Pages

Thursday 28 July 2011

Phra: Sot Khmer

ជនវសភសូត្រ                                 (សម្តែងអំពីជនវសភយក្ស ជាអតីតព្រះបាទពិម្ពិសារ ប្រារព្ធចំពោះព្រះអានន្ទ)
សេចក្តីសង្ខេប
          សម័យមួយ ខណៈដែលព្រះមានព្រះភាគ គង់នៅក្នុងដំណាក់ ឥដ្ឋ ក្នុងស្រុកនាទិកគ្រាម ។ ព្រះអានន្ទ ចូលគាល់ក្រាបទូលថា ការ ដែលព្រះមានព្រះភាគ ទ្រង់ព្យាករណ៍គតិ និង អភិសម្បរាយិកភព របស់ពុទ្ធបរិស័ទ អ្នកដែលស្លាប់ទៅហើយ ដូចជាអ្នកស្រុកនាទិកគ្រាម ដែនវជ្ជី និងពុទ្ធបរិស័ទក្នុងដែនដទៃទៀតដោយជុំវិញ (លើកលែងតែ ដែនមគធៈ) ធ្វើឲ្យពុទ្ធបរិស័ទក្នុងដែនទាំងនោះ មានសេចក្តីរីករាយ កើតបីតិ សោមនស្ស ។ ប៉ុន្តែការដែលទ្រង់មិនព្យាករណ៍គតិ និង អភិសម្បរាយិកភព របស់ពុទ្ធបរិស័ទដែនមគធៈ មើលទៅហាក់ដូចជា ដែននេះមិនមានពុទ្ធបរិស័ទសោះឡើយ តែការពិត ដែននេះមានពុទ្ធ បរិស័ទច្រើន ហើយព្រះបាទពិម្ពិសារ ក៏មានសទ្ធាជ្រះថ្លាចំពោះព្រះ រតនត្រ័យដ៏ក្រៃលែងដែរ ហើយជាពិសេសទៅទៀត ដែននេះ ជា ស្ថានទីដែលព្រះអង្គ ទ្រង់បានត្រាស់ដឹងផង បើសិនព្រះអង្គទ្រង់ ព្យាករណ៍គតិ និងអភិសម្បរាយិកភព របស់ពុទ្ធបរិស័ទដែនមគធៈ នឹងធ្វើឲ្យពុទ្ធបរិស័ទចំនួនច្រើនក្នុងដែននេះ កើតសេចក្តីជ្រះថ្លា នឹងទៅ កើតក្នុងសុគតិភពតទៅ ។ ពេលលោកក្រាបទូលចប់ ក៏ក្រាបថ្វាយ បង្គំលាចេញទៅ ។
           លុះថ្ងៃព្រឹកឡើង ក្រោយពីព្រះអង្គត្រឡប់អំពីបិណ្ឌបាតក្នុង ស្រុកនាទិកគ្រាមវិញ ទ្រង់ក៏សោយនូវព្រះក្រយាហារ ។ ពេលទ្រង់ សោយស្រេចហើយ ព្រះអង្គក៏ចូលទៅក្នុងដំណាក់ឥដ្ឋ គង់លើ ពុទ្ធាសនៈ រួចតាំងព្រះទ័យ ត្រិះរិះពិចារណា ទើបទ្រង់ជ្រាបគតិ និង អភិសម្បរាយិកភព របស់ពុទ្ធបរិស័ទដែនមគធៈ ដែលស្លាប់ទៅហើយ  តាមព្រះទ័យ ដែលទ្រង់ប្រាថ្នា ។
          លុះដល់ពេលល្ងាច ព្រះអង្គទ្រង់យាងទៅគង់លើអាសនៈ ត្រង់ ម្លប់ព្រះវិហារ ពេលនោះព្រះអានន្ទ ចូលទៅគាល់ព្រះមានព្រះភាគ បានឃើញព្រះភក្រ្តស្រស់ថ្លា មានអាការៈស្ងប់ ទើបទូលសួរថា បពិត្រ ព្រះអង្គដ៏ចម្រើន ថ្ងៃនេះប្រហែលជាព្រះអង្គទ្រង់សម្រាកក្នុងព្រះវិហារ ដ៏ស្ងប់ឬ? ទើបទ្រង់ត្រាស់រឿង ដែលទ្រង់ជ្រាបឲ្យព្រះអានន្ទស្តាប់ មានខ្លឹមសារសំខាន់ដូចតទៅៈ
          ជនវសភយក្ស គឺអតីតព្រះបាទពិម្ពិសារ បានចូលមកគាល់ ព្រះអង្គ ឲ្យទ្រង់ជ្រាបថាៈ
          ទ្រង់បានទៅកើតជាយក្ស ឈ្មោះជនវសកយក្ស ក្នុងជាន់ចាតុ- ម្មហារាជ ជាបរិវាររបស់ស្តេចវេស្សវ័ណមហារាជ ជាគម្រប់ ៧ ជាតិ ហើយ ។ ទ្រង់បានសម្រេចសោតាបត្តិផលហើយ ប្រាថ្នានឹងឲ្យសម្រេច សកទាគាមិផលតទៀត ដោយប្រព្រឹត្តធម៌របស់ព្រះអង្គរហូត មិន ដែលលះបង់ឡើយ ចាប់តាំងពីបានជ្រះថ្លា ចំពោះព្រះអង្គលើក ដំបូងមក ។ ការចូលគាល់គ្រានេះ គឺមកដោយហេតុ ២ ប្រការគឺៈ
-មកដោយសេចក្តីជ្រះថ្លា និង ប្រាថ្នាដើម្បីចូលគាល់ ។
-មានរឿងដែលនឹងត្រូវក្រាបទូលឲ្យទ្រង់ជ្រាប​ គឺរឿងការប្រជុំ គ្នារបស់ទេវតាជាន់តាវត្តិង្ស ។
          ជនវសភយក្ស ក្រាបទូលរឿងការប្រជុំគ្នា របស់ទេវតាជាន់ តាវត្តិង្ស ក្នុងទេវសភាឈ្មោះសុធម្មាថា មានកិច្ចអង្គប្រជុំមួយនៅ ស្ថានតាវត្តិង្ស ដែលមានសេ្តចសក្កទេវរាជជាប្រធាន​ ប្រថាប់នៅ ក្នុងកណ្តាលអង្គប្រជុំដែលពន្ធព័ទ្ធដោយទេវតាជាន់តាវត្តិង្ស និងស្តេច ចាតុម្មហារាជ ព្រមដោយបរិស័ទផ្នែកខាងក្រៅទាំង ៤ ទិស ។ ជនវ- សភយក្ស ក៏ចូលរួមជាបរិវាររបស់ស្តេចវេស្សវ័ណមហារាជ ក្នុងទិស ខាងជើងផងដែរ ។ ការប្រជុំគ្នាលើកនេះ ប្រារព្ធឡើងនៅថ្ងៃ ឧបោសថ ១៥ កើត ខែអាសាឍ ដែលជាថ្ងៃចូលវស្សា ។ ក្នុងទីប្រជុំនោះ ពួកទេវតាដែលធ្លាប់ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះ ភាគរុងរឿងជាងពួកទេវតាដទៃ ធ្វើឲ្យស្តេចសក្កទេវរាជ អនុមោទនា ចំពោះទេវតាទាំងនោះ ហើយទ្រង់ពោលសរសើរព្រះរតនត្រ័យ ។
          ខណៈដែលពួកទេវតាជាន់តាវត្តិង្ស ប្រជុំគ្នាស្រេចហើយ តែនៅ មិនទាន់ត្រឡប់វិញនៅឡើយ ក៏កើតពន្លឺភ្លឺស្វាងចែងចាំងឡើង សឹង ជាបុព្វនិមិត្តបញ្ជាក់ថា ស្តេចមហាព្រហ្មនឹងចុះមក ពួកទេវតា និង ស្តេចចាតុម្មុហារាជ ទើបនាំគ្នារងចាំគាល់ស្តេចមហាព្រហ្ម ។ មិនយូរ ប៉ុន្មាន សនង្កុមារព្រហ្ម ក៏ប្រាកដឡើង ហើយត្រាស់អនុមោទនា ដែល ពួកទេវតាជាន់តាវត្តិង្ស គោរពជ្រះថ្លាក្នុងព្រះរតនត្រ័យ ។ បន្ទាប់មក ទ្រង់បានពោលសរសើរព្រះរតនត្រ័យឲ្យពួកទេវតា ជាន់តាវត្តិង្ស ស្តាប់ ហើយទ្រង់បានសម្តែងធម៌តាមអ្វីដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ បង្រៀនមក រួមជា ៤ រឿងគឺៈ
     ១) រឿងការចម្រើនឥទ្ធិបាទ ៤ ប្រការ ។
     ២) រឿងវិធិការ ឆក់ឳកាសដើម្បីឲ្យបានសេចក្តីសុខ ៣ វិធី ។
     ៣) រឿងសតិប្បដ្ឋាន ៤ ប្រការ ។
     ៤) រឿងបរិវារនៃសមាធិ ៧ ប្រការ ។
     រឿងការចម្រើនឥទ្ធិបាទ ប្រការគឺ
          ១) ចម្រើនឆន្ទសមាធិ និង បធានសង្ខារ គឺ ចម្រើនសមាធិ ដែលកើតអំពីឆន្ទៈ និងសេចក្តីព្យាយាម ។
          ២) ចម្រើនវិរិយសមាធិ និង បធាន​សង្ខារ គឺចម្រើនសមាធិ ដែលកើតអំពីវិរិយៈ ។
          ៣) ចម្រើនចិត្តសមាធិ និង បធានសង្ខារ គឺការចម្រើនសមាធិ ដែលកើតអំពីចិត្ត និង សេចក្តីព្យាយាម ។
          ៤) ចម្រើនវិមំសាសមាធិ និង បធានសង្ខារ គឺការចម្រើន សមាធិ ដែលកើតអំពីវិមំសា និង សេចក្តីព្យាយាម ។
ពិធីការឆក់កាសដើម្បីឲ្យបានសម្រេច
សេចក្តីសុខ ៣ ប្រការគឺ
          ១) បុគ្គល ដែលនៅជាប់ជំពាក់ដោយកាម និងអកុសលធម៌ នៅឡើយ តមក ពួកគេមានឳកាសបានស្តាប់ធម៌ អំពីព្រះអរិយៈប្រកប ដោយយោនិសោមនសិការៈ ហើយនាំយកទៅបដិបត្តិ ធ្វើឲ្យពួកគេ មិនជាប់ជំពាក់ដោយកាម និង អកុសលធម៌ឡើយ ។ បុគ្គលនោះ ទើបបានសម្រេចសេចក្តីសុខ និង សោមនស្សដ៏ក្រៃលែងជាង សុខដទៃ នេះជាវិធីឆក់ឳកាសប្រការទី ១ ។
          ២)  បុគ្គលដែលមានសង្ខារ គឺសភាវៈតាក់តែង កាយ វាចា ចិត្ត គ្រោតគ្រាត មិនស្ងប់ តមក បានស្តាប់ធម៌ អំពីព្រះអរិយៈ ប្រកប ដោយយោនិសោមនសិការៈធ្វើឲ្យពួកគេ មានកាយ វាចា ចិត្ត ស្ងប់ ។ បុគ្គលនោះ ទើបបានទទួលសេចក្តីសុខ និងសោមនស្ស ដ៏ក្រៃលែង នេះជាវិធីឆក់ឳកាសប្រការទី ២ ។
          ៣) បុគ្គលមិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាកុសល នេះជាអកុសល នេះជាវត្ថុមានទោស នេះជាវត្ថុមិនមានទោស នេះជា វត្ថុគួរគោរព នេះជាវត្ថុមិនគួរគោរព  នេះជាវត្ថុសៅហ្មង នេះជាវត្ថុ ប្រណីត នេះជាវត្ថុខ្មៅ នេះជាវត្ថុស  ជាដើម ត​មក ពួកគេបាន ស្តាប់ធម៌អំពីព្រះអរិយៈ ប្រកបដោយយោនិសោមនសិការៈ ធ្វើឲ្យដឹង ច្បាស់តា​មសេចក្តីពិតក្នុងវត្ថុនោះៗ ពួកគេទើបទទួលសេចក្តីសុខ និង សោមនស្សដ៏ក្រៃលែង នេះជាវិធីឆក់ឳកាសទី ៣ ។
សតិប្បដ្ឋានប្រការគឺៈ
          ១) ពិចារណាឃើញកាយ ក្នុងកាយខាងក្នុង មានសេចក្តី ព្យាយាម មានសម្បជញ្ញៈ មានសតិ  កំចាត់បង់នូវអភិជ្ឈា និង  ទោមនស្ស
ក្នុងលោកបាន ធ្វើឲ្យកើតញាណទស្សនៈក្នុងកាយដទៃខាងក្រៅ ។
          ២) ពិចារណាឃើញវេទនា ក្នុងវេទនាទំាំងឡាយ ខាងក្នុង... ធ្វើឲ្យកើតញាណទស្សនៈក្នុងវេទនាដទៃខាងក្រៅ ។
          ៣) ពិចារណាឃើញចិត្ត ក្នុងចិត្តខាងក្នុង... ធ្វើឲ្យកើតញាណ ទស្សនៈក្នុងចិត្តដទៃខាងក្រៅ ។
          ៤) ​ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុង... ធ្វើឲ្យ កើតញាណទស្សនៈក្នុងធម៌ដទៃខាងក្រៅ ។
បរិវារនៃសមាធិ ៧ ប្រការគឺ
          -សម្មាទិដ្ឋិ               សេចក្តីយល់ឃើញត្រូវ ។
          -សម្មាសង្កប្បៈ          សេចក្តីត្រិះរិះត្រូវ ។
          -សម្មាវាចា             សំដីត្រូវ ។
          -សម្មាកម្មន្តៈ            ការងារត្រូវ ។
          -សម្មាអាជីវៈ           ចិញ្ចឹមជីវិតត្រូវ ។
          -សម្មាវាយាម          ព្យាយាមត្រូវ ។
          -សម្មាសតិ              រព្ញកត្រូវ ។
          សភាវៈចិត្តដែលមានអារម្មណ៍តែមួយ សឹងមានអង្គ ៧ ប្រការ នេះ ចោមរោម ហៅថា អរិយសម្មាសមាធិ
          ក្នុងទីបញ្ចប់ សនង្កុមារព្រហ្ម សរុបថាៈ មានពួកអ្នកស្រុក មគធៈ ដែលមាន​សេក្តីជ្រះថ្លាមិនកម្រើកញាប់ញ័រក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ចំនួន ២.៣០០.០០០​ នាក់ ដែលធ្វើមរណកាលទៅហើយ ជាព្រះសោតាបន្ន ក៏មាន ជាព្រះសកទាគាមី ក៏មាន ជាព្រះអនាគាមី ក៏មាន ដូចគាថា ថាៈ
ខ្ញុំខ្លាចអំពើមុសាវាទ ទើបមិនអាចនឹងរាប់ជន ទាំងអម្បាល នោះដូច្នេះថា ក្នុងចំនួននោះ ពួកជនក្រៅនេះ (ព្រះអនាគាមី) ជាអ្នកមានចំណែកបុណ្យនោះ ឬទេ ។‌‌
 ព្រះមានព្រះភាគ ទ្រង់សរុបឲ្យព្រះអានន្ទស្តាប់ថា រឿងគតិ និង អភិសម្បរាយិកភព របស់ពុទ្ធបរិស័ទដែនមគធៈនេះ ព្រះអង្គទ្រង់ ជ្រាបដោយព្រះអង្គឯងផង ដោយយក្សឈ្មោះជនវសភ ក្រាបទូល ផង
ចំណុចគួរសង្កេត
តាមការដែលបង្ហាញមក នឹងឃើញបានថា រឿងរ៉ាវក្នុងព្រះ សូត្រនេះ ក្រៅអំពីរឿងដែលសម្តែងអំពីញាណរបស់ព្រះសម្មាសម្ពុទ្ធ ហើយ ក៏នៅមានរឿងទេវកថា (Myth) ចូលមកទាក់ទងផងដែរ តែបើពិចារណាឲ្យច្បាស់ នឹងឃើញថា ផ្សេងពីទេវកថារបស់សាសនា ដទៃ ។ សូមពិចារណាមើលថា ទេវតាក្តី ទេពក្តី ព្រហ្មក្តី មហាព្រហ្មក្តី ដែលមានសេចក្តីជ្រះថ្លាក្នុងព្រះរតនត្រៃ ទើបយើងហៅថា ទេវកថា បែបព្រះពុទ្ធសាសនា ។
រឿងដែល ជនវសភយក្ស មកក្រាបទូលព្រះសម្មាសម្ពុទ្ធនោះ មានចំណុចគួរសិក្សា ៣ ប្រការគឺៈ
       រឿងប្រពៃណី នៃការអង្គុយក្នុងសាលាសុធម្មាទេវសភា ដោយរូបបែបផ្សេងៗ មានប្រាកដក្នុងព្រះសូត្រជាច្រើន ក្នុងទីឃនិ- កាយ មានក្នុងមហាគោវិន្ទសូត្រមួយទៀត ។
       រឿងដែលជាហេតុឲ្យមានការប្រជុំ និង ថ្ងៃប្រជុំក្នុងព្រះ សូត្រ ទាំង ២ របស់និកាយនេះ សុទ្ធតែជារឿងរបស់ព្រះពុទ្ធសាសនា ។ ក្នុងព្រះសូត្រនេះ ទេវតាប្រជុំគ្នា ក្នុងថ្ងៃចូលវស្សា ឯក្នុងមហាគោវិន្ទ សូត្រ ទេវតាប្រជុំគ្នា ក្នុងថ្ងៃបវារណា (ថ្ងៃចេញវស្សា) ។ ក្រោយពីប្រជុំ ពិចារណាគ្នាហើយ ក៏ប្រគល់ឲ្យស្តេចចាតុម្មហារាជ ទៅគោរពបដិបត្តិ គឺ ទៅជួយរក្សាពួកភិក្ខុ ដែលចាំវស្សាក្នុងទីផ្សេងៗ ។
       ពាក្យថា សនង្កុមារព្រហ្ម ប្រែថា ក្មេងបុរាណ គឺជា ក្មេងដែលចងផ្នួងសក់ជាប់ជានិច្ច ។ ក្នុងសាសនាហិណ្ឌូ ក៏មានឳរស គឺបុត្ររបស់ព្រហ្ម ៣ អង្គ ដែលជាក្មេងបុរាណគឺ () សនតកុមារ ព្រហ្ម () សនកកុមារព្រហ្ម () សនាតមកុមារព្រហ្ម ។តាមរូប ស័ព្ទ សនតកុមារព្រហ្ម និង សនង្កុមារព្រហ្ម គួរតែជាអង្គតែមួយ តែដែលប្រាកដក្នុងទីឃនិកាយនេះ ៣ កន្លែងគឺ ក្នុងព្រះសូត្រនេះក្នុង មហាគោវិន្ទសូត្រ និង មហាសមយសូត្រ សនង្កុមារព្រហ្ម ជាពុទ្ធបុត្រ គឺគោរពព្រះពុទ្ធជាម្ចាស់ ហើយមានខ ឬក៏ចំណុចប្រាកដ ក្នុងនិកាយ​ផ្សេងៗថា គាថាតទៅនេះ ជាគាថាសនង្កុមារព្រហ្ម ដែល ព្រះសម្មាសម្ពុទ្ធ ក៏ទ្រង់អះអាងថា ជាគាថារបស់សនង្កុមារព្រហ្មដែរ ដែលមានចារិកទុកក្នុងអម្ពដ្ឋសូត្រ នៃគម្ពីទីឃនិកាយ សីលក្ខន្ធវគ្គ ព្រះត្រៃបិដកលេខ ១៤ គឺៈ
ខត្តិយោ សេដ្ឋោ ជនេតស្មឹ            យេ គោត្តបដិសារិនោ
វិជ្ជាចរណសម្បន្នោ                    សោ សេដ្ឋោ ទេវមានុសេ ។
ក្នុងពួកជន ដែលប្រកាន់ជាតិត្រកូលជាធំ ក្សត្រចាត់ថា ប្រសើរបំផុត ចំណែកអ្នកដែលប្រកបព្រមដោយវិជ្ជា និង ចរណៈ ចាត់ ថាជាអ្នកប្រសើរបំផុតក្នុងពួកទេវតានិងមនុស្សទាំងឡាយ ។អដ្ឋកថា សំយុត្តនិកាយ អធិប្បាយទុកថា ពេលកើតជាមនុស្ស សនង្កុមារព្រហ្ម បានបំពេញឈានតាំងពីក្មេង ដោយទុកសក់ចង កំប៉ោយ ដោយអំណាចនៃឈាននោះ ទើបបានទៅកើតក្នុងព្រហ្មលោក មានសក់ចងកំប៉ោយរហូតមក ទើបមានឈ្មោះថាសនង្កុមារព្រហ្ម។
ខ្លឹមសារដែលគួរសិក្សា             សារៈសំខាន់ដែលគួរសិក្សាដោយលំអិតគឺៈ
          ១)​     វិភាគរឿងព្រះសព្វញ្ញុតញ្ញាណ ជាមួយ គតិ និងអភិ- សម្បរាយិកភព របស់ពុទ្ធសាសនិក ​ដែលធ្វើមរណកាលទៅហើយ ។
          ២)     សិក្សារឿងព្រះបាទពិម្ពិសារ និង ជនវសភយក្ស ។
          ៣)     សិក្សាប្រៀបធៀប រឿងការប្រជុំរបស់ពួកទេវតាជាន់ តាវត្តិង្សក្នុងព្រះសូត្រនេះ ដែលនឹងប្រាកដក្នុងមហាគោវិន្ទសូត្រ ។
          ៤)     សិក្សារឿងសនង្កុមារព្រហ្ម​​ ។
          ៥)     វិភាគពុទ្ធធម៌ ដែលសនង្កុមារព្រហ្មសម្តែង ។
          ៦)     វិភាគរឿងទេវតា ក្នុងព្រះពុទ្ធសាសនា ។
“ចប់ជនវសភសូត្រ”
d®d

0 comments:

Post a Comment