះបាទមិលិន្ទ និង ព្រះនាគសេនត្ថេរ
          ស្តេចមិលិន្ទ   ជាជនជាតិក្រិច  ទើបមានគោលទស្សនវិជ្ជាក្រិច
ដែលជាវត្ថុនិយម បែបដូចគ្នា នឹង ស្តេចបាយាសិ ។ ឯព្រះនាគសេន ក៏អាចដោះស្រាយបញ្ហាបានដូចគ្នានឹងព្រះកុមារកស្សបៈ ។ ដូច្នេះសូម អ្នកមេត្តាអានប្រៀបធៀបគ្នាមើល ដើម្បីឲ្យដឹងថា តើសេចក្តី សន្និដ្ឋាន នេះត្រូវ ឬ ខុស ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​







ខ្លឹមសារដែលគួរសិក្សា                   សារៈសំខាន់ដែលគួរសិក្សាដោយលំអិតគឺៈ
       វិភាគហេតុការណ៍ក្នុងព្រះសូត្រនេះ តើកើតឡើងពេលណា?
       សិក្សាប្រវត្តិរបស់កុមារកស្សបៈ និង ស្តេចបាយាសិ ។
       សិក្សាប្រៀបធៀបព្រះសូត្រនេះ ជាមួយគម្ពីរមិលិន្ទបញ្ហា ក្នុង ចំណុចតទៅនេះគឺៈ
          -វិភាគលក្ខណៈស្តេចបាយាសិ និង ស្តេចមិលិន្ទ ។
          -វិភាគភាពវៃឆ្លាត របស់ កុមារកស្សបៈ និង ព្រះនាគសេន ។
          -ឥទ្ធិពលរបស់ព្រះសូត្រនេះ និង មិលិន្ទបញ្ហា
“ចប់បាយាសិរាជញ្ញសូត្រ”
ចប់មហាវគ្គ នៃទីឃនិកាយ
{ı|

0 comments:

Post a Comment