Pages

Thursday 28 July 2011

Phra: Sot Khmer

៨ សក្កប្បញ្ហសូត្រ               (សំដែងអំពីប្រស្នារបស់ទេវរាជនាមសក្កៈ)
សេចក្ដីសង្ខេប
សម័យមួយ ព្រះសម្មាសម្ពុទ្ធគង់នៅក្នុងគុហាឈ្មោះ ឥន្ទសាល ភ្នំវេទិយកៈ ។ សម័យនោះ ស្ដេចសក្កៈជាធំជាងទេវតា មានកិច្ចការចាំ បាច់ត្រូវចូលគាល់ព្រះសម្មាសម្ពុទ្ធឱ្យបាន ។ ពេលទ្រង់ជ្រាបថា ព្រះ សម្មាសម្ពុទ្ធទ្រង់ប្រថាប់នៅក្នុងគុហាឥន្ទសាលនៃភ្នំវេទិយកៈ ទើបស្ដេច បបួលពួកទេវតាជាន់តាវត្ដិង្ស ចុះមកគាល់ព្រះអង្គ ដោយទ្រង់បញ្ជា ឲ្យបញ្ចសិខគន្ធព្វបុត្រ ជាអ្នកនាំផ្លូវ ។ ពេលទ្រង់ទៅដល់រូងភ្នំនោះ ទ្រង់ជ្រាបថា ព្រះសម្មាសម្ពុទ្ធ កំពុងស្ថិតនៅក្នុងឈាននៅឡើយ ទើប បញ្ជាឱ្យបញ្ចសិខគន្ធព្វបុត្រចូលទៅលេងភ្លេងថ្វាយជាមុន ។
បញ្ចសិខគន្ធព្វបុត្រ ទទួលបញ្ជាហើយចូលទៅឈរក្នុងទីមិន ជិតពេកមិនឆ្ងាយពេក ល្មមតែព្រះមានព្រះភាគឮសំឡេងពិណរបស់ ខ្លួនបាន បញ្ចសិខៈ ក៏ដេញពិណ និង ច្រៀងបទដែលទាក់ទងនៅនឹង ព្រះពុទ្ធ ព្រះធម ព្រះសង្ឃ ព្រះអរហន្ត ព្រមទាំងប្រកបដោយកាម គុណ គឺសេចក្ដីស្រឡាញ់របស់ខ្លួន ដែលមានចំពោះទេពធីតាឈ្មោះ ភទ្ទាសុរិយវច្ឆសា
បទចម្រៀងនោះ មានសេចក្តីថាៈ
          ម្នាលនាងសុរិយវច្ឆសាដ៏ចម្រើន  បងសូមថ្វាយបង្គំ នូវទេវរាជ ព្រះនាមតិម្ពរុ ជាបិតារបស់នាង ដោយហេតុដែលនាងកើតមកហើយ មានលម្អជាទីញ៉ាំងសេចក្តីត្រេកអរឲ្យកើតដល់បង ។ ដូចខ្យល់ជាទី ត្រេកអរ របស់បុគ្គលអ្នកមានញើស ពុំនោះសោត ដូចទឹកសម្រាប់ផឹក ជាទីត្រេកអរ របស់បុគ្គលអ្នកស្រេកទឹក នាងមានពន្លឺរស្មីនៃអវយវៈ ជាទីស្រឡាញ់ពេញចិត្តនៃបង ដូចនវលោកុត្តរធម៌ ជាទីស្រឡាញ់ របស់ពួកព្រះអរហន្តដូច្នោះ ។ ម្នាលនាងដ៏ចម្រើន ចូរនាងជួយលត់ (សេចក្តីក្រហល់ក្រហាយរបស់បង) ចេញ ដូចគេដាក់ថ្នាំដល់អ្នកជំងឺ ពុំនោះ ដូចគេឲ្យភោជន ដល់អ្នកកំពុងឃ្លាន ពុំនោះសោត ដូចគេលត់ភ្លើងកំពុងឆេះដោយទឹក ។ សូមឲ្យបងបាន អែបនែបត្រង់ ចន្លោះស្តន(ដោះ) និង ឧទរ(ពោះ) របស់នាង ដូចជាដំរីមានសេចក្តី ក្រហល់ក្រហាយ ក្នុងរដូវប្រាំង បានចុះកាន់ស្រះឈូក មានទឹកដ៏ ត្រជាក់ ប្រកបដោយលំអងនៃកេសរផ្កាឈូកដូច្នោះឯង ។ បង ងោងងប់ព្រោះភ្លៅ របស់នាង ដែលបរិបូរដោយលក្ខណៈ ក៏លែង ស្គាល់ហេតុ (ដែលនាំឲ្យប្រាសចាករាគៈ) ដូចជាដំរី (ចុះប្រេង) ហួសវិស័យកង្វេរ គិតថា អញឈ្នះផ្លែកង្វេរនិងលំពែង ។ បងមាន ចិត្តស្លុង ចុះហើយក្នុងនាង បងមិនអាចនឹងទាញចិត្តដែលងប់ស៊ប់ ហើយ ឲ្យត្រឡប់វិញបានឡើយ ដូចជាត្រីលេបសន្ទូច ។ ម្នាលនាង មានភ្លៅដូចបណ្តូលចេក ដ៏ចម្រើន ចូរនាងឳបបង ម្នាលនាង មានភ្នែកស្រទន់ ចូរនាងមកកៀកបង ម្នាលនាងមានរូបឆោមដ៏ល្អ ចូរនាងមកឳបរឹតបង ការឳបរឹតនេះ បងត្រូវការណាស់ ។ កាមរបស់ បងមានតិចដែរទេ តែព្រោះនាងមានសក់ត្រសាយងឡើង សេចក្តី ប្រាថ្នានៃបង ក៏កើតមានជាអនេក ដូចទក្ខិណាទាន ដែលគេថ្វាយ ចំពោះព្រះអរហន្ត ។ ម្នាលនាង មានលម្អសព្វសព៌ាង្គ បុណ្យណា ដែលបងបានធ្វើហើយ ចំពោះព្រះអរហន្តទាំងឡាយ ជាអ្នកនឹងធឹង បុណ្យរបស់បងនោះ សូមជួយបង ឲ្យបានភប់ប្រសព្វនឹងនាង ។ ម្នាលនាង មានលម្អអស់អង្គ បុណ្យណាដែលបងបានធ្វើហើយ ក្នុងមណ្ឌលនៃប្រឹថពីនេះ បុណ្យរបស់បងនោះ សូមជួយបងឲ្យបាន ភប់ប្រសព្វនឹងនាង ។ ព្រះមុនីជាសក្យបុត្រ ទ្រង់ប្រកបដោយឈាន គង់នៅតែមួយព្រះអង្គឯង មានព្រះប្រាជ្ញាស្មារតី ព្រះអង្គខំស្វែង រកព្រះនិព្វាន យ៉ាងណា ម្នាលនាងសុរិយវច្ឆសា បងក៏ខំស្វែងរកនាង យ៉ាងនោះដែរ ។ មួយទៀត សម្តេចព្រះមុនី ព្រះអង្គបានសម្រេចនូវ សម្ពោធិញ្ញាណ ដ៏ឧត្តមហើយ ទ្រង់រីករាយព្រះហប្ញទ័យ យ៉ាងណា មិញ ម្នាលនាងកល្យាណី ខ្លួនបងបើបានមូលមិត្តនឹងនាងហើយ ក៏នឹង រីករាយក្នុងចិត្ត យ៉ាងនោះដែរ ។ ម្នាលនាងដ៏ចម្រើន បើសក្កទេវរាជ ជាធំជាងពួកទេវតា ក្នុងជាន់តាវត្តិង្ស ទ្រង់ប្រទានពរដល់បង​ បងគប្បី ប្រាថ្នានាង សេចក្តីប្រាថ្នាដែលមាំមួន (ក្នុងចិត្ត) របស់បងយ៉ាងនេះ ។ ម្នាលនាងទេវធីតា មានប្រាជ្ញាឈ្លាសវៃ នាងមានរូបប្រាកដដូច្នេះ ជាធីតា របស់អ្នកណា បងសូមថ្វាយបង្គំ ចំពោះអ្នកនោះ ជាបិតារបស់ នាង ដូចឈើដែលទើបនឹងមានផ្កា ។
            ព្រះសម្មាសម្ពុទ្ធ ត្រាស់សរសើរបញ្ចសិខគន្ធព្វបុត្រថា ដេញ ពិណ និងប្រគំភ្លេងបានពិរោះល្អ ហើយសំឡេងពិណ និងការប្រគំភ្លេង ស៊ីគ្នាល្អណាស់ ហើយទ្រង់ត្រាស់សួរថា តើបទចំរៀងនេះតែង ឡើងនៅពេលណា? បញ្ចសិខគន្ធព្វបុត្រ ទូលតបថា តែងតាំងពី ពេលព្រះអង្គបានត្រាស់ដឹងថ្មីៗ ខណៈដែលប្រថាប់សោយវិមុត្ដិសុខ ក្រោមដើមអជបាលនិគ្រោធ ក្បែរកំពង់ទឹកនេរញ្ជរា តែងឡើង ព្រោះធ្លាក់ក្នុងអន្លុងស្នេហ៍ទេពធីតាឈ្មោះ ភទ្ទាសុរិយវច្ឆសា ដែល មានបិតាឈ្មោះតិម្ពរុ ដែលជាអ្នកគ្រប់គ្រងពួកគន្ធព្វ ។ ក្នុងកាល នោះ នាងជាប់ចិត្ដស្រលាញ់ជាមួយទេវបុត្រឈ្មោះសិខណ្ឌិ ជាកូន របស់មាតលីទេវបុត្រ តែពេលនាងបានស្ដាប់បទភ្លេងនេះ នាងចង់ គាល់ព្រះមានព្រះភាគ ទើបជាហេតុនាំឱ្យនាងព្រមចរចាជាមួយ ទូលបង្គំហើយក៏ស្រលាញ់គ្នារហូតមក ។
ស្ដេចសក្កៈ ជាធំជាងទេវតា បានឱកាសទើបត្រាស់ហៅបញ្ច- សិខគន្ធព្វបុត្រមក ហើយបញ្ជាឱ្យក្រាបទូលសុំឱកាសចូលគាល់ ។ ពេលព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាត ទើបស្ដេចសក្កៈនាំទេវតាចូលទៅ គាល់ ។ ព្រះសម្មាសម្ពុទ្ធ ទទួលរាក់ទាក់ថា គួរឱ្យអសា្ចរ្យណាស់ដែល ស្ដេចសក្កៈជាធំជាងទេវតាមានកិច្ចការច្រើន ទ្រង់អាចឆ្លៀតមកបាន ។ ស្ដេចសក្កៈជាធំជាងទេវតាក្រាបទូលថា ទ្រង់មានសេចក្ដីប្រាថ្នាយូរ មកហើយថា នឹងចូលគាល់ព្រះពុទ្ធអង្គ ទ្រង់ក្រាបទូលថ្វាយថា ពេលដែល ខ្ញុំព្រះអង្គទៅគាល់នៅឯសលឡគន្ធកុដិ ក្រុងសាវត្ថី ព្រះអង្គកំពុងធ្វើសមាធិមាននាងភុជតី ជាអ្នកបំរើរបស់ស្ដេចវេស្សវ័ណ កំពុងឈរចាំចូលគាល់ដែរ ទើបខ្ញុំព្រះអង្គផ្ញើសេចក្ដីនឹករលឹក តើព្រះ អង្គទ្រង់ជ្រាបដែរឬទេ? ព្រះសម្មាសម្ពុទ្ធត្រាស់ថា ទ្រង់ជ្រាបហើយ ស្ដេចសក្កៈក្រាបទូលតទៅទៀតថា ខ្ញុំព្រះអង្គដឹងដំណឹងអំពីពួក ទេវតាដែលកើតមុនៗថា ក្នុងសម័យដែលមានព្រះសម្មាសម្ពុទ្ធកើត ឡើងក្នុងលោកពួកទេពនឹងចម្រើនរុងរឿង ហើយពួកអសុរនឹងសាប សូន្យទៅ ទ្រង់អះអាងថា ពាក្យពោលនោះជាពាក្យពិត ព្រោះទ្រង់ ឃើញប្រត្យក្រ ដោយព្រះអង្គឯង ដោយទ្រង់ក្រាបទូលរឿង គោបកៈ ទេវបុត្រ ឱ្យព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាបមានសេចក្ដីថាៈ
មានសក្យធីតាម្នាក់  នៅក្នុងក្រុងកបិលពស្តុ ឈ្មោះថា គោបិកា ជាអ្នកជ្រះថ្លាក្នុងព្រះរតនត្រៃ រក្សាសីលបានបរិបូរ នាង នឿយណាយក្នុងភេទជាស្ដ្រី ហើយប្រាថ្នាចង់កើតជាបុរស បន្ទាប់ពី រំលាយខន្ធទៅ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស មានឈ្មោះថា គោបកទេវបុត្រ ។ ថ្ងៃមួយ គោបកទេវបុត្រ បានចូលទៅគាល់ស្ដេច សក្កៈ ក៏បានជួបអតីតភិក្ខុ ៣ អង្គ ដែលធ្លាប់ប្រព្រឹត្ដព្រហ្មចរិយធម៌ ជាមួយព្រះអង្គ តែក្រោយអំពីធ្វើមរណកាលហើយ បានទៅកើតជា គន្ធព្វក្នុងជាន់ចាតុម្មហារាជ ជាបរិវាររបស់ស្ដេចធតរដ្ឋមហារាជ ដែល មានសភាពទាបជាងគោបកទេវបុត្រ ដែលធ្លាប់ជាឧបាសិកា ថ្វាយ អាហារបិណ្ឌបាត ។ គោបកទេវបុត្រ ក៏និយាយដាស់តឿន ធ្វើឱ្យគន្ធព្វ ទាំងពីរនាក់រលឹកខ្លួនបាន ហើយក៏បានទៅកើតក្នុងព្រហ្មលោក ។ ចំណែកគន្ធព្វម្នាក់ទៀត នៅក្នុងកាមភពដដែល ។ ស្ដេចសក្កៈ ដែលជាធំជាងទេវតាសរុបថា ព្រោះទ្រង់ជ្រាបរឿង ការប្រតិបត្ដិធម៌ និងផលនៃការបដិបត្ដិធម៌របស់គោបកទេវបុត្រ ទើបទ្រង់ចុះមកគាល់ ដើម្បីនឹងបានស្តាប់ធម៌ទាំងនោះខ្លះ ហើយទូលសុំឱកាស ដើម្បីសួរ បញ្ហា ។ ពេលព្រះសម្មាសម្ពុទ្ធ ទ្រង់អនុញ្ញាតហើយ ស្ដេចសក្កៈ ទើបទូលសួរបញ្ហារួមទាំងអស់ ១៤ខ ដូចតទៅនេះ
សក្កបញ្ហា ១៤ខ
ខទី ១ រឿងឥស្សា និង មច្ឆរិយៈ
ទូលសួរថា ពួកទេវតា  មនុស្ស អសុរ នាគ គន្ធព្វ  និងពួកសត្វ
ដទៃចំនួនច្រើនមានសេចក្ដីប្រាថ្នាថា សូមឱ្យពួកយើងមិនមានពៀរ មិនមានទោស មិនមានសត្រូវ មិនបៀតបៀន មិនចងកម្មពៀរនិងគ្នា ។  តែព្រោះមានអ្វីចងទុក បានជាពួកគេនៅតែមានពៀរ មានទោស មាន សត្រូវ ត្រូវគេបៀតបៀន និងចងគំនុំនឹងគ្នា? ត្រាស់តបថា ព្រោះ មានឥស្សា (សេចក្ដីច្រណែន) និង មច្ឆរិយៈ (សេចក្ដីកំណាញ់) ចងទុក ។
ខទី ២ រឿង បិយាបិយៈ (សេចក្តីស្រឡាញ់ និង សេចក្តីស្អប់)
ទូលសួរថា តើ ឥស្សា និង មច្ឆរិយៈមានអ្វីជាដើមហេតុ?  ពេលមានអ្វី ទើបឥស្សា និង មច្ឆរិយៈ មាន? ពេលមិនមានអ្វី ទើបឥស្សា និង មច្ឆរិយៈ មិនមាន? ត្រាស់តបថា មានសេចក្តី ស្រឡាញ់ និង សេចក្តីស្អប់ ជាដើមហេតុ ។ ពេលមានសេចក្តី ស្រឡាញ់ និង សេចក្តីស្អប់ ទើបឥស្សា និង មច្ឆរិយៈ មាន ប្រសិនបើ មិនមានអារម្មណ៍ជាទីស្រលាញ់ និង អារម្មណ៍មិនជាទីស្រលាញ់ទេ ឥស្សា និង មច្ឆរិយៈ ក៏មិនកើតឡើងដែរ ។
ខ ទី ៣ រឿងឆន្ទៈ
ទូលសួរថា តើអារម្មណ៍ជាទីស្រលាញ់ និង អារម្មណ៍មិនជាទី ស្រលាញ់មានអ្វីជាដើមហេតុ? ត្រាស់តបថា មាន ឆន្ទៈ (សេចក្ដីពេញ ចិត្ដ សេចក្ដីមិនឆ្អែតឆ្អន់ មិនគ្រប់គ្រាន់ = តណ្ហា) ជាដើមហេតុ ។ ប្រសិនបើមិនមាន ឆន្ទៈ អារម្មណ៍ជាទីស្រឡាញ់ និង អារម្មណ៍មិន ជាទីស្រឡាញ់ ក៏មិនមានដែរ ។
ខទី ៤ រឿងវិតក្កៈ
ទូលសួរថា   តើឆន្ទៈមានអ្វីជាដើមហេតុ?    ត្រាស់តបថា មាន
វិតក្កៈ (ការត្រិះរិះ) ជាដើមហេតុ ប្រសិនបើមិនមានវិតក្កៈទេ ឆន្ទៈ ក៏មិនមានដែរ ។
ខទី ៥ រឿងបបញ្ចសញ្ញា
ទូលសួរថា តើវិតក្កៈមានអ្វីជាដើមហេតុ?  ត្រាស់តបថា មាន ចំណុចផ្សេងនៃ បបញ្ចសញ្ញា (ការសម្គាល់ក្នុងអារម្មណ៍ផ្សេងៗ ដោយ តណ្ហា មានៈ និង ទិដ្ឋិ របស់ខ្លួន ទើបកើតចំណុច ឬការយល់ ឃើញចេញទៅធ្វើឲ្យយឺតយូរ) ជាដើមហេតុ ។ ប្រសិនបើមិនមាន ចំណុចនៃ បបញ្ចសញ្ញា ទេ វិតក្កៈ ក៏មិនមានឡើយ ។
ខទី ៦-៨ រឿងសោមនស្ស ទោមនស្ស និងឧបេក្ខា
ទូលសួរថា  ភិក្ខុបដិបត្ដិដូចម្ដេចទើបឈ្មោះថា  បដិបត្ដិតាមខ
ត្រឹមត្រូវ និង ឆ្ពោះទៅរកការរំលត់នៃបបញ្ចសញ្ញា? ត្រាស់តបថា សេពនូវសោមនស្ស (សេចក្ដីពេញចិត្ដ) ទោមនស្ស(សេចក្ដីតូចចិត្ដ) និង ឧបេក្ខា(ការព្រងើយកន្ដើយ) ផ្នែកដែលគួរសេព មិនសេព ផ្នែកដែលមិនគួរឡើយ ។ ផ្នែកដែលគួរសេពបានដល់ផ្នែក ដែល បុគ្គលសេពហើយ ធ្វើឱ្យកុសលធម៌ទាំងឡាយចម្រើនឡើង អកុសល ធម៌ទាំងឡាយសាបសូន្យទៅ ចំណែកផ្នែកដែលមិនគួរសេព មានន័យផ្ទុយគ្នា ។
          ម្យ៉ាងទៀត សោមនស្ស ទោមនស្ស និង ឧបេក្ខា ដែល គួរសេពចែក ជាពីរចំណែកគឺៈ ចំណែកដែលមានវិតក្កៈ និង វិចារៈ និង ចំណែកដែលមិនមានវិតក្កៈ និង វិចារៈ ទាំងពីរចំណែកនេះ ចំណែកដែលមិនមាន វិតក្កៈ វិចារៈ ប្រណីត ជាង។ ភិក្ខុដែលប្រតិបត្ដិ តាមដូចពោលមកនេះ ឈ្មោះថា ប្រតិបត្ដិតាមខបដិបត្ដិដ៏សមគួរ និងអាចធ្វើដំណើរទៅកាន់ ការរំលត់ចំណុចនៃបបញ្ចសញ្ញាបាន ។
ខទី ៩-១១ រឿងកាយសមាចារ វចីសមាចារ និង បរិយេសនា ដែលហៅថា បាតិមោក្ខសំវរៈ
ទូលសួរថា ភិក្ខុបដិបត្ដិដូចម្ដេច ទើបឈ្មោះថាបដិបត្ដិដើម្បី សង្រួមក្នុងបាដិមោក្ខ? ត្រាស់ឆ្លើយថា សេពកាយសមាចារ (ការ ប្រព្រឹត្ដតាមផ្លូវកាយ) វចីសមាចារ (មារយាទតាមផ្លូវវាចា) និង បរិយេសនា(ការស្វែងរក) ជាចំណែកដែលគួរសេព មិនសេពក្នុង ចំណែកដែលមិនគួរសេពឡើយ ។ ផ្នែកដែលគួរសេពបានដល់ផ្នែក ដែលបុគ្គលសេពហើយ ធ្វើឱ្យកុសលធម៌ចម្រើនឡើង អកុសលធម៌ ថយចុះ ចំណែកឯផ្នែកដែលបុគ្គលមិនគួរសេព មានន័យផ្ទុយគ្នា ។ ភិក្ខុបដិបត្ដិយ៉ាងនេះ ឈ្មោះថា បដិបត្ដិដើម្បីសង្រួមក្នុងបាដិមោក្ខ ។
ខទី ១២ រឿងឥន្ទ្រីយសំវរៈ
ទូលសួរថា តើភិក្ខុប្រតិបត្ដិដូចម្ដេច ទើបឈ្មោះថា បដិបត្ដិ ដើម្បីសង្រួមនូវឥន្ទ្រីយ៍? ត្រាស់តបថា សេពអារម្មណ៍ ៦ គឺ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និង ធម្មារម្មណ៍ ដោយសេពផ្នែកដែល គួរសេព និង មិនសេពផ្នែកដែលមិនគួរសេពឡើយ ។
          ស្ដេចសក្កៈ ដែលជាធំជាងទេវតា ទ្រង់អធិប្បាយតាមដែលខ្លួន យល់ឃើញ ដោយទ្រង់ប្រកាន់យកតាមគោលអធិប្បាយ របស់ការ បដិបត្ដិ ដើម្បីសង្រួមក្នុងបាដិមោក្ខថា ពេលបុគ្គលឃើញរូបតាមផ្លូវ ភ្នែក យ៉ាងណាៗ អកុសលធម៌ទាំងឡាយចម្រើនឡើង កុសលធម៌ ទាំងឡាយ សាបសូន្យទៅ រូបនោះ មិនគួរសេព ។ ពេលបុគ្គល ឃើញរូបដែលដឹងតាមផ្លូវភ្នែកយ៉ាងណាៗ អកុសលធម៌ទាំងឡាយ ថយចុះ កុសលធម៌ទាំងឡាយចម្រើនឡើង រូបទាំងនោះ គួរសេព ។ អារម្មណ៍ ៥ ទៀត គឺ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ក៏ទ្រង់ អធិប្បាយដោយន័យដូចរូបដែរ ហើយទ្រង់សរុបដូចគ្នានឹងខមុនៗ ។
ខទី ១៣ រឿងអនេកធាតុ (លោកមានធាតុច្រើនអនេក)
ទូលសួរថា   សមណព្រាហ្មណ៍ទាំងអស់ មានវាទៈ  (បំណង) សីល (ខបដិបត្ដិ)  ឆន្ទៈ(លទ្ធិ)  និង អជ្ឈោសានៈ (គោលដៅ) ដូច គ្នាឬទេ? ត្រាស់តបថា  មិនដូចគ្នាទេ ។  ទូលសួរថា  ព្រោះហេតុអ្វី? ត្រាស់តបថា  ព្រោះលោកមានធាតុ  (និស្ស័យ  ឬ ការនិយម) ច្រើន យ៉ាង ។ ក្នុងលោក ដែលមានធាតុច្រើនយ៉ាងនេះ  សត្វដែលប្រកាន់ ថា ធាតុណាៗ ក៏រមែងប្រកាន់ធាតុនោះៗ យ៉ាងខ្លាំងក្លា និងការប្រកាន់ មាំថា មានតែរបសស់នេះប៉ុណ្ណោះពិត របស់ដទៃមិនពិត ។
ខទី ១៤ រឿងអច្ចន្ដនិដ្ឋា (សេចក្ដីសម្រេចខ្ពស់បំផុត)
ទូលសួរថា សមណៈព្រាហ្មណ៍ទាំងអស់ មានសេចក្ដីសម្រេច ខ្ពស់បំផុត (អស់កិលេស) មានសេចក្ដីក្សេម ចាកយោគៈ ខ្ពស់បំផុត (បានលុះនិព្វាន) ប្រព្រឹត្ដព្រហ្មចរិយធម៌ដល់ទីបំផុត (បានសម្រេច អរិយមគ្គ) មានទីបំផុត ដែលខ្ពស់បំផុត (បានដល់ព្រះនិព្វាន) មែន ឬទេ? ត្រាស់តបថា មិនមែនទេ ។ ទូលសួរថា ព្រោះហេតុអ្វី? ត្រាស់តបថា ព្រោះសមណៈ ឬព្រាហ្មណ៍ ទាំងនោះ នៅមិនទាន់អស់ តណ្ហា ។ មានតែភិក្ខុទាំងឡាយ ដែលជាអ្នករួចផុតចាកតណ្ហា ប៉ុណ្ណោះ ទើបបានដល់នូវសេចក្ដីសម្រេចដ៏ខ្ពស់បំផុត មានសេចក្ដី ក្សេមចាកយោគៈខ្ពស់បំផុត ប្រព្រឹត្ដព្រហ្មចរិយធម៌ ដល់ថ្នាក់ខ្ពស់ បំផុត និង មានទីបំផុតដ៏ខ្ពស់បំផុត ។
ស្តេចសក្កទេវរាជទ្រង់រីករាយ ចំពោះពុទ្ធភាសិត ហើយក្រាប ទូលថា តណ្ហា គឺសេចក្តីតក់ស្លុតញាប់ញ័រ ជារោគ ជាបូស ជាកម ជា រមាស់ ជាកូនសរ តែងឆក់ទាញបុគ្គលឲ្យទៅកើតក្នុងភពផ្សេងៗ បុគ្គលទើបចូលដល់ឋានៈខ្ពស់ខ្លះ ទាបខ្លះ ។
បញ្ហាដែលព្រះសម្មាសម្ពុទ្ធ ត្រាស់សួរ សក្កទេវរាជ
១)     ព្រះសម្មាសម្ពុទ្ធត្រាស់សួរថា តើទ្រង់ចាំបានឬទេថា ធ្លាប់ត្រាស់សួរបញ្ហាខនេះ (ខទី១៤) ដល់សមណព្រាហ្មណ៍ដទៃ មកហើយ? ទូលតបថា ចាំបាន គឺធ្លាប់ត្រាស់សួរ សមណព្រាហ្មណ៍ ដែលចូលចិត្ដនៅក្នុងព្រៃ កន្លែងសេនាសនៈស្ងាត់ តែទ្រង់មិនបាន ចម្លើយ ។ ព្រោះសមណព្រាហ្មណ៍ទាំងនោះជ្រាបថា អ្នកដែលមកសួរ បញ្ហានេះគឺ ស្ដេចសក្កៈ ក៏មានចិត្ដសប្បាយរីករាយ ហើយបែរជាសួរ ដើមហេតុដែលបាន កើតជាស្ដេចសក្កៈ ។ ពេលសក្កទេវរាជ សំដែង វត្ដបទ ៧ ប្រការ ឱ្យស្ដាប់ សមណព្រាហ្មណ៍ពួកនោះ ក៏ត្រឡប់ ជាពោលសរសើរ គោរពព្រះអង្គ ហើយបង្អោនខ្លួនជាសាវ័ករបស់ ព្រះអង្គ ។ ទ្រង់ក៏បញ្ជាក់ដោយសោមនស្សថា ខ្ញុំព្រះអង្គជាសាវ័ក របស់ព្រះមានព្រះភាគ ជាព្រះសោតាបន្នបុគ្គល ព្រោះបានស្ដាប់នូវ ព្រះធម្មទេសនាក្នុងគ្រានោះ ។
២)    ត្រាស់សួរថា តើទ្រង់ចាំបានឬទេថា ទ្រង់បាន សោមនស្សទាំងនេះមកពីណា? ទូលតបថា ចាំបាន គឺទ្រង់បាន សេចក្ដីត្រេកអរ បានសោមនស្ស ពេលពួកទេពបានជ័យជំនះ ពីពួក អសុរ តែជាសេចក្ដីសប្បាយរីករាយ ជាសោមនស្សដែលជាផ្លូវ មក នៃទណ្ឌាវុធ(គ្រឿងវាយដំ) និង សស្ត្រាវុធ (គ្រឿងកាប់ចាក់) មិនប្រព្រឹត្ដទៅ ដើម្បីសេចក្ដីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីស្ងប់រមា្ងប់ ដើម្បីសេចក្ដីដឹងច្បាស់ ដើម្បីសេចក្ដី ត្រាស់ដឹង ដើម្បីព្រះនិព្វាន ឡើយ ។ ចំណែក ការបានសេចក្ដីត្រេកអរ ការបានសោមនស្ស ព្រោះបានស្ដាប់ធម៌ពីព្រះអង្គ មិនមែនជាផ្លូវនៃ ទណ្ឌាវុធ និងសស្ត្រាវុធឡើយ តែប្រព្រឹត្ដទៅ ដើម្បីសេចក្ដីនឿយ ណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីព្រះនិព្វាន ។
៣)    ព្រះសម្មាសម្ពុទ្ធ ត្រាស់សួរតទៅទៀតថា ទ្រង់ឃើញ
ប្រយោជន៍ដូចម្តេច ទើបប្រកាសដូច្នេះ? ទូលតបថា ខ្ញុំព្រះអង្គឃើញ នូវអំណាចនៃប្រយោជន៍ ៦ ប្រការគឺៈ
១) កាលដែលខ្ញុំព្រះអង្គ    បានកើតជាទេវតា    ស្ថិតនៅក្នុង
ឳកាសនេះ បាននូវអាយុបន្ថែមទៀត ។
២) ចិត្តរបស់ខ្ញុំព្រះអង្គ ត្រេកអរក្នុងត្រកូលណា ខ្ញុំព្រះអង្គ ច្យុតចាកកាយ ជារបស់នៃទេវតា លះបង់នូវអាយុ មិនមែនជារបស់ មនុស្ស ហើយជាអ្នកមិនវង្វេងចូលទៅកាន់គភ៌ក្នុងត្រកូលនោះ ។
៣) ខ្ញុំព្រះអង្គ ជាអ្នកត្រេកអរក្នុងសាសនា របស់ព្រះពុទ្ធជា ម្ចាស់ ទ្រង់មានប្រស្នាមិនភាន់ច្រឡំ ហើយជាអ្នកមានសេចក្តីដឹងខ្លួន មានស្មារតីតំកល់ខ្ជាប់ នៅដោយសេចក្តីដឹងខុសត្រូវ ។
៤) បើសម្ពោធិញ្ញាណនឹងមានដល់ខ្ញុំព្រះអង្គ ក្នុងខាងមុខ ដោយសេចក្តីដឹងខុសត្រូវ ខ្ញុំព្រះអង្គ ជាអ្ន្កកប្រាថ្នាដើម្បីដឹងខុសត្រូវ សេចក្តីដឹងខុសត្រូវនោះឯង ជាការសំខាន់របស់ខ្ញុំព្រះអង្គ ក្នុងមនុស្ស លោក។
៥) ខ្ញុំព្រះអង្គ មុខជានឹងច្យុតចាកកាយ ជារបស់នៃមនុស្ស លះបង់នូវអាយុ ជារបស់នៃមនុស្ស ហើយបានទៅកើតជាទេវតា ដ៏ ឧត្តម ក្នុងទេវលោកវិញ ។
៦) ពួកទេវតានោះ  ឧត្តមជាងទេវតាទាំងពួង ជាអ្នកមិនថោក ថយ ជាអ្នកមានយស   ស្ថិតនៅក្នុងលំនៅណា  លំនៅនោះមុខជានឹង
មានដល់ខ្ញុំព្រះអង្គ ក្នុងភពជាទីបំផុតពុំខាន ។ 
          ពេលក្រាបទូលចប់ ស្ដេចសក្កៈ ជាធំជាងទេវតា ទ្រង់យកព្រះ ហស្តទះផែនដី ហើយបន្លឺឧទានថាៈ
          នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស  
               នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
               នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
          ពេលព្រះសម្មាសម្ពុទ្ធ កំពុងត្រាស់សម្តែងនូវវេយ្យាករណ៍ នេះ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាកធូលី គឺរាគាទិក្កិលេស ប្រាស់ចាកមន្ទិល គឺ ទិដ្ឋិ និង វិចិកិច្ឆា ក៏បានកើតដល់សក្កទេវរាជ ដែលជាធំ ជាងពួកទេវតាផង ដល់ពួកទេវតាទាំង ៨ហ្មឺន ឯទៀតផង ថា ធម្មជាត ណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់ នោះ តែងរលត់ទៅវិញ ជាធម្មតា ៕


ចំណុចគួរសង្កេត
          នៅក្នុងព្រះសូត្រនេះ ក៏មានរឿងទាក់ទងនឹងទេវកថា បែប ព្រះពុទ្ធសាសនា ដែលបង្ហាញឲ្យឃើញច្បាស់ពីលក្ខណៈពិសេសរបស់ ទេវតា គឺសូម្បីពួកទេព ក៏មានការប្រែប្រួល ឬចុតិដែរ មិនមែនជា សភាវៈ និរន្តរភាព ដូចពួកទេពក្នុងសាសនាទាំងឡាយដទៃនោះទេ ។
          អដ្ឋកថា អធិប្បាយអំពីមូលហេតុដែលស្តេចសក្កៈ ចូលមក គាល់ព្រះសម្មាសម្ពុទ្ធថា ព្រោះទ្រង់ឃើញបុព្វនិមិត្ត ដែលបង្ហាញអំពី ពេលដែលត្រូវចុតិ គឺអស់អាយុ ទើបទតព្រះនេត្រមើល ទេវនគរ ប្រមាណ ១ ម៉ឺនយោជន៍ វេជយន្តប្រាសាទ កំពស់ ១.០០០ យោជន៍ សុធម្មាទេវសភា ប្រវែង ៣០០ យោជន៍ ដើមមហាបារិច្ឆត្តព្រឹក្ស កំពស់ ១០០ យោជន៍ បណ្ឌុកម្ពលសិលាសនៈ ៦០ យោជន៍ ទេវបរិស័ទក្នុងទេវលោកទាំងពីរគឺ ទេវលោកជាន់តាវត្តិង្ស និងទេវ លោកជាន់ចាតុម្មហារាជ ។ ហើយឧទ្យានសួគ៌ ៤ កន្លែងគឺ នន្ទវ័ន ចិត្តលតាវ័ន មិស្សកវ័ន និង បារុស្សកវ័ន ។ ទ្រង់កើតសេចក្តី ភ័យខ្លាចឡើងថា សម្បត្តិរបស់យើង នឹងវិនាសទៅ ទ្រង់គិត ពិចារណាតទៅថា នឹងមានសមណ ព្រាហ្មណ៍ និងស្តេចមហាព្រហ្ម ដែលជាបិតារបស់ពិភពលោកណាមួយ អាចជួយយើងបានខ្លះឬទេ តើអ្នកណាអាចដកកូនសរ គឺភាពសោកសៅនៅក្នុងចិត្តរបស់យើង នេះ ដោយធ្វើឲ្យសម្បត្តិទាំងនេះស្ថិតស្ថេរគង់វង្សបាន? ពេលទ្រង់ ពិចារណាដោយល្អិតល្អន់ហើយ ទ្រង់ឃើញថា មានតែព្រះសម្មាសម្ពុទ្ធ ប៉ុណ្ណោះ ទើបអាចជួយព្រះអង្គបាន ហើយទ្រង់ក៏បបួលពួកទេវតា មកចូលគាល់ស្តាប់ធម៌ តាមដែលក្រាបទូលសួរ ព្រះសម្មាសម្ពុទ្ធ ។ ក្រោយពេលស្តាប់ព្រះធម៌ហើយ  ក៏ទទួលផលស​មតាមទ្រង់ប្រាថ្នា គឺ បានជា ស្តេចសក្កៈ ដែលមានវ័យក្មេង និងបានសម្រេចជា សោតាបន្នបុគ្គល ។
ក្នុងរឿងខ្លឹមសារ និង វិធី អធិប្បាយអាចរាប់បានថា ព្រះសូត្រ នេះ ជាវិធីនៃការឆ្លើយបញ្ហាដ៏ច្បាស់លាស់បំផុត និង មានវិធី អធិប្បាយផ្សេងគ្នា ពីព្រះសូត្រដទៃៗ គឺទ្រង់អធិប្បាយបែបកែ អត្ថរបស់ អដ្ឋកថាទាំងឡាយ ។
វិធីបែបនេះ ធ្លាប់ឃើញមកនៅក្នុងព្រះសូត្រទាំង ៤ គឺ ព្រះ សូត្រនេះ (សក្កប្បបញ្ហសូត្រ) មហានិទានសូត្រ បោតលិយសូត្រ ក្នុងមជ្ឈិមនិកាយ មជ្ឈិមបណ្ណាសកៈ និង និព្វេធិកសូត្រ ក្នុងឆក្ក និបាត អង្គុត្តរនិកាយ ។ សូមសិក្សាប្រៀបធៀបនៅក្នុងព្រះសូត្រទាំង នេះ ដើម្បីប្រមូលចំណេះដឹងបន្ថែមទៀត ៕
 ខ្លឹមសារដែលគួរសិក្សា             សារៈសំខាន់ដែលគួរសិក្សាដោយលំអិតគឺៈ
       សិក្សាប្រវត្ដិរបស់ស្ដេចសក្កៈ និងហេតុផលដែលមក ទូលសួរព្រះពុទ្ធអង្គ ។
         សិក្សាភាពទំនាក់ទំនងរវាងស្ដេចសក្កៈ និងព្រះសម្មាសម្ពុទ្ធ ។
       វិភាគបញ្ហារបស់ស្ដេចសក្កៈ និងចម្លើយ ។
       វិភាគផលរបស់ព្រះសូត្រនេះ។
       វិភាគឥរិយាបទ របស់បញ្ចសិខទេវបុត្ដ ចំពោះព្រះពុទ្ធ ជាម្ចស់ និង ស្ដេចសក្កៈ ។
       សិក្សាអត្ថន័យរបស់ការពោលពាក្យ ឧទានថា នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ដោយមើល  ចូឡហត្ថិប- ទោបមសូត្រ  នៃគម្ពីរមជ្ឈិមនិកាយ មូលបណ្ណាសកៈប្រកប ។
“ចប់សក្កប្បញ្ហសូត្រ”
rÍs

0 comments:

Post a Comment