Pages

Thursday 28 July 2011

Phra: Sot Khmer

៣ មហាបរិនិព្វានសូត្រ                (សម្តែងអំពីហេតុការណ៍សំខាន់ៗ មុនការបរិនិព្វាន និងក្រោយការបរិនិព្វាន របស់ ព្រះពុទ្ធសមណគោតម)
សេចក្តីសង្ខេប
     មហាបរិនិព្វានសូត្រ គឺជាសូត្រដែលប្រមូលចងក្រងរឿង ដោយ ប្រមូលហេតុការណ៍ និងព្រះធម៌ទេសនា ដែលកើតឡើង ក្នុងកាល ដែលទ្រង់ចារិក សម្តែងធម៌ ចុងក្រោយបំផុត របស់ព្រះសម្មាសម្ពុទ្ធ មករួមទុកចំនួន ៦ ភាណវារៈ ចែកចេញជា ៤៤ វគ្គ សម្តែង ដោយរឿងផ្សេងៗ ដូចតទៅនេះ៖
ភាណវារៈទី ១
១.រឿងវស្សការព្រាហ្មណ៍                 ២.រឿងរាជអបរិហានិយធម៌
៣.រឿងភិក្ខុអបរិហានិយធម៌           ៤.រឿងព្រះសារីបុត្តបន្លឺសីហនាទ
៥.រឿងទោសរបស់បុគ្គលទ្រុស្តសីល  ៦.រឿងអានិសង្សរបស់អ្នកមានសីល
ភាណវារៈទី ២
៧.រឿងកសាងក្រុងបាដលីបុត្ត          ៨.រឿងអរិយសច្ច ៤ ប្រការ
៩.រឿងការមិនត្រឡប់ និង សម្រេចសម្ពោធិក្នុងថ្ងៃខាងមុខ
១០.រឿងគោលធម៌ដែលឈ្មោះថាពៀរ          ១១.រឿងនាងអម្ពបាលី
១២.រឿងទ្រង់ចូលវស្សានៅក្នុងវេឡុវគ្រាម ។
ភាណវារៈទី ៣
១៣.រឿងនិមិត្តឳភាស                 ១៤.រឿងមារក្រាបទូលឲ្យបរិនិព្វាន
១៥.រឿងទ្រង់ដាក់ព្រះជន្មាយុសង្ខារ   ១៦.រឿងហេតុដែលធ្វើឲ្យផែន 
                                                ដីរំជួយ ​៨ ប្រការ ។
១៧.រឿងបរិស័ទ ៨ ពួក        ១៨.រឿងអភិភាយតនៈ ៨ ប្រការ
១៩.រឿងវិមោក្ខ ៨ ប្រការ       ២០.ទ្រង់និទានរឿងមារ
២១.រឿងព្រះអានន្ទក្រាបទូលឲ្យទ្រង់គង់នៅតទៅទៀត ។
២២.រឿងទ្រង់សម្តែងអានុភាពរបស់ឥទ្ធិបាទ ៤ ប្រការ ។
២៣.រឿងសំវេជនីយធម៌        ២៤.រឿងទ្រង់ទតព្រះនេត្រក្រុងវេសាលី ជាលើកចុងក្រោយ ។

ភាណវារៈទី ៤
២៥.រឿងមហាបទេស ៤ ប្រការ        ២៦.រឿងនាយចុន្ទកាមារបុត្ត
២៧.រឿងទទួលបញ្ជាទៅដងទឹក       ២៨.រឿងបុក្កុសមល្លបុត្ត
២៩.រឿងស្តេចទៅគង់ក្រោមដើមសាលព្រឹក្ស
៣០.រឿងព្រះឧបវាណថេរ     ៣១.រឿងសំវេជនីយដ្ឋានទាំង ៤ កន្លែង
៣២.រឿងសំនួរ របស់ព្រះអានន្ទ        ៣៣.រឿងថូបារហបុគ្គល
៣៤.រឿងភាពអស្ចារ្យ របស់ព្រះអានន្ទ ។
៣៥.រឿងទ្រង់សម្តែងមហាសុទស្សនសូត្រ​ ។
៣៦.រឿងការថ្វាយអភិវាទរបស់ស្តេចមល្លៈ​។
៣៧.រឿងសុភទ្ទបរិព្វាជក ។
ភាណវារៈទី ៦
៣៨.រឿងបច្ឆិមឳវាទ                      ៣៩.រឿងពុទ្ធបរិនិព្វាន ។
៤០.រឿងបូជាពុទ្ធសរីរៈ                   ៤១.រឿងព្រះមហាកស្សបត្ថេរ ។
៤២.រឿងការថ្វាយព្រះភ្លើង       ៤៣.រឿងការចែកព្រះបរមសារីរិកធាតុ
៤៤.រឿងបូជាព្រះបរមសារីរិកធាតុ និងការសាងព្រះស្តូប ។
     ខ្លឹមសារខ្លះ សរសេរទុកដោយសង្ខេប ហើយមានសេចក្តីពិស្តារ ដោយបំបែកឲ្យទៅជាព្រះសូត្រផ្សេងទៀតក៏មាន ដូចជា មហាសុ- ទស្សនសូត្រ ជនវសភសូត្រ សម្បសាទនីយសូត្រ នៅក្នុង ទីឃ- និកាយនេះ ។ វគ្គខ្លះប្រាកដ ក្នុងគម្ពីរផ្សេងៗ ទាំងក្នុងសុត្តន្តបិដក ព្រះវិន័យ ព្រះអភិធម្មបិដក ព្រោះលោកបែងចែកជាវគ្គតាមកណ្ឌ ផ្សេងៗ ដូចបានពោលហើយ ។
វគ្គទី ១-
          សម័យមួយ ពេលដែលព្រះសម្មាសម្ពុទ្ធគង់លើភ្នំគិជ្ឈកូដ ក្រុង រាជគ្រឹះ ។ កាលនោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យដែនមគធៈ បានចូលគាល់ ក្រាបទូលសួរ តាមពាក្យបញ្ជារបស់ព្រះបាទ អជាត សត្រូវថា ស្តេចនឹងទៅបង្ក្រាបដែនវជ្ជី ជីករំលើងពួកស្តេចវជ្ជី ​ដែលមាន ប្ញទ្ធិអានុភាពច្រើន ឲ្យវិនាសសាបសូន្យ ។ ព្រះរាជាអង្គនោះ បានបញ្ជាឲ្យរាជអាមាត្យចាំសង្គេតពាក្យពេចន៍ របស់ព្រះសម្មាសម្ពុទ្ធ ដើម្បីកំណត់ចំណាំថា តើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករណ៍រឿងនេះ ដូចម្តេច?    ហើយពេលត្រឡប់មកវិញ    ត្រូវក្រាបទូលព្រះបាទ
អជាតសត្រូវ តាមលំដាប់លំដោយ ។
          ព្រះសម្មាសម្ពុទ្ធ ត្រាស់សួរព្រះអានន្ទ  ដែលកំពុងបក់ផ្លិតថ្វាយ ព្រះអង្គ ក្នុងខណៈនោះថា ពួកស្តេចវជ្ជី នៅបដិបត្តិខ្ជាប់ខ្ជួនតា​មរាជ អបរិហានិយធម៌ទាំង ៧ ប្រការឬទេ? ពេលព្រះអានន្ទក្រាបទូលថា នៅបដិបត្តិខ្ជាប់ខ្ជួននៅឡើយ ទើបទ្រង់ព្យាករណ៍ថា ដរាបណាពួក​សេ្តច វជ្ជីនៅបដិបត្តិតាមអបរិហានិយធម៌ ៧ ប្រការនៅឡើយ ដរាបនោះពួក ស្តេចវិជ្ជី នៅតែរឹងមាំរីកចម្រើនតែម្យ៉ាង មិនមានការសាបសូន្យឡើយ ។
រាជអបរិហានិយធម៌ ៧ ប្រការគឺ
          ១.ជួបប្រជុំគ្នារឿយៗ ។
          ២.ព្រមព្រៀងគ្នាប្រជុំព្រមព្រៀងលើកការប្រជុំ និងព្រមព្រៀង គ្នា ធ្វើកិច្ចការដែលត្រូវធ្វើ ។
៣.មិនចេះតែបញ្ញត្តិច្បាប់បន្ថែម មិនដកចោលច្បាប់ ដែល បានបញ្ញត្តិទុកហើយ គោរពបដិបត្តិតាមវជ្ជីធម៌ ដែលបញ្ញតិ្តទុកហើយ តាំងពីដើម ។
 ៤.គោរពអ្នកមានគុណធម៌ ឬ មានអាយុច្រើនជាង ស្តាប់ ពាក្យណែនាំរបស់លោក ។
៥. មិនបង្ខំស្រ្តីឲ្យមករួមសង្វាសជាមួយ ។
៦.គោរពបូជាចេតិយក្នុងដែនវជ្ជីដោយយកចិត្តទុកដាក់ ។
៧.ចាត់ការរក្សាការពារសមណព្រាហ្មណ៍ និងឧបត្ថម្ភឲ្យនៅ ជាសុខ ។
          ហើយទ្រង់សម្តែងឲ្យវស្សការព្រាហ្មណ៍ស្តាប់ថា ព្រះអង្គធ្លាប់ សម្តែងរឿងអបរិហានិយធម៌ ដល់ពួកស្តេចវជ្ជីដើម្បីបដិបត្តិ សូម្បីត្រឹម តែ ១ ប្រការ ក៏នឹងមានសេចក្តីចម្រើនដែរ មិនមានសេចក្តីវិនាស មិនចាំបាច់ប្រតិបត្តិគ្រប់ទាំង ៧ ប្រការ ក៏បាន ។ ព្រះសម្មាសម្ពុទ្ធ សម្តែងឲ្យឃើញថា ព្រះបាទអជាតសត្រូវ មិនគួរធ្វើសង្គ្រាម ជាមួយ ស្តេចវជ្ជី ឡើយ គប្បីប្រើវិធីផ្សះផ្សាការទូតប្រសើរជាង បើមិនដូច្នោះទេ មានតែការបែកបាក់សាមគ្គីគ្នាប៉ុណ្ណោះ ហើយព្រាហ្មណ៍ក៏ថ្វាយបង្គំ​លាត្រឡប់ទៅវិញ ។
          ក្រោយអំពីវស្សការព្រាហ្មណ៍ត្រឡប់ទៅវិញ មិនយូរប៉ុន្មាន ព្រះ សម្មាសម្ពុទ្ធត្រាស់បញ្ជាឲ្យព្រះអានន្ទ ប្រជុំសង្ឃទាំងអស់ដែលគង់ក្នុង ក្រុ​ងរាជគ្រឹះ ក្នុងខណៈនោះ ហើយទ្រង់សម្តែងធម្មទេសនា រឿងអបរិហា- និយធម៌សម្រាប់ភិក្ខុ ឬ ភិក្ខុអបរិហានិយធម៌រួមទាំងអស់ ៦ ពួកគឺៈ
ពួកទី ១ មាន ៧ ប្រការ
          ១.ប្រជុំគ្នារឿយៗ ។
២.ព្រមព្រៀងគ្នាប្រជុំ  ព្រមព្រៀងគ្នាលើកការប្រជុំ និង ព្រម ព្រៀងគ្នាធ្វើកិច្ចការដែលត្រូវធ្វើ ។
៣.មិនបញ្ញត្តិ សិក្ខាបទ ដែលទ្រង់មិនបញ្ញត្តិទុក មិនដកចេញ នូវសិក្ខាបទដែលទ្រង់បញ្ញត្តិទុកហើយ បដិបត្តិខ្ជាប់ខ្ជួនតាមសិក្ខាបទ ដែលទ្រង់បញ្ញត្តិទុក ។
 ៤.គួរគោរពភិក្ខុជាថេរៈដែលចាស់វស្សាជាង ជាសង្ឃនាយក និង ស្តាប់ឳវាទលោក ។
៥.មិនធ្លាក់ចុះក្នុងអំណាចតណ្ហា ។
៦.ប្រាថ្នាចំពោះសេនាសនៈស្ងាត់ ។
៧.តាំងសតិទុកថា មិត្តសព្រហ្មចារីទាំងឡាយ អ្នកមាន សីលគប្បីមក ដែលមកហើយ គប្បីនៅជាសុខ ។
ពួកទី ២ មាន ៧ ប្រការ
     ១.មិនត្រេកអរនឹងការងារ           ២.មិនចូលចិត្តនិយាយចរចា
     ៣.មិនចូលចិត្តការដេក             ៤.មិនជំពាក់វាក់វិននឹងពួកគណៈ
     ៥.មិនមានសេចក្តីប្រាថ្នាដ៏លាមក ៦.មិនមានមិត្តអាក្រក់ ។
៧.មិនធ្វេសប្រហែស ព្រោះខ្លួនបានសម្រេចគុណវិសេសជាន់ទាប ។
ពួកទី ៣ មាន ៧ ប្រការ
          ១.មានសទ្ធា                      ២.មានហិរិ         
          ៣.មានឳត្តប្បៈ                   ៤.ជាពហុស្សូត                  
          ៥.ប្រារព្វសេចក្តីព្យាយាម      ៦.មានសតិតាំងមាំ   
          ៧.មានបញ្ញា ។
ពួកទី ៤ មាន ៧ ប្រការ
        ១.ចម្រើនសតិសម្ពោជ្ឈង្គ        ២.ចម្រើនធម្មវិចយសម្ពោជ្ឍង្គ
៣.ចម្រើនវិរិយសម្ពោជ្ឈង្គ         ៤.ចម្រើនបីតិសម្ពោជ្ឈង្គ   
៥.ចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ      ៦.ចម្រើនសមាធិសម្ពោជ្ឈង្គ
៧.ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ។
ពួកទី ៥ មាន ៧ ប្រការ
          ១.ចម្រើនអនិច្ចសញ្ញា           ២.ចម្រើនអនត្តសញ្ញា
          ៣.ចម្រើនអសុភសញ្ញា         ៤.ចម្រើនអាទីនវសញ្ញា
          ៥.ចម្រើនបហានសញ្ញា         ៦.ចម្រើនវិរាគសញ្ញា
          ៧.ចម្រើននិរោធសញ្ញា ។
ពួកទី ៦ មាន ៦ ប្រការ
          ១.មានមេត្តាកាយកម្មចំពោះមិត្តសព្រហ្មចារីទាំងឡាយ ក្នុងទី ចំពោះមុខ និង ទីកំបាំងមុខ ។
          ២.មានមេត្តាវចីកម្ម ចំពោះមិត្តសព្រហ្មចារីទាំងឡាយ ទាំងក្នុង ទីចំពោះមុខ និង ទីកំបាំងមុខ ។
          ៣.មានមេត្តាមនោកម្ម ចំពោះមិត្តសព្រហ្មចារីទាំងឡាយ ទាំង ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ។
          ៤.បរិភោគដោយបែងចែកលាភទាំងឡាយ ដែលបានមកដោយ ធម៌ ​ដោយហោចទៅ សូម្បីតែចង្ហាន់បិណ្ឌបាត ក៏បរិភោគរួមជាមួយ មិត្តសព្រហ្មចារីទាំងឡាយអ្នកមានសីល ។
          ៥.មានសីលបរិបូរ មិនដាច់ ធ្លុះ ពព្រុះ ពពាល ជាសីលបរិសុទ្ធ ដែលបណ្ឌិតទាំងឡាយតែងពោលសរសើរ ជាសីលមិនត្រូវតណ្ហា និង ទិដ្ឋិគ្របសង្កត់ ប្រព្រឹត្តទៅដើម្បីសមាធិ ស្មើគ្នាជាមួយនឹងមិត្តសព្រហ្ម ចារីទាំងឡាយ ទាំងក្នុងទីចំពោះមុខ និងទីកំបាំងមុខ ។
            ៦.មានអរិយទិដ្ឋិ (សម្មាទិដ្ឋិ) ដែលជាធម៌នាំចេញ ដើម្បីរំលត់ទុក្ខ ដោយប្រពៃដល់អ្នកប្រតិបត្តិស្មើគ្នា  ជាមួយមិត្ត សព្រហ្មចារីទាំងឡាយ ទាំងក្នុងទីចំពោះមុខ និងទីកំបាំងមុខ ។
          ក្នុងខណៈពេលនោះដែរ ទ្រង់សម្តែងធម្មកថា ដែលទាក់ទង នឹង សីល សមាធិ បញ្ញា ដោយអនេកបរិយាយ ។ បន្ទាប់ពីនោះ ព្រះសម្មាសម្ពុទ្ធ មួយអន្លើដោយ ភិក្ខុសង្ឃប្រមាណ ៥០០ រូប ចុះចាក ភ្នំគិជ្ឈកូដ សំដៅទៅព្រះរាជឧទ្យាន អម្ពលដ្ឋិកា (សួនស្វាយ) ព្រះអង្គប្រថាប់ ក្នុងទីនោះ ហើយទ្រង់សម្តែងធម្មទេសនាអំពី សីល សមាធិ បញ្ញា ដល់ភិក្ខុទាំងឡាយ ។ រួចហើយ ទ្រង់បន្តដំណើរទៅ ស្រុក នាឡន្ទា ព្រះអង្គក៏ប្រថាប់នៅក្នុងបាវារិកម្ពវ័ន (សួនស្វាយរបស់ បាវារិកសេដ្ឋី) ដែនមគធៈ ។
វគ្គទី ៤
          ព្រះសារីបុត្ត  បានចូលទៅគាល់ព្រះសម្មាសម្ពុទ្ធ ខណៈដែល ព្រះអង្គគង់នៅក្នុងបាវារិកម្ពវ័ន ហើយបានក្រាបទូល អំពីសេចក្តី ជ្រះថ្លា របស់ខ្លួនចំពោះព្រះសម្មាសម្ពុទ្ធ ដោយសេចក្តីអង់អាចក្លាហាន ដូចជាសម្រែកនៃសត្វសីហៈថា មិនធ្លាប់មាន នឹង មិនមាន ហើយ រមែងមិនមាន សមណព្រាហ្មណ៍ដទៃ ដែលមានបញ្ញាក្នុងផ្លូវសម្ពោធិ- ញ្ញាណ ឲ្យក្រៃលែងជាងព្រះសម្មាសម្ពុទ្ធឡើយ ។
          ពេលទ្រង់ត្រាស់ថា ព្រះថេរៈដែលមិនមានចេតោបរិយញ្ញាណ (បញ្ញាដែលដឹងវារៈចិត្ត) របស់ព្រះសម្មាសម្ពុទ្ធទាំងឡាយ ក្នុងអតីត អនាគត និង បច្ចុប្បន្ន តើនិងដឹងរឿងក្នុងព្រះទ័យរបស់ព្រះពុទ្ធអង្គ ទាំងឡាយនោះដូចម្តេច? ព្រះសារីបុត្ត ក្រាបទូលថា លោកមានវិធី ប៉ាន់ស្មានតាមទំនងធម៌ ដោយអាស្រ័យអង្គធម៌ ៣ ពួកគឺ នីវរណធម៌ ៥ សតិប្បដ្ឋាន ៤ និង ពោជ្ឍង្គ ៧ ជាគ្រឿងអនុមានថា ព្រះពុទ្ធគ្រប់ព្រះអង្គ ទ្រង់លះ នីវរណៈធម៌ ៥ ប្រការ ដាច់ស្រឡះ មានព្រះទ័យតាំងមាំល្អ ក្នុងសតិប្បដ្ឋាន​ ៤ ប្រការ ទ្រង់ចម្រើនពោជ្ឈង្គ ៧ ប្រការ តាមសេចក្តីពិត ទើបទ្រង់ត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ លោកប្រៀបធៀបខ្លួនឯង ជាមួយនឹងអ្នករក្សាទ្វារដ៏ឆ្លាតរបស់នគរ ដែលនៅជាយដែន ដែលមានកំផែងព័ទ្ធជុំវិញ មានទ្វារចេញចូល អ្នករក្សាទ្វារ រមែងដឹងច្បាស់នូវសត្វធំៗ សត្វគ្រប់ប្រភេទ ដែលចេញ ចូលតាមទ្វារនោះ ដោយការត្រួតពិនិត្យអ្នកចេញចូលនោះៗ យ៉ាង ណា  លោកក៏ពិចារណានូវគោលធម៌ ៣ ពួកនេះ ក៏យ៉ាងនោះដែរ ។
          ខណៈដែលទ្រង់គង់នៅក្នុង បាវារិកម្ពវ័ន ព្រះមានព្រះភាគ ទ្រង់សម្តែង ធម្មីកថា ដោយអនេកបរិយាយ ភាគច្រើនទាក់ទងទៅ នឹង សីល សមាធិ បញ្ញា ។
វគ្គទី ៥-
          ព្រះសម្មាសម្ពុទ្ធ   បានចេញចាកស្រុកនាឡន្ទា   ធ្វើដំណើរទៅ
ស្រុក បាដលិគ្រាម ដែនមគធៈ។ ពេលយាងទៅដល់ហើយ ក៏បានគង់ សម្រាកនៅផ្ទះសំណាក់របស់ឧបាសក ឧបាសិកា ស្រុកបាដលិគ្រាម ទ្រង់សម្តែងធម្មទេសនាដល់ឧបាសក ឧបាសិកា ទាំងនោះ អំពីទោសនៃ ការទ្រុស្តសីល ៥ ប្រការ និងអានិសង្សរបស់អ្នកមានសីល ៥ ប្រការ ។
          ទោសរបស់អ្នកទ្រុស្តសីល ៥ ប្រការគឺៈ
     ១.វិនាសភោគទ្រព្យ ។
     ២.កេរ្តិ៍ឈ្មោះមិនល្អរមែងខ្ចរខ្ចាយទៅ ។
     ៣.ពេលចូលទៅក្នុងជំនុំជនណាៗ មិនអង់អាចក្លាហាន ។
     ៤.រមែងវង្វេងស្មារតីនៅពេលជិតស្លាប់ ។
     ៥.ក្រោយពីស្លាប់ហើយ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។
អានិសង្សរបស់អ្នកមានសីល ៥ ប្រការគឺៈ
     ១.រមែងមានភោគទ្រព្យច្រើន ។
     ២.កេរ្តិ៍ឈ្មោះល្អ រមែងផ្សព្វផ្សាយទៅ ។
     ៣.ពេលចូលទៅក្នុងទីប្រជុំជន រមែងមានភាពក្លៀវក្លា ។
     ៤.រមែងមិនវង្វេងនៅពេលជិតស្លាប់ ។
     ៥.ក្រោយពីស្លាប់ហើយ រមែងទៅកាន់ សុគតិសួគ៌ទេវលោក ។
          លុះពេលព្រឹកឡើង ព្រះសម្មាសម្ពុទ្ធបានត្រាស់ទៅកាន់ព្រះ អានន្ទ អំពីការសាងក្រុងបាដលីបុត្ត ដែលមានមហាមាត្យ ដែនមគធៈ ពីរនាក់ គឺ សុនីធៈ និង វស្សការព្រាហ្មណ៍ កំពុងដំណើរការ នៃការ សាងសង់ថា តទៅនគរនោះ នឹងក្លាយជានគរដ៏អស្ចារ្យថ្កុំថ្កើងរុងរឿង ដែលជាមជ្ឈមណ្ឌលនៃជំនួញជួញដូរទាំងឡាយ ប៉ុន្តែនឹងមាន អន្តរាយ ៣ យ៉ាងគឺ អន្តរាយដែលកើតអំពីភ្លើង កើតអំពីទឹក និងការបែកបាក់សាមគ្គី ។
          បន្ទាប់មក មហាមាត្យទាំងពីរនាក់ បានក្រាបទូលអារាធនា ព្រះអង្គ មួយអន្លើដោយ ព្រះភិក្ខុសង្ឃទៅឆាន់ចង្ហាន់នៅផ្ទះរបស់ខ្លួន ។ ពេលអង្គាស ដោយចង្ហាន់ល្មមគ្រប់គ្រាន់ហើយ ទ្រង់ក៏អនុមោទនា ដោយគាថាថា យស្មឹ បទេសេ កប្បេតិ វាសំ ប៉ុណ្ណេះជាដើម ។
          លុះទ្រង់អនុមោទនាស្រេចហើយ ព្រះអង្គក៏យាងចាកស្រុក បាដលិគ្រាម ព្រមដោយព្រះភិក្ខុសង្ឃ ដោយមានមហាមាត្យទាំង ពីរនាក់ជូនដំណើរ រហូតដល់កំពង់ទឹកទន្លេគង្គា ។ មហាមាត្យ ទាំង ពីរនាក់ ក៏ដាក់ឈ្មោះកំពង់ទឹកនោះថា កំពង់ទឹកព្រះគោតម ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់បន្លឺឧទានក្នុងកំពង់ទឹកទៅកាន់ដែនវជ្ជីថា ជន ទាំងឡាយណា ឆ្លងទន្លេនិងស្ទឹងតណ្ហា ដែលជ្រាលជ្រៅធំទូលាយបាន ជនទាំងឡាយនោះ រមែងធ្វើស្ពាន គឺអរិយមគ្គ លះបង់ទីទំនាប ដែល​ ពេញដោយទឹកឆ្លងផុតទៅបាន ចំណែកឯជនធម្មតា លុះតែចងក្បូន ទើប ឆ្លងទៅបាន  ឯជនជាអ្នកប្រាជ្ញ មិនបាច់ចងក្បូន ក៏ឆ្លងទៅបាន
វគ្គទី ៨-១០
          ព្រះសម្មាសម្ពុទ្ធ ទ្រង់នាំភិក្ខុសង្ឃទៅកាន់កោដិគ្រាម ហើយ ទ្រង់ត្រាស់សម្តែងអរិយសច្ច ៤ ដល់ភិក្ខុសង្ឃទាំងឡាយ មានសេចក្តី ថា ព្រោះមិនដឹងច្បាស់ទុក្ខអរិយសច្ចៈ ទុក្ខសមុទយអរិយសច្ចៈ ទុក្ខ និរោធអរិយសច្ចៈ និងទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចៈ  ព្រះសម្មា សម្ពុទ្ធ និង ភិក្ខុទាំងឡាយ ទើបអន្ទោលទៅមកក្នុងសំសារវដ្តៈ អស់ កាលជាយូរអង្វែងយ៉ាងនេះ ។
          បន្ទាប់មក ទ្រង់យាងទៅដល់ស្រុកនាទិកគ្រាម ឬ ញាតិ- កគ្រាម ដែនវជ្ជី ។ ទ្រង់គង់ក្នុងដំណាក់ឥដ្ឋ (ដែលអ្នកស្រុកញាតិក គ្រាមសាងថ្វាយ) ទ្រង់ឆ្លើយសំណួររបស់ព្រះអានន្ទ រឿងគតិ និងអភិ- សម្បរាយភព របស់ពុទ្ធបរិស័ទ ក្នុងស្រុកនោះ ដែលស្លាប់ទៅហើយ សឹងមានទាំង ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា អ្នកដែលមានគុណ ធម៌ចាប់ពីថ្នាក់សោតាបត្តិផល រហូតដល់អរហត្តផល និយាយឲ្យខ្លី ទៅគឺ មានទាំងអ្នកដែលវិលត្រឡប់មកកើតក្នុងលោកនេះទៀត  និង អ្នកដែលសម្រេចសម្ពោធិក្នុងថ្ងៃខាងមុខ(ក្នុងរឿងនេះមាន សម្តែង ពិស្តារក្នុងព្រះសូត្រមួយទៀតឈ្មោះជនវសភសូត្រខាងមុខ) ។
          ក្រោយពីត្រាស់តបសំណួររបស់ព្រះអានន្ទហើយ ទ្រង់ក៏ សម្តែង រឿងធម្មទាសៈ(ធម៌ដូចកញ្ចក់ឆ្លុះ) ដើម្បីឲ្យពុទ្ធបរិស័ទប្រើជា គោលសម្រាប់ត្រួតពិនិត្យខ្លួនឯង ដោយមិនបាច់មកទូលសួរព្រះអង្គ ទៀតឡើយ ។
     គោលធម៌ដែលមានឈ្មោះថាធម្មទាសៈ មាន ៤ ប្រការគឺៈ
          ១.មានសេចក្តីជ្រះថ្លាមិនកម្រើកក្នុង ព្រះពុទ្ធ ។
          ២.មានសេចក្តីជ្រះថ្លាមិនកម្រើកក្នុង ព្រះធម៌ ។
          ៣.មានសេចក្តីជ្រះថ្លាមិនកម្រើកក្នុង ព្រះសង្ឃ ។
          ៤.មានសីលដែលបណ្ឌិតពោលសរសើរ ។
          ទ្រង់សរុបថាអរិយសាវ័កអ្នកមានធម្មទាសៈនេះហើយ អាចព្យា- ករណ៍ខ្លួនឯងបានថា ពេលដែលស្លាប់ហើយ នឹងមិនទៅកើតក្នុង នរក ប្រេត អសុរកាយ តិរច្ឆាន ដោយពិតប្រាកដ ។ ម្យ៉ាងវិញទៀត ពេលដែលព្រះអង្គគង់ក្នុងសំណាក់ឥដ្ឋនោះ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែង ធម្មីកថា ដោយអនេកបរិយាយដែលទាក់ទងទៅនឹង សីល សមាធិ បញ្ញា។
វគ្គទី ១១
          បន្ទាប់ពីនោះ ទ្រង់យាងទៅកាន់ក្រុងវេសាលី ហើយគង់នៅ ក្នុងអម្ពវ័ន (សួនស្វាយរបស់នាងអម្ពបាលី) ព្រមដោយភិក្ខុសង្ឃ ។ ទ្រង់ទូន្មានភិក្ខុទាំងឡាយឲ្យចម្រើនសតិប្បដ្ឋាន ដោយទ្រង់បញ្ជាក់ថា ភិក្ខុគប្បីមាន សតិសម្បជញ្ញៈ សឹងជាពាក្យប្រៀនប្រដៅរបស់ព្រះអង្គ ទ្រង់អធិប្បាយថា ភិក្ខុអ្នកមានសតិបានដល់ភិក្ខុអ្នកពិចារណាឃើញ កាយក្នុងកាយ ឃើញវេទនាក្នុងវេទនាទាំងឡាយ ឃើញចិត្តក្នុងចិត្ត ឃើញធម៌ក្នុងធម៌ទាំងឡាយ មានសេចក្តីព្យាយាម មានសម្បជញ្ញៈ មានសតិកំចាត់បង់នូវអភិជ្ឈា និង ទោមនស្ស ក្នុងលោកបាន ។ ចំណែកភិក្ខុអ្នកមានសម្បជញ្ញៈ បានដល់អ្នកដែលមានសេចក្តីដឹងខ្លួន ក្នុងការឈានទៅមុខ ឈានថយក្រោយ ក្នុងការមើល ក្រឡេកមើល បត់ចូល បត់ចេញ ក្នុងការគ្រងចីវរ សង្ឃាដី បាត្រ ក្នុងការឆាន់ ផឹកទឹក  ទំពារ ភ្លក់រសជាតិ ក្នុងការបន្ទោរបង់ នូវឧច្ចារៈ និង បស្សាវៈ ក្នុងការដើរ ឈរ អង្គុយ ដេក ភ្ញាក់ ការនិយាយ និងការ នៅស្ងៀម ។
          លុះថ្ងៃស្អែកឡើង   ព្រះអង្គទ្រង់ឆាន់ចង្ហាន់ នៅផ្ទះនាង
អម្ពបាលី តាមពាក្យអារាធនានិមន្ត ។ ក្រោយពីឆាន់ចង្ហាន់ហើយ នាងបានថ្វាយអម្ពបាលិវ័ន ឲ្យជាអារាមសម្រាប់ភិក្ខុសង្ឃរហូតទៅ ។ ខណៈពេលដែលព្រះអង្គគង់នៅក្នុងព្រៃស្វាយនោះ ទ្រង់បានសម្តែង ធម្មីកថា ដែលទាក់ទងនឹងសីល សមាធិ បញ្ញា ដោយអនេកបរិយាយ ។
វគ្គទី ១២-១៥
          ក្រោយពីទ្រង់ចេញពីសួនស្វាយរបស់នាងអម្ពបាលីហើយ ទ្រង់ ក៏យាងទៅស្រុកវេឡុវគ្រាម ក្រុងវេសាលី ហើយក៏បញ្ជាឲ្យភិក្ខុទាំងឡាយ បំបែកគ្នាចាំវស្សា ក្នុងទីដែលសព្រហ្មចារីស្និទ្ធស្នាលគ្នានៅជុំវិញក្រុង​វេសាលី ចំណែកព្រះអង្គទ្រង់ចាំវស្សានៅក្នុងវេឡុវគ្រាម
          ខណៈដែលព្រះអង្គគង់នៅក្នុងវេឡុវគ្រាមនោះ បានកើតអាការៈ ប្រឈួនយ៉ាងខ្លាំង  ទ្រង់មានទុក្ខខ្លាំងក្លាស្ទើរតែបរិនិព្វាន តែទ្រង់អត់ សង្កត់បានដោយ អធិវាសនក្ខន្តី ធ្វើឲ្យព្រះអានន្ទខ្វល់ខ្វាយ គ្រប់ពេល វេលា ។ បន្ទាប់មក ព្រះអានន្ទសប្បាយចិត្ត បាត់កង្វល់ដោយគិតថា ប្រសិនបើ ទ្រង់នៅមិនទាន់ប្រារព្ធសង្ឃទេ ក៏គង់ស្តេចមិនរំលត់ខន្ធ​បរិនិព្វានមុនឡើយ ហើយក្រាបទូលសេចក្តីនឹកគិតនោះឲ្យទ្រង់ជ្រាប។ ព្រះអង្គត្រាស់ទូន្មានរឿងការមិនទៀង នៃសង្ខារទាំងឡាយដែលមាន ការប្រែប្រួលទៅជាធម្មតា ទ្រង់ទូន្មានឲ្យភិក្ខុទាំងឡាយ មានខ្លួនជា ទីពឹង មានធម៌ជាទីពឹង កុំជាប់ជំពាក់ចំពោះព្រះអង្គ ទ្រង់ទូន្មាន ឲ្យ ចម្រើនសតិប្បដ្ឋាន ដើម្បីសាងទីពឹងរបស់ខ្លួន ។
          ព្រះសម្មាសម្ពុទ្ធត្រាស់ថា​ ម្នាលអានន្ទ ភិក្ខុសង្ឃនៅរំពឹងអ្វីពី តថាគតទៀត ធម៌ដែលតថាគតសម្តែងហើយ មិនមានខាងក្នុង មិន មានខាងក្រៅ ក្នុងរឿងធម៌ទាំងឡាយ តថាគត មិនមានអាចរិយមុដ្ឋិ អ្នកដែលគិតថា មានតែតថាគតមួយប៉ុណ្ណោះ គឺជាអ្នកគ្រប់គ្រងភិក្ខុ សង្ឃតទៅ ឬថា ភិក្ខុសង្ឃត្រូវប្រកាន់យកតថាគតប៉ុណ្ណោះជាគោល អ្នកនោះត្រូវប្រារព្ធភិក្ខុសង្ឃហើយនិយាយ យ៉ាងណាមួយពិតប្រាកដ  តែតថាគត មិនគិតថា មានតែតថាគតប៉ុណ្ណោះ ជាអ្នកគ្រប់គ្រងតទៅ ឬថា ភិក្ខុសង្ឃនឹងត្រូវប្រកាន់មាំ ចំពោះតថាគតមួយប៉ុណ្ណោះ ជា គោល ហើយតថាគតក៏ត្រូវប្រារព្ធភិក្ខុសង្ឃ សម្តែងយ៉ាងណា មួយ ទៀត ។ ឥឡូវនេះ តថាគតមានវ័យជរាច្រើនណាស់ហើយ តថាគត មានវ័យ ៨០ ឆ្នាំ រាងកាយរបស់តថាគត នៅប្រព្រឹត្តទៅបានដូចជា រទេះចាស់ដែលទ្រុឌទ្រោម ដោយឈើពុកដូច្នោះ ។ រាងកាយរបស់ តថាគត មានសេចក្តីសុខឡើង ក៏ព្រោះក្នុងវេលាតថាគតចូលចេតោ សមាធិ  ដែលមិនមាននិមិត្ត ព្រោះមិនធ្វើទុកក្នុងចិត្តនូវនិមិត្តទាំងពួង  និងព្រោះរលត់ទៅ នៃវេទនាចំណែកមួយប៉ុណ្ណោះ ។
          ម្នាលអានន្ទ ព្រោះហេតុនោះឯង ពួកអ្នកទាំងឡាយចូរមាន ខ្លួនជាកោះ មានខ្លួនជាទីពឹង កុំមានរបស់ដទៃជាទីពឹងឡើយ ចូរ មានធម៌ជាកោះ  មានធម៌ជាទីពឹង កុំមានរបស់ដទៃជាទីពឹងឡើយ គឺភិក្ខុក្នុងធម្មវិន័យនេះត្រូវៈ
          ១) ពិចារណាឃើញ កាយក្នុងកាយ មានសេចក្តី​ព្យាយាម​មានសម្បជញ្ញៈ មានសតិកម្ចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកបាន ។
          ២) ពិចារណាឃើញវេទនា ក្នុងវេទនាទាំងឡាយ...។
          ៣) ពិចារណាឃើញចិត្ត ក្នុងចិត្ត...។
          ៤) ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ មានសេចក្តី ព្យាយាម មានសម្បជញ្ញៈ មានសតិកម្ចាត់បង់​ នូវអភិជ្ឈា និង ទោមនស្ស ក្នុងលោកបាន ។
          ម្នាលអានន្ទ ភិក្ខុណាមួយ មិនថាក្នុងពេលនេះ ឬពេលដែល តថាគត បរិនិព្វានទៅហើយនោះទេ ជាអ្នកមានខ្លួនជាកោះ មានខ្លួន ជាទីពឹង មិនមានវត្ថុដទៃជាទីពឹង មានធម៌ចាកោះ មានធម៌ជាទីពឹង មិនមានរបស់ដទៃជាទីពឹង ភិក្ខុនោះចាត់ថា រស់នៅប្រសើរដូចភិក្ខុ អ្នកប្រាថ្នាការសិក្សាដែរ ។
          សម័យមួយ ព្រះសម្មាសម្ពុទ្ធ ទ្រង់យាងទៅបិណ្ឌបាត ក្នុងក្រុង វេសាលី ដោយមានព្រះអានន្ទ ដើរតាមក្រោយព្រះអង្គ ។ ក្រោយអំពី ឆាន់ចង្ហាន់ហើយ ព្រះអង្គក៏យាងទៅកាន់បាវាលចេតិយ ក្រុងវេសាលី ។ ទ្រង់សម្តែងនិមិត្តឳភាសឲ្យព្រះអានន្ទស្តាប់ច្រំដែលៗ ចំនួន ៣ ដង  ដោយទ្រង់លើកយកឥទ្ធិបាទ  ៤ មកបរិយាយថា បុគ្គលណាដែល ចម្រើនឥទ្ធិបាទ ៤ ហើយ នឹងធ្វើឲ្យមានអាយុវែង រហូតអាយុកប្ប ហើយព្រះអង្គបានចម្រើន ឥទ្ធិបាទ ៤ ល្អហើយ ទើបទ្រង់អាចតាំង ព្រះជន្មនៅបានរហូតអាយុកប្ប(១០០ឆ្នាំ) កាលដែលព្រះអង្គសម្តែង និមិត្តឳភាសនេះ ដើម្បីឲ្យព្រះអានន្ទ ទូលអារាធនា ឲ្យព្រះអង្គតម្រង់ តាំងព្រះជន្មនៅតទៅ ដើម្បីអនុគ្រោះដល់ជនច្រើនគ្នា ដើម្បីប្រយោជន៍ ដល់សត្វលោក ។ តែព្រះអានន្ទ មិនយល់សេចក្តីនៃនិមិត្តឳភាសនោះ ទើបទ្រង់បញ្ជាឲ្យព្រះអានន្ទ ចេញទៅចាកទីនោះ ហើយមារមាន ចិត្តបាបបានឳកាស ក៏ចូលមកអារាធនាឲ្យព្រះអង្គចូលបរិនិព្វាន ដោយអះអាងថា កាលនេះជាកាលគួរនឹងបរិនិព្វានហើយ ព្រះអង្គ ក៏ទទួលពាក្យអារាធនារបស់មារ ហើយទ្រង់ដាក់អាយុសង្ខារថា បន្ទាប់ អំពីថ្ងៃនេះទៅ នៅ ៣​ ខែទៀត ព្រះអង្គនឹងបរិនិព្វានហើយ ។
                                             វគ្គទី ១៦-២០                 
          ខណៈដែលទ្រង់ដាក់អាយុសង្ខារនោះ    ផែនដីក៏រញ្ជួយធ្វើឲ្យ
ព្រះអានន្ទ ប្លែកចិត្ត ទើបចូលទៅគាល់ព្រះមានព្រះភាគ ហើយទូល សួរដើមហេតុ ព្រះអង្គតបថា ផែនដីរញ្ជួយនេះដោយហេតុ ៨ ប្រការគឺៈ
     ១) កើតអំពីធម្មជាតិរបស់ពិភពលោក ។
     ២) កើតអំពីអំណាច ប្ញទ្ធិ របស់អ្នកមានប្ញទ្ធីអំណាចខាងផ្លូចចិត្ត។
កើតអំពីអំណាចបុណ្យបារមីរបស់ព្រះពុទ្ធ ៦ លើកបានដល់ៈ
     ៣) ពេលស្តេចចុះចាប់បដិសន្ធិក្នុងផ្ទៃនៃមាតា ។
     ៤) ពេលស្តេចប្រសូត ។
     ៥) ពេលទ្រង់ត្រាស់ដឹង ។
     ៦) ពេលទ្រង់សម្តែងធម្មចក្កប្បវត្តនសូត្រ ។
     ៧) ពេលទ្រង់ដាក់ព្រះជន្មាយុសង្ខារ ។
     ៨) ពេលទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វាន ។
          ទ្រង់ត្រាស់ឲ្យព្រះអានន្ទស្តាប់តទៅទៀតថា ព្រះអង្គធ្លាប់ចូល ទៅក្នុងជំនុំបរិស័ទ ៨ ពួកគឺ ខត្តិយបរិស័ទ ព្រាហ្មណបរិស័ទ គហបតិ  បរិស័ទ សមណបរិស័ទ ចាតុមហារាជបរិស័ទ តាវត្តិង្សបរិស័ទ មារបរិស័ទ ព្រហ្មបរិស័ទ ហើយដោយសារព្រះអង្គចេះសម្របខ្លួនតាម បរិស័ទនោះៗ ទើបមិនមាននរណា ចំណាំព្រះអង្គបាន ។
          ទ្រង់ត្រាស់តទៅ ៣ រឿងទៀតគឺ រឿងអភិភាយតនៈ ៨ ប្រការ រឿងវិមោក្ខ ៨ ប្រការ និងរឿងមារទូលអារាធនាឲ្យបរិនិព្វាន ដែលទ្រង់ ទទួលពាក្យអារាធនារបស់មារហើយ ។
      អភិភាយតនៈ ៨ ប្រការ មានខ្លឹមសារដូចតទៅៈ
          ១)បុគ្គលមានរូបសញ្ញាខាងក្នុង  ឃើញរូបខាងក្រៅមានប្រមាណ តិច មានសេចក្តីសំគាល់ថា យើងដឹង យើងឃើញ ។
          ២) បុគ្គលមានរូបសញ្ញាខាងក្នុង ឃើញរូបខាងក្រៅមានប្រមាណ ច្រើន មានសេចក្តីសំគាល់ថា យើងដឹង យើងឃើញ ។
          ៣) បុគ្គលមានអរូបសញ្ញាខាងក្នុង ឃើញរូបខាងក្រៅមានប្រមាណ តិច មានសេចក្តីសំគាល់ថា យើងដឹង យើងឃើញ ។
          ៤) បុគ្គលមានអរូបសញ្ញាខាងក្នុង ឃើញរូបខាងក្រៅ មាន ប្រមាណច្រើន មានសេចក្តីសំគាល់ថា យើងដឹង យើងឃើញ ។
          ៥) បុគ្គលមានអរូបសញ្ញាខាងក្នុង ឃើញរូបខាងក្រៅជា ពណ៌ខៀវ មានសេចក្តីសំគាល់ថា យើងដឹង យើងឃើញ ។
          ៦) បុគ្គលមានអរូបសញ្ញាខាងក្នុង ឃើញរូបខាងក្រៅជាពណ៌ លឿង មានសេចក្តីសំគាល់ថា យើងដឹង យើងឃើញ ។
          ៧) បុគ្គលមានអរូបសញ្ញាខាងក្នុង ឃើញរូបខាងក្រៅជា ពណ៌ក្រហម មានសេចក្តីសំគាល់ថា យើងដឹង យើងឃើញ ។
          ៨) បុគ្គលមានអរូបសញ្ញាខាងក្នុង ឃើញរូបខាងក្រៅជា ពណ៌ស មានសេចក្តីសំគាល់ថា យើងដឹង យើងឃើញ ។
       រឿងវិមោក្ខ ៨ ប្រការ ដូចដែលទ្រង់សម្តែងទុកក្នុង មហានិទាន
សូត្រ ខាងដើមគ្រប់ប្រការ ។
រឿងមារទូលអារាធនាឲ្យបរិនិព្វាន
          ទ្រង់សម្តែងឲ្យស្តាប់ថា សម័យមួយ ពេលដែលព្រះអង្គទើប នឹងត្រាស់ថ្មីៗ ទ្រង់គង់ក្រោមដើមអជបាលនិគ្រោធ ក្បែរស្ទឹងនេរញ្ជរា ក្នុងស្រុកឧរុវេលាសេនានិគម ។ មារបានចូលគាល់ព្រះអង្គទូលសុំឲ្យ បរិនិព្វាន ព្រះអង្គត្រាស់តបមារថា តថាគតមិនចូលបរិនិព្វានឡើយ ដរាបណា ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា របស់តថាគត មិនទាន់ឆ្លាត វៃ មិនទាន់ទទួលពាក្យណែនាំ មិនទាន់មានបញ្ញាចាស់ក្លា មិនទាន់ជា ពហុស្សូត មិនប្រកបដោយធម៌ មិនបដិបត្តិសមគួរដល់ធម៌ មិនធ្វើ សេចក្តីពេញចិត្តក្នុងធម៌ រៀនជាមួយអាចារ្យរបស់ខ្លួនហើយ តែមិន សម្តែងធម៌ បញ្ញត្តិកំណត់តាមចំណែកធម៌ ធ្វើឲ្យងាយមិនបាន នៅ មិនមានបាដិហារិយ៍ ដើម្បីសួរឆ្លើយជាមួយលទ្ធិដទៃទៀត ដែលកើត ឡើងឲ្យងាយស្រួល ដោយពេញចិត្តមិនបាន ។ ដរាបនោះ តថាគត នឹងមិនចូលបរិនិព្វានឡើយ ។ លុះត្រាតែសាសនា របស់តថាគតបរិបូរ ទូលំទូលាយ នៅគង់វង្សល្អ មនុស្ស និង ទេវតាទាំងឡាយ ប្រកាស បានល្អ ទើបតថាគតចូលបរិនិព្វាន ។
          ទ្រង់ត្រាស់តទៅទៀតថា ថ្ងៃនេះឯង មារបានចូលមកគាល់ តថាគត ម្តងទៀត បានក្រាបទូលអារាធនាឲ្យតថាគត ចូលបរិនិព្វាន ថា ឥឡូវនេះវេលាបរិនិព្វានរបស់ព្រះអង្គដល់ហើយ ព្រោះភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា របស់ព្រះអង្គ ជាអ្នកឆ្លៀវឆ្លាត សម្តែងធម៌មាន បាដិហារិយ៍ អាចបង្រ្កាបវាទៈដែលកើតឡើងឲ្យរៀបរយបាន ព្រហ្មចរិយ ធម៌ របស់ព្រះអង្គក៏បរិបូរធំទូលាយទាំងទេវតា និងមនុស្សទាំងឡាយ ប្រកាសបានល្អហើយ ។ ព្រះអង្គ ទើបទទួលពាក្យអារាធនា របស់មារ ថា បន្ទាប់ពីនេះទៅ ៣ ខែទៀត តថាគតនឹងបរិនិព្វានហើយ ។
វគ្គទី ២១-២៣
          ព្រះអានន្ទ ក្រាបទូលអារាធនា ឲ្យព្រះអង្គគង់នៅបន្តទៀត រហូតអស់កប្ប ដើម្បីប្រយោជន៍ដល់មនុស្សចំនួនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ។ ព្រះអង្គត្រាស់តបថា ទ្រង់បានសម្តែងនិមិត្តឳភាស ឲ្យព្រះអានន្ទ ស្តាប់មកច្រើនដង ច្រើនគ្រា ក្នុងទីផ្សេងៗ ដល់ទៅ ១៦ កន្លែងហើយ ដើម្បីឲ្យអារាធនាតព្រះជន្ម ប្រសិនបើព្រះអានន្ទអារាធនា ព្រះអង្គអាចគង់បានដល់ ១ កប្ប ឬលើស ១ កប្ប ដោយអំណាច នៃឥទ្ធិបាទ ៤ ប្រការ ហើយទ្រង់សម្តែងអានុភាពនៃឥទ្ធិបាទ ៤ ប្រការ ឲ្យស្តាប់ថា ខណៈដែលទ្រង់គង់លើភ្នំគិជ្ឈកូដ ក្រុងរាជគ្រឹះ ដែនមគធៈ ទ្រង់ត្រាស់ទៅកាន់ព្រះអានន្ទថា ក្រុងរាជគ្រឹះនេះ គួរជាទី មនោរម្យ ភ្នំគិជ្ឈកូដនេះ គួរជាទីរីករាយ ឥទ្ធិបាទធម៌ ៤ បើអ្នកណា មួយចម្រើនធ្វើឲ្យច្រើនហើយ ធ្វើឲ្យជាយាន ធ្វើឲ្យជាទីតាំង ធ្វើឲ្យតាំង មាំហើយ សន្សំហើយ ប្រារព្ធល្អហើយ អ្នកនោះ កាលប្រាថ្នា ដើម្បីរស់ នៅមួយកប្ប ឬលើសមួយកប្បក៏បាន ។ ហើយឥទ្ធិបាទធម៌ ៤ នេះ ព្រះអង្គបានធ្វើឲ្យច្រើន ហើយធ្វើឲ្យជាយានធ្វើឲ្យជាទីតាំង ធ្វើឲ្យ តាំងមាំហើយ ប្រារព្ធល្អហើយ ព្រះអង្គកាលបើមានសេចក្តីប្រាថ្នាតាំង ព្រះជន្មឲ្យបាននៅមួយកប្ប ឬច្រើនកប្បក៏បាន ។
          ទ្រង់ត្រាស់តទៅថា ទ្រង់សម្តែងនិមិត្តឳភាសទាំងនេះ ៣ លើក ព្រះអានន្ទ ក៏ដឹងមិនទាន់ ទើបមិនទូលអារាធនាឲ្យទ្រង់តាំងព្រះជន្ម នៅរហូត ១កប្ប ។ ប្រសិន​បើ ព្រះអានន្ទ អារាធនា ២ លើក ទ្រង់នឹង ហាមតែដល់វេលាទូល ៣ លើក ទ្រង់នឹងទទួលការអារាធនា ប៉ុន្តែ ព្រះអានន្ទមិនទូលអារាធនា ទើបជាកំហុស និងសេចក្តីធ្វេសប្រហែស របស់អានន្ទនេះឯង ។
          ទ្រង់ត្រាស់តទៅទៀតថា ទ្រង់សម្តែងនិមិត្តឳភាសនេះ៩ លើក ក្នុងទីប្រាំបួនកន្លែង ពេលទ្រង់គង់ក្នុងក្រុងរាជគ្រឹះគឺៈ
១.នៅក្រោមដើមគោតមនិគ្រោធ ។
២.កន្លែងមាត់ជ្រោះ ជាទីទម្លាក់នូវចោរ ។
          ៣.កន្លែងសត្តបណ្ណគុហា ។
          ៤.កន្លែងកាឡសិលា(ថ្មខ្មៅ) ។
          ៥.កន្លែងសប្បសោណ្ឌិកបព្ភារៈ (ញកមានត្រពាំងទឹកជាទីនៅ នៃពស់) ក្នុងសីតវ័ន ។
          ៦.កន្លែងតបោទារាម ។                 
៧.កន្លែងវត្តវេឡុវ័ន ។
          ៨.កន្លែងជីវកម្ពវ័ន ។
          ៩ កន្លែង មទ្ទកុច្ឆិមិគទាយវ័ន ។
          កន្លែងមទ្ទកុច្ឆិមិគទាយវ័ន ទ្រង់សម្តែងនិមិត្តឳភាសថា ម្នាល អានន្ទ ក្រុងរាជគ្រឹះនេះ គួរជាទីរីករាយ ភ្នំគិជ្ឈកូដនេះ ជាទីមនោរម្យ ដើមនិគ្រោធនេះ គួរជាទីមនោរម្យ កន្លែងជ្រោះភ្នំនេះ គួរជាទីរីករាយ រន្ធភ្នំវេភារៈនេះ គួរជាទីមនោរម្យ កាឡសិលានៅជើងភ្នំឥសិគិលិនេះ  គួរជាទីមនោរម្យ សប្បសោណ្ឌិកបព្ភារៈនេះ គួរជាទីរីករាយ  តបោទា- រាម គួរជាទីរីករាយ វេឡុវ័ន ស្ថានទីឲ្យចំណីដល់សត្វកង្ហែន ជាទី រីករាយ ជីវកម្ពវ័ន ជាទីរីករាយ មទ្ទកុច្ឆិមិគទាយវ័ន ជាទីមនោរម្យ ម្នាលអានន្ទ ឥទ្ធិបាទធម៌ ៤ អ្នកណាមួយចម្រើនធ្វើឲ្យច្រើនហើយ អាចតអាយុ ឲ្យតាំងនៅអស់កប្បបាន ។
          ទ្រង់ត្រាស់តទៅទៀតថា ទ្រង់សម្តែងនិមិត្តឳភាស ៦ លើក ក្នុងទី ៦ កន្លែងទៀត នៅក្នុងក្រុងវេសាលី ដែនវជ្ជីគឺៈ
     ១.កន្លែងឧទេនចេតិយ              ២.កន្លែងគោតមកចេតិយ
     ៣.កន្លែងសត្តម្ពចេតិយ              ៤.កន្លែងពហុបុត្តចេតិយ​
     ៥.កន្លែងសារន្ទទចេតិយ            ៦.កន្លែងបាវាលចេតិយ ។
          កន្លែងបាវាលចេតិយ ជាកន្លែងចុងក្រោយបំផុត ដែលទ្រង់ សម្តែងក្នុងថ្ងៃទ្រង់ទទួលពាក្យអារាធនារបស់មារនោះឯង គឺពេលទ្រង់ សម្តែងចប់ ព្រះអានន្ទ មិនទូលអារាធនា ក៏ទ្រង់បញ្ជាឲ្យព្រះអានន្ទ ចេញទៅ រំពេចនោះមារក៏ចូលមកទូលអារាធនា ដូចដែលពោល មកខាងដើម ។ ពេលសម្តែងនិមិត្តឳភាស ក្នុងបាវាលចេតិយនេះចប់ ទ្រង់ពណ៌នាសេចក្តីគួរជាទីមនោរម្យ របស់តំបន់ទាំង ៦ កន្លែង ក្នុង ក្រុងវេសាលីនោះ ទ្រង់បញ្ជាក់ថា ឥឡូវនេះទ្រង់ទទួលពាក្យអារាធនា របស់មារ ហើយព្រះអង្គនឹងបរិនិព្វានក្នុងរយៈ ពេល ៣ ខែ ខាងមុខ ទៀត ទ្រង់មិនអាចលេបពាក្យសម្តីបានឡើយ ។
          បន្ទាប់ពីនោះ ទ្រង់បានបបួលព្រះអានន្ទទៅគង់នៅកូដាគារ សាលា ព្រៃមហាវ័ន ក្រុងវេសាលី ។ ខណៈពេលដែលទ្រង់គង់ក្នុង កូដាគារសាលាព្រៃមហាវ័ននោះ ទ្រង់បញ្ជាព្រះអានន្ទឲ្យហៅភិក្ខុសង្ឃ មកប្រជុំគ្នាក្នុងសាលាឆាន់ ហើយទ្រង់ទូន្មានភិក្ខុទាំងឡាយឲ្យសិក្សា បដិបត្តិនូវធម៌សមគួរតាមធម៌ ដើម្បីឲ្យព្រះពុទ្ធសាសនាស្ថិតស្ថេរជានិច្ច ដើម្បីប្រយោជន៍ដល់សត្វទាំងឡាយ ដើម្បីសេចក្តីសុខដល់មនុស្ស និងទេវតាទាំងឡាយ ធម៌ដែលគួរសិក្សានោះគឺ
     ១.សតិប្បដ្ឋាន៤        ២.សមប្បធាន៤            ៣.ឥទ្ធិបាទ៤
     ៤.ឥន្ទ្រីយ៍៥                  ៥.ពលៈ៥                ៦.ពោជ្ឈង្គ៧
៧ មគ្គមានអង្គ ៨
          បន្ទាប់ពី
នោះទ្រង់សម្តែងសំវេជនីយធម៌ថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតសូមដាស់តឿនដល់អ្នកទាំងឡាយថា សង្ខារទាំង ឡាយ មានការអស់ទៅសូន្យទៅជាធម្មតា អ្នកទាំងឡាយចូរធ្វើនូវ ប្រយោជន៍ឲ្យសម្រេចដោយសេចក្តីមិនប្រមាទចុះ បរិនិព្វាន នឹងមាន ដល់តថាគត មិនយូរឡើយ បន្ទាប់ពីនេះ ៣ ខែទៀត តថាគតនឹង បរិនិព្វានហើយ ។
វគ្គទី ២៤
          ពេលព្រឹកឡើង ក្រោយពីទ្រង់សម្តែងសំវេជនីយធម៌ហើយ ព្រះអង្គទ្រង់ចូលទៅបិណ្ឌបាត ក្នុងក្រុងវេសាលី ក្រោយពីទ្រង់ឆាន់ ហើយ ខណៈដែលព្រះអង្គចេញចាកក្រុងវេសាលី ទ្រង់ងាកឈរ ក្រឡេកព្រះនេត្រទៅក្រោយសម្លឹងមើលក្រុងវេសាលី ដោយអាការៈ សម្លឹងដូចដំរី ។ ទ្រង់បញ្ជាក់ព្រះអានន្ទថា នេះគឺជាការក្រឡេកមើល ក្រុងវេសាលីចុងក្រោយបំផុត ហើយទ្រង់បបួលព្រះអានន្ទទៅគង់ ក្នុងភណ្ឌគ្រាម ។
          ខណៈពេលដែលទ្រង់គង់ក្នុងភណ្ឌគ្រាម   ទ្រង់សម្តែងគោល
ធម៌ ៤ ប្រការដល់ភិក្ខុទាំងឡាយថា ព្រោះមិនដឹងច្បាស់ និង មិនដឹងនូវធម៌ ៤ ប្រការនេះគឺៈ
     ១.អរិយសីល                          ២.អរិយសមាធិ
     ៣.អរិយបញ្ញា                          ៤.អរិយវិមុត្តិ ។
ទើបសត្វត្រាច់រង្គាត់ទៅក្នុងវដ្តសង្សារដ៏យូរអង្វែង​ ។ ឥឡូវនេះព្រះអង្គ និង ភិក្ខុទាំងឡាយ បានដឹងច្បាស់នូវគោលធម៌ ៤ ប្រការនេះហើយ ដកចោលនូវតណ្ហាបានហើយ ភពអស់ហើយ ភពថ្មីមិនមានឡើយ ។
          បន្ទាប់ពីនោះ ទ្រង់សម្តែងធម្មីកថា ដែលជាប់ទាក់ទងនឹងសីល សមាធិ បញ្ញា ដោយអនេកបរិយាយ។      
វគ្គទី ២៥
          បន្ទាប់ពីនោះ ទ្រង់នាំភិក្ខុសង្ឃចេញពីភណ្ឌគ្រាមទៅគង់ក្នុង ហត្ថិគ្រាម អម្ពគ្រាម និង ជម្ពុគ្រាម ក្នុងកន្លែងនីមួយៗ ទ្រង់សម្តែង ធម៌ដល់ភិក្ខុទាំងឡាយ ទាក់ទងនឹងសីល សមាធិ បញ្ញា ក្នុងបរិបទផ្សេងៗ ជាច្រើន ហើយទ្រង់ក៏យាងទៅកាន់ភោគនគរ ក៏គង់ក្នុងអានន្ទចេតិយ
ខណៈដែលទ្រង់គង់ក្នុង អានន្ទចេតិយ ក្នុងភោគនគរនោះ ទ្រង់សម្តែងពីមហាបទេស ៤ ប្រការ ដើម្បីឲ្យភិក្ខុទាំងឡាយ ទុកជា គ្រឿងអាង ដើម្បីកាត់សេចក្តីធម៌វិន័យថា អ្វីជាពុទ្ធវចនៈ អ្វីមិនមែន ជាពុទ្ធវចនៈ ទុកជាគ្រឿងសំខាន់សម្រាប់សិក្សាធម៌វិន័យ ចាប់តាំង ពីពេលនោះតទៅ ។
     មហាបទេស ៤ ប្រការ មានសារៈសំខាន់ដូចតទៅនេះ
          ១) ពេលមានភិក្ខុអាងថា ខ្ញុំបានចូលទៅស្តាប់មកអំពីព្រះ ឳស្ឋនៃព្រះមានព្រះភាគថា នេះជាធម៌ នេះជាវិន័យ នេះជាសត្ថុ សាសនា ក៏ កុំអាលត្រេកអរ កុំអាលឃាត់ គប្បីរៀនបទ និងព្យញ្ជន
 ៈ នុ៎ះឲ្យបានល្អ ហើយទើបពិនិត្យសង្គេតមើលក្នុងព្រះសូត្រ ប្រៀបធៀប ក្នុងវិន័យ ប្រសិនបើពិនិត្យហើយមិនត្រូវគ្នាក្នុងព្រះសូត្រ និង វិន័យ ក៏គប្បីសន្និដ្ឋានថា នេះមិនមែនពាក្យតម្រាស់របស់ព្រះមានព្រះភាគ ពិតប្រាកដទេ ភិក្ខុនេះស្តាប់ខុសហើយ គប្បីលះបង់ចោល ។ ប្រសិន បើពិនិត្យមើលក្នុងព្រះសូត្រ និង វិន័យត្រូវគ្នា គប្បីសន្និដ្ឋានថា នេះជា ព្រះតម្រាស់របស់ព្រះមានព្រះភាគ ភិក្ខុនេះចាំបានល្អ គប្បីចាំទុកចុះ។
          ២) ពេលមានភិក្ខុអះអាងថា ក្នុងអាវាសឈ្មោះឯណោះ មាន ភិក្ខុសង្ឃរស់នៅ និងព្រះថេរៈ ព្រមទាំងអាចារ្យទិសាបាមោក្ខ ខ្ញុំបាន ស្តាប់មកពីភិក្ខុទាំងនោះថា នេះជាធម៌ នេះជាវិន័យ នេះជាសត្ថុ សាសនា ក៏កុំទាន់ត្រេកអរ កុំទាន់ឃាត់... ប្រសិនបើត្រួតពិនិត្យហើយ ឃើញថា មិនត្រូវគ្នាក្នុងព្រះសូត្រ និងមិនត្រូវក្នុងវិន័យ គប្បីសន្និដ្ឋាន ថា នេះមិនមែនជាព្រះតម្រាស់របស់ព្រះមានព្រះភាគពិតប្រាកដទេ ភិក្ខុនេះ ស្តាប់ខុសហើយ គប្បីលះចោល ។ ប្រសិនបើពិនិត្យមើល ឃើញថា ត្រូវគ្នាក្នុងព្រះសូត្រ និង វិន័យ គប្បីសន្និដ្ឋានថា នេះគឺជាព្រះ តម្រាស់របស់ព្រះមានព្រះភាគ ភិក្ខុនេះស្តាប់មកល្អហើយ គប្បីចាំទុក ។
          ៣) ពេលភិក្ខុអះអាងថា ក្នុងអាវាសឈ្មោះឯណោះ មានភិក្ខុ ជាថេរៈ គង
់នៅច្រើនជាពហុស្សូត ខ្ញុំបានស្តាប់មកអំពីព្រះភក្រ្ត នៃព្រះថេរៈ ទាំងនោះថា នេះជាធម៌ នេះជាវិន័យ នេះជាសត្ថុសាសនា ក៏កុំទាន់ត្រេកអរ កុំទាន់បដិសេធ... ប្រសិនបើពិនិត្យហើយ មិនត្រូវ ក្នុងព្រះសូត្រ និងវិន័យ គប្បីសន្និដ្ឋានថា នេះមិនមែនជាតម្រាស់របស់ ព្រះមានព្រះភាគ ពិតប្រាកដទេ ព្រះថេរៈទាំងនេះទទួលមកខុសហើយ គប្បីលះចោល ។ ប្រសិនបើពិនិត្យមើលទៅត្រូវគ្នាក្នុងព្រះសូត្រ និង ព្រះវិន័យ គប្បីសន្និដ្ឋានថា នេះជាធម៌ នេះជាវិន័យ របស់ព្រះមាន ព្រះភាគពិតប្រាកដ ព្រះថេរៈនោះចាំទុកល្អហើយ គប្បីចាំទុក ។
          ៤) ពេលមានភិក្ខុអះអាងថា ក្នុងអាវាសឈ្មោះឯណោះ  ភិក្ខុ ជាថេរៈមួយរូបជាពហុស្សូត ខ្ញុំបានស្តាប់មកចំពោះមុខព្រះថេរៈនោះ ថា នេះជាធម៌ នេះជាវិន័យ នេះជាសត្ថុសាសនា  កុំទាន់ត្រេកអរ កុំទាន់បដិសេធ  ប្រសិនបើពិនិត្យទៅមិនត្រូវគ្នាក្នុងព្រះសូត្រ និង ព្រះវិន័យ គប្បីសន្និដ្ឋានថា នេះមិនមែនជាព្រះតម្រាស់ របស់ព្រះ មានព្រះភាគពិតប្រាកដទេ ព្រះថេរៈអង្គនោះទទួលមកខុសហើយ គប្បីលះចោល ។ ប្រសិនបើ ពិនិត្យទៅឃើញថា ត្រូវគ្នាក្នុងព្រះសូត្រ និង ព្រះវិន័យ គប្បីសន្និដ្ឋានថា នេះជាធម៌ នេះជាវិន័យ របស់ព្រះ មានព្រះភាគពិតប្រាកដ ព្រះថេរៈនោះចាំទុកល្អហើយ គប្បីចាំទុក ។
វគ្គទី ២៦-២៨
          បន្ទាប់ពីនោះ ទ្រង់នាំភិក្ខុសង្ឃចេញពីភោគនគរ ដែនវជ្ជីទៅ គង់ក្នុងក្រុងបាវា ដែលជារាជធានីរបស់ដែនមល្លៈ (ដែននេះ កាលពី​សម័យនោះ ចែកជា ២ ចំណែក ផ្នែកមួយមានក្រុងបាវាជារាជធានី ផ្នែកមួយទៀត មានក្រុងកុសិនារា ជារាជធានី) ។ ព្រះអង្គប្រថាប់នៅ ព្រៃអម្ពវ័ន របស់នាយចុន្ទកម្មារបុត្ត ។ លុះថ្ងៃព្រឹកឡើង ព្រះអង្គឆាន់ ចង្ហាន់ នៅផ្ទះរបស់នាយចុន្ទកម្មារបុត្ត មួយអន្លើដោយ ភិក្ខុសង្ឃតាម ពាក្យអារាធនា ។
          ក្រោយអំពីឆាន់ចង្ហាន់ឈ្មោះសូករមទ្ទវៈ របស់នាយចុន្ទកម្មារ- បុត្តហើយ ព្រះអង្គបានកើតអាការៈប្រឈួនយ៉ាងធ្ងន់ រហូតដល់ ក្អួតចេញព្រះលោហិត ទ្រង់ទទួលវេទនាយ៉ាងខ្លាំងក្លា តែទ្រង់ប្រើសតិ សម្បជញ្ញៈ គ្របសង្កត់ទុក្ខវេទនានោះ ព្រះអង្គត្រាស់បបួលព្រះអានន្ទ ចេញដំណើរទៅគង់ក្នុងក្រុងកុសិនារា ។ ពេលយាងទៅដល់ពាក់ កណ្តាលផ្លូវ ព្រះអង្គក៏ឈប់សម្រាកហើយបញ្ជាឲ្យព្រះអានន្ទ ទៅដង ទឹកមកថ្វាយចំនួន ៣ លើក ដែលមានរឿងអស្ចារ្យ ដែលព្រះ អានន្ទបានជួបគឺ ទឹកក្នុងស្ទឹងនោះមានតិចតួច ហើយត្រូវរទេះចំនួន ៥០០ បរកាត់ធ្វើឲ្យល្អក់មុនពេលនោះបន្តិច ។ ព្រះអានន្ទ ក្រាប ទូលជាគម្រប់ ២ ដងថា ទឹកល្អក់ ពេលទទួលបញ្ជា ជាគម្រប់ ៣ ដង ព្រះអានន្ទក៏ទៅ តែពេលព្រះអានន្ទទៅដល់ ទឹកដែលល្អក់នោះត្រឡប់ ជាថ្លាស្អាត ព្រះអានន្ទ ក៏ដួសមកថ្វាយឲ្យព្រះអង្គឆាន់ ។
          ខណៈដែល ទ្រង់សម្រាកព្រះកាយនៅក្រោមដើមឈើមួយ ដើម ស្តេចមល្លៈមួយអង្គ​នាមថាបុក្កុសៈ ដើរមកពីក្រុងកុសិនារា ពេល ឃើញព្រះអង្គហើយ ក៏ចូលគាល់ព្រមទាំងបានសន្ទនាអំពីរឿង អាឡារៈ តាបសកាលាមៈគោត្ត ។ ក្នុងទីបំផុត ស្តេចបុក្កុសៈ បានថ្វាយសំពត់ សាច់ពណ៌មាស ២ ផ្ទាំង ហើយក៏ថ្វាយបង្គំលាចេញទៅ ។ ព្រះអានន្ទ បាននាំយកសំពត់ពីរផ្ទាំងនោះ មកដណ្តប់ព្រះវរកាយថ្វាយព្រះសម្មា- សម្ពុទ្ធ ដែលមានពណ៌ភ្លឺផ្លេកដូចរងើកភ្លើងដែលប្រាសចាកផេះ ព្រះ សម្មាសម្ពុទ្ធត្រាស់ថា កាលដែលព្រះឆវីវណ្ណបរិសុទ្ធផូរផង់ដូច្នេះ មាន ២ លើក គឺ ពេលទ្រង់ត្រាស់ដឹង និង បរិនិព្វាន
          បន្ទាប់ពីនោះ ទ្រង់នាំព្រះភិក្ខុសង្ឃទៅស្រង់ទឹកក្នុងស្ទឹងកកុធៈ ហើយទ្រង់បានឆាន់ទឹក ព្រះអង្គក៏បន្តដំណើរទៅគង់ក្នុងអម្ពវ័ន (នៅ មាត់ស្ទឹងនោះ) ព្រះអង្គបញ្ជាឲ្យនាយចុន្ទក្រាលសង្ឃាដី ៤ ជាន់ ទ្រង់ បានគង់លើសង្ឃាដីនោះ ព្រះអង្គត្រាស់ហៅព្រះអានន្ទ ហើយមាន បន្ទូលថា មនុស្សទាំងឡាយយល់ថា  អាហាររបស់នាយចុន្ទ ធ្វើឲ្យ ព្រះអង្គបរិនិព្វាន ហើយនាំគ្នានិយាយចាក់ចុច ឲ្យនាយចុន្ទក្តៅ ក្រហាយ ។ ទើបទ្រង់បញ្ជាឲ្យ អានន្ទទៅពន្យល់មនុស្សទាំងឡាយ នោះថា អាហារបិណ្ឌបាតដ៏សំខាន់ ២ លើក ដែលមានផលវិបាក ច្រើនស្មើគ្នាគឺៈ អាហារដែលសោយហើយ បានត្រាស់ជាអនុត្តរសម្មា- សម្ពោធិញ្ញាណ និង អាហារដែលសោយហើយ បរិនិព្វាន
វគ្គទី ២៩-៣៣
          បន្ទាប់ពីនោះ ទ្រង់នាំភិក្ខុសង្ឃឆ្លងស្ទឹងហិរញ្ញវតី ចាកមាត់ ច្រាំងក្រុងបាវា ទៅគង់ក្នុងក្រុងកុសិនារា ។ ព្រះអង្គទៅគង់ក្នុង សាលវ័នសាលវនោទ្យាន របស់ពួកស្តេចមល្លៈ ក្រុងកុសិនារា ។ ទ្រង់បញ្ជាឲ្យព្រះអានន្ទ រៀបចំគ្រែត្រង់ចន្លោះដើមសាលព្រឹក្សទាំងគូ ដាក់ព្រះសីសៈ ទៅទិសខាងជើង ហើយព្រះអង្គក៏បានផ្ទុំដោយ អនុដ្ឋសីហសេយ្យា គឺការផ្ទុំមិនក្រោកឡើងម្តងទៀត (ផ្ទុំរហូត)។
          វេលានោះ ដើមសាលព្រឹកទាំងគូ ក៏ចេញផ្កាខុសរដូវ រីកស្គុះ ស្គាយពាសពេញដើមជ្រុះមករោយរាយ លើសរីរៈរបស់ព្រះតថាគត ដើម្បីបូជា ។ ផ្កាមន្ទារវបុស្ស និងលំអិតខ្លឹមចន្ទន៍សឹងជាទិព្វបាន  រោយរាយ ត្រង់ព្រះសរីរៈទាំងតូរ្យតន្រីដ៏ជាទិព្វ ក៏ប្រគុំឡើងលាន់ឮ    ឯអាកាស ដើម្បីបូជាព្រះតថាគត។​
          ព្រះសម្មាសម្ពុទ្ធ ត្រាស់ទៅកាន់ព្រះអានន្ទថា​ សូម្បីបរិស័ទធ្វើ សក្ការៈបូជាដល់ព្រះអង្គដោយសក្ការៈទាំងនេះ ក៏មិនឈ្មោះថា បូជា តថាគតដោយប្រពៃឡើយ អ្នកណាក៏ដោយ ទោះជាភិក្ខុ ភិក្ខុនី ឧបាសក និង ឧបាសិកា ដែលជាអ្នកប្រតិបត្តិធម៌ដ៏សមគួរ ដល់ធម៌ ធ្វើសេចក្តីពេញចិត្ត ក្នុងធម៌ អ្នកនោះឈ្មោះថា ធ្វើសក្ការៈគោរពបូជា គោរពឳនលំទោន ដោយការបូជាដ៏ឧត្តម ។ បន្ទាប់ពីនោះ ទ្រង់ ត្រាស់បណ្តេញឧបវាណៈ ដែលបក់ផ្លឹតថ្វាយបាំងព្រះភក្រ្តថា​ ម្នាល ភិក្ខុ អ្នកចូរថយបន្តិចទៅ កុំឈរបាំងមុខតថាគតឡើយ ។
          ព្រះអានន្ទ ឃើញហេតុការណ៍នោះ ទើបចូលទៅទូលសួរព្រះ អង្គ ទ្រង់ត្រាស់ឆ្លើយថា ឥឡូវនេះមានទេវតាចំនួនច្រើ​ន មកអំពី ១០ លោកធាតុ ចូលមកគាល់ព្រះអង្គ ទើបទ្រង់តា្រស់ឲ្យ ឧបវាណៈ ចៀស ចេញទៅ ដើម្បីមិនឲ្យបាំងព្រះភក្រ្ត ។
ព្រះអានន្ទ ក្រាបទូលថា ពេលព្រះអង្គទ្រង់ធរមាននៅខ្ញុំព្រះអង្គ មានឳកាសជួបជុំសន្ទនាធម៌ ជាមួយព្រះមហាថេរទាំងឡាយ​ ដែល មកគាល់តាមកាលគួរ    តែក្រោយអំពីព្រះអង្គទ្រង់បរិនិព្វានទៅ   នឹង
មិនមានឳកាសដូច្នេះទៀតឡើយ ។ ព្រះអង្គទើបត្រាស់រឿង
សំវេជនីយដ្ឋាន ៤ កន្លែងគឺៈ
     ១) កន្លែងប្រសូត ។                           ២) កន្លែងត្រាស់ដឹង ។
     ) កន្លែងទ្រង់ប្រកាសធម្មចក្រ ។         ៤) កន្លែងបរិនិព្វាន ។
          ទីទាំង ៤ កន្លែងនេះ ជាស្ថានដែលសមគួរ ដល់ពុទ្ធបរិស័ទ អ្នកមានសទ្ធាចូលមកបូជាដោយសក្ការៈទាំងឡាយ (ធ្វើឲ្យពុទ្ធបរិស័ទ មានឳកាសជួបជុំគ្នាបាន)​។
     ព្រះអានន្ទទូលសួរអំពីការប្រតិបត្តិចំពោះស្ត្រីតទៅទៀត ព្រះអង្គ ត្រាសតបថា កុំមើល បើមើល កុំនិយាយរក បើនិយាយរក ត្រូវតាំង សតិឲ្យមាំ
     ទូលសួរតទៅទៀតថា ត្រូវប្រតិបត្តិចំពោះសរីរៈរបស់ព្រះអង្គយ៉ាង ណា? ទ្រង់ត្រាស់តបថា ឲ្យប្រតិបត្តិដូចការ ប្រតិបត្តិចំពោះព្រះបរម សព របស់ស្តេចចក្រពត្តិគឺ ឲ្យប្រើកំណាត់ថ្មីរុំព្រះពុទ្ធសរីរៈ ហើយ ខ្ចប់ដោយសំឡីបរិសុទ្ធ រួចហើយរុំដោយកំណាត់​ថ្មីមួយជាន់ទៀត (មួយជាន់រាប់ ១ គូ ធ្វើយាងនេះរឿយៗទៅរហូតដល់ ១.០០០ ជាន់ ប្រើសំពត់ ៥០០ គូ) ។ ហើយយកព្រះពុទ្ធសរីរៈដាក់ក្នុងមឈូស មាស ដែលដាក់ប្រេង រួចយកគម្របមឈូសមាសគ្របពីលើ ហើយ យាងព្រះពុទ្ធសរីរៈ ទៅតម្កល់លើជើងថ្ក ដែលធ្វើដោយចន្ទន៍ក្រអូប ។ បន្ទាប់ពីនោះ ថ្វាយព្រះភ្លើងដល់ពុទ្ធសរីរៈ ហើយសាងព្រះស្តូបចំ កន្លែងផ្លូវធំបែកជា ៤ ដើម្បីឲ្យជនទាំងឡាយ បានបូជាដោយផ្កា កម្រង និងគ្រឿងក្រអូប ឬធ្វើចិត្តឲ្យជ្រះថ្លា ក្នុងព្រះ​ស្តូបនោះ ។ ការធ្វើដូច្នេះ នឹងប្រព្រឹត្តទៅដើម្បីអនុគ្រោះ ដល់ជនទាំងឡាយ ដ៏ ច្រើនអស់កាលរហូតទៅ ។
     បន្ទាប់ពីនោះ ទ្រង់ត្រាស់អំពីថូបារហបុគ្គល (បុគ្គលដែលសមគួរ នឹងប្រតិស្ថានទុកក្នុងព្រះស្តូប) ៤ ពួកគឺៈ
     ១.ព្រះសម្មាសម្ពុទ្ធ                             ២.ព្រះបច្ចេកពុទ្ធ
     ៣.ព្រះសាវ័ករបស់ព្រះសម្មាសម្ពុទ្ធ         ៤.ស្តេចចក្រពត្តិ ។
          បុគ្គលដែលធ្វើចិត្តឲ្យជ្រះថ្លា ក្នុងថូបារហបុគ្គលទាំង ៤ ពួក នេះ ក្រោយអំពីស្លាប់ហើយ នឹងទៅកើតក្នុងសុគតិសួគ៌ទេវលោក ។
វគ្គទី ៣៤-៣៦
          ពេលទ្រង់ជ្រាបថា ព្រះអានន្ទគេចទៅយំក្បែរមាត់ទ្វារ ព្រះអង្គឲ្យ
ហៅព្រះអានន្ទមកចូលគាល់ ហើយត្រាស់សម្តែងគុណលក្ខណៈ ដែល ជាអច្ឆរិយភាព របស់ព្រះអានន្ទ ប្រៀបធៀបជាមួយស្តេចចក្រពត្តិ ឲ្យ ភិក្ខុទាំងឡាយស្តាប់ ធ្វើឲ្យព្រះអានន្ទ រសាយពីការសោកសៅបាន ។
ភាពអស្ចារ្យរបស់ព្រះអានន្ទ ៤ ប្រការគឺៈ
          ១) កាលបើភិក្ខុបរិស័ទ ចូលជួបព្រះអានន្ទ សូម្បីត្រឹមតែជួប ក៏មានចិត្តរីករាយ ពេលព្រះអានន្ទសម្តែងធម៌ ក៏មានចិត្តរីករាយ ភិក្ខុ បរិស័ទនៅមិនទាន់ឆ្អែតឆ្អន់ ពេលព្រះអានន្ទឈប់សម្តែង ។
          ២) កាលភិក្ខុនីបរិស័ទ ចូលទៅជួបព្រះអានន្ទ... ។
          ៣) កាលឧបាសកបរិស័ទ ចូលទៅជួបព្រះអានន្ទ...។
          ៤) កាលឧបាសិកាបរិស័ទ ចូលទៅជួបព្រះអានន្ទ សូម្បីត្រឹម តែជួប ក៏មានចិត្តរីករាយ ពេលព្រះអានន្ទសម្តែងធម៌ ក៏មានចិត្តរីករាយ ឧបាសិកាបរិស័ទ នៅមិនទាន់ឆ្អែតឆ្អន់ ពេលព្រះអានន្ទឈប់​សម្តែង ។
     ភាពអស្ចារ្យរបស់ស្តេចចក្រពត្តិ ៤ ប្រការគឺៈ
          ១) កាលខត្តិយបរិស័ទចូលគាល់ស្តេចចក្រពត្តិ សូម្បីចូល គាល់ក៏មានចិត្តត្រេកអរ កាលស្តេចចក្រពត្តិមានព្រះរាជបន្ទូល ក្នុង ខត្តិយបរិស័ទនោះ សូម្បីត្រឹមតែមានព្រះរាជបន្ទូល ក៏មានចិត្តត្រេកអរ ខត្តិយបរិស័ទមិនទាន់ឆ្អែតឆ្អន់  ពេលស្តេចចក្រពត្តិទ្រង់នៅស្ងៀម ។
     ២) កាលព្រាហ្មណ៍បរិស័ទ ចូលគាល់ស្តេចចក្រពត្តិ...។
     ៣) កាលគហបតីបរិស័ទ ចូលទៅគាល់ស្តេចចក្រពត្តិ ...។
     ៤) កាលសមណបរិស័ទ ចូលទៅគាល់ស្តេចចក្រពត្តិ សូម្បីចូល គាល់ ក៏មានចិត្តត្រេកអរ កាលស្តេចចក្រពត្តិមានព្រះរាជបន្ទូល​ ក្នុង សមណបរិស័ទនោះ ក៏មានចិត្តត្រេកអរ សមណបរិស័ទ មិនទាន់ ឆ្អែតឆ្អន់ ពេលស្តេចចក្រពត្តិទ្រង់នៅស្ងៀម ។
          ព្រះអានន្ទ ក្រាបទូលឲ្យព្រះអង្គបរិនិព្វាននៅទីក្រុងធំៗ ដូចជា ក្រុងចម្ប៉ា ក្រុងរាជគ្រឹះ ក្រុងសាវត្ថី ក្រុងសាកេត ក្រុងកោសម្ពី ក្រុង ពារាណសី ព្រោះក្នុងក្រុងទាំងនុះ មានខត្តិយមហាសាល ព្រាហ្មណ៍ មហាសាល និងគហបតីមហាសាលច្រើននាក់ នឹងអាចជ្រះថ្លា ហើយ ចាត់ការបូជា សរីរៈរបស់ព្រះអង្គបាន សូមទ្រង់កុំបរិនិព្វានក្នុងក្រុង តូច ក្រុងទូល ក្រុងដែលជាចំណុះដូច្នេះឡើយ ។ ព្រះអង្គ ទើបទ្រង់ សម្តែងរឿងអតីត របស់ក្រុងកុសិនារា ឲ្យភិក្ខុទាំងឡាយស្តាប់គឺរឿង ព្រះបាទមហាសុទស្សនៈ (មានសម្តែងពិស្តារ ក្នុងព្រះសូត្រមួយ ដែល មានឈ្មោះថា មហាសុទស្សនៈសូត្រ ខាងមុខ ) ។
          បន្ទាប់ពីនោះ ទ្រង់បញ្ជាព្រះអានន្ទ ឲ្យទៅប្រាប់ព័ត៌មាន ដល់ពួកស្តេចអ្នកគ្រប់គ្រងក្រុងកុសិនារាឲ្យជ្រាបថា ព្រះអង្គមកគង់ ក្នុងព្រៃសាលវ័ន ហើយព្រះអង្គនឹងរំលត់ខន្ធចូលកាន់បរិនិព្វាន ក្នុង ទីនោះ ។ ព្រះអានន្ទ ទទួលពាក្យបញ្ជារបស់ព្រះអង្គហើយ ចូលទៅ ជួបស្តេចមល្លៈ ថ្វាយព្រះពរឲ្យទ្រង់ជ្រាបគ្រប់ប្រការ ។ ពួកស្តេចមល្លៈ ព្រមទាំង ព្រះញាតិវង្ស ទើបចូលទៅថ្វាយអភិវាទ ព្រះសម្មាសម្ពុទ្ធ តាមលំដាប់ រាជត្រកូលរហូតចាប់ពីពេលនោះឯង ។
វគ្គទី ៣៧-៣៨
          តមក សុភទ្ទបរិព្វាជក អ្នកអាស្រ័យនៅក្នុងក្រុងកុសិនារា ជ្រាប ដំណឹងថា ព្រះសម្មាសម្ពុទ្ធទ្រង់នឹងបរិនិព្វានក្នុងយប់នេះ ទើបចូលមក គាល់ ដើម្បីទូលសួរសេចក្តីសង្ស័យខ្លះៗ តែត្រូវព្រះអានន្ទ ហាមឃាត់ រហូតដល់ ៣ ដង ពេលព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាប ទើបទ្រង់អនុញ្ញាត ឲ្យចូលគាល់ ។ សុភទ្ទបរិព្វាជក បានទូលសួររឿងមេសាសនាដែលល្បី ឈ្មោះដូចជា បូរណកស្សបៈ ជាដើមថា ជាអ្នកដឹងពិតតាម ដែល ពោលអាងមកឬទេ? ឬពួកខ្លះដឹង ពួកខ្លះមិនដឹង ?
          ព្រះសម្មាសម្ពុទ្ធត្រាស់តបថា កុំឆ្ងល់រឿងនេះឡើយ ហើយ ត្រាស់ថា ក្នុងធម្មវិន័យដែលមិនមានអរិយមគ្គមានអង្គ ៨ (សាសនាដទៃ)រមែងមិនមានសមណៈ ទី១ (ព្រះសោតាបន្ន) សមណៈទី ២ (ព្រះសកទាគាមី) សមណៈទី ៣ (ព្រះអនាគាមី) សមណៈទី ៤ (ព្រះអរហន្ត) ក្នុងធម្មវិន័យនេះ (ព្រះពុទ្ធសាសនា) មានអរិយមគ្គ ប្រកបដោយអង្គ ៨ ដូច្នេះ សមណៈទី ១ ដល់ទី ៤ មានតែក្នុង ធម្មវិន័យនេះ ប៉ុណ្ណោះ ។ លទ្ធិដទៃសូន្យចាកសមណៈ អ្នកចេះដឹង ទាំងឡាយ កាលបើភិក្ខុទាំងឡាយជាអ្នកនៅដោយប្រពៃ ពិភព លោក នឹងមិនសូន្យចាកព្រះអរហន្តទាំងឡាយឡើយ ។
          ម្នាលសុភទ្ទៈ យើងបួសខណៈពេលដែលយើងមានអាយុ ២៩ ឆ្នាំ ក៏បានស្វែងរកឃើញថា អ្វីគឺជាកុសល ខណៈពេលដែលបួសបាន ៥០ ឆ្នាំហើយ នៅមិនទាន់ឃើញសមណៈទី ១ ក្រៅធម្មវិន័យនេះ ដែលបានប្រកាសវត្ថុប្រាកដ (វិបស្សនា) ដើម្បីធ្វើឲ្យច្បាស់នូវធម៌ រហូតសមណៈទី ២--ក៏មិនមាន ។​ លទ្ធិដទៃ មិនមានសមណៈ អ្នកត្រាស់ដឹងទាំងឡាយឡើយ ។
          ក្រោយពីបានស្តាប់ធម្មទេសនាហើយ សុភទ្ទ ក៏មានសេចក្តី ជ្រះថ្លា ហើយទូលសូមឧបសម្បទា ។ ព្រះអង្គទ្រង់អនុញ្ញាត ហើយ ទ្រង់ត្រាស់ឲ្យព្រះអានន្ទបំបួសឲ្យ ។ បួសមិនយូរប៉ុន្មាន សុភទ្ទភិក្ខុ ក៏ បានសម្រេចព្រះអរហត្តផល ដែលរាប់ថា ជាភិក្ខុសាវ័កចុងក្រោយ បំផុត ដែលមកជួបព្រះពុទ្ធអង្គ ហៅថា បច្ឆិមសក្ខិសាវ័ក
          បន្ទាប់ពីនោះ ព្រះអង្គបានត្រាស់ទៅកាន់ព្រះអានន្ទថា កាល ដែលមានអ្នកដទៃគិតថា បាវចនៈ មានព្រះសាស្តាបរិនិព្វានហើយ មិនមានតថាគតនោះ ជាការមិនត្រឹមត្រូវ ព្រោះធម៌ និង វិន័យ ដែលតថាគតសម្តែងហើយ បញ្ញត្តិទុកហើយដល់អ្នកទាំងឡាយ ក្រោយពីតថាគតបរិនិព្វានទៅ ធម៌នឹងវិន័យនោះ ចាត់ជាសាស្តា របស់អ្នកទាំងឡាយ ។ ក្រោយពីនោះមក ទ្រង់ត្រាស់រឿងដទៃៗ ៣ រឿងទៀតគឺៈ
      ១) រឿងការប្រើពាក្យអាវុសោ និង ភន្តេ គឺឲ្យភិក្ខុដែលមាន អាយុចាស់ជាងហៅភិក្ខុដែលមានអាយុក្មេងជាងថាអាវុសោ ហើយភិក្ខុ ដែលមានអាយុក្មេងជាង ហៅភិក្ខុដែលចាស់ជាងថា ភន្តេ
     ២) រឿងទ្រង់អនុញ្ញាតឲ្យដកសិក្ខាបទតូចៗខ្លះ ។
     ៣) រឿងការដាក់ទណ្ឌកម្មដល់ឆន្នភិក្ខុ ។
          បន្ទាប់ពីនោះ ទ្រង់បើកឳកាសឲ្យភិក្ខុទាំងឡាយទូលសួររឿង ដែលមានសេចក្តីសង្ស័យ តែមិនមានភិក្ខុណាមួយទូលសួរឡើយ ។ ទើបទ្រង់ពោលនូវបណ្តាំចុងក្រោយ (បច្ចិមវាចា)ថាៈ
                   ហន្ទទានិ     ភិក្ខវេ          អាយន្តយាមិ     វោ 
                        វយធម្មា    សង្ខារា    អប្បមាទេន    សម្បាទេថ  
                 ម្នាលភិក្ខុទាំងឡាយ ណ្ហើយចុះឥឡូវនេះ តថាគត ប្រាប់ អ្នកទាំងឡាយឲ្យបានដឹង សង្ខារទាំងឡាយ មានសេចក្តី សាបសូន្យជាធម្មតា អ្នកទាំងឡាយ ចូរញ៉ាំងកិច្ចទាំងពួង ឲ្យសម្រេច ដោយសេចក្តីមិនប្រមាទចុះ
វគ្គទី ៣៩
          បន្ទាប់ពីទ្រង់ត្រាស់បច្ឆិមវាចាហើយ ព្រះអង្គក៏ចូលកាន់ បរិនិព្វាន តាមលំដាប់លំដោយដូចតទៅនេះ ទ្រង់ចូលបឋមជ្ឈាន ចេញចាកបឋមជ្ឈាន ទ្រង់ចូលទុតិយជ្ឈាន ចេញចាកទុតិយឈាន ទ្រង់ចូលតតិយជ្ឈាន ចេញចាកតតិយជ្ឈាន ចូលឈានបន្តបន្ទាប់ ទៅរឿយៗ រហូតដល់នេវសញ្ញានាសញ្ញាយតន សមាបត្តិ ចេញចាក សមាបត្តិនេះហើយ ទ្រង់ចូលសញ្ញាវេទយិតនិរោធ តទៅ ទ្រង់ត្រឡប់ មកវិញ គឺចេញចាកសញ្ញាវេទយិតនិរោធហើយ ទ្រង់ចូលនេវសញ្ញា- នាសញ្ញាយតនសមាបត្តិជាដើមតទៅទៀត ។ ទ្រង់បដិបត្តិបែបនេះ ដោយអនុលោម និង បដិលោម (២៤ សែន ត្រឡប់កោដិ) ។ ក្នុងវារៈចុងក្រោយ ទ្រង់ចេញចាកបឋមជ្ឈាន ចូលទុតិយជ្ឈាន  ចេញចាកទុតិយជ្ឈាន ចូលតតិយជ្ឈាន ចេញចាកតតិយជ្ឈាន ចូលចតុត្ថជ្ឈាន ទ្រង់ចេញចាកចតុត្ថជ្ឈានហើយ ទ្រង់ក៏រលត់ខន្ធចូល បរិនិព្វាន ហើយផែនដីក៏ញាប់ញ័រឡើង ជាសញ្ញាប្រាប់ថា ទ្រង់ចូល និព្វានហើយ ។
ហេតុការណ៍ក្រោយពុទ្ធបរិនិព្វាន
        ក្នុងខណៈដែលព្រះសម្មាសម្ពុទ្ធទ្រង់បរិនិព្វាននោះ សហម្បតី ព្រហ្ម ព្រះឥន្ទ្រាធិរាជ ព្រះអនុរុទ្ធ និង ព្រះអានន្ទ ក៏បាននាំគ្នាពោល អំពីការបរិនិព្វាន របស់ព្រះសម្មាសម្ពុទ្ធ ជាពិសេស ព្រះឥន្ទ្រាធិរាជ បានត្រាស់ថា សង្ខារទាំងឡាយ មិនទៀងទេហ៎្ន មានកិរិយាកើតឡើង ហើយ រលត់ទៅវិញជាធម្មតា កើតឡើងហើយរលត់ទៅវិញ លុះតែ រលត់នូវសង្ខារទាំងឡាយនុ៎ះហើយ ទើបបានសេចក្តីសុខគ្រប់យ៉ាង
        ភិក្ខុដែលជាព្រះខីណាស្រពទាំងឡាយ កើតនូវធម្មសង្វេគ ចំណែកអ្នកដែលជាបុថុជ្ជន ក៏យំសោកកន្ទក់កន្ទេញ ។ ព្រះអនុរុទ្ធ និង ព្រះ អានន្ទ បានឃើញហេតុដូច្នេះ ក៏បានសម្តែងធម៌លួងលោម ចិត្តឲ្យបាត់សេចក្តីសោកសៅ រហូតទល់ភ្លឺ ។
វគ្គទី ៤០-៤៤
          បន្ទាប់ពីនោះ ព្រះមហាកស្សបៈ ព្រមទាំងភិក្ខុសង្ឃប្រមាណ ៥០០ រូប កំពុងធ្វើដំណើរតាមផ្លូវមកគាល់ព្រះសម្មាសម្ពុទ្ធ មកដល់ កណ្តាលផ្លូវ បានជ្រាបព័ត៌មានពីអាជីវកម្នាក់ ដែលកាន់ផ្កាមន្ទារវៈ តាមចំហៀងផ្លូវម្ខាងប្រាប់ថា ព្រះសមណៈគោតម បរិនិព្វានបាន ៧ ថ្ងៃ ក្នុងថ្ងៃនេះហើយ ។ ពួកភិក្ខុដែលជាព្រះខីណាស្រព ក៏កើតធម្ម សង្វេគ ចំណែកភិក្ខុដែលជាបុថុជ្ជន ក៏យំសោកសៅខូចចិត្ត តែភិក្ខុ សុភទ្ទៈអ្នកបួសក្នុងគ្រាដែលខ្លួនចាស់ បានពោលពាក្យចម្រូងចម្រាស់ ធម៌វិន័យថា លោកដ៏មានអាយុទាំងឡាយ កុំសោកសៅ កុំខ្សឹកខ្សួល ឡើយ ពួកយើងរួចផុតហើយពីសមណៈរូបនេះ ដែលធ្លាប់តែស្តី បន្ទោសពួកយើងថា វត្ថុនេះគួរដល់ពួកយើង វត្ថុនេះមិនគួរដល់ពួក យើង ឥឡូវនេះយើងប្រាថ្នាវត្ថុណាក៏ធ្វើវត្ថុនោះ ពួកយើង មិនប្រាថ្នា វត្ថុណាក៏មិនធ្វើនូវវត្ថុនោះ (ពួកយើងមានសេរីភាពហើយ) ។
          ព្រះមហាកស្សបៈ បានលួងលោមដល់ភិក្ខុទាំងឡាយហើយក៍ នាំគ្នាទៅកាន់មកុដពន្ធនចេតិយ ត្រង់ទីជើងថ្ករ របស់ព្រះមានព្រះភាគ ហើយថ្វាយអភិវាទព្រះយុគលបាទ បន្ទាប់មកជើងថ្កររបស់ព្រះមាន ព្រះភាគ ក៏ឆេះឯង ។
          ពេលព្រះភ្លើងឆេះព្រះពុទ្ធសរីរៈហើយ ធារទឹកចាកអាកាស និងទឹកផុសឡើងអំពីដើមសាលព្រឹក ក៏ពន្លត់ជើងថ្ករ ពួកស្តេចមល្លៈ បានរំលត់ជើងថ្ករដោយទឹកក្រអូប​ទាំងពួង បានយកព្រះសារីរិកធាតុ ទៅប្រតិស្ថានទុកក្នុងសណ្ឋាគារដ្ឋាន    ហើយបានចាត់កំលាំងឲ្យរក្សា
ទុកបូជារហូត ៧ ថ្ងៃ ។
ការចែកព្រះបរមសារីរិកធាតុ
          ពេលស្តេចទាំង ៧ អង្គ ដែលមកពីក្រុងរាជគ្រឹះ ក្រុងវេសាលី ក្រុងកបិលពស្តុ ក្រុងអល្លកប្បៈ ក្រុងរាមគ្រាម ក្រុងវេដ្ឋទីបកៈ និងក្រុងបាវាបានជ្រាបព័ត៌មានថា ព្រះមានព្រះភាគបរិនិព្វាននៅក្រុង កុសិនារា ហើយបានថ្វាយព្រះភ្លើងស្រេចហើយ ក៏បានបញ្ជូនទូត មកសូមព្រះសារីរិកធាតុ ។ ពួកស្តេចមល្លៈ មិនព្រមចែកឲ្យ តែពេល ដែលឮពាក្យណែនាំរបស់ទោណព្រាហ្មណ៍ក៏ព្រមចែកឲ្យ ។
        ពួកទូតទាំងនោះ បានតែងតាំងទោណព្រាហ្មណ៍ឲ្យជាអ្នក បែងចែកព្រះបរមសារីរិកធាតុ ទោណព្រាហ្មណ៍ ទើបបែងចែកជា ៨ ចំណែកស្មើៗគ្នា រីឯខ្លួនគាត់ផ្ទាល់ សូមតុម្ពដែលវាល់ព្រះបរម សារីរិកធាតុនោះ ដើម្បី​សាងព្រះស្តូបទុកសម្រាប់បូជា ។
        តមក ពេលស្តេចក្រុងបិប្ផលិវ័ន ជ្រាបព័ត៌មាននោះ ទើប បញ្ជូនទូតមកសូមព្រះបរមសារីរិកធាតុ ស្តេចមល្លៈបានប្រាប់ថា យើងចែកគ្នាអស់ហើយ ទើបឲ្យកើបធ្យូងផេះ យកទៅ ។ ស្តេច ទាំងអស់នោះ ពេលបានព្រះបរមសារីរិកធាតុហើយ ក៏នាំទៅសាង ព្រះស្តូបតម្កល់ទុក ហើយធ្វើបុណ្យឆ្លងក្នុងប្រទេសរៀងៗខ្លួន ។ បើរួមព្រះស្តូបទាំងអស់គឺទាំងព្រះស្តូប ដែលបញ្ចុះព្រះបរមសារី- រិកធាតុផង បញ្ចុះតុម្ពផង និង បញ្ចុះព្រះអង្គារ(ធ្យូង)ផង ត្រូវជា ១០ កន្លែង
ចំណុចគួរសង្កេត
          ដូចបានពោលទុកក្នុងខាងដើមថា នេះជាព្រះសូត្រដែល ប្រមូលផ្តុំរឿងរ៉ាវជាច្រើន ដោយប្រមូលលំដាប់ហេតុការណ៍ និងព្រះ ធម្មទេសនាទាំងឡាយ ដែលកើតឡើងក្នុងពេលដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ចារិកទៅសម្តែងព្រះធម៌គ្រាក្រោយៗ មករួបរួមទុក ទើបធ្វើឲ្យព្រះ សូត្រនេះ មានខ្លឹមសារវែងអន្លាយ គឺមានចំនួនដល់ទៅ ៦ ភាណវារៈ ដែលចែកចេញជា ៤៤ វគ្គ ។ វគ្គខ្លះរចនាទុកដោយសង្ខេប និងមាន សេចក្តីពិស្តារ ដោយបំបែកឲ្យទៅជាព្រះសូត្រផ្សេងៗទៀត មានដូច ជា មហាសុទស្សនសូត្រ ជនវសភសូត្រ នៅក្នុងនិកាយនេះ វគ្គខ្លះបែង ទៅនៅក្នុងនិកាយដទៃ ហើយអធិប្បាយសេចក្តីក៏មាន។ ខ្ញុំសូម អធិប្បាយបន្ថែម ដើម្បីឲ្យកាន់តែកើតសេចក្តីជាក់ច្បាស់ឡើង ដែលថា មានខ្លឹមសារ ចែកចេញជា ៤៤ វគ្គនោះ សំដៅយកវគ្គនៃច្បាប់នេះ តែច្បាប់ជាភាសាបាលី ​លោកបែងចែកត្រឹមតែ ៤០ វគ្គ ដោយយល់ ឃើញថា វគ្គខ្លះមានច្រើនរឿង ទើបបែងចែក ដើម្បីឲ្យច្បាស់លាស់ដូច ជាវគ្គដែលព្រះអានន្ទ ទូលអារាធនា ឲ្យព្រះអង្គគង់ព្រះជន្មនៅតមួយ កប្បទៀត ចែកជា ៣ វគ្គ គឺ វគ្គព្រះអានន្ទទូលអារាធនា វគ្គទ្រង់ សម្តែងអានុភាពរបស់ឥទ្ធិបាទ និង វគ្គទ្រង់សម្តែងសំវេជនីយធម៌
វគ្គដែល សម្តែងអំពីរឿង មហាកស្សបៈ ក៏ចែកចេញជា ២ វគ្គគឺ វគ្គថ្វាយព្រះភ្លើង និង វគ្គទ្រង់និទានរឿងមារទូលអារាធនាឲ្យទ្រង់ បរិនិព្វាន រវាងវគ្គ ដែលទ្រង់សម្តែងអំពីវិមោក្ខ ៨ និងវគ្គដែល ព្រះអានន្ទទូលអារាធនា ។ ដែលថា វគ្គខ្លះប្រាកដក្នុងគម្ពីរផ្សេងៗ ទាំងនៅក្នុង សុត្តន្តបិដក វិន័យបិដក និងអភិធម្មបិដក មានល័ក្ខឋាន នៅក្នុងអត្ថ របស់វគ្គនោះៗដែលប្រាប់ថា មើលប្រៀបធៀប សំដៅយក ការប្រៀបធៀបជាមួយ គម្ពីរអង្គុត្តរនិកាយ សត្តកនិបាត ត្រង់នេះឲ្យ មើលប្រៀបធៀប អបរិហានិយធម៌ ៧ ប្រការ ។ ពាក្យថា មើល ប្រៀបធៀបក្នុងព្រះសូត្រនេះ មាន ៣១ កន្លែង ឯកន្លែងនីមួយៗមាន មួយគម្ពីរខ្លះ ពីរគម្ពីរខ្លះ ច្រើនជាងពីរគម្ពីរខ្លះ ។ គម្ពីរទាំងនេះជារបស់ សុត្តន្តបិដកទាំង ៥ និកាយ ជារបស់វិន័យបិដក និង ព្រះអភិធម្មបិដក សូមសង្កេតមើលថា សេចក្តីក្នុងវគ្គដែលសម្តែងអំពីរឿង ព្រះមហា កស្សបៈ ក្នុងព្រះសូត្រនេះ ជាមួយនឹងអត្ថន័យក្នុងព្រះវិន័យបិដក ចុល្លវគ្គ ជារឿងដូចគ្នា ប៉ុន្តែក្នុងព្រះវិន័យបិដកព្រះមហាកស្សបៈ សម្តែង ទុកដោយខ្លួនឯង អត្ថន័យវគ្គនេះមានខ្លឹមសារសំខាន់ណាស់ ព្រោះជា មូលហេតុនាំឲ្យធ្វើសង្គាយនា ក្រោយពីព្រះពុទ្ធបរិនិព្វានទៅបាន ៣ ខែ។
          ពេលសម្លឹងដោយភាពរួម នឹងឃើញថា ព្រះសូត្រនេះបានបង្កប់ ហេតុការណ៍ដែលជាល័ក្ខឋាន ខាងប្រវត្តិសាស្ត្រ និង ព្រះធម្មទេសនា ដែលជាគោលសំខាន់ទុកយ៉ាងល្អប្រសើរ អាចចាត់ថាជាព្រះសូត្រ ដែលមានគុណតម្លៃដ៏មហាសាល ហើយគួរសិក្សាដោយល្អិតល្អន់ ៕
ខ្លឹមសារដែលគួរសិក្សា
          ជាទូទៅ គេច្រើនតែយល់ថា មហាបរិនិព្វានសូត្រ និយាយតែ អំពីការបរិនិព្វាន ការចែកព្រះសារីរិកធាតុ និង ការសាងព្រះស្តូបញ្ចុះ ព្រះបរមសារីរិកធាតុ របស់ព្រះអង្គប៉ុណ្ណោះ ។ តែបើយើងសិក្សាឲ្យ ល្អិត និង ប្រើការគិតពិចារណាប្រៀបធៀបសេចក្តីសំខាន់ជាមួយព្រះ សូត្រដទៃៗទៀត ដែលមានសេចក្តីដូចគ្នា ប្រារព្ធចំពោះបុគ្គលដូចគ្នា កន្លែងដូចគ្នា ស្ថានទីដូចគ្នា ក៏នឹងឃើញថា ព្រះសូត្រនេះបានប្រមូលតាម លំដាប់ហេតុការណ៍ និងធម្មទេសនា ក្នុងពេលដែលព្រះអង្គធ្វើដំណើរ សម្តែងធម៌នៅឆ្នាំចុងក្រោយទុកជាប្រវត្តិសាស្រ្ត ដែលគួរឲ្យស្ញប់ស្ញែង យ៉ាងក្រៃលែង ។ ហេតុការណ៍ និង ធម្មទេសនាទាំងនោះ មានប្រាកដ នៅក្នុងគម្ពីរទាំងឡាយ ។ ពេលសិក្សាត្រួសៗ ជាចំណែកៗទៅឃើញថា ជារឿងច្រំដែលៗ តាមកណ្ឌ តាមវារៈ មិនអាចយកមកភ្ជាប់គ្នាបាន ព្រោះមិនបានបញ្ជាក់ថ្ងៃខែឆ្នាំសករាជទុក ។ តែបើប្រើព្រះសូត្រនេះ ជាគោល ឯកសារខាងដើមក្នុងឋានៈដែល អាចពិសោធន៍រឿងកាល វេលាបាន  ហើយប្រើជាកណ្ឌសម្រាប់ចាត់ជាវគ្គ ព្រះសូត្រនីមួយៗ ដែល មានហេតុផលជាប់ទាក់ទងគ្នា ក៏នឹងរកចំណុចឃើញថា ហេតុការណ៍ និង ព្រះធម្មទេសនា ក្នុងមហាបរិនិព្វានសូត្រ ក៏ជាហេតុការណ៍ក្នុង រឿងដូចគ្នា ក្នុងព្រះសូត្រដទៃៗ និងក្នុងព្រះវិន័យ ដូចតទៅនេះ៖
     ១) រឿងហេតុការណ៍ខាងប្រវត្តិសាស្រ្ត នយោបាយ គឺវស្សការ ព្រាហ្មណ៍ចូលគាល់ ដែលមានប្រាកដក្នុងវស្សការសូត្រនៃគម្ពីរអង្គុត្ត- រនិកាយ សត្តកនិបាត ។
     ២) រឿងអបរិហានិយធម៌ ៦ ពួក ដែលទ្រង់សម្តែងដល់ភិក្ខុទាំង ឡាយ ក្រោយអំពីវស្សការព្រាហ្មណ៍ត្រឡប់ទៅហើយ មានប្រាកដក្នុង បឋមសត្តកសូត្រ ទុតិយសត្តកសូត្រ តតិយសត្តកសូត្រ និង ពោជ្ឈង្គ សូត្រ ក្នុងអង្គុត្តរនិកាយ សត្តកនិបាត ។
     ៣) រឿងព្រះសារីបុត្រ ចូលគាល់ក្រាបទូលសរសើរព្រះពុទ្ធដោយ អាសភិវាចា បន្លឺសីហនាទ ក្នុងបាវារិកម្ពវ័ន ក្រុងនាឡន្ទា មានប្រាកដ ក្នុងនាឡន្ទសូត្រ នៃគម្ពីរសំយុត្តនិកាយ មហាវគ្គ ដែលមានសេចក្តី លំអិតជាង ក្នុងមហាបរិនិព្វានសូត្រ ។ តែសេចក្តីពិស្តារមានក្នុង សម្បសាទនីយសូត្រ នៃគម្ពីរទីឃនិកាយ បាដិកវគ្គ ភាគខាងក្រោយ ។
     ៤) រឿងទោសរបស់បុគ្គលទ្រុសសីល ៥ ប្រការ និង អានិសង្ស របស់បុគ្គលមានសីល ៥ ប្រការ ដែលសម្តែងក្នុងស្រុកបាដលិគ្រាម រហូតដល់រឿងការកសាងក្រុងបាដលិបុត្ត និង មហាមាត្យឈ្មោះ សុនីធៈ និងវស្សការព្រាហ្មណ៍ ចូលក្រាបថ្វាយបង្គំ មានប្រាកដក្នុង បាដលិគាមិយសូត្រ នៃគម្ពីរខុទ្ទកនិកាយ ឧទាន និងក្នុងបាដលិគាម វត្ថុ ព្រមទាំង សុនីធវស្សការវត្ថុ នៃវិន័យបិដក មហាវគ្គ ។
     ៥) រឿងអរិយសច្ច ៤ ប្រការ ដែលព្រះសម្មាសម្ពុទ្ធសម្តែង ក្នុងស្រុកកោដិគ្រាម ដែនវជ្ជី មានប្រាកដ ក្នុងបថមកោដិគាមសូត្រ នៃគម្ពីរសំយុត្តនិកាយ មហាវារវគ្គ និង កោដិគាមសច្ចកថា នៃគម្ពីរ ព្រះវិន័យបិដក មហាវគ្គ ។
     ៦) រឿងការព្យាករណ៍ពុទ្ធបរិស័ទ អ្នកស្រុកនាទិកគ្រាមញាតិ- កគាម និងធម្មទេសនារឿងធម្មទាសៈ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ សម្តែងក្នុងដំណាក់ឥដ្ឋ ស្រុកនាទិកគ្រាម ដែលមានប្រាកដក្នុង បឋមគិញ្ជកាវសថសូត្រ ទុតិយគិញ្ជកាវសថសូត្រ និង តតិយគិញ្ជកា- វសថសូត្រ  នៃគម្ពីរសំយុត្តនិកាយ មហាវារវគ្គ និងមានសម្តែងពិស្តារ
ក្នុងជនវសភសូត្រ ដែលជាព្រះសូត្រទី ៥ នៃគម្ពីរទីឃនិកាយ មហាវគ្គ នេះ។
     ៧) ព្រះធម្មទេសនារឿងសតិប្បដ្ឋាន ៤ ដែលទ្រង់សម្តែងក្នុង អម្ពបាលិវ័ន និងរឿងនាងសម្ពបាលី ថ្វាយអាហារ និង សួនស្វាយ ដល់សង្ឃមានប្រាកដក្នុង អម្ពបាលិសូត្រ និង សតិសូត្រ ក្នុងគម្ពីរ សំយុត្តនិកាយ មហាវារវគ្គ  និង ក្នុងអម្ពបាលិវត្ថុ លិច្ឆវិវត្ថុ នៃ ព្រះវិនយបិដក មហាវគ្គ ។
     ៨) រឿងទ្រង់ចាំវស្សា និង ទ្រង់ប្រឈួនខ្លាំងក្នុងស្រុក វេឡុវគ្រាម ក្រុងវេសាលី ដែលមានប្រាកដ ក្នុងគិលានសូត្រ ក្នុងគម្ពីរសំយុត្ត និកាយ មហាវារវគ្គ ។
     ៩) រឿងទ្រង់សម្តែងនិមិត្តឳភាស ទ្រង់ដាក់ព្រះជន្មាយុសង្ខារ និង រឿង រញ្ជួយផែនដី ក្នុងខណៈដែលព្រះអង្គគង់ក្នុងបាវាលចេតិយ ក្រុង វេសាលី មានប្រាកដ ក្នុងចេតិយសូត្រ នៃគម្ពីរសំយុត្តនិកាយ មហាវារវគ្គ  ក្នុងអាយុសង្ខាររោស្សជ្ជនសូត្រ នៃគម្ពីរខុទ្ទកនិកាយ ឧទាន និង ក្នុង​ភូមិចាលសូត្រ នៃគម្ពីរអង្គុត្តរនិកាយ អដ្ឋកនិបាត ។
     ១០) ព្រះធម្មទេសនា រឿងមហាបទេស ៤ ដែលទ្រង់សម្តែងក្នុង អានន្ទចេតិយ    ក្នុងភោគនគរ មានប្រាកដ​  ក្នុងចតុមហាបទេសកថា នៃព្រះវិនយបិដក មហាវគ្គ ។
     ១១) រឿងការសោយសូករមទ្ទវៈ របស់នាយចុន្ទកម្មារបុត្ត ​នៅផ្ទះ របស់គាត់ ក្រុងបាវាហើយ ទ្រង់ប្រឈួន​ចេញព្រះលោហិត ដែលមាន ប្រាកដ ក្នុងចុន្ទ​សូត្រ នៃគម្ពីរខុទ្ទកនិកាយ ឧទាន ។
     ១២) រឿងសំវេជនីយដ្ឋាន ៤ កន្លែង ដែលទ្រង់សម្តែងក្នុងឧទ្យាន ឈ្មោះសាលវនោទ្យាន ក្រុងកុសិនារា មានប្រាកដ ក្នុងសំវេជនីយសូត្រ នៃគម្ពីរអង្គុត្តរនិកាយ ចតុក្កនិបាត ។
     ១៣) រឿងថូបារហបុគ្គល ​និងភាពអស្ចារ្យរបស់ព្រះអានន្ទ ដែលទ្រង់ សម្តែងក្នុងសាលវនោទ្យាន មានប្រាកដក្នុងថូបារហសូត្រ ក្នុងអានន្ទ អច្ឆរិយសូត្រ និង ចក្កវត្តិអច្ឆរិយសូត្រ គម្ពីរអង្គុត្តរនិកាយ ចតុក្កនិបាត ។
     ១៤) រឿងព្រះបាទមហាសុទស្សនៈ ដែលទ្រង់សម្តែងក្នុងឧទ្យាន ឈ្មោះសាលវនោទ្យាន  មានប្រាកដដោយពិស្តារក្នុង មហាសុទស្សន សូត្រ ដែលជាព្រះសូត្រទី ៤  នៃគម្ពីរទីឃនិកាយ មហាវគ្គ ដែល មានសម្តែងខាងមុខ ។
     ១៥) រឿងពុទ្ធកិច្ចក្នុងក្រុង កុសិនារា និងព្រះបច្ឆិមវាចា ព្រមទាំង ហេតុការណ៍ ដែលទ្រង់រំលត់ខន្ធចូលបរិនិព្វាន និងបុគ្គលសំខាន់  ៤ រូប ដែលពោលគាថា ធម្មសង្វេគ មានប្រាកដក្នុងកុសិនារសូត្រ នៃគម្ពីរ អង្គុត្តរនិកាយ ចតុក្កនិបាត និង ក្នុងបរិនិព្វានសូត្រ នៃគម្ពីរ សំយុត្តនិកាយ សគាថវគ្គ ។
     ១៦)​​ រឿងព្រះសុភទ្ទៈ អ្នកបួសពេលដែលខ្លួនចាស់ក្នុងពួក គណៈ របស់ព្រះមហាកស្សបៈដែលពោលចម្រូងចម្រាស់ព្រះធម៌វិន័យ ដែល ជាដើមហេតុឲ្យព្រះមហាកស្សបៈ លើកឡើងប្រារព្ធក្នុងការធ្វើសង្គាយនា ក្រោយព្រះពុទ្ធបរិនិព្វានទៅបាន ៣ ខែ នៅក្រុងរាជគ្រឹះ មានប្រាកដ ក្នុងសង្គីតិនិទាន នៃព្រះវិនយបិដក ចុល្លវគ្គ (វិ.ចុ) ។
     ព្រះអដ្ឋកថាចារ្យ អធិប្បាយដើមហេតុដែលធ្វើឲ្យព្រះសុភទ្ទៈ អ្នក បួសក្នុងគ្រាចាស់ពោលដូច្នេះ ព្រោះលោកចងអាឃាតក្នុងព្រះពុទ្ធ អង្គ ដែលទ្រង់តិះដៀលលោក រឿងប្រចុបប្រចែងគ្រហស្ថក្នុងរឿង ដែលមិនគួរ ដូចមានសេចក្តីពិស្តារក្នុង វុឌ្ឍបព្វជិតវត្ថុ  នៃគម្ពីរវិនយ បិដក មហាវគ្គ ។
     ១៧) រឿងព្រះបច្ឆិមវាចា ដែលមានប្រាកដ ក្នុងបរិនិព្វានសូត្រ នៃគម្ពីរសំយុត្តនិកាយ សគាថវគ្គ ។
      ពេលពិចារណា ដូចដែលបានពោលមក ក៏ឃើញថា មហាបរិនិព្វាន សូត្រ មានសេចក្តីសំខាន់បំផុតក្នុងការសិក្សាស្រាវជ្រាវព្រះពុទ្ធសាសនា ទាំងសាសនធម៌ និង ប្រវត្តិសាសនធម៌ ទើបគួរសិក្សាឲ្យល្អិត
“ចប់មហាបរិនិព្វានសូត្រ”
&

0 comments:

Post a Comment