Pages

Thursday, 28 July 2011

Phra: Sot Khmer

៩ មហាសតិប្បដ្ឋានសូត្រ        (សម្តែងអំពីការចម្រើនសតិប្បដ្ឋាន ៤)
សេចក្តីសង្ខេប
     សម័យមួយ ខណៈដែលព្រះសម្មាសម្ពុទ្ធ គង់នៅក្នុងកម្មាសទម្ម និគម របស់អ្នកដែនកុរុ ទ្រង់សម្តែងនូវការចម្រើនសតិប្បដ្ឋាន ឲ្យភិក្ខុ ទាំងឡាយស្តាប់ ដោយទ្រង់លើកយកមាតិកាធម៌ ឡើងជាឧទ្ទេសដូច្នេះ
ភាគឧទេ្ទស                                                                      សតិប្បដ្ឋាន ៤
          ម្នាលភិក្ខុទាំងឡាយ ផ្លូវនេះជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅដើម្បី សេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីកំចាត់បង់នូវសេចក្តីសោក និង សេចក្តីខ្សឹកខ្សួល ដើម្បីរំលត់ទុក្ខ និង ទោមនស្ស ដើម្បីបានសម្រេច នូវញេយ្យធម៌ (អរិយមគ្គ) ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ផ្លូវនេះ គឺសតិប្បដ្ឋាន ៤ ប្រការ ។
          សតិប្បដ្ឋានគឺ ការតាំងសតិ សម្បជញ្ញៈ ព្យាយាមពិចារណា កាយ វេទនា ចិត្ត និង ធម៌ ដើម្បីកំចាត់បង់អភិជ្ឈា និង ទោមនស្ស ក្នុងលោក ដោយបែងចែកការពិចារណា ជា ៤ ប្រការគឺៈ
          ១) កាយានុបស្សនា ពិចារណាឃើញកាយក្នុងកាយ ជាប្រក្រតី មានសេចក្តីព្យាយាម មានសម្បជញ្ញៈ មានសតិ កំចាត់បង់អភិជ្ឈា និង ទោមនស្ស ក្នុងលោកបាន ។
          ២) វេទនានុបស្សនា ពិចារណាឃើញវេទនា ក្នុងវេទនាទាំង ឡាយ ជាប្រក្រតី មានសេចក្តីព្យាយាម មានសម្បជញ្ញ
ៈ មានសតិ កំចាត់បង់ អភិជ្ឈា និង ទោមនស្ស ក្នុងលោកបាន ។
          ៣) ចិត្តានុបស្សនា      ពិចារណាឃើញចិត្ត ក្នុងចិត្ត ជាប្រក្រតី មានសេចក្តីព្យាយាម មានសម្បជញ្ញ
ៈ មានសតិ កំចាត់បង់អភិជ្ឈា និង ទោមនស្ស ក្នុងលោកបាន ។
          ៤) ធម្មានុបស្សនា       ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានសេចក្តីព្យាយាម មានសម្បជញ្ញ
ៈ មានសតិ កំចាត់បង់ អភិជ្ឈា និង ទោមនស្ស ក្នុងលោកបាន ។
ភាគនិទ្ទេស                                                                    កាយានុបស្សនា
ការពិចារណាឃើញកាយ ក្នុងកាយចែកជា ៦ បព្វៈគឺៈ
          ១) អានាបាណបព្វៈ ការពិចារណាខ្យល់ដង្ហើមចេញចូល (អានាបាណស្សតិ) គឺភិក្ខុនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុង ព្រៃដ៏ស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តម្រង់សតិឆ្ពោះទៅ រកកម្មដ្ឋាន មានសតិ ពេលដកដង្ហើមចូល មានសតិ ពេលដកដង្ហើម ចូលវែង និងដកដង្ហើមចេញវែង ក៏ដឹងថា អាត្មាអញដក ដង្ហើមចូល វែង ដកដង្ហើមចេញវែង ។ កាលដកដង្ហើមចូលខ្លី និងដកដង្ហើម ចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី ដកដង្ហើមចេញខ្លី ។ បុគ្គលគប្បីសិក្សាថា អាត្មាអញកំណត់ដឹងនូវខ្យល់ទាំងពួង ហើយដក ដង្ហើមចេញ និង ចូល ។ បុគ្គលគប្បីសិក្សាថា អាត្មាអញ រម្ងាប់ កាយសង្ខារ ទើបដកដង្ហើមចេញ និង ចូល ។ ការកំណត់ដឹង ខ្យល់ក្នុងលក្ខណៈនេះ ប្រៀបដូចជាងក្រឡឹង ឬកូនសិស្សនៃជាង ក្រឡឹង ដែលមានភាពជំនាញក្នុងការទាញខ្សែក្រឡឹងវែង ឬ ខ្លី ក៏ដឹង ច្បាស់ថា អញទាញខ្សែក្រឡឹង វែង ឬ ខ្លី ។
          ២) ឥរិយាបថបព្វៈ ការពិចារណា ឥរិយាបថទាំង ៤ គឺ ពេល ដើរ ក៏ ដឹងច្បាស់ថាដើរ ពេលឈរ ក៏ដឹងច្បាស់ថាឈរ ពេលអង្គុយ ក៏ដឹងច្បាស់ថា អង្គុយ ពេលដេក ក៏ដឹងច្បាស់ថា ដេក។ ពេលកាយ ស្ថិតនៅក្នុងឥរិយាបថណា ក៏ដឹងច្បាស់ថា អាត្មាអញស្ថិតនៅក្នុង ឥរិយាបថនោះ ឬថា ខ្លួនស្ថិតនៅក្នុងឥរិយាបថណាៗ ក៏កំណត់ដឹង កាយថា ស្ថិតនៅក្នុងឥរិយាបថនោះៗ ។
          ៣) សម្បជញ្ញបព្វៈ ការពិចារណាដោយសតិ សម្បជញ្ញៈ គឺសេចក្តីដឹងខ្លួន ក្នុងការឈានទៅមុខ ការថយក្រោយ ការក្រឡេក មើល ការសម្លឹងមើល ការបត់ដៃចូល និង លាចេញ​ ការគ្រងសង្ឃាដី បាត្រ និង ចីវរ ការឆាន់ ការផឹក ការទំពារស៊ី ការលិឍ ការបន្ទោរបង់ នូវឧច្ចារៈ និង បស្សាវៈ ការដើរ ការឈរ ការអង្គុយ ការដេក ការភ្ញាក់ ការនិយាយ ការនៅស្ងៀម ។
          ៤) មនសិការបព្វៈ គឺការពិចារណាឃើញនូវអាការៈ ៣២ ប្រការ ដែលមានក្នុងកាយនេះ ចាប់តាំងពីបាតជើង រហូតដល់ចុងសក់ ពីចុង សក់ចុះមកដល់បាតជើង មានស្បែក ហ៊ុមព័ទ្ធជុំវិញពេញទៅដោយ វត្ថុមិនស្អាត ដោយប្រការផ្សេងៗ គឺសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងនោម (ទាច)​ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់​ ប្រមាត់​ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹក សំបោរ ទឹករំអិល និង ទឹកមូត្រ ។ ទ្រង់ប្រៀបធៀបថា ធញ្ញជាតិ ផ្សេងៗគឺស្រូវខ្សាយស ស្រូវខ្សាយក្រហម សណ្តែកខៀវ សណ្តែក រាជមាស គ្រាប់ល្ង អង្ករ បុគ្គលដែលមានភ្នែកភ្លឺ ពេលស្រាយមាត់ ការុង ចេញហើយ ក៏មើលឃើញថា នេះជាស្រូវខ្សាយស នេះជាស្រូវ ខ្សាយក្រហម នេះជាសណ្តែកខៀវជាដើម យ៉ាងណា បុគ្គលពិចារណា អាការៈ ៣២ ក៏យ៉ាងនោះដែរ ។
          ៥) ធាតុមនសិការបព្វៈ គឺពិចារណាឃើញកាយនេះ តាមដែល តាំងនៅ តាមដែលស្ថិតនៅដោយភាពជាធាតុថា ក្នុងកាយនេះមាន ធាតុដី ទឹក ភ្លើង ខ្យល់ ។ ទ្រង់ប្រៀបធៀបថា ដូចបុគ្គលអ្នកសម្លាប់ គោ ឬកូននៃអ្នកសម្លាប់គោមានភាពជំនាញ ពេលសម្លាប់គោរួច ហើយ បានបែងអវយវៈគោនោះ ចេញជាផ្នែកៗ ហើយអង្គុយលក់នៅ ក្បែរផ្លូវបែកជា ៤ យ៉ាងណា ព្រះយោគាវចរ ពិចារណានូវធាតុ ក៏យ៉ាងនោះដែរ ។
          ៦) នវសីវតិកាបព្វៈ គឺពិចារណាសាកសព ដែលមានលក្ខណៈ ផ្សេងៗគ្នា ៩ យ៉ាងបានដល់ៈ
          ៦.១   សាកសពដែលគេចោលនៅក្នុងព្រៃស្មសាន ដែលស្លាប់ ហើយ មួយ ពីរ បី ថ្ងៃ មានលក្ខណៈហើមប៉ោង ហៀរទឹករងៃ ។
          ៦.២   សាកសពដែលគេចោលនៅក្នុងព្រៃស្មសាន មានសត្វ ក្អែក សត្វត្រដក់ សត្វត្មាត សត្វឆ្កែជាដើម ខាំស៊ី ។
          ៦.៣   សាកសពដែលគេចោលនៅក្នុងព្រៃស្មសាន នៅសល់ តែគ្រោងឆ្អឹង ប្រកបដោយសាច់ និង ឈាម មានសរសៃរួបរិត ។
          ៦.៤   សាកសពដែលគេចោលនៅក្នុងព្រៃស្មសាន នៅសល់ តែគ្រោងឆ្អឹង ដែលមិនមានស្បែក តែមានឈានប្រឡាក់ប្រឡូស និងមានសរសៃរួបរិត ។
          ៦.៥   សាកសពដែលគេចោលនៅក្នុងព្រៃស្មសាន  នៅសល់ តែគ្រោងឆ្អឹង ដែលមិនមានសាច់ និង ឈាម តែនៅមានសរសៃរួបរិត ។
          ៦.៦   សាកសពដែលគេចោលនៅក្នុងព្រៃស្មសាន  នៅសល់ តែគ្រោងឆ្អឹង ដែលមិនមានសរសៃរួបរិត ហើយខ្ចាត់ខ្ចាយទៅ គ្រប់ទិសផ្សេងៗ។
            ៦.៧     សាកសពដែលគេចោលនៅក្នុងព្រៃស្មសាន នៅសល់តែ កំណាត់ឆ្អឹងពណ៌ស ដូចជាពណ៌ស័ង្ខ ។
          ៦.៨   សាកសពដែលគេចោលនៅក្នុងព្រៃស្មសាន នៅសល់ តែកំណាត់ឆ្អឹង ដែលនៅជាគំនរ ដែលកន្លងទៅជាង ១ ឆ្នាំហើយ ។
          ៦.៩   សាកសពដែលគេចោលនៅក្នុងព្រៃស្មសាន  នៅសល់ តែឆ្អឹងពុកផុយ ជាកំទេចតូចតាច ។
          ក្នុងខនីមួយៗ ទ្រង់ប្រៀបធៀបឲ្យពិចារណា ឃើញអាការៈ របស់សាកសព នីមួយៗថា មានអាការៈយ៉ាងណា ហើយឲ្យបង្អោន កាយរបស់ខ្លួនចូលទៅប្រៀបធៀបថា សូម្បីតែកាយយើងនេះ ក៏មាន សភាពយ៉ាងនោះ មានលក្ខណៈយ៉ាងនោះ មិនរួចផុតពីសភាពនោះ បានឡើយ ។
          ម៉្យាងវិញទៀត ក្នុងកាយានុបស្សនានីមួយៗ នៃបព្វៈទាំងនេះ ទ្រង់ប្រៀបធៀបឲ្យពិចារណាតទៅទៀត ជា ៣ លំដាប់គឺៈ
          ១) ឲ្យពិចារណាកាយខាងក្នុង កាយខាងក្រៅ កាយទាំងខាង ក្នុង កាយទាំងខាងក្រៅ ។
          ២) ឲ្យពិចារណា ទាំងធម៌ដែលជាហេតុកើត និងធម៌ដែលជា ហេតុរលត់ ក្នុងកាយរបស់ខ្លួន ។
          ៣) ឲ្យពិចារណាចូលទៅតាំងសតិ ឆ្ពោះទៅមុខថា កាយមាន នៅ ក៏ត្រឹមតែដើម្បីអាស្រ័យនូវការចម្រើនញាណ (សេចក្តីដឹង) ចម្រើនសតិ (សេចក្តីរព្ញក)ប៉ុណ្ណោះ មិនអាស្រ័យតណ្ហា និង ទិដ្ឋិ មិន ប្រកាន់មាំអ្វីៗក្នុងលោកឡើយ ។ ព្រះអង្គទ្រង់ត្រាស់សរុបថា “ម្នាល ភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញកាយ ក្នុងកាយ យ៉ាងនេះឯង” ។
វេទនានុបស្សនា
          ការពិចារណាវេទនា ក្នុងវេទនាទាំងឡាយ គឺការពិចារណាការ សោយនូវសេចក្តីសុខ ទុក្ខ មិនសុខ មិនទុក្ខ ក្នុងខ្លួនឯង ចែកចេញជា ៩ ប្រភេទគឺៈ
          ១)​ ពេលសោយសុខវេទនា ក៏ដឹងច្បាស់ថា (អាត្មាអញ សោយ​សុខវេទនា) ។
          ២) ពេលសោយទុក្ខវេទនា ក៏ដឹងច្បាស់ថា (អាត្មាអញ សោយទុក្ខវេទនា) ។
          ៣) ពេលសោយអទុក្ខមសុខវេទនា ក៏ដឹងច្បាស់ថា អាត្មាអញ សោយអទុក្ខមសុខវេទនា ។
          ៤) ពេលសោយសុខវេទនាប្រកបដោយអាមិស ក៏ដឹងច្បាស់ ថា អាត្មាអញ សោយសុខវេទនាប្រកដោយអាមិស ។
          ៥) ពេលសោយសុខវេទនា មិនប្រកបដោយអាមិស ក៏ដឹង ច្បាស់ថា អាត្មាអញសោយសុខវេទនា មិនប្រកបដោយអាមិស ។
          ៦) ពេលសោយទុក្ខវេទនា ប្រកបដោយអាមិស ក៏ដឹងច្បាស់ ថា អាត្មាអញ សោយទុក្ខវេទនា ប្រកបដោយអាមិស។
          ៧) ពេលសោយទុក្ខវេទនា មិនប្រកបដោយអាមិស ក៏ដឹង ច្បាស់ថា អាត្មាអញ សោយទុក្ខវេទនា មិនប្រកបដោយអាមិស ។
          ៨) ពេលសោយអទុក្ខមសុខវេទនា ប្រកបដោយអាមិស ក៏ដឹង ច្បាស់ថា អាត្មាអញ សោយអទុក្ខមសុខវេទនា ប្រកបដោយអាមិស ។
          ៩) ពេលសោយអទុក្ខមសុខវេទនា មិនប្រកបដោយអាមិស ក៏ដឹងច្បាស់ថា អាត្មាអញ សោយអទុក្ខមសុខវេទនា មិនប្រកប ដោយអាមិស ។
          ក្នុងវេទនាទាំង ៩ ប្រការនេះ ទ្រង់បង្រៀនឲ្យភិក្ខុពិចារណា វេទនា ជា ៣ លំដាប់គឺៈ
          ១) ឲ្យពិចារណាវេទនាខាងក្នុង ឲ្យពិចារណាវេទនាខាងក្រៅ ឲ្យពិចារណាវេទនា ទាំងខាងក្នុង ទាំងខាងក្រៅ ។
          ២) ឲ្យពិចារណាទាំងធម៌ជាហេតុកើត ទាំងធម៌ជាហេតុរលត់ ក្នុងវេទនាទាំងឡាយ ។
          ៣) ឲ្យតាំងសតិឆ្ពោះទៅរកកម្មដ្ឋានថា វេទនា មានជាប្រក្រតី ក៏ត្រឹមតែសម្រាប់ចម្រើនញាណ និងការចម្រើនសតិប៉ុណ្ណោះ មិន អាស្រ័យ តណ្ហា និង ទិដ្ឋិ ឬប្រកាន់មាំអ្វីៗក្នុងលោកឡើយ ។ ព្រះអង្គត្រាស់សរុបថា “ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ វេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតី យ៉ាងនេះឯង” ។
ចិត្តានុបស្សនា
          ការពិចារណាឃើញចិត្តក្នុងចិត្ត គឺពិចារណាចិត្តរបស់ខ្លួន ឲ្យ ឃើញសភាវៈ ដែលប្រាកដក្នុងខណៈនោះ និងដឹងច្បាស់តាមសេចក្តី ពិត ដោយការតាមដានចិត្ត ៨ គូគឺៈ
          ១) ចិត្តប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈ ។
          ២) ចិត្តប្រកបដោយទោសៈ ចិត្តប្រាសចាកទោសៈ ក៏ដឹង ច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តប្រាសចាកទោសៈ ។
          ៣) ចិត្តប្រកបដោយមោហៈ ចិត្តប្រាសចាកមោហៈ ក៏ដឹង ច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តប្រាសចាកមោហៈ ។
          ៤) ចិត្តប្រកបដោយថីនមិទ្ធៈ ចិត្តប្រាសចាកថីនមិទ្ធៈ ក៏ដឹង ច្បាស់ថា ចិត្តប្រកបដោយថីនមិទ្ធៈ ចិត្តប្រាសចាកថីនមិទ្ធៈ ។
          ៥) ចិត្តជាមហគ្គតៈ ចិត្តមិនមែនជាមហគ្គតៈ ក៏ដឹងច្បាស់ថា
ចិត្តជាមហគ្គតៈ ចិត្តមិនមែនជាមហគ្គតៈ ។
          ៦) ចិត្តមានចិត្តដទៃក្រៃលែងជាង ចិត្តមិនមានចិត្តដទៃ ក្រៃលែងជាង ក៏ដឹងច្បាស់ថា ចិត្តមានចិត្តដទៃក្រៃលែងជាង ចិត្តមិន មានចិត្តដទៃក្រៃលែងជាង ។
          ៧) ចិត្តជាសមាធិ ចិត្តមិនមែនជាសមាធិ ក៏ដឹងច្បាស់ថា ចិត្ត ជាសមាធិ ចិត្តមិនមែនជាសមាធិ ។
          ៨) ចិត្តដែលរួចផុតហើយ និងចិត្តដែលមិនទាន់រួចផុត ក៏ដឹង ច្បាស់ថា ចិត្តដែលរួចផុតហើយ និងចិត្តដែលមិនទាន់រួចផុត ។
នៅក្នុងចិត្តទាំង ៨ គូ នេះ ទ្រង់ឲ្យភិក្ខុពិចារណា​ចិត្តជា ៣ លំដាប់គឺៈ
          ១) ឲ្យពិចារណាចិត្តខាងក្នុង ចិត្តខាងក្រៅ ចិត្តទាំងខាងក្នុង ចិត្តទាំងខាងក្រៅ ។
          ២)     ឲ្យពិចារណាធម៌ជាហេតុកើត និង ធម៌ជាហេតុរលត់ ក្នុងចិត្តរបស់ខ្លួន ។
          ៣)     ឲ្យតាំងសតិឆ្ពោះទៅរកកម្មដ្ឋានថា ចិត្តមានជាប្រក្រតី ក៏ត្រឹមតែ ដើម្បីអាស្រ័យនូវការចម្រើនញាណ ចម្រើនសតិប៉ុណ្ណោះ មិនអាស្រ័យ “តណ្ហា និង ទិដ្ឋិ” មិនប្រកាន់ខ្ជាប់អ្វីៗក្នុងលោកឡើយ។ ហើយទ្រង់ត្រាស់សរុបថា “ម្នាលភិក្ខុទាំងឡាយ  ភិក្ខុពិចារណាឃើញ ចិត្តក្នុងចិត្ត យ៉ាងនេះឯង” ។
ធម្មានុបស្សនា
          ការពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គឺ ពិចារណាថា ក្នុងខណៈនេះ មានធម៌អ្វីនៅក្នុងចិត្ត របស់ខ្លួន ក៏ដឹងច្បាស់ធម៌នោះៗ ដោយពិចារណាធម៌ទាំងជា កុសល អកុសល និង អព្យាក្រិត ដោយបែងចែកការពិចារណាជា ៥ ពួកគឺៈ
ពួកទី ១  នីវរណបព្វៈ
          នីវរណៈ គឺពួកធម៌ដែលរារាំងចិត្ត មិនឲ្យសម្រេចនូវកុសលធម៌ មាន ៥ ប្រការគឺៈ
          ១) កាមច្ឆន្ទៈ             ការត្រេកអរក្នុងកាម ។
          ២) ព្យាបាទៈ              ការព្យាបាទ ។
          ៣) ថីនមិទ្ធៈ              ការរុញរា ងោកងុយ ងុយដេក ។
          ៤) ឧទ្ធច្ចកុក្កុច្ចៈ          សេចក្តីរាយមាយអណ្តែតអណ្តូង ។
          ៥) វិចិកិច្ឆា​              ការសង្ស័យមិនចេះចប់ ។
ទ្រង់បង្រៀនឲ្យភិក្ខុកំណត់ពិចារណានីវរណធម៌ តាមលំដាប់ដូច្នេះគឺៈ
          ១) ពេលមាននីវរណធម៌ ខណាមួយនៅក្នុងចិត្ត ក៏ឲ្យដឹង ច្បាស់នីវរណធម៌នោះ ។
          ២) នីវរណធម៌ ខនីមួយៗដែលមិនកើតឡើង   ដោយហេតុ ណា ក៏ដឹងច្បាស់នូវហេតុនោះ ។
            ៣) នីវរណធម៌ ខនីមួយៗដែលកើតឡើង និងលះបានដោយ ហេតុណា ក៏ឲ្យដឹងច្បាស់នូវហេតុនោះ ។
          ៤) នីវរណធម៌ខនីមួយៗ ដែលលះបង់បានហើយ មិនកើត ឡើងតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ ។
ពួកទី ២ ខន្ធបព្វៈ
          បញ្ចក្ខន្ធ (ខន្ធ ៥) គឺពួកធម៌ ដែលពោលអំពីឧបាទានក្ខន្ធ ឲ្យ ពិចារណា កំណត់ដឹងខន្ធ ៥ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ តាមស្ថាន ៣ ប្រការគឺ ១.ការមាន គឺមានយ៉ាងដូចម្តេច ២.ការកើត គឺកើតឡើងបានយ៉ាងដូចម្តេច ៣.ការរលត់ គឺរលត់ទៅបាន យ៉ាងដូចម្តេច ។
ពួកទី ៣ អាយតនបព្វៈ
          អាយតនៈ ១២  គឺពួកធម៌  ដែលពោលអំពីអាយតនៈខាងក្នុង
៦ បានដល់ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត និង អាយតនៈ ខាងក្រៅ ៦ បានដល់ រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ។
ទ្រង់សម្តែងកំណត់ជាវគ្គ ឲ្យពិចារណាអាយតនៈដូច្នេះគឺៈ
          ១) ឲ្យកំណត់អាយតនៈខាងក្នុង អាយតនៈខាងក្រៅ គ្រប់ ចំណុចនីមួយៗ ។
          ២) ត្រូវដឹងឲ្យច្បាស់ថា សំយោជនៈកើតឡើង ព្រោះអាស្រ័យ អាយតនៈ​នោះៗ ។
          ៣) ត្រូវដឹងឲ្យច្បាស់ថា សំយោជនកិលេសដែលមិនទាន់កើត ឡើង កើតឡើងបានយ៉ាងដូចម្តេច ដែលកើតឡើងហើយ លះបង់ បានយ៉ាងដូចម្តេច ដែលលះបង់បានហើយ មិនកើតឡើងទៀត បាន យ៉ាងដូចម្តេច ។
ពួកទី ៤ ពោជ្ឈង្គបព្វៈ
ពោជ្ឈង្គៈ គឺអង្គធម៌ជាគ្រឿងត្រាស់ដឹងមាន ៧ ប្រការគឺៈ
          ១)  សតិសម្ពោជ្ឈង្គៈ         ធម៌ជាអង្គនៃការត្រាស់ដឹងគឺសតិ សេច- ក្តី រព្ញកបាន ។
          ២) ធម្មវិចយសម្ពោជ្ឈង្គៈ ធម៌ជាអង្គនៃការត្រាស់ដឹងគឺ ការ ពិចារណាធម៌ឲ្យល្អិតល្អន់ ។
          ៣) វិរិយសម្ពោជ្ឈង្គៈ       ធម៌ជាអង្គនៃការត្រាស់ដឹងគឺ សេចក្តី ព្យាយាម ។
          ៤) បីតិសម្ពោជ្ឈង្គៈ        ធម៌ជាអង្គនៃការត្រាស់ដឹងគឺ សេចក្តី ឆ្អែតស្កប់ស្កល់ក្នុងចិត្ត ។
          ៥) ​បស្សទ្ធិសម្ពោជ្ឈង្គៈ   ធម៌ជាអង្គនៃការត្រាស់ដឹងគឺ សេចក្តី ស្ងប់កាយ ស្ងប់ចិត្ត ។
          ៦) សមាធិសម្ពោជ្ឈង្គៈ   ធម៌ជាអង្គនៃការត្រាស់ដឹងគឺ ការ តាំងចិត្តមាំ ចិត្តស្ងប់ ។
          ៧) ឧបេក្ខាសម្ពោជ្ឈង្គៈ  ធម៌ជាអង្គនៃការត្រាស់ដឹងគឺ ការតាំង ចិត្តជាកណ្តាល ។
       វិធីពិចារណា គឺពិចារណាឲ្យដឹងច្បាស់ក្នុងខណៈនោះៗ ថា ពោជ្ឈង្គៈ ៧ ខនីមួយៗ មាននៅក្នុងខ្លួនឬទេ ដែលមិនទាន់កើត កើត ឡើងបានយ៉ាងដូចម្តេច ដែលកើតឡើងហើយ ចម្រើនឲ្យពេញបរិបូរ បានយ៉ាងដូចម្តេច ។
ពួកទី ៥ សច្ចបព្វៈ
          សច្ចៈ ៤ ទ្រង់បង្រៀនឲ្យភិក្ខុឃើញធម៌ ក្នុងធម៌ទាំងឡាយ ដឹង ច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ នេះជាហេតុនៃសេចក្តីទុក្ខ នេះ ជាទីរំលត់ទុក្ខ នេះជាផ្លូវបដិបត្តិ ដើម្បីចេញចាកទុក្ខ ។
          បន្ទាប់ពីនោះមក ទ្រង់សម្តែងអំពីទុក្ខអរិយសច្ចនិទ្ទេសថា ទុក្ខ អរិយសច្ច បានដល់ ជាតិ ជរា ព្យាធិ មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្សៈ ឧបាយាសៈ ការជួបប្រទះនូវរបស់ មិនជាទីស្រឡាញ់ ក៏ជាទុក្ខ ការប្រាសចាកនូវរបស់ ជាទីស្រឡាញ់ក៏ជាទុក្ខ  ការមិនបាន វត្ថុដែលជាទីស្រឡាញ់ ក៏ជាទុក្ខ និងទ្រង់សរុបថា ឧបាទានក្ខន្ធ ក៏ជា ទុក្ខ យ៉ាងនេះ ។
          ទ្រង់សម្តែងសមុទយអរិយសច្ចនិទ្ទេសថា ទុក្ខសមុទយអរិយ សច្ចៈ ដូចម្តេច អ្វីជា បិយរូប សាតរូប (សភាវៈដែលគួរឲ្យស្រឡាញ់ ពេញចិត្តនាំឲ្យកើតតណ្ហា) ក្នុងលោក? ទ្រង់អធិប្បាយ អាយតនៈ ខាងក្នុង មានចក្ខុជាដើម អាយតនៈខាងក្រៅ មានរូបជាដើម វិញ្ញាណ ៦ មាន ចក្ខុវិញ្ញាណជាដើម សម្ផស្ស ៦ មានចក្ខុសម្ផស្ស ជាដើម វេទនា ៦ មានរូបវេទនា ជាដើម សញ្ញា ៦ មានរូបសញ្ញាជាដើម សញ្ចេតនា ៦ មានរូបសញ្ចេតនាជាដើម តណ្ហា ៦ មានរូបតណ្ហា ជាដើម  វិតក្កៈ ៦ មានរូបវិតក្កៈ ជាដើម វិចារៈ ៦ មានរូបវិចារៈជាដើម គ្រប់ចំណុចនីមួយៗ ជាបិយរូប សាតរូប ក្នុងលោក ។ តណ្ហា
ពេលកើតឡើង ក៏កើតឡើង ក្នុងធម៌ទាំងនេះ ពេលតាំងនៅ ក៏តាំង នៅក្នុងធម៌ទាំងនេះ ។
ទ្រង់សម្តែងនិរោធអរិយសច្ចនិទ្ទេសថា ទុក្ខនិរោធអរិយសច្ចៈ ដូចម្តេច? អ្វីជាបិយរូប សាតរូប ក្នុងលោក? សេចក្តីអធិប្បាយនៃ ការរំលត់តណ្ហា (និរោធសច្ចៈ) នេះមានន័យផ្ទុយគ្នាពី សមុទយសច្ច និទ្ទេស ខាងដើម ។
 ទ្រង់សម្តែង មគ្គសច្ចនិទ្ទេសថា តើទុក្ខនិរោធគាមិនីបដិបទា ដូចម្តេច? ទ្រង់អធិប្បាយថា បានដល់ អរិយមគ្គ ប្រកបដោយអង្គ ៨ មានសម្មាទិដ្ឋិ ជាដើម ។ បន្ទាប់ពីនោះ ទ្រង់អធិប្បាយ អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការ គ្រប់ចំណុច ដូចជាសម្មាទិដ្ឋិ គឺការយល់ ដឹងក្នុងទុក្ខក្នុងសមុទ័យ ក្នុងទុក្ខនិរោធ និង ក្នុងទុក្ខនិរោធគា- មិនីបដិបទា ជាដើម ។
          បន្ទាប់មកទៀត ទ្រង់បង្រៀនឲ្យភិក្ខុឃើញធម៌ ក្នុងធម៌ទាំងឡាយ
ក្នុងលក្ខណៈផ្សេងៗ ៣ លំដាប់គឺៈ
          ១) ឲ្យពិចារណាធម៌ខាងក្នុង ធម៌ខាងក្រៅ ធម៌ទាំងខាងក្នុង
ធម៌ទាំងខាងក្រៅ ។
          ២) ឲ្យពិចារណាធម៌ជាហេតុកើត និង ធម៌ជាហេតុរលត់ ក្នុង ធម៌ទាំងឡាយ ។
          ៣) ឲ្យតាំងសតិ ឆ្ពោះទៅរកកម្មដ្ឋានថា ធម៌មាននៅជាប្រក្រតី ក៏ត្រឹមតែដើម្បីអាស្រ័យនូវការចម្រើនញាណ និង ការចម្រើនសតិ ប៉ុណ្ណោះ មិនអាស្រ័យតណ្ហា និង ទិដ្ឋិ មិនប្រកាន់ខ្ជាប់នូវអ្វីៗក្នុងលោក ឡើយ ។ ហើយទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី យ៉ាងនេះឯង” ។
ភាគនិគមន៍
អានិសង្ស នៃ ការចម្រើនសតិប្បដ្ឋាន ៤
          ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្តែងអានិសង្សនៃ ការចម្រើនសតិប្ប- ដ្ឋាន ជានិគមវចនៈ ថា បុគ្គលចម្រើនសតិប្បដ្ឋាន អស់រយៈពេល ៧ ឆ្នាំ ៦ ឆ្នាំ ៥ ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំ ។ អស់រយៈពេល ៧ខែ ៦ខែ ៥ខែ ៤ខែ ៣ខែ ២ខែ ១ខែ អស់រយៈពេល កន្លះខែ ឬអស់រយៈពេល ៧ ថ្ងៃ គង់នឹងបានសម្រេចផលណាមួយ បណ្តាផលទាំង ២ យ៉ាងគឺ អរហត្តផលក្នុងបច្ចុប្បន្ន ឬបើមាន ឧបាទានសល់នៅ ក៏នឹងបានជា ព្រះអនាគាមី ។ ហើយទ្រង់ត្រាស់សរុបថា “ផ្លូវនេះ ជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធ នៃសត្វទាំងឡាយ ដើម្បីកំចាត់បង់នូវ សេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់ទុក្ខ និងទោមនស្ស ដើម្បីសម្រេចនូវញេយ្យធម៌ (អរិយមគ្គ) ដើម្បីធ្វើឲ្យជាក់ច្បាស់នូវ ព្រះនិព្វាន ។ ផ្លូវនោះ គឺសតិប្បដ្ឋាន ៤ ប្រការ តថាគត អាស្រ័យផ្លូវនេះឯង ទើបពណ៌នាដូចពោលមកនេះ ។
កាលព្រះសម្មាសម្ពុទ្ធ ត្រាស់សម្តែងចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះពុទ្ធភាសិតនេះ ក្រៃពេក ៕
ចំណុចគួរសង្កេត
          សូមសង្កេតមើលថា ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងសតិប្បដ្ឋាន ទុកក្នុងទីផ្សេងៗច្រើនកន្លែង ដូចមានប្រាកដក្នុងព្រះសុត្តន្តបិដក និង ព្រះអភិធម្មបិដក ប៉ុន្តែដែលត្រាស់សម្តែងទុកដោយពិស្តារ ដែលហៅ ថា ព្រះសូត្រធំនោះ មានប្រាកដ ពីរកន្លែងប៉ុណ្ណោះ គឺក្នុងព្រះសូត្រ នេះ និងក្នុងមជ្ឈិមកាយ មូលបណ្ណាសកៈ ។ ចំណុចដែលគួរសង្កេត តទៅទៀតនោះគឺ អដ្ឋកថារបស់ទីឃនិកាយ មហាវគ្គ និង អដ្ឋកថា របស់មជ្ឈិមនិកាយមូលបណ្ណាសកៈ កត់ត្រាទុកច្បាស់ថា សតិប្បដ្ឋាន ក្នុងមជ្ឈិមនិកាយ មូលបណ្ណាសកៈ មានឈ្មោះថា សតិប្បដ្ឋានសូត្រ រីឯក្នុងទីឃនិកាយ មហាវគ្គនេះ មានឈ្មោះថា មហាសតិប្បដ្ឋាន សូត្រ ។ អដ្ឋកថាទាំងពីរក្បាលនេះ កត់ត្រាទុកច្បាស់ថា ព្រះសូត្រ ទាំង ២ នេះ ចាត់ចូលនៅក្នុងព្រះសូត្រ ដែលមានអត្ថជ្រាលជ្រៅ ទាំង ៨ សូត្រគឺ នៅក្នុងទីឃនិកាយពីរសូត្រគឺ មហានិទានសូត្រ និង មហាសតិប្បដ្ឋានសូត្រ ក្នុងមជ្ឈិមនិកាយ ៦ សូត្រគឺ សតិប្បដ្ឋាន សូត្រ សារោបមសូត្រ រុក្ខោបមសូត្រ រដ្ឋបាលសូត្រ មាគណ្ឌិយសូត្រ និង អានេញ្ជសប្បាយសូត្រ ។ ព្រះសូត្រទាំងនេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្តែងដល់ពុទ្ធបរិស័ទដែនកុរុ ព្រោះពួកគេ មានការចាប់ អារម្មណ៍ ក្នុងការរៀនធម៌ និង បដិបត្តិធម៌យ៉ាងខ្លាំងក្លាណាស់ លោកឧបមាទុកថា បុរសដែលបានប្រអប់មាសហើយ យកផ្កាមាន ប្រភេទផ្សេងៗមកទុកក្នុងប្រអប់នោះ យ៉ាងណា ឬបុរសបានហិប មាសហើយ យករតនៈ ៧ ប្រការ មកទុកក្នុងហិបនោះ យ៉ាងណា ព្រះសម្មាសម្ពុទ្ធ ទ្រង់បានពុទ្ធបរិស័ទអ្នកដែនកុរុ ហើយក៏ទ្រង់សម្តែង ព្រះធម៌ទេសនា ដែលមានអត្ថដ៏ជ្រាលជ្រៅ ដល់ពុទ្ធបរិស័ទនោះ យ៉ាងនោះ ដូចគ្នា ៕


ខ្លឹមសារដែលគួរសិក្សា                       សារសំខាន់ដែលគួរសិក្សាដោយលំអិតគឺៈ
     ១) វិភាគ អត្ថន័យ និងគោលការណ៍ របស់សតិប្បដ្ឋាន ៤ ។
     ២) វិភាគសារៈសំខាន់នៃការចម្រើនសតិប្បដ្ឋាន ៤ ។
     ៣) ហ្វឹកហាត់ចម្រើនសតិប្បដ្ឋាន តាមដែលទ្រង់អធិប្បាយ ។
     ៤) វិភាគផលនៃការចម្រើនសតិប្បដ្ឋាន ៤ ៕
“ចប់មហាសតិប្បដ្ឋានសូត្រ”
 å®å

0 comments:

Post a Comment