Pages

Thursday 28 July 2011

Phra: Sot Khmer

៤ មហាសុទស្សនសូត្រ        (សម្តែងអំពីប្រវត្តិរបស់ក្រុងកុសិនារា សម័យព្រះបាទមហា សុទស្សនប្រារព្ធចំពោះព្រះអានន្ទ)
សេចក្តីសង្ខេប
          សម័យមួយ ខណៈដែលព្រះសម្មាសម្ពុទ្ធ ផ្ទុំលើគ្រែហៀបនឹង បរិនិព្វាន ព្រះអានន្ទចូលក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះ អង្គកុំបរិនិព្វានក្នុងក្រុងតូច ក្រុងទូល ក្រុងចំណុះឡើយ ក្រុងធំដទៃៗ មានដូចជា ក្រុងចម្ប៉ា ក្រុងរាជគ្រឹះ ក្រុងសាវត្ថី ក្រុងសាកេត (ក្រុង សំខាន់របស់ដែនកោសល) ក្រុងកោសម្ពី ក្រុងពារាណសី សូមព្រះមាន ព្រះភាគ យាងទៅបរិនិព្វាន ក្នុងក្រុងទាំងនោះវិញ ត្បិតខត្តិយមហាសាល ព្រាហ្មណ៍មហាសាល គហបតីមហាសាល ជាអ្នកមានសេចក្តី ជ្រះថ្លា ដ៏ក្រៃលែង ចំពោះព្រះតថាគត មានច្រើនក្នុងក្រុងទាំងនោះ ។ អ្នក ទាំងនោះ អាចធ្វើការបូជាព្រះសរីរៈរបស់ ព្រះតថាគតដោយប្រពៃ
          ព្រះមានព្រះភាគត្រាស់ហាមថា ម្នាលអានន្ទ កុំនិយាយយ៉ាង នេះឡើយ ហើយទ្រង់និទានអំពីអតីតរបស់ក្រុងកុសិនារា ដោយពិស្តារ មានខ្លឹមសារសំខាន់ដូចតទៅៈ
          ក្រុងកុសិនារា ធ្លាប់ជារាជធានីរបស់ស្តេចចក្រពត្តិ ទ្រង់មាន នាមថា ព្រះបាទមហាសុទស្សនៈ ជាអ្នកគ្រប់គ្រងអំណាចដ៏ធំមហា សាល មានសមុទ្រទាំង ៤ ជាទីបំផុត ។ មានក្រុងចំនួន ៨៤.០០០ ដែលមានក្រុងកុសាវតី ជាក្រុងធំ ។ ក្រុងកុសាវតី ក្នុងសម័យនោះ គឺក្រុងកុសិនារា ក្នុងពេលឥឡូវនេះឯង ។
          ក្រុងកុសាវតី មានអាណាខេត្តប្រវែងបណ្តោយ ពីទិសខាងកើត ទៅទិសខាងលិច ១២ យោជន៍ (១៩២ គីឡូម៉ែត្រ) ។ ប្រវែងទទឹង ពីទិសខាងជើង ទៅទិសខាងត្បូង ៧យោជន៍ (១១២ គីឡូម៉ែត្រ) មានប្រជាជនច្រើនកុះករ មានសេដ្ឋកិច្ចល្អ រុងរឿងសម្បូរសប្បាយ ប្រជាជនរស់នៅជាសុខសប្បាយទាំងថ្ងៃទាំងយប់ ។ ក្រុងកុសាវតី មានកំផែងព័ទ្ធជុំវិញ ៧ ជាន់គឺ កំផែងមាស១ជាន់ ប្រាក់១ជាន់  កែវពិទូរ្យ១ជាន់ កែវផលិក១ជាន់ កែវទទឹម១ជាន់ កែវមរកត១ជាន់  និងកែវគ្រប់យ៉ាងដែលផ្សំចូលគ្នា ១ជាន់ មានទ្វារ ៤  បែបគឺ ទ្វារមាស ទ្វារប្រាក់ ទ្វារកែវពិទូរ្យ ទ្វារកែវផលិក គេដាំសសរ ៧ៗ ដើម គឺ សសរ មាស កែវពិទូរ្យ កែវផលិក កែវទនឹម កែវមរកត និងសសរកែវ គ្រប់យ៉ាង ដែលជាសសរមានទំហំ ៣ ជួរបុរស កប់ចុះទៅក្នុងដីជម្រៅ ៣ ជួរបុរស និង មានកំពស់ ១២ ជួរបុរស ក្រៅពីនេះ មានជួរដើម ត្នោតព័ទ្ធជុំវិញ ៧ ជាន់ ជួរនីមួយៗ មានដើមត្នោតដែលធ្វើអំពីមាស ប្រាក់ កែវពិទូរ្យ កែវផលិក កែវទទឹម កែវមរកត និងកែវគ្រប់យ៉ាង ។ ដើមត្នោតទាំងនោះ បរិបូរដោយស្លឹក និង ផ្លែ ដែលធ្វើដោយរតនៈ ជាតិផ្សេងៗ ដូចជាដើមត្នោតមាស មានដើមជាមាស ស្លឹក និង ផ្លែ ជាប្រាក់ ដើមត្នោតប្រាក់ មានដើមជាប្រាក់ ស្លឹកនិង ផ្លែជាមាស ដើមត្នោតកែវពិទូរ្យ មានដើមជាកែវពិទូរ្យ ស្លឹក និង ផ្លែជាកែវផលិក ដើមត្នោតកែវផលិក មានដើមជាកែវផលិក ស្លឹក និងផ្លែ ជាកែវពិទូរ្យ ត្នោតកែវទទឹម មានដើមជាកែវទទឹម ឯស្លឹក និង ផ្លែ ជាកែវមរកត ត្នោតកែវមរកត មានដើមជាកែវមរកត ឯស្លឹក និង ផ្លែ ជាកែវទទឹម ត្នោតកែវគ្រប់យ៉ាង មានដើមជាកែវគ្រប់យ៉ាង ឯស្លឹក និងផ្លែ ជាកែវ គ្រប់យ៉ាង ។ ជួរដើមត្នោតទាំងនោះ ពេលមានខ្យល់បក់ត្រូវ ក៏មាន សម្លេងពិរោះ គួរត្រេកត្រអាលចង់ស្តាប់ ធ្វើឲ្យអារម្មណ៍អណ្តែត អណ្តូង ដូចសម្លេងតន្ត្រី ប្រកបដោយអង្គ ៥ ដែលប្រគំដោយ អ្នកតន្ត្រីដ៏ឆ្លៀវឆ្លាត ។
          សម័យនោះ ក្នុងក្រុងកុសាវតី មានអ្នកភ្លេង អ្នករបាំ និង អ្នក ផឹកស្រា បាននាំគ្នារាំតាមភ្លេង ដែលជាសម្លេងរបស់ជួរដើមត្នោតទាំង នោះ ក្នុងវេលាមានខ្យល់បកត្រូវ ។
ព្រះបាទមហាសុទស្សនៈ ទ្រង់មានរតនៈ ៧ ប្រការគឺៈ
     ១.ចក្ករតន៍                   ២.ហត្ថីរតន៍             ៣.អស្សរតន៍
     ៤.មណីរតន៍        ៥.ឥត្ថីរតន៍               ៦.គហបតីរតន៍
    ៧.បរិនាយករតន៍ ។ រតនៈ ៧ ប្រការនេះ សឹងជាវត្ថុមាន អានុភាព និងមានប្ញទ្ធិដ៏ក្រៃលែង ។
     ព្រះអង្គផ្ទាល់ ក៏ទ្រង់បរិបូរដោយប្ញទ្ធិ(សេចក្តីសម្រេច) ៤ ប្រការគឺ
     ១.មានរូបឆោមល្អ           ២.មានព្រះជន្មាយុវែង
 ៣.មានព្រះរោគាតិច       ៤.ទ្រង់ជាទីស្រឡាញ់ពេញចិត្តនៃជនទាំងឡាយ។
          ព្រះបាទមហាសុទស្សនៈ បញ្ជាឲ្យជីកស្រះបោក្ខរណី ក្នុងចន្លោះ នៃជួរដើមត្នោត ១០០ជួរធ្នូ រៀបដោយឥដ្ឋ ៤ ប្រភេទគឺ ឥដ្ឋមាស ឥដ្ឋប្រាក់ ឥដ្ឋកែវពិទូរ្យ ឥដ្ឋកែវផលិក ។ ស្រះនីមួយៗ មានជណ្តើរ ៤ បែបគឺជណ្តើរមាស ប្រាក់ កែវពិទូរ្យ កែវផលិក ។ ជណ្តើរមាស មានមេជាមាស តែកាំ និង ក្បាលជណ្តើរជាប្រាក់ ជណ្តើរប្រាក់ មានមេជាប្រាក់ តែកាំ និង ក្បាលជណ្តើរជាមាស ជណ្តើរកែវពិទូរ្យ មានមេជាកែវពិទូរ្យ តែកាំ និង ក្បាលជណ្តើរ ជាកែវផលិក ជណ្តើរ កែវផលិក មានមេជាកែវផលិក តែកាំ និង ក្បាលជណើ្តរ ជាកែវពិទូរ្យ ។ ស្រះទាំងនោះ មានរបងព័ទ្ធជុំវិញ ២ ជាន់ គឺ របងមាស និង របងប្រាក់ ។ របងមាស មានសសរបង្គោលជាមាស តែរបាររបង និង ក្បាលបង្គោលរបងជាប្រាក់ របងប្រាក់ មានសសរបង្គោលជា ប្រាក់ តែរបាររបង និង​ក្បាលបង្គោលរបងជាមាស ហើយស្រះនីមួយៗ មានផ្កាឈូក ៤ ប្រភេទគឺ ផ្កាឧប្បល ផ្កាឈូកក្រហម ផ្កាកុមុទ ផ្កាឈូកស ចេញផ្កាគ្រប់រដូវ ដើម្បីឲ្យមនុស្សម្នា ទស្សនាស្រះ បោក្ខរណីទាំងនោះ ។ បន្ទាប់ពីនោះ ទ្រង់បញ្ជាឲ្យរៀបចំវត្ថុទុក ឲ្យជាទានតាមមាត់ស្រះ ដល់ពួកអ្នកដើរទស្សនា តាមសេចក្តីប្រាថ្នា គឺបាយ ទឹក សំពត់ យាន ទីដេក ស្រី មាស ប្រាក់ ។
          តមក ពួកព្រាហ្មណ៍ និង គហបតីមហាសាល បាននាំទ្រព្យ សម្បត្តិយ៉ាងច្រើន មកថ្វាយព្រះបាទមហាសុទស្សនៈ តែព្រះអង្គមិន ទទួល ទើបរួមគ្នាសាងធម្មប្រាសាទថ្វាយឲ្យព្រះអង្គគង់ ។ ធម្មប្រាសាទ នោះ មានបណ្តោយពីទិសខាងកើត ទៅទិសខាងលិច ១យោជន៍ (១៦ គីឡូម៉ែត្រ) ទទឹងពីទិសខាងជើង ទៅទិសខាងត្បូងកន្លះ យោជន៍ (៨គីឡូម៉ែត្រ) មានកំពស់ ៣ ជួរបុរស ដែលវិចិត្រដោយឥដ្ឋ ៤ ប្រភេទ គឺឥដ្ឋមាស ប្រាក់ កែវពិទូរ្យ កែវផលិក មានសសរ ៨៤.០០០ ដើម ចែកជា ៤ ប្រភេទគឺ សសរមាស ប្រាក់​ កែវពិទូរ្យ កែវផលិក ក្រាលដោយផែនក្តារ ៤ ប្រភេទគឺ ក្តារមាស ប្រាក់ កែវពិទូរ្យ កែវផលិក ។ មានជណ្តើរ ២៤ មានបែប ៤ យ៉ាងគឺ ជណ្តើរ មាស ប្រាក់ កែវពិទូរ្យ និង ជណ្តើរកែវផលិក ចំណែក ជណ្តើរមាស មេជាមាស តែកាំនិងក្បាលជណ្តើរជាប្រាក់ ។ ជណ្តើរប្រាក់  មេជា ប្រាក់ តែកាំនិងក្បាលជណ្តើរជាមាស ជណ្តើរកែវពិទូរ្យ មេជាកែវពិទូរ្យ តែកាំ និង ក្បាលជណ្តើរ ជាកែវផលិក ។ ជណ្តើរកែវផលិក មេជាកែវ ផលិក តែកាំនិងក្បាលជណ្តើរ ជាកែវពិទូរ្យ ដែលជណ្តើរទាំងនោះ ចុះទៅស្រះបោក្ខរណី ។ ធម្មប្រាសាទ មានផ្ទះកំពូល ៨៤.០០០ កំពូល ចែកជា ៤ ប្រភេទ គឺកំពូលធ្វើពីមាស ប្រាក់ កែវពិទូរ្យ ​និង កែវផលិក ។ ផ្ទះកំពូលនីមួយៗ មានបល្ល័ង្ក ដែលបល្ល័ង្កនោះមាន ៤ ពណ៌ឆ្លាស់គ្នាគឺ បល្ល័ង្កប្រាក់ តម្កល់ទុកក្នុងផ្ទះ កំពូលមាស ។ បល្ល័ង្កមាស តម្កល់ទុកក្នុងផ្ទះ កំពូលប្រាក់ ។ បល្ល័ង្កភ្លុក តាំងទុកក្នុង ផ្ទះ កំពូលកែវពិទូរ្យ ។ បល្ល័ង្កកែវមរកត តម្កល់ទុកក្នុងផ្ទះ កំពូលកែវផលិក បណ្តាផ្ទះកំពូលទាំង ៨៤.០០០ នោះ ផ្ទះកំពូល មាសដែលធំជាងគេ មានឈ្មោះថា មហាវិយូហៈ ត្រូវបានព្រះបាទ មហាសុទស្សនៈ បញ្ជាឲ្យសាងសួនត្នោតមាស ទុកក្បែរទ្វារប្រាសាទ មហាវិយូហៈ សម្រាប់ជាទីសម្រាកក្នុងវេលាថ្ងៃ ។ ឯដើមត្នោតនោះ មានដើមជាមាស តែស្លឹក និង ផ្លែជាប្រាក់។ មានដើមត្នោតកែវផលិក ស្ថិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយកែវពិទូរ្យ ឯត្នោតនោះ មាន ដើមជាកែវផលិក តែស្លឹក និង ផ្លែ ជាកែវពិទូរ្យ មានដើមជាកែវពិទូរ្យ ស្ថិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយកែវផលិក មានដើមជាកែវ ពិទូរ្យ តែស្លឹក និង ផ្លែ ជាកែវផលិក ។ មានចងកណ្តឹងជុំវិញ ២ ជាន់ កណ្តឹងទាំងនោះ ពេលត្រូវខ្យល់បក់ ក៏មានសម្លេងពិរោះ គួរជាទី រីករាយ និង គួរត្រេកត្រអាល ដូចសម្លេងតន្រ្តីប្រកបដោយអង្គ ៥ ដែលប្រគំដោយអ្នកជំនាញ ។
          ទីខាងមុខធម្មប្រាសាទ ព្រះបាទមហាសុទស្សនៈ បញ្ជាឲ្យជីក ស្រះបោក្ខរណី បណ្តោយពីទិសខាងកើតទៅលិច ១យោជន៍ ទទឹងពី ទិស ខាងជើង ទៅទិសខាងត្បូង កន្លះយោជន៍ រៀបដោយឥដ្ឋ ៤ ប្រភេទគឺ ឥដ្ឋមាស ប្រាក់ កែវពិទូរ្យ កែវផលិក មានជណ្តើរ ២៤ កាំ បិទបាំងដោយរបង ២ ជាន់ មានដើមត្នោតព័ទ្ធជុំវិញ ៧ ជួរ ធ្វើ ស្រដៀងគ្នា នឹងស្រះបោក្ខរណី  ដែលបានពោលហើយខាងដើម ។
          កាលធម្មប្រាសាទ និង ស្រះបោក្ខរណី ត្រូវគេសាងស្រេចតាម ព្រះរាជបំណងរបស់ព្រះអង្គហើយ ព្រះបាទមហាសុទស្សនៈ បញ្ជា ឲ្យចាត់ពិធីជប់លៀង អញ្ជើញសមណព្រាហ្មណ៍ទាំងឡាយ ហើយ ទ្រង់ព្រះរាជទាន សមណបរិក្ខារ និងព្រាហ្មណបរិក្ខារគ្រប់ប្រការ បន្ទាប់មក ទ្រង់ឡើងទៅលើប្រាសាទជាន់ខ្ពស់បំផុត ទ្រង់មានព្រះ តម្រិះថា ព្រះអង្គបរិបូរដោយគុណសម្បត្តិ និងទ្រព្យសម្បត្តិច្រើនយ៉ាង នេះ ព្រោះហេតុអ្វី ? ហើយទ្រង់ក៏បានជ្រាបថា ព្រោះផលវិបាកនៃកម្ម ៣ យ៉ាងគឺ ការឲ្យទាន ការទូន្មានចិត្ត និងការសង្រួម ។ ពេលទ្រង់ ជ្រាបយ៉ាងនេះហើយ ព្រះអង្គក៏បានទៅគង់នៅលើប្រាសាទមហាវិយូហៈ ទ្រង់បន្លឺឧទានថា កាមវិតក្កៈអើយ អ្នកចូរឈប់ត្រឹមណេះចុះ ព្យាបាទ- វិតក្កៈ អ្នកចូរឈប់ត្រឹមណេះចុះ វិហិង្សាវិតក្កៈ អ្នកចូរឈប់ត្រឹមណេះ ចុះ
          បន្ទាប់ពីនោះ ព្រះបាទមហាសុទស្សនៈ ចូលទៅផ្ទះកំពូល ប្រាក់ ឈ្មោះមហាវិយូហៈ (កូដាគារដ្ឋាន) ប្រថាប់លើបល្ល័ង្កមាស ចម្រើនឈានសមាបត្តិ កំចាត់កាមវិតក្កៈ ព្យាបាទវិតក្កៈ វិហិង្សា វិតក្កៈ ទ្រង់រលាស់ចេញចាកកាម និង អកុសលទាំងឡាយ មានព្រះ ទ័យស្ងប់ បានសម្រេចបឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន និង ចតុត្ថជ្ឈាន ដែលមិនមានទុក្ខមិនមានសុខ មានសតិបរិសុទ្ធ ព្រោះចិត្ត ប្រកបដោយឧបេក្ខា ។ បន្ទាប់មក ទ្រង់ចេញចាកចតុត្ថជ្ឈាន រួចទៅ ប្រថាប់លើបល្ល័ង្កប្រាក់ ក្នុងផ្ទះកំពូលមាស ។ ទ្រង់ចម្រើនមេត្តា ករុណា មុទិតា និង ឧបេក្ខា ផ្សាយទៅសព្វទិសានុទិស ។
          ម៉្យាងវិញទៀត ដោយសារតែព្រះបាទមហាសុទស្សនៈ មាន ព្រះរាជករណីយកិច្ចច្រើន មានអ្នកចូលគាល់ច្រើន ព្រោះទ្រង់មាន ក្រុង ៨៤.០០០ ក្រុង មានដំរី ៨៤.០០០ក្បាល មានសេះ ៨៤.០០០ ក្បាល មានរាជរថ ៨៤.០០០ មានរតនៈ ៨៤.០០០ ដួង មានស្រ្តី ៨៤.០០០ នាក់ មានព្រះនាងសុភទ្ទាជាអគ្គមហេសី មានគហបតី ៨៤.០០០ នាក់ មានគហបតីរតន៍ជាប្រធាន មានក្សត្រអ្នកមាន ស្វាមីភក្តិ ចំនួន ៨៤.០០០ អង្គ មានបរិនាយករតន៍ ជាប្រធាន ។ ល ។ ទ្រង់យល់ឃើញថា ពួកទាំងនេះ នឹងធ្វើឲ្យព្រះអង្គមិនមានពេល សម្រាប់ចម្រើនឈានសមាបត្តិគ្រប់គ្រាន់ ទើបទ្រង់ត្រាស់បញ្ជាឲ្យ បន្ថយការចូលមកគាល់តាមលំដាប់លំដោយ ។
          ពេលវេលាចេះតែកន្លងទៅជាច្រើនឆ្នាំ ព្រះនាងសុភទ្ទា ព្រះអគ្គ មហេសី ដែលជាស្ត្រីកែវរបស់ព្រះបាទមហាសុទស្សនៈ បានធ្វើ ដំណើរដោយក្បួនព្យុហយាត្រា ដ៏ពោរពេញដោយយស បានចូល ដល់ទីប្រថាប់ដែលទ្រង់បំពេញព្រហ្មចរិយធម៌ ក្នុងមហាប្រាសាទ មហា វិយូហៈ តែព្រះបាទមហាសុទស្សនៈ ទ្រង់ចាត់ចែងទីកន្លែងសម្រាប់ ចូលគាល់នៅឯសួនត្នោតមាស ដោយបញ្ជាឲ្យនាំបល័្លង្កមាសចេញអំពី ប្រាសាទមហាវិយូហៈ ចុះទៅប្រតិស្ថាននៅក្នុងកណ្តាលសួន ព្រះអង្គ ចុះទៅប្រថាប់ក្នុងឥរិយាបថផ្ទុំ ។ ព្រះនាងសុភទ្ទា ទតឃើញព្រះ ឥន្ទ្រីយ៍ និង ព្រះឆវីរបស់ព្រះបាទមហាសុទស្សនៈផូរផង់ក្រៃលែង ទ្រង់ជ្រាបថា ព្រះរាជស្វាមីជិតនឹងសោយទិវង្គត ទើបក្រាបទូល បរិយាយអំពីទ្រព្យសម្បត្តិរបស់ព្រះអង្គ មួយប្រភេទម្តងៗ ដើម្បីឲ្យ ទ្រង់ពេញព្រះរាជហប្ញទ័យ ក្នុងរាជសម្បត្តិទាំងនោះ និង ឲ្យទ្រង់ មានសេចក្តីអាល័យ ក្នុងការបន្តព្រះជន្មាយុតទៅទៀត ។
          ព្រះបាទមហាសុទស្សនៈត្រាស់ថា  ព្រះនាងថ្លែងរៀបរាប់ចំពោះ
ព្រះអង្គ ដោយវត្ថុជាទីពេញព្រះទ័យរហូតមក តែថ្ងៃនេះ ព្រះនាង ថ្លែងរៀបរាប់ដោយវត្ថុមិនជាទីពេញហប្ញទ័យ ។ ពេលព្រះនាងទូលសួរ ថា  ក្រាបទូលយ៉ាងម៉េច ទើបព្រះអង្គពេញព្រះទ័យ ព្រះអង្គក៏ប្រាប់ ឲ្យព្រះនាងថ្លែងចំពោះព្រះអង្គថា ព្រះអង្គនឹងមានសេចក្តីព្រាត់ប្រាស់ ការបាត់បង់ និងការប្រែប្រួលទៅជាយ៉ាងដទៃ ចាករបស់ដែលជាទី ស្រឡាញ់ពេញចិត្តគ្រប់យ៉ាង ។ សូមព្រះអង្គកុំសោយទិវង្គត ទាំងដោយ មានសេចក្តីអាល័យឡើយ ព្រោះការសោយទិវង្គត ដោយនៅមាន សេចក្តីអាល័យ បណ្ឌិតលោកតិះដៀល ។ ព្រះអង្គ មានក្រុង ៨៤.០០០ មានក្រុងកុសាវតី ជារាជធានីធំ សូមព្រះអង្គឈប់មាន សេចក្តីពេញព្រះទ័យចំពោះក្រុងទាំងនេះទៅ សូមទ្រង់កុំធ្វើសេចក្តី អាល័យក្នុងព្រះជន្មឡើយ ។ ពេលព្រះបាទមហាសុទស្សនៈ ត្រាស់ យ៉ាងនេះហើយ ព្រះនាងសុភទ្ទាទេវីទ្រង់ព្រះកន្សែង តែព្រះនាងបង្ខំ ព្រះទ័យក្រាបទូលតាមបញ្ជាគ្រប់ប្រការ ។ បន្ទាប់ពីនោះមក ព្រះបាទ មហាសុទស្សនៈ ក៏បានសោយទិវង្គត ហើយបានទៅកើតក្នុងព្រហ្ម លោក ។ ព្រះជន្មាយុរបស់ព្រះបាទមហាសុទស្សនៈ រួមមានដូច តទៅនេះ៖
          ទ្រង់នៅវ័យកុមារ ៨៤.០០០ ឆ្នាំ ទ្រង់មានតំណែងជាឧបរាជ ៨៤.០០០ ឆ្នាំ ទ្រង់គ្រងរាជសម្បត្តិ ៨៤.០០០ ឆ្នាំ ទ្រង់ប្រព្រឹត្ត ព្រហ្មចរិយធម៌ក្នុងភេទជាគ្រហស្ថ ៨៤.០០០ ឆ្នាំ រួមព្រះជន្មាយុ ៣៣៦.០០០ ឆ្នាំ ។
ព្រះមានព្រះភាគទ្រង់សរុបថា ព្រះបាទមហាសុទស្សនៈក្នុង សម័យនោះ គឺតថាគតហ្នឹងឯង ។ ហើយទ្រង់បង្ហាញ ឲ្យឃើញសច្ច ធម៌ថា សូម្បីព្រះបាទមហាសុទស្សនៈ ដែលទ្រង់បរិបូរដោយរាជ សម្បត្តិដ៏ មហាសាល ក៏ទ្រង់ប្រើប្រាស់ត្រឹមតែចំណែកខ្លះប៉ុណ្ណោះ ដូចជាទ្រង់មានក្រុងដល់ទៅ ៨៤.០០០ ក្រុង តែទ្រង់គង់នៅត្រឹមតែ ក្រុងមួយប៉ុណ្ណោះ គឺក្រុងកុសាវតី ។ ទ្រង់មានប្រាសាទដល់ទៅ ៨៤.០០០ តែទ្រង់ស្នាក់នៅត្រឹមតែប្រាសាទមួយប៉ុណ្ណោះ គឺធម្ម- ប្រាសាទ ទ្រង់មានផ្ទះកំពូល ៨៤.០០០ ខ្នង តែទ្រង់ស្នាក់នៅត្រឹម តែមួយខ្នងគឺ មហាវិយូហៈ ប៉ុណ្ណោះ ។ ទ្រង់ដាស់តឿនថា មើលចុះ អានន្ទ សង្ខារទាំងនោះ តែងកន្លងទៅជាលំដាប់ ប្រែប្រួលទៅហើយ សង្ខារទាំងឡាយ មិនទៀងមែនពិត សង្ខារទាំងឡាយមិនស្ថិតស្ថេរ មែនពិត សង្ខារទាំងឡាយមិនគួរជាទីត្រេកអរឡើយ ម្នាលអានន្ទ សេចក្តីនេះគួរនឿយណាយ គួររំសាយតម្រេក គួររួចផុតចាកសង្ខារ ទាំងឡាយនោះទើបប្រពៃ
          ទ្រង់ត្រាស់តទៅថា ព្រះអង្គជាស្តេចចក្រពត្តិគ្រប់គ្រងផែនដី ដ៏ធំធេង ដែលមានមហាសមុទ្រទាំង ៤ ជាទីបំផុត នៅស្ថានទីនៃក្រុង កុសិនារានេះ ដល់ទៅ ៦ ដង រួចទៅហើយ ហើយលើកនេះជាលើកទី ៧ ក៏ជាគ្រាចុងក្រោយបំផុតរបស់តថាគតដែរ
ចំណុចគួរសង្គេត
នៅក្នុងព្រះសូត្រនេះ ក្រៅពីផ្តល់ចំណេះដឹងទាក់ទងទៅនឹង បុរាណវត្ថុនៃក្រុងកុសិនារាថា ធ្លាប់ជាទីក្រុងរបស់មហាអាណាចក្រ ដ៏ ធំល្វឹងល្វើយ មិនមែនជាទីក្រុងតូច ទីក្រុងទូល ក្រុងរណប ដូចដែល​ ព្រះអានន្ទយល់ឡើយ ហើយព្រះសូត្រនេះ ក៏នៅមានផ្តល់ចំណេះ ដឹងដែលទាក់ទងនឹងសច្ចធម៌ថា វត្ថុទាំងឡាយមិនទៀង មាន ការប្រែប្រួលទៅជាធម្មតា និងមានការវិលវល់កើតស្លាប់ក្នុងវដ្តសង្សារ យ៉ាងពិតប្រាកដ ថែមទៀត ។
អាចមានអ្នកសង្ស័យក្នុងរឿងចំនួនតួលេខ ៨.៤០០០ ថា មិន គួរប្រព្រឹត្តទៅបានទេ ព្រោះមើលទៅ គ្រប់អ្វីៗទាំងអស់សុទ្ធតែមាន ចំនួន៨.៤០០០ ។ អ្នកដែលមិនជឿចំនួនតួលេខទាំងនេះក៏មិនអីដែរ សូមប្រកាន់យកត្រឹមតែលក្ខណៈថា មានចំនួនច្រើនទៅបានហើយ ព្រោះអដ្ឋកថាអធិប្បាយសេចក្តីត្រង់នេះទុក ដោយឧបមាវោហារថា មានបុរសម្នាក់ធ្វើជណ្តើរកំពស់ ១០០ កាំ យកទៅផ្អែកនឹងដើមចម្ប៉ា ហើយបានឡើងទៅបេះយកផ្កាចម្ប៉ា១ទង រួចចុះមកវិញ ក៏ទុកជណ្តើរ ចោលនៅទីនោះ ខនេះយ៉ាងណា ព្រះសម្មាសម្ពុទ្ធក៏យ៉ាងនោះដែរ ព្រះ អង្គសម្តែងរឿងព្រះបាទមហាសុទស្សនៈ សឹងប្រៀបដូចទ្រង់ធ្វើជណ្តើរ ឡើងទៅលើកំពូលព្រះរាជសម្បត្តិ របស់ព្រះបាទមហាសុទស្សនៈ ដែលខ្ពស់ជាង ១ សែនកោដិកាំ ហើយទ្រង់បេះយក អនិច្ចលក្ខណៈ ដែលតាំងនៅលើកំពូលនៃព្រះរាជសម្បតិ្តនោះ រួចចុះមក ហើយទ្រង់ បោះចោលនូវជណ្តើរនោះទៅ ។
អដ្ឋកថា អធិប្បាយតទៅថា ដោយសារព្រះរាជសម្បត្តិកើតអំពី អំណាចបុណ្យបារមី របស់ព្រះបាទមហាសុទស្សនៈ ទើបនៅពេលព្រះ អង្គសោយទិវង្គតហើយ ព្រះរាជសម្បត្តិទាំងនោះ ក៏ត្រូវអន្តរាយទៅ ដូចជាចក្ករតន៍ ហត្ថីរតន៍ អស្សរតន៍ មណីរតន៍ ជាដើម ។ ចំណែក គហបតីរតន៍ បរិនាយករតន៍ និង ឥត្ថីរតន៍ រស់នៅតាមសភាពធម្មតា តែគុណលក្ខណៈដែលជារតនៈ ឬជាកែវក្នុងបុគ្គលទាំងនោះ បាន អន្តរធានទៅ ក្នុងរវាង ៧ ថ្ងៃ នេះជាអានុភាពនៃបុណ្យ ៕ 







ខ្លឹមសារគួរសិក្សា
សារៈសំខាន់ដែលគួរសិក្សាដោយលំអិតគឺៈ
     ១) សិក្សាវិភាគហេតុផលថា ដែលព្រះអង្គប្រើពេលបន្តិច មុន ស្តេចរំលត់ខន្ធចូលកាន់ព្រះនិព្វាន ហើយមកបរិយាយអំពីក្រុងកុសាវតី  ដោយពិស្តារនោះ តើទ្រង់មានគោលបំណងដូចម្តេច? ទ្រង់មានគោល បំណងដើម្បីបង្ហាញថា ក្រុងកុសិនារាមិនមែនជា ក្រុងតូច ក្រុងទូល ក្រុងចំណុះ ដូចព្រះអានន្ទយល់ឃើញនោះទេ ឬថាព្រះអង្គចង់បង្ហាញ ពីសច្ចធម៌នៃធម្មជាតិ ។
     ២) វិភាគការប្រព្រឹត្តព្រហ្មចរិយធម៌ របស់ព្រះបាទមហា- សុទស្សនៈ
“ចប់មហាសុទស្សនសូត្រ”
®°®

0 comments:

Post a Comment