ច្បាប់ស្រី
|
នេះបទកំណត់ចងជា
| ភុជង្គលីលា
| ចងជាច្បាប់ស្រី។
|
កាលនាងឥរន្ទវតី
| ចរចាកតាមប្ដី
| គឺបុណ្យកយក្សា។
|
នាងវឹមលាជាមាតា | បើកបន្ទូលថា | ហៃកូនពិសី។ |
នាងនឹងត្រាច់ត្រង់តាមប្ដី
| ចេញចាកអំពី
| ពិភពនាគនេះ។
|
ទៅឋានមនុស្សលោកនាយអេះ
| ចូរនាងចាំចេះ
| បម្រើស្វាមី។
|
ធ្វើវត្តប្រតិបត្តិប្រក្រតី
| កុំឲ្យស្វាមី
| អាក់អន់ចិន្ដា។
|
នាងអើយគម្ដែង[១]ក្រឡា
| ជាម្ចាស់សិរសា
| កូនកុំមាក់ងាយ។
|
ហៃកូនស្រីមាសម្ដាយ
| ក្រណាស់នាងអាយ
| តាមដោយច្បាប់ស្រី។
|
ក្រមួយមិនបានសម្ដី
| ពាក្យទន់តិចនៃ
| ឲ្យញាតិចូលចិត្ត។
|
ក្រមួយមិនចេះរិះគិត
| ឃើញញាតិឆ្ងាយជិត
| ហៅឡើងឆីស្លា។
|
ទោះមានមិនមានក្ដីណា
| ពាក្យផ្អែមចរចា
| ទើបគេស្រឡាញ់។
|
កុំជួចិត្តស្មូរកំណាញ់
| មិនមានអស់អញ
| នឹងញាតិសន្ដាន។
|
កើតយសរបស់ផងបាន
| កើតសុខក្សេមក្សាន្ដ
| ពីព្រោះកូនស្រី។
|
ទោះនឹងនិយាយស្រដី
| ការកេរជាស្រី
| កុំស្ដីឡេះឡោះ។
|
ថាលេងដូចក្មេងញ៉េះញ៉ោះ
| ឃើញប្រុសកម្លោះ
| សសៀរចូលជិត។
|
សើចព្រៀងកញ្ឆៀងមិនគិត
| ប្រុសព្រើលបានចិត្ត
| វាហ៊ានដោយសារ។
|
ហៅស្រីអប្រិយឥតការ
| ឥតមានឥរិយា
| មារយាទក្នុងខ្លួន។
|
សើរើពុំធ្វើនឹងនួន
| ស្រដីមិនមួន
| មិនមានអៀនអន់។
|
ឃើញគេបៀតបែរគយគន់
| សើចសួរចំអន់
| ចំអកឲ្យប្រុស។
|
ហៅស្រីអប្រិយទុយ៌ស
| មិនខ្លាចខ្លួនខុស
| មារយាទក្រឹត្យក្រម។
|
ធ្វើការអង្គុយច្រឡំ
| នឹងសមពុំសម
| ថាឯងជាស្រី។
|
មិនកោតមិនខ្លាចចិត្តប្ដី
| ឲ្យប្រុសដទៃ
| មាក់ងាយប្ដីណា។
|
ហៅស្រីឥតលក្ខណា
| ឥតមានកិរិយា
| មារយាទពុំសម។
|
ធ្វើការផងណាប្រើខំ
| ទោះត្បាញចាក់ដំ
| នាងខំឲ្យហើយ។
|
កុំទុកទៅមុខទៀតឡើយ
| ថាចាំបង្ហើយ
| កម្រណាស់ណា។
|
ទោះធ្វើហូលគោមព្រែ[២]ផ្កា
| ដាក់ត្បាញហើយណា
| បានស្រេចសឹមធ្វើ។
|
ធ្វើឲ្យកើតកេរ្តិ៍ប្រសើរ
| ហើយកុំឲ្យដើរ
| លេងផ្ទះគេណា។
|
ឱស្ងួនខ្លឹមខ្លួនរក្សា
| នាងខំធ្វើការ
| ទាន់ខ្លួនក្រមុំ។
|
មានប្ដីបានអ្វីជាខំ
| រវល់កូនយំ
| កម្រចេះឆ្លាត។
|
ព្រួយចិត្តគំនិតចង្អៀត
| មួយហើយមួយទៀត
| យំទារតែឆី។
|
រីងព្រួយទាំងមួយទាំងពីរ
| រកបានឲ្យឆី
| ទើបបានបាត់មាត់។
|
ទៅកាន់ការធ្វើឲ្យស្ទាត់
| ហូលគោមគាត់កាត់
| អន្ទងត្បាញទៅ។
|
កុំទុកក្នុងស្មុគស្មាញនូវ
| ក្រែងដល់យូរទៅ
| ខាតខូចអសារ។
|
ហៃកូនស្រីស្ងួនមាតា
| ចូរចាំរក្សា
| កុំភ្លេចស្មារតី។
|
ចូររករៀនយកច្បាប់ស្រី
| ឲ្យកោតខ្លាចប្ដី
| គម្ដែងក្រឡា។
|
ធ្វើវត្តប្រតិបត្តិសោតណា
| ឲ្យនាងរក្សា
| ភ្នក់ភ្លើងទាំងបី។
|
ឲ្យកាត់ឲ្យគង់ប្រក្រតី
| សព្វថ្ងៃកុំឲ្យបី
| ភ្លេចផ្លុំឲ្យឆេះ។
|
ក្រែងរាលដូចដាលព្រាយប្រេះ
| កើតក្ដៅរលេះ
| រលាយអស់អង្គ។
|
ភ្លើងក្រៅកុំនាំទៅក្នុង
| ឲ្យឆេះបំផ្លុង
| ឬផ្លុំបង្កាត់។
|
ភ្លើងក្នុងមិនប្រុងប្រយ័ត្ន
| នាំមកបង្កាត់
| ឲ្យឆេះឯក្រៅ។
|
អុជអាលបណ្ដាលឲ្យក្ដៅ
| ដាលដល់កូនចៅ
| អសោចអប្រិយ។
|
ឲ្យនាងខំប្រុងស្មារតី
| មើលភ្លើងទាំងបី
| រក្សាឲ្យគង់។
|
ភ្លើងនោះឲ្យកូនពុំលង់
| នឹងឲ្យឧត្ដុង
| ឧត្ដមកន្លង។
|
កើតយសរបស់ទ្រព្យផង
| បរិបូរឥតហ្មង
| ប្រសើរក្ដាត់ណា។
|
ភ្លើងមួយនោះឲ្យរក្សា
| គឺគុណមាតា
| បិតាស្ងូនគ្រង។
|
ឲ្យនាងធ្វើដោយគន្លង
| ប្រណិប័តន៍កុំឆ្គង
| នឹងម្ដាយឪពុក។
|
ឲ្យខំថែទាំញ៉ឹកញ៉ុក
| ចំណីចំណុក
| ចំណង់អាត្មា។
|
កុំឃ្លានទុកឆីឡើយណា
| ឆ្ងាញ់ឈ្ងុយពិសា
| ជូនជាប្រក្រតី។
|
ពាក្យពេចន៍ការកិច្ចអ្វីៗ
| អត់ឱនកុំបី
| ឲ្យអាក់ចិន្ដា។
|
ភ្លើងមួយគម្ដែងក្រឡា
| គឺប្ដីអាត្មា
| ឋិនថេររួមរ័ក្ស។
|
ឲ្យនាងប្រណិប័តន៍ជឿជាក់
| កុំធ្វើឲ្យអាក់
| ឲ្យអន់ចិត្តប្ដី។
|
អត់ឱនខ្លាចខ្លួនជាស្រី
| កុំឲ្យស្រដី
| ទុកគេជាស្មើ។
|
ទោះកើតហេតុភេទសារពើ
| ពាក្យពុំប្រសើរ
| ជញ្ជឹងចាំស្ដាប់។
|
ទោះប្ដីស្រដីពុំគាប់
| ពុំគួរឲ្យប្រាប់
| បានដឹងដល់ម្ដាយ។
|
កើតខឹងរែងរីងខ្ចរខ្ចាយ
| ឮពាក្យពីម្ដាយ
| ខ្សឹបខ្សៀវប្រាប់ប្ដី។
|
មិនក្សាន្តបែកបានពីប្ដី
| កើតជាសម្ដី
| សួរចុះសួរឡើង។
|
ពុំស្ងាត់ស្ងៀមមាត់ចចើង
| ជជែកនាំឡើង
| ចចើងមិនបាត់។
|
តតាំងពាក្យខ្លាំងមិនស្ងាត់
| មិនស្ងៀមឲ្យបាត់
| ឲ្យបានទីសុខ។
|
ជជែកស្ទើរបែកទាំងស្រុក
| មិនមានហៅសុខ
| យូរលង់ឡើយនៃ។
|
នេះហៅភ្លក់ភ្លើងទាំងបី
| ម្ដាយផ្ដាំកូនស្រី
| ឲ្យខំរក្សា។
|
នាងគម្ដែងក្រឡា
| ខុសឆ្គងម្ដេចម្ដា
| ម្ដាយផ្ដាំកូនស្រី។
|
ឲ្យអត់សង្កត់ហឫទ័យ
| កូនកុំស្រដី
| ដើមប្ដីកំបាំង។
|
កុំជេរកុំចេញជាខ្លាំង
| ខ្សត់ខ្សោយខ្លៅខ្លាំង
| នាងកុំមើលងាយ។
|
ល្ងង់ខ្សោយប្រើឲ្យនិយាយ
| ណែនាំលេងលាយ
| ឲ្យស្រួលវាចា។
|
ទោះប្ដីស្រដីម្ដេចម្ដា
| ខេខឹងជេរថា
| បោះពាក្យទម្ងន់។
|
ក្រោធក្រេវឆុលឆេវមិនអន់
| មិនអាក់ស្រោកស្រន់
| ដោយចិត្តគ្នាន់ក្នាញ់។
|
រអ៊ូរទាំទន្ទេញ
| ជេរថាជន្លេញ
| ត្បិតទាស់នឹងចិត្ត។
|
ឲ្យកូនស្រីស្ងួនខំអត់
| ឲ្យបានរលត់
| រលាយកំហឹង។
|
កុំកូនកាន់ខ្លួនប្រែប្រឹង
| តតបទៅនឹង
| អ្នកជាស្វាមី។
|
ខេខឹងក្រញឹង[៣]សម្ដី
| មិនគិតខ្លួនស្រី
| ស្រដីទ្រគោះ។
|
ប្រកែកស្ដីពាក្យគំរោះ
| គំរាមបញ្ឆេះ
| បញ្ជោរឲ្យខឹង។
|
រឹងរូសមើលមុខសម្លឹង
| សម្លក់ទៅរឹង
| ចចឹងចង់ឈ្លោះ។
|
រឹងឆ្លងឆ្លើយពាក្យបញ្ឆេះ
| បំបែកជាឈ្លោះ
| បំបែរពុំទៀង។
|
ជេរថាឆ្កែឆ្មាបំព្រៀង
| ដៀលត្មះបញ្ឆៀង
| បញ្ឈឺចិត្តប្ដី។
|
បោះបោកប្រទះអ្វីៗ
| ចាប់ចោលទៅដី
| បែកបាក់ពុំគិត។
|
មិនស្រួលទទួលបាត់មាត់
| ម្នះម្នាក្នុងចិត្ត
| ឲ្យបានប្ដីចាញ់។
|
ទើបបានសុខចិត្តជាវិញ
| ហៅស្រីម្នះម្នេញ
| អាប់កេរ្តិ៍យសឆ្ងាយ។
|
ហៅកូនស្រីស្ងួនមាសម្ដាយ
| ខុសណាស់នាងអាយ
| កុំធ្វើដូចគេ។
|
ទោះបីបើប្ដីនាងជេរ
| នាងចូលទៅឯ
| ដំណេកគិតសិន។
|
ចេញមកនាងយកពាក្យទន់
| ស្រដីឲ្យអន់
| ស្រាយទោសនោះទៅ។
|
ទោះបីបើប្ដីប្រដៅ
| ចូរនាងចាំនៅ
| ទុកក្នុងអាត្មា។
|
ពាក្យពេចន៍កុំភ្លេចឡើយណា
| ក្រែងឆ្គងម្ដេងម្ដា
| ត្បិតបានផ្ដាំស្រាប់។
|
ព្រោះឯងមិនក្រែងមិនស្ដាប់
| ពាក្យគេបង្កាច់
| បង្កើតតែឈ្លោះ។
|
ឥតសុខអាក្រក់តែឈ្មោះ
| ឮគេប្រឈ្លោះ
| មិនចេះហៅល្ហែ។
|
នេះពុំរាប់ជាស្ត្រីទេ
| ជាអ្នកប៉ោឡែ
| ចិត្តចោរដកទង។
|
ឲ្យមាត់បង្គ្របប្ដីផង
| ឲ្យគេស្ដាប់ហោង
| ថាឯងគ្រាន់បើ។
|
គឺមោះនាងនោះមិនប្រើ
| មិនបើកឲ្យដើរ
| បញ្ចើឲ្យទេ។
|
ទោះបីប្ដីប្រើមាសមេ
| កុំកូនចំអែ[៤]
| ចំអៀកមិនទៅ។
|
ឆ្ងាយជិតកុំគិតរង់នៅ
| ក្រោកក្រេសដើរទៅ
| កុំឲ្យប្ដីជេរ។
|
កុំទៅនៅយូរផ្ទះគេ
| រវល់ទំនេរ
| រវៀសមកណា។
|
ហៃកូនខ្លឹមខ្លួនមាតា
| ជាស្រីនេះណា
| កម្រណាស់នាង។
|
មិនថាត្បិតល្អរូបរាង
| មិនរើសត្បិតជាង
| ចេះការទាំងគ្រប់។
|
មិនបានស្គាល់ទិគោរព
| ស្គាល់ទេឧបទ្រព
| ទាំងដប់ប្រការ។
|
ហៅតែនឹងល្អរូបា
| ពិតហើយចេះការ
| គួរកោតដោយយ៉ាង។
|
មួយរូបល្អសសន្លាង[៥]
| ឥតគេផ្ទឹមខាង
| ច្បាប់ផងមិនចេះ។
|
ល្អពិតគំនិតមិនផេះ
| ទោះខ្មៅក្រងេះ
| ការសោតសមគួរ។
|
គឺមោះនាងនោះមិនជួ
| ចេះដឹងសមគួរ
| ស្គាល់អស់ឥរិយា។
|
នេះឯងពីព្រេងលោកថា
| ហៅល្អរូបា
| កបកល្យាណី។
|
ហៃកូនស្រីស្ងួនពិសី
| ម្ដាយប្រាប់អំពី
| ឧបទ្រពចង្រៃ។
|
កាន់ក្បាលប្ដីហើយរកចៃ
| មិនបានលើកដៃ
| បិទទូលសំពះ។
|
លោកទុកស្មើកុកទំផ្ទះ
| រង្គំរង្គះ
| នឹងបង់អស់ទ្រព្យ។
|
កន្លងជើងប្ដីពុំគាប់
| ព្រោះចិត្តចង់ឆាប់
| រំលងជើងប្ដី។
|
ស្មើសត្វលលកស៊ីខ្មោចខ្មី
| ហើយច្រាលអប្រិយ
| កើតព្យាធិរោគា។
|
ចង្រៃមួយនៃរាល់គ្នា
| ចេញចូលមាត់ទ្វារ
| ពុំបានបិទបាំង។
|
ធ្វេសប្រាណខុសខានមិនរាំង
| មិនរុញបំបាំង
| មើលយល់សាយសុស។
|
ទុកស្មើគេអុជចន្លុះ
| ឲ្យចោរចូលផ្ទះ
| យកទ្រព្យទាំងឡាយ។
|
ស្រីមួយសើចលេងក្អាកក្អាយ
| ឮលេខចម្ងាយ
| រំលងផ្ទះបី។
|
ស្មើសត្វចចាត[៦]បក្សី
| ចូលភូមិផងក្ដី
| ចង្រៃក្ដាត់ណា។
|
ស្រីមួយដេកដាក់កាយា
| ប្រះប្រែអាត្មា
| ឲ្យខ្នងទៅប្ដី។
|
ទុកស្មើពស់ក្រាយ[៧]អប្រិយ
| ឡើងផ្ទះឥតបី
| ឥតបើគណនា។
|
ចង្រៃកាចក្រៃពុំជា
| នឹងព្រាត់ប្រាសគ្នា
| ពុំបានវែងឆ្ងាយ។
|
ស្រីមួយសក់វែងអន្លាយ
| រំសុសរំសាយ
| សក់សោតរេរា។
|
នៅមាត់អណ្ដូងមាត់ទ្វារ
| បីដូចមជ្ជរា
| ឆ្មាលាក់ក្រចក។
|
ចង្រៃឥតបីបើរក
| រេរាសំកក
| មិនចុកសក់ងាយ។
|
ស្រីមួយដើរទៅទាត់ជាយ
| ឮលាន់ស្ទើរធ្លាយ
| ប្រថពីសន្ធឹក។
|
សំពត់ដាច់ដាចមិននឹក
| ដើរឮគគឹក
| ស្មើសូររន្ទះ។
|
ញ៉ាំញើសំណើរលះ
| ដាក់ជើងលើផ្ទះ
| គគ្រាំងគគ្រេង។
|
កក្រើកផ្ទះទាំងបីល្វែង
| ដូចកលគេសែង
| របស់ចេញទៅ។
|
ស្រីមួយឃើញទ្រព្យនៅផ្លូវ
| កន្លងហួសទៅ
| មិនចាប់ចេញទុក។
|
ពុំចេរចំណេរទៅមុខ
| ពុំចេះដាក់ទុក
| រាយរាល់តែល្វែង។
|
ទ្រព្យនោះរលោះចេញឯង
| ចង្រៃទាស់ទែង
| ធ្វើឲ្យអន្តរាយ។
|
ទោះឆីចំណីនូវបាយ
| លបលូកកកាយ
| ពម[៨]ពុំសណ្ដាប់។
|
កូនអើយនេះហើយចូរស្ដាប់
| ហៅក្ដីឧបទ្រព
| ទាំងដប់ប្រការ។
|
ឲ្យចៀសអស់ទាំងនេះណា
| ឲ្យរៀនលក្ខណា
| ទាំងប្រាំពីរផង។
|
គឺព្រះមានបុណ្យកន្លង
| ទេសនាចែងចង
| ជាបទគាថា។
|
មួយមាតុមួយមិត្តភរិយា
| កាតុភរិយាជាតិ
| ទាសភរិយាផង។
|
ទាំងបួនប្រសើរឥតហ្មង
| គួរឲ្យចាំចង
| ទុកក្នុងអង្គា។
|
រីឯហៅមាតុភរិយា
| ប្រពន្ធនោះជា
| លោកទុកស្មើម្ដាយ។
|
ចរិតបីប្រការក្នុងកាយ
| មួយចង់ខ្វល់ខ្វាយ
| ប្រយោជន៍ឲ្យប្ដី។
|
បានថ្កើងរុងរឿងឮល្បី
| មិនឲ្យអាប់ប្ដី
| ឲ្យបានសក្តិយស។
|
មួយបើប្ដីស្លៀកពាក់ចាស់
| យកថ្មីឲ្យផ្លាស់
| ចាស់ស្លៀកខ្លួនឯង។
|
ចេះរៀបរណ្ដាប់តាក់តែង
| ចំណីផងស្វែង
| រកមកឲ្យប្ដី។
|
មួយបើប្ដីឈឺថ្កាត់អ្វី
| ព្រួយប្រឹងមើលប្ដី
| រកថ្នាំសង្កូវ។
|
រកពេទ្យមេមត់នូវគ្រូ
| គ្រោះយាមគន់គូរ
| មើលប្ដីឲ្យជា។
|
រីឯហៅកាតុភរិយា
| ប្រសើរសោភា
| ប្រពន្ធស្មើបង។
|
នោះមានចរិតពីរផង
| ដូចប្អូននិងបង
| ចិត្តមូលមួយប្រាណ។
|
មួយធ្វើឲ្យប្ដីក្សេមក្សាន្ត
| របស់ប្ដីបាន
| ចេះទុករក្សា។
|
មួយទោះឮពាក្យអ្នកណា
| គេតិះដៀលថា
| ស្រដីពីប្ដី។
|
ពុំត្រូវអាស្រូវអប្រិយ
| ចេះការកេរ្តិ៍ប្ដី
| បែរបានជាសុខ។
|
ទោះបីបើប្ដីមានទុក្ខ
| គិតឲ្យបានសុខ
| យកខ្លួនធានា។
|
មួយសោតឯមិត្តភរិយា
| មានចរិតជា
| បីប្រការមិញ។
|
បីដូចកលមិត្តសម្លាញ់
| មានចិត្តអស់អញ
| មិនឲ្យមានហ្មង។
|
បីដូចកលប្អូននិងបង
| ប្រាសយូរលង់ហោង
| ទើបមកជួបគ្នា។
|
មានចិត្តប្រតិព័ទ្ធមហិមា
| ត្បិតបានជួបគ្នា
| មិនឲ្យមានហ្មង។
|
មួយមានមារយាទកន្លង
| ទោះឃើញប្រុសផង
| មិនល្អៀងចិត្តទៅ។
|
រីទាសភរិយានោះកូវ
| ក្នុងមាត្រាត្រូវ
| ប្រពន្ធខ្ញុំប្ដី។
|
ចរិតប្រាំបីប្រការខ្មី
| មួយចិត្តខ្លាចប្ដី
| ក្រែងប្ដីវាយជេរ។
|
ប្រុងចិត្តការគិតខ្មាសគេ
| មិនឲ្យប្ដីជេរ
| បន្ទោសខ្លួនបាន។
|
ទោះខឹងប្ដីក្រៃប៉ុន្មាន
| មិនចេះហៅហាន
| ឆ្លើយឈ្លោះតមាត់។
|
មួយទោះប្ដីនោះកាចក្ដាត់
| ខឹងដល់វាយវាត់
| ជេរចោរដកទង។
|
មិនហ៊ានឆ្លើយឈ្លោះរំលង
| តតបទៅផង
| ក្រែងឮកេរ្តិ៍ឆ្ងាយ។
|
មួយចេះប្រដាប់រៀបបាយ
| ប្ដីដើរជិតឆ្ងាយ
| មិនហ៊ានបរិភោគ។
|
អត់ចាំទម្រាំប្ដីមក
| ជួបជុំទើបយក
| បរិភោគផងគ្នា។
|
នេះឯងហៅទាសភរិយា
| សម្ដេចភគវា
| ទេសនាប្រោសប្រាប់។
|
បើអស់ស្រីណាបានស្ដាប់
| យកទុកជាច្បាប់
| ក្នុងប្រាណសព្វថ្ងៃ។
|
លុះអស់អាយុក្សិណក្ស័យ
| បានទៅកើតឰ
| តុសិតសួគ៌នាយ។
|
នឹងបានក្សេមក្សាន្តពណ្ណរាយ
| សេពសុខសប្បាយ
| និរទុក្ខកយា។
|
រីឯប្រពន្ធពុំជា
| ពេជ្ឈឃាតភរិយា
| ចរិតមានបួន។
|
កុំឲ្យយកទុក្ខក្នុងខ្លួន
| ឲ្យចៀសចេញជួន
| កើតកម្មវេរា។
|
មួយចិត្តគំនិតចង់ជា
| ឆ្លាស់ឆ្លើយបំពារ
| បំពានឲ្យប្ដី។
|
ប្រទូសរឹងរូសខ្ញូវខ្ញី
| មិនចេះចាញ់ប្ដី
| ថាឯងគ្រាន់បើ។
|
ឆ្លើយឆ្លងសូរសងបណ្ដើរ
| ចង់ឈ្លោះឲ្យស្មើ
| ឲ្យលើសប្ដីវិញ។
|
មួយមិនចង់ធ្វើបំពេញ
| បង្អាប់ប្ដីវិញ
| ឲ្យថ្កើងខ្លួនឯង។
|
អាងចេះដៀលតិះពុំក្រែង
| ឲ្យប្ដីស្ដាប់ឯង
| ដោយចិត្តអន្ធពាល។
|
មួយមានចិត្តនោះស្រើបស្រាល
| ចង់ត្រេកត្រអាល
| ចោលពេញមុខប្ដី។
|
មួយចិត្តទ្រឹស្ដិទ្រុស្ដអប្រិយ
| ចង់សម្លាប់ប្ដី
| ស្រឡាញ់ប្រុសទៀត។
|
គិតកាប់សម្លាប់បង់ម្សៀត
| នឹងយកប្រុសទៀត
| ធ្វើប្ដីមរណា។
|
រីឯសត្រូវភរិយា
| ចរិតពុំជា
| ប្រាំពីរប្រការ។
|
មួយមិនខ្លាចប្ដីអាត្មា
| បង្គាប់ត្រង់ណា
| ពុំធ្វើតាមចិត្ត។
|
មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់
| ប្ដីសួរបីម៉ាត់
| ពុំស្រដីផង។
|
មួយប្ដីស្រដីគន្លង
| ប្រដៅច្បាប់ផង
| ពុំចូលចិត្តស្ដាប់។
|
មួយមិនចង់ឲ្យប្ដីគាប់
| មិនចង់ប្រដាប់
| ឲ្យប្ដីថ្កុំថ្កើង។
|
មួយទោះនឹងស្រដីឡើង
| ពាក្យធំចចើង
| ចចេសនឹងប្ដី។
|
មួយទោះប្ដីលោះខ្ញុំស្រី
| វាបម្រើប្ដី
| មិនឲ្យអាក់អន់។
|
ឃើញគាប់រីងស្អប់ក្នាញ់គ្នាន់
| ក្នុងចិត្តប្រច័ណ្ឌ
| ជេរថានាយអាយ។
|
មួយត្បិតប្ដីមានសាហាយ
| ហួរហែកសុសសាយ
| ឲ្យប្ដីអាស្រូវ។
|
រីចោរភរិយានោះកូវ
| ចរិតពុំត្រូវ
| មានបីប្រការ។
|
មួយចង់ចាយទ្រព្យប្ដីណា
| ឲ្យខូចអសារ
| មិនគង់ជាល្អ។
|
មួយប្ដីឃ្មាតខ្មីខំរក៍
| របស់បានមក៍
| មិនថែទាំទុក។
|
លួចឲ្យទៅម្ដាយឪពុក
| ប្ដីសួររកមុខ
| មិនប្រាប់ឡើយណា។
|
មួយខ្ជិលមិនចង់ធ្វើការ
| កុហកមុសា
| ថាឯងរវល់។
|
ដេកលេងចំខែងអស់កល
| លុះប្ដីគេយល់
| ពុតធ្វើជាឈឺ។
|
ទទូរដេកថ្ងូរហ៊ឺៗ
| ប្ដីហៅមិនឮ
| ពុតចង់តែស្លាប់។
|
នេះហៅប្រពន្ធពុំគាប់
| ស្រីណាកាន់ខ្ជាប់
| ពុំដែលរសាយ។
|
លុះអស់អាយុក្ល័យក្លាយ
| ធ្លាក់ទៅអបាយ
| ទាំងបួនចំពូក។
|
តែងនឹងរងទុក្ខរងសោក
| រំដោះរួចមក
| កើតជាមនុស្សខ្ទើយ។
|
ហេតុអកុសលនេះហើយ
| ត្បិតខ្លួនឥតត្រើយ
| ធ្វើខុសគន្លង។
|
ខុសវត្តប្រតិបត្តិឆ្គាំឆ្គង
| មិនរៀងមិនរង
| ខុសនឹងច្បាប់ស្រី។
|
មាក់ងាយនោះមានប្រាំបី
| មានក្នុងបាលី
| ព្រះធម៌លោកថា។
|
មាក់ងាយមួយនោះឯងណា
| ត្បិតប្ដីពិការ
| មិនបានមាំមួន។
|
ខឹងស្អប់ធុញថប់មិនទ្រាំ
| មិនមានរកថ្នាំ
| គ្រូគ្រោះមេមត់។
|
មើលប្ដីឲ្យជាឆាប់ផុត
| ខឹងវិញមិនអត់
| បន់ឲ្យប្ដីស្លាប់។
|
មាក់ងាយមួយប្ដីខ្សត់ទ្រព្យ
| គ្មានកេរកោះគាប់
| ស្មើនឹងអាត្មា។
|
ដៀលត្មះថាច្រាសដោយសារ
| ព្រោះខ្ជិលធ្វើការ
| ទើបគ្មានរបស់។
|
មាក់ងាយត្បិតប្ដីអប្បយស
| ឯងត្រកូលខ្ពស់
| ពូជពង្សពុំស្មើ។
|
ឆ្មើងខ្លួនឲ្យប្ដីបម្រើ
| ឈ្លោះឡើងហើយដើរ
| ដៀលត្មះពូជពង្ស។
|
មាក់ងាយមួយត្បិតប្ដីល្ងង់
| ខ្លៅខ្លួនទ្រមង់
| ទ្រមក់យឺតយូរ។
|
ដៀលត្មះពុំចេះអាសូរ
| សម្ដីខ្មោះខ្មូរ
| មិនក្រែងប៉ុនសក់។
|
មាក់ងាយមួយប្ដីអាក្រក់
| សាច់ខ្មៅប៉ប៉ក់
| មុខអុតស៊ីសុស។
|
កន្ទ្រល រោងរលក្រអុះ
| សក់ស្កាញស្កូវសុស
| ពោះធំប៉ុនពាង។
|
ខ្លួនឯងចិញ្ចែងរូបរាង
| ខ្លួនសល្អជាង
| ថាប្ដីមិនសម។
|
មាក់ងាយមួយប្ដីមិនខំ
| ធ្វើការលេលាំ
| ឡែឡដើរលេង។
|
ឆ្លៀតឆ្លើយបោះពាក្យគគ្រេង
| ឈ្លោះជេរមិនឈ្វេង
| គិតខុសមាត្រា។
|
មាក់ងាយមួយប្ដីផឹកស្រា
| ស្រវឹងចោលការ
| ដើរលេងតែតោ។
|
ពាក្យក្អេងរាំច្រៀងឡោៗ
| ឲ្យឆ្កែព្រុសឆោ
| ផ្អើលភ្ញាក់កូនចៅ។
|
ឮមាត់ប្ដីហើយខឹងក្ដៅ
| ប្រទេចជេរទៅ
| តាមដោយចិត្តក្នាញ់។
|
មាក់ងាយមួយទៀតនោះមិញ
| ត្បិតប្ដីស្រឡាញ់
| លលូកប្រឡែង។
|
មួលបិចចាក់ចុចជាល្បែង
| មិនមានកោតក្រែង
| បានចិត្តជេរវិញ។
|
ត្បិតតែយល់គេស្រឡាញ់
| ស្រដីផងមិញ
| គំរោះគំរើយ។
|
ធ្វើក្នាញ់បែរចេញព្រងើយ
| គេនឹងកន្តើយ
| ក្និចក្នក់មាយា។
|
ពុំបានក្សេមក្សាន្តនឹងគ្នា
| មាក់ងាយនេះជា
| គំរប់ប្រាំពីរ។
|
កូនអើយនេះហើយច្បាប់ស្រី
| ឲ្យកូនពិសី
| រករៀនរក្សា។
|
យកទុកក្នុងអង្គអាត្មា
| ប្រសើរក្ដាត់ណា
| កើតសុខសួស្ដី។
|
ប្រសើរទាំងនាលោកិយ
| ទោះបរលោកក្ដី
| សឹងលុះប្រាថ្នា។
|
ទោះចិត្តគន់គិតសច្ចា
| ជាពុទ្ធមាតា
| សឹងបានបរិបូរណ៍។
|
ដូចចិត្តឆុតឆាប់ពុំយូរ
| កបកើតសម្បូរ
| សម្បត្តិទ្រព្យផង។
|
កើតយសខ្ពង់ខ្ពស់កន្លង
| យឺនយូរឥតហ្មង
| ដូចក្ដីប្រាថ្នា។
|
ច្បាប់នេះឧត្តមថ្លៃថ្លា
| ទោះស្រីឯណា
| ឮហើយមានភ័ព្វ។
|
ជាល្អកម្របានស្ដាប់
| ស្ដាប់ហើយចូរចាប់
| ចូរចាំគ្រប់គ្នា។
|
បានដល់មគ្គផលសួគ៌ា
| ប្រសើរសោភា
| ចូរចាំកុំភ្លេច។
|
ចរចាអស់អាថ៌ពាក្យពេចន៍
| ពាក្យពិតកាព្យកិច្ច
| បរិបូរណ៍ប្រពៃ។
|
ប្រាជ្ញាប្រែរីឯនាមនៃ
| ខ្ញុំឈ្មោះម៉ឺន មៃ
| មែនមានសទ្ធា។
|
មានចិត្តកួចគិតកាព្យា
| កបកើតជ្រះថ្លា
| ត្រេកត្រង់កុសល។
|
សច្ចាប្រាថ្នាមគ្គផល
| ផុរផុសយោបល់
| លេចលើកទុកនៅ។
|
ទោះបីសេចក្ដីខុសត្រូវ
| សូមទានតម្រូវ
| តម្រង់ឲ្យផង។
|
កុំត្មះតិះដៀលឡើយហោង
| សូមសាងផលផង
| ទុកតសាសនា។
|
សម្រាប់ជាច្បាប់មាត្រា
| សូរេចបការា
| បរិបូរណ៍ចែងចប់៕ |
0 comments:
Post a Comment